ជំពូកទី១០០
ឧទាហរណ៍អំពី១០មិណា
-
ឧទាហរណ៍របស់លោកយេស៊ូអំពី១០មិណា
ទោះជាលោកយេស៊ូមានគោលដៅទៅក្រុងយេរូសាឡិមក្ដី តែលោកប្រហែលជាបន្តស្នាក់នៅផ្ទះរបស់សាខេជាមួយនឹងពួកអ្នកកាន់តាមលោក។ ពួកអ្នកកាន់តាមជឿថា«រាជាណាចក្ររបស់ព្រះ»នឹងត្រូវស្ថាបនាឡើងឆាប់ៗនេះ ដែលមានលោកយេស៊ូជាស្តេច។ (លូកា ១៩:១១) ប៉ុន្តែ ពួកគាត់មិនបានយល់អំពីរឿងនេះ ដូចដែលពួកគាត់មិនបានយល់ថាលោកយេស៊ូនឹងត្រូវស្លាប់។ ដូច្នេះ លោកលើកឧទាហរណ៍មួយដើម្បីជួយពួកគាត់ឲ្យយល់ថា រាជាណាចក្រនឹងចាប់ផ្ដើមគ្រប់គ្រងក្រោយមួយរយៈពេលយ៉ាងយូរកន្លងផុតទៅ។
លោកមានប្រសាសន៍ថា៖ «បុរសម្នាក់ដែលកើតក្នុងរាជវង្សបានធ្វើដំណើរទៅប្រទេសឆ្ងាយ ដើម្បីទទួលអំណាចគ្រប់គ្រងជាស្តេច រួចត្រឡប់មកវិញ»។ (លូកា ១៩:១២) ការធ្វើដំណើរបែបនេះនឹងត្រូវចំណាយពេលយ៉ាងយូរ។ លោកយេស៊ូប្រាកដជា‹បុរសដែលកើតក្នុងរាជវង្ស› ដែលធ្វើដំណើរទៅ«ប្រទេសឆ្ងាយ» ពោលគឺទៅស្ថានសួគ៌ជាកន្លែងដែលបិតាលោកនឹងឲ្យលោកនូវអំណាចគ្រប់គ្រងជាស្តេច។
ក្នុងឧទាហរណ៍នេះ មុននឹង‹បុរសដែលកើតក្នុងរាជវង្ស›ចេញដំណើរ គាត់ហៅខ្ញុំបម្រើ១០នាក់របស់គាត់មក រួចឲ្យប្រាក់មួយមិណាដល់ម្នាក់ៗ រួចក៏ប្រាប់ពួកគេថា៖ «ចូរអ្នករាល់គ្នារកស៊ីរហូតដល់ខ្ញុំមកវិញ»។ (លូកា ១៩:១៣) ប្រាក់មិណាគឺជាប្រាក់ដែលមានតម្លៃ។ ហេតុអ្វី? ពីព្រោះមួយមិណាគឺប្រមាណប្រាក់ឈ្នួលបីខែរបស់អ្នកធ្វើស្រែចម្ការម្នាក់។
ពួកអ្នកកាន់តាមប្រហែលជាយល់ថាពួកគាត់ប្រៀបដូចជាពួកខ្ញុំបម្រើ១០នាក់ក្នុងឧទាហរណ៍នោះ ពីព្រោះលោកយេស៊ូធ្លាប់ប្រៀបប្រដូចពួកគាត់ទៅនឹងកម្មករដំណាំ។ (ម៉ាថាយ ៩:៣៥-៣៨) ប្រសាសន៍របស់លោកមិនមានន័យថាពួកគាត់នឹងប្រមូលផលដំណាំដែលជាស្រូវសាលីនោះទេ។ ផ្ទុយទៅវិញ ផលដំណាំសំដៅលើពួកអ្នកកាន់តាមដែលអាចចូលក្នុងរាជាណាចក្ររបស់ព្រះបាន។ ហេតុនេះ ពួកអ្នកកាន់តាមប្រើធនធានណាក៏ដោយដែលពួកគាត់មានដើម្បីជួយមនុស្សកាន់តែច្រើនឲ្យក្លាយទៅជាអ្នកកាន់តាមដែលនឹងទទួលរាជាណាចក្រជាមត៌ក។
