លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១៣០

លោកយេស៊ូបានត្រូវនាំយកទៅប្រហារជីវិត

លោកយេស៊ូបានត្រូវនាំយកទៅប្រហារជីវិត

ម៉ាថាយ ២៧:៣១, ៣២ ម៉ាកុស ១៥:២០, ២១ លូកា ២៣:២៤​-​៣១ យ៉ូហាន ១៩:៦​-​១៧

  • ពីឡាត​ព្យាយាម​ដោះ​លែង​លោក​យេស៊ូ

  • លោក​យេស៊ូ​បាន​ត្រូវ​កាត់​ទោស ហើយ​នាំ​ទៅ​ប្រហារ​ជីវិត

លោក​យេស៊ូ​ត្រូវ​គេ​វាយ​ធ្វើ​បាប​យ៉ាង​ខ្លាំង ហើយ​ចំអក​មើល​ងាយ។ ពីឡាត​ព្យាយាម​ដោះ​លែង​លោក​ម្ដង​ហើយ​ម្ដង​ទៀត តែ​អ្វី​ទាំង​នេះ​មិន​បាន​ធ្វើ​ឲ្យ​ពួក​សង្ឃនាយក​និង​ពួក​អ្នក​សម​គំនិត​ប្ដូរ​ចិត្ត​ឡើយ។ ពួក​គេ​មិន​ចង់​ឲ្យ​អ្វី​មករា​រាំង​ការ​ប្រហារ​ជីវិត​លោក​យេស៊ូ​ទេ។ ដូច្នេះ ពួក​គេ​បន្ត​ស្រែក​ថា​៖ ​«​ព្យួរ​គាត់​ទៅ! ព្យួរ​គាត់​ទៅ!​»។ ពីឡាត​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​ចូរ​យក​គាត់​ទៅ​ព្យួរ​ដោយ​ខ្លួន​អ្នក​ចុះ ព្រោះ​ខ្ញុំ​មិន​ឃើញ​ថា​គាត់​មាន​កំហុស​អ្វី​ទេ​»។—យ៉ូហាន ១៩:៦

ជន​ជាតិ​យូដា​មិន​អាច​ធ្វើ​ឲ្យ​ពីឡាត​ប្រហារ​ជីវិត​លោក​យេស៊ូ ដោយ​ការ​ចោទ​ប្រកាន់​ថា​លោក​បះ​បោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​រ៉ូម​ឡើយ។ ចុះ​យ៉ាង​ណា​ការ​ចោទ​ប្រកាន់​ខាង​សាសនា? ម្ដង​នេះ​ទៀត ពួក​គេ​បាន​ចោទ​ប្រកាន់​ថា​លោក​យេស៊ូ​ប្រមាថ​ព្រះ ដូច​ដែល​ពួក​គេ​ធ្លាប់​ធ្វើ​ក្នុង​ការ​វិនិច្ឆ័យ​ក្ដី​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់។ ពួក​គេ​និយាយ​ថា​៖ ​«​យើង​មាន​ច្បាប់ ហើយ​យោង​ទៅ​តាម​ច្បាប់​នោះ​គាត់​គួរ​តែ​ស្លាប់ ពី​ព្រោះ​គាត់​អះអាង​ថា​គាត់​ជា​បុត្រ​ព្រះ​»។ (​យ៉ូហាន ១៩:៧​) នេះ​ជា​ការ​ចោទ​ប្រកាន់​ថ្មី​ដែល​ពីឡាត​បាន​ឮ។

