ជំពូកទី១០២
ស្តេចជិះកូនលាចូលក្រុងយេរូសាឡិម
ម៉ាថាយ ២១:១-១១, ១៤-១៧ ម៉ាកុស ១១:១-១១ លូកា ១៩:២៩-៤៤ យ៉ូហាន ១២:១២-១៩
-
លោកយេស៊ូចូលក្រុងយេរូសាឡិមដោយមានសិរីរុងរឿង
-
ការប្រកាសទុកជាមុនអំពីការបំផ្លាញក្រុងយេរូសាឡិម
នៅថ្ងៃបន្ទាប់ដែលជាថ្ងៃអាទិត្យ ទី៩ ខែណែសាន លោកយេស៊ូនិងពួកអ្នកកាន់តាមលោកចាកចេញពីភូមិបេថានី រួចធ្វើដំណើរឆ្ពោះទៅក្រុងយេរូសាឡិម។ កាលដែលពួកគាត់ទៅដល់ភូមិបេតផាសេដែលនៅលើភ្នំដើមអូលីវ លោកយេស៊ូបានប្រាប់អ្នកកាន់តាមពីរនាក់ ដោយមានប្រសាសន៍ដូចតទៅថា៖
«ចូរចូលទៅក្នុងភូមិនៅខាងមុខនុះ។ ពេលចូលទៅភ្លាម អ្នកនឹងឃើញសត្វលាមួយក្បាលដែលគេបានចង និងកូនវា។ ចូរស្រាយពួកវារួចដឹកមកឲ្យខ្ញុំ។ ហើយបើអ្នកណាសួរ អ្នកត្រូវប្រាប់ថា៖ ‹លោកម្ចាស់ត្រូវការពួកវា›។ ពេលឮដូច្នេះ អ្នកនោះនឹងឲ្យពួកវាមកភ្លាម»។—ម៉ាថាយ ២១:២, ៣
ពួកអ្នកកាន់តាមមិនបានដឹងថាការណែនាំរបស់លោកយេស៊ូជាប់ទាក់ទងនឹងទំនាយក្នុងគម្ពីរទេ។ ប៉ុន្តែក្រោយមក ពួកគាត់បានយល់ថាទំនាយរបស់សាការីបានកើតឡើងមែន។ សាការីបានប្រកាសទុកជាមុនថា ស្តេចដែលព្រះបានសន្យានឹងចូលក្រុងយេរូសាឡិមដោយ«សុភាព [ហើយ]ទ្រង់គង់លើសត្វលា គឺជាលាជំទង់ ជាកូនរបស់មេលា»។—សាការី ៩:៩
ពេលដែលពួកអ្នកកាន់តាមមកដល់ភូមិបេតផាសេ ហើយស្រាយកូនលាឈ្មោលនិងមេរបស់វា មនុស្សដែលឈរនៅក្បែរនោះបានសួរថា៖ «ហេតុអ្វីអ្នកស្រាយលានោះ?»។ (ម៉ាកុស ១១:៥) ប៉ុន្តែ នៅពេលដែលពួកគេឮថាសត្វលានោះគឺសម្រាប់លោកម្ចាស់ ពួកគេបានអនុញ្ញាតឲ្យពួកអ្នកកាន់តាមលោកយេស៊ូយកសត្វទាំងនោះទៅជូនលោក។ ពួកគាត់បានក្រាលសម្លៀកបំពាក់ក្រៅរបស់ពួកគាត់លើមេលានិងកូនលានោះ ប៉ុន្តែលោកយេស៊ូជិះកូនលាវិញ។
ក្រុមមនុស្សមានកាន់តែច្រើនកាលដែលលោកយេស៊ូជិះកូនលានោះចូលក្រុងយេរូសាឡិម។ មនុស្សជាច្រើនបានក្រាលសម្លៀកបំពាក់ក្រៅរបស់ពួកគេលើផ្លូវ ហើយអ្នកឯទៀតកាត់មែកឈើ ឬ«ធាងលម៉ើពីវាល»មកក្រាលនៅលើផ្លូវដែរ។ ពួកគេស្រែកឡើងថា៖ «សូមមេត្ដាសង្គ្រោះ! អ្នកដែលមកក្នុងនាមព្រះយេហូវ៉ា មានពរហើយ! រាជាណាចក្ររបស់ដាវីឌដែលជាឪពុករបស់យើង មានពរហើយ»។ (ម៉ាកុស ១១:៨-១០) ពួកផារិស៊ីដែលនៅក្នុងចំណោមក្រុមមនុស្សបានខឹងពេលដែលឮការប្រកាសនោះ។ ពួកគេប្រាប់លោកយេស៊ូថា៖ «លោកគ្រូ សូមស្តីបន្ទោសពួកអ្នកកាន់តាមលោក»។ ប៉ុន្តែ លោកយេស៊ូតបឆ្លើយថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាថា ប្រសិនបើអ្នកទាំងនេះនៅស្ងៀម ដុំថ្មនឹងស្រែកឡើង»។—លូកា ១៩:៣៩, ៤០