តើលោកយេស៊ូបញ្ជាក់អំពីអ្វីទៀតក្នុងឧទាហរណ៍នេះ? លោកមានប្រសាសន៍ថាជនរួមជាតិ«បានស្អប់លោក[បុរសដែលកើតក្នុងរាជវង្ស] ក៏ចាត់ពួកទូតមួយចំនួនទៅតាមដើម្បីប្រាប់ថា៖ ‹យើងមិនចង់ឲ្យបុរសនេះគ្រប់គ្រងជាស្តេចលើយើងឡើយ›»។ (លូកា ១៩:១៤) ពួកអ្នកកាន់តាមដឹងថាជនជាតិយូដាមិនទទួលស្គាល់លោកយេស៊ូទេ ហើយពួកគេខ្លះថែមទាំងចង់សម្លាប់លោកទៀតផង។ ក្រោយពីលោកយេស៊ូបានស្លាប់ ហើយឡើងទៅស្ថានសួគ៌ ជនជាតិយូដាជាទូទៅនៅតែបង្ហាញថាពួកគេមិនព្រមទទួលស្គាល់លោក ដោយបៀតបៀនពួកអ្នកកាន់តាមលោក។ ពួកអ្នកប្រឆាំងទាំងនេះបង្ហាញយ៉ាងច្បាស់ថាពួកគេមិនចង់ឲ្យលោកយេស៊ូគ្រប់គ្រងជាស្តេចលើពួកគេឡើយ។—យ៉ូហាន ១៩:១៥, ១៦; សកម្មភាព ៤:១៣-១៨; ៥:៤០
ចំណែកឯខ្ញុំបម្រើ១០នាក់វិញ តើតាមរបៀបណាពួកគេប្រើមិណារបស់ពួកគេរហូតដល់‹បុរសដែលកើតក្នុងរាជវង្ស›ទទួល«អំណាចគ្រប់គ្រងជាស្តេច»ហើយត្រឡប់មកវិញ? លោកយេស៊ូប្រាប់ថា៖ «លុះបានទទួលអំណាចគ្រប់គ្រងជាស្តេចហើយ បុរសនោះបានវិលត្រឡប់មកវិញ ហើយបង្គាប់ឲ្យគេហៅពួកខ្ញុំបម្រើទាំងប៉ុន្មាន ដែលលោកបានឲ្យប្រាក់នោះមក ដើម្បីដឹងថាពួកគេបានរកស៊ីចំណេញប៉ុន្មាន។ រួចខ្ញុំបម្រើទីមួយបានចូលទៅជិតលោកក៏ជម្រាបថា៖ ‹លោកម្ចាស់ មិណារបស់លោកបានចំណេញដប់មិណាទៀត›។ ម្ល៉ោះហើយ លោកមានប្រសាសន៍ទៅគាត់ថា៖ ‹ខ្ញុំបម្រើដ៏ល្អអើយ! អ្នកធ្វើការបានល្អណាស់! អ្នកបានបង្ហាញថាខ្លួនអ្នកស្មោះត្រង់ក្នុងកិច្ចការបន្ដិចបន្តួចនេះ ដូច្នេះចូរគ្រប់គ្រងលើក្រុងដប់›។ បន្ទាប់មក ខ្ញុំបម្រើទីពីរបានមកជម្រាបថា៖ ‹លោកម្ចាស់ មិណារបស់លោកបានចំណេញប្រាំមិណាទៀត›។ លោកក៏មានប្រសាសន៍ទៅគាត់ដែរថា៖ ‹ចូរកាន់កាប់លើក្រុងប្រាំ›»។—លូកា ១៩:១៥-១៩
បើពួកអ្នកកាន់តាមដឹងថាពួកគាត់ប្រៀបដូចជាខ្ញុំបម្រើដែលប្រើធនធានរបស់ពួកគាត់ឲ្យបានប្រយោជន៍ច្រើនបំផុត ពោលគឺជួយមនុស្សជាច្រើនឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ នោះពួកគាត់អាចមានទំនុកចិត្តថាលោកយេស៊ូនឹងពេញចិត្តពួកគាត់។ ម្យ៉ាងទៀត ពួកគាត់អាចជឿជាក់ថាលោកនឹងផ្ដល់ពរចំពោះការខំព្យាយាមរបស់ពួកគាត់។ ពិតណាស់ អ្នកកាន់តាមទាំងអស់របស់លោកយេស៊ូមានកាលៈទេសៈ ឱកាស ឬក៏សមត្ថភាពខុសៗគ្នា។ យ៉ាងណាក៏ដោយ លោកយេស៊ូដែលទទួល«អំណាចគ្រប់គ្រងជាស្តេច»នឹងទទួលស្គាល់ ហើយឲ្យពរចំពោះការខំព្យាយាមយ៉ាងស្មោះរបស់ពួកគាត់ក្នុងការបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោក។—ម៉ាថាយ ២៨:១៩, ២០