ពីឡាត​ចូល​ទៅ​ក្នុង​វិមាន​គាត់​វិញ ហើយ​ព្យាយាម​រក​វិធី​ដោះ​លែង​លោក​យេស៊ូ​ជា​បុរស​ដែល​បង្ហាញ​ចិត្ត​ស្ងប់​និង​ភាព​ថ្លៃ​ថ្នូរ ទោះ​បី​ជា​លោក​បាន​ទទួល​ការ​ធ្វើ​បាប​យ៉ាង​ខ្លាំង​ក៏​ដោយ។ ម្យ៉ាង​ទៀត ប្រពន្ធ​ពីឡាត​ហាម​គាត់​មិន​ឲ្យ​ពាក់​ព័ន្ធ​នឹង​បុរស​សុចរិត​នេះ​ឲ្យ​សោះ។ (​ម៉ាថាយ ២៧:១៩​) ចុះ​យ៉ាង​ណា​វិញ​ចំពោះ​ការ​ចោទ​ប្រកាន់​ថ្មី​របស់​ជន​ជាតិ​យូដា​ដែល​ថា​អ្នក​ទោស​នេះ​គឺ​ជា​«​បុត្រ​ព្រះ​»​? ពីឡាត​ដឹង​ថា​លោក​យេស៊ូ​មក​ពី​ស្រុក​កាលីឡេ។ (​លូកា ២៣:៥​-​៧​) យ៉ាង​ណា​ក្ដី គាត់​សួរ​លោក​យេស៊ូ​ថា​៖ ​«​តើ​អ្នក​មក​ពី​ណា?​»។ (​យ៉ូហាន ១៩:៩​) ដូច្នេះ ពីឡាត​ប្រហែល​ជា​ឆ្ងល់​ថា​លោក​យេស៊ូ​ធ្លាប់​មាន​ជីវិត​ពី​មុន ក្នុង​ន័យ​ថា​លោក​ជា​កូន​របស់​ព្រះ​ក៏​មិន​ដឹង។

ពីឡាត​បាន​ឮ​ពី​លោក​យេស៊ូ​ដោយ​ផ្ទាល់​ថា​លោក​គឺ​ជា​ស្តេច ប៉ុន្តែ​រាជាណាចក្រ​របស់​លោក​មិន​មែន​មក​ពី​ពិភព​លោក​នេះ​ទេ។ លោក​យេស៊ូ​ដឹង​ថា​លោក​មិន​ចាំ​បាច់​បក​ស្រាយ​ម្ដង​ទៀត​នូវ​អ្វី​ដែល​លោក​បាន​មាន​ប្រសាសន៍​នៅ​លើក​មុន​ទេ ដូច្នេះ​លោក​នៅ​ស្ងៀម។ ការ​ដែល​លោក​យេស៊ូ​នៅ​ស្ងៀម នោះ​បាន​ធ្វើ​ឲ្យ​ពីឡាត​ដែល​ជា​បុរស​មាន​អំណួត​ខឹង​យ៉ាង​ខ្លាំង។ ហេតុ​នេះ ពីឡាត​និយាយ​ទៅ​កាន់​លោក​យេស៊ូ​ថា​៖ ​«​តើ​អ្នក​មិន​និយាយ​ជា​មួយ​នឹង​ខ្ញុំ​ទេ​ឬ? តើ​អ្នក​មិន​ដឹង​ថា ខ្ញុំ​មាន​អំណាច​ដោះ​លែង​អ្នក ហើយ​ក៏​មាន​អំណាច​ព្យួរ​អ្នក​ទេ​ឬ?​»។—យ៉ូហាន ១៩:១០

លោក​យេស៊ូ​មាន​ប្រសាសន៍​ដោយ​ត្រង់​ទៅ​ពីឡាត​ថា​៖ ​«​អ្នក​នឹង​គ្មាន​អំណាច​ធ្វើ​អ្វី​ទាស់​នឹង​ខ្ញុំ​សោះ ប្រសិន​បើ​អ្នក​មិន​បាន​ទទួល​ពី​ស្ថាន​លើ។ ហេតុ​នេះ​បុរស​ដែល​បាន​ប្រគល់​ខ្ញុំ​ឲ្យ​អ្នក បាន​ធ្វើ​ខុស​ធ្ងន់​ជាង​»។ (​យ៉ូហាន ១៩:១១​) លោក​យេស៊ូ​ទំនង​ជា​មិន​គ្រាន់​តែ​សំដៅ​ទៅ​លើ​បុគ្គល​ម្នាក់​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​រួម​បញ្ចូល​កៃផាស អ្នក​សម​គំនិត​ជា​មួយ​នឹង​គាត់ និង​យូដាស​អ៊ីស្ការីយ៉ុត​ដែរ។ ពួក​គេ​មាន​ទោស​ធ្ងន់​ជាង​ពីឡាត​ទៅ​ទៀត។

ពីឡាត​កោត​ស្ងើច​ចំពោះ​ការ​ប្រព្រឹត្ត​និង​ប្រសាសន៍​របស់​លោក​យេស៊ូ។ ម្យ៉ាង​