កាលដែលលោកយេស៊ូមើលក្រុងយេរូសាឡិម លោកចាប់ផ្ដើមយំសោកអំពីក្រុងនោះ ហើយមានប្រសាសន៍ថា៖ «នៅគ្រានេះ គួរណាស់តែអ្នកបានពិចារណាយល់អ្វីៗដែលនឹងនាំឲ្យអ្នកមានសន្ដិភាព ប៉ុន្តែឥឡូវនេះ អ្វីៗទាំងនោះបានត្រូវលាក់បាំងពីភ្នែកអ្នកហើយ»។ ក្រុងយេរូសាឡិមនឹងត្រូវទទួលទោសចំពោះការមិនស្ដាប់បង្គាប់ដោយចេតនា។ លោកយេស៊ូប្រកាសទុកជាមុនថា៖ «ពួកសត្រូវរបស់អ្នកនឹងបោះរបងបង្គោលសម្រួចចុងនៅជុំវិញអ្នក ក៏នឹងឡោមព័ទ្ធធ្វើទុក្ខអ្នកពីគ្រប់ទិសទី ហើយពួកគេនឹងបោះទម្លាក់អ្នកជាមួយនឹងកូនដែលនៅក្នុងអ្នកទៅដី ក៏នឹងមិនទុកឲ្យថ្មណានៅក្នុងអ្នកនៅត្រួតលើថ្មណាទៀតទេ»។ (លូកា ១៩:៤២-៤៤) ដូចប្រសាសន៍របស់លោកយេស៊ូ ក្រុងយេរូសាឡិមបានត្រូវបំផ្លាញចោលនៅឆ្នាំ៧០ គ.ស.។
ពេលដែលលោកយេស៊ូចូលក្រុងយេរូសាឡិម«អ្នកក្រុងទាំងឡាយបានរំជើបរំជួល ក៏បានសួរគ្នាថា៖ ‹តើអ្នកនេះជានរណា?›»។ បណ្ដាជនបានប្រកាសហើយប្រកាសទៀតថា៖ «នេះជាលោកយេស៊ូពីក្រុងណាសារ៉ែត នៅស្រុកកាលីឡេ! លោកជាអ្នកប្រកាសទំនាយដែលបានត្រូវសន្យា!»។ (ម៉ាថាយ ២១:១០, ១១) ក្នុងចំណោមក្រុមមនុស្ស មានពួកអ្នកដែលបានឃើញលោកយេស៊ូប្រោសឡាសាឲ្យរស់ឡើងវិញ ពួកគេបានប្រាប់អ្នកឯទៀតអំពីអព្ភូតហេតុនោះ។ ពួកផារិស៊ីបានរអ៊ូរទាំថាគម្រោងការរបស់ពួកគេមិនបានសម្រេចសោះ។ ពួកគេនិយាយគ្នាថា៖ «ពិភពលោកទាំងមូលបានចេញទៅតាមអ្នកនោះ»។—យ៉ូហាន ១២:១៨, ១៩
តាមទម្លាប់របស់លោកយេស៊ូពេលដែលលោកទៅក្រុងយេរូសាឡិម លោកទៅវិហារដើម្បីបង្រៀនអ្នកឯទៀត។ នៅទីនោះ លោកធ្វើឲ្យមនុស្សងងឹតភ្នែកមើលឃើញឡើងវិញ ហើយធ្វើឲ្យមនុស្សខ្វិនដើរបាន។ ពេលដែលពួកសង្ឃនាយកនិងពួកអ្នកជំនាញខាងច្បាប់ឃើញអ្វីដែលលោកកំពុងធ្វើ ហើយឮក្មេងប្រុសៗកំពុងស្រែកនៅវិហារថា៖ «សូមមេត្ដាសង្គ្រោះបុត្រដាវីឌ!» នោះពួកគេបានខឹងយ៉ាងខ្លាំង។ ពួកអ្នកដឹកនាំសាសនាទាំងនោះសួរលោកយេស៊ូថា៖ «តើលោកឮអ្វីៗដែលពួកគេកំពុងស្រែកឬទេ?»។ លោកមានប្រសាសន៍ទៅពួកគេថា៖ «តើអ្នករាល់គ្នាមិនធ្លាប់អានសេចក្ដីដែលថា៖ ‹លោកបានធ្វើឲ្យពាក្យសរសើរចេញពីមាត់ក្មេងតូចៗនិងក្មេងបៅដោះ›ទេឬ?»។—ម៉ាថាយ ២១:១៥, ១៦
លោកយេស៊ូសង្កេតមើលអ្វីៗទាំងអស់ក្នុងវិហារ។ រួចនៅពេលព្រលប់ លោកនិងពួកសាវ័កបានចាកចេញពីទីនោះ។ លោកយេស៊ូបានធ្វើដំណើរត្រឡប់ទៅភូមិបេថានីវិញមុនថ្ងៃទី១០ ខែណែសាន ហើយលោកស្នាក់នៅទីនោះនៅយប់ថ្ងៃអាទិត្យ។