ក៏ប៉ុន្តែ សូមកត់សម្គាល់ភាពខុសគ្នារបស់ខ្ញុំបម្រើម្នាក់ទៀត កាលដែលលោកយេស៊ូបញ្ចប់ឧទាហរណ៍របស់លោកថា៖ «ប៉ុន្តែខ្ញុំបម្រើម្នាក់ទៀតបានមកជម្រាបថា៖ ‹លោកម្ចាស់ នេះជាមិណាលូកា ១៩:២០-២៤
របស់លោកដែលខ្ញុំបានវេចទុកក្នុងកន្សែង។ ព្រោះខ្ញុំខ្លាចលោក ដោយសារលោកជាមនុស្សតឹងរ៉ឹងណាស់។ លោកដកលុយដែលមិនមែនជារបស់លោក ក៏ច្រូតកាត់អ្វីដែលលោកមិនបានសាបព្រោះ›។ លោកមានប្រសាសន៍ទៅគាត់ថា៖ ‹ខ្ញុំបម្រើទុច្ចរិត ខ្ញុំវិនិច្ឆ័យអ្នកតាមសម្ដីរបស់អ្នក។ បើអ្នកដឹងថាខ្ញុំជាមនុស្សតឹងរ៉ឹងណាស់ ព្រោះខ្ញុំដកលុយដែលមិនមែនជារបស់ខ្ញុំ ហើយច្រូតកាត់អ្វីដែលខ្ញុំមិនបានសាបព្រោះ ចុះហេតុអ្វីបានជាអ្នកមិនបានយកប្រាក់របស់ខ្ញុំទៅផ្ញើអ្នកចងការ? នោះពេលខ្ញុំត្រឡប់មកវិញ ខ្ញុំអាចទទួលប្រាក់របស់ខ្ញុំព្រមទាំងការប្រាក់ផង›។ រួចមក លោកប្រាប់ពួកអ្នកដែលកំពុងឈរនៅក្បែរនោះថា៖ ‹ចូរយកមិណាពីគាត់ ហើយឲ្យអ្នកនោះដែលមានដប់មិណាវិញ›»។—ដូច្នេះ ខ្ញុំបម្រើនោះបាត់បង់ឯកសិទ្ធិ ដោយសារគាត់មិនបានធ្វើការដើម្បីបង្កើនទ្រព្យសម្បត្ដិក្នុងរាជាណាចក្ររបស់ម្ចាស់គាត់។ ពួកសាវ័កកំពុងរង់ចាំដោយចិត្តរំភើបនូវការគ្រប់គ្រងរបស់លោកយេស៊ូក្នុងរាជាណាចក្រព្រះ។ ម្ល៉ោះហើយ តាមរយៈអ្វីដែលលោកមានប្រសាសន៍អំពីខ្ញុំបម្រើចុងក្រោយ ពួកគាត់ទំនងជាដឹងថាបើពួកគាត់គ្មានចិត្តខ្នះខ្នែងទេ នោះពួកគាត់នឹងមិនអាចចូលក្នុងរាជាណាចក្ររបស់ព្រះបានឡើយ។
ប្រសាសន៍របស់លោកយេស៊ូច្បាស់ជាជំរុញចិត្តអ្នកកាន់តាមស្មោះត្រង់របស់លោកឲ្យខំព្យាយាមថែមទៀត។ លោកមានប្រសាសន៍ថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាដែលមាន នឹងទទួលថែមទៀត តែអ្នកណាដែលគ្មាន សូម្បីតែអ្វីដែលអ្នកនោះមានក៏នឹងត្រូវដកហូតផង»។ រួចលោកមានប្រសាសន៍បន្ថែមថា សត្រូវរបស់លោកដែលមិនចង់‹ឲ្យលោកគ្រប់គ្រងជាស្តេចលើពួកគេ› នឹងត្រូវសម្លាប់ចោល។ បន្ទាប់មក លោកយេស៊ូក៏ចាប់ផ្ដើមបន្តដំណើរឡើងទៅក្រុងយេរូសាឡិម។—លូកា ១៩:២៦-២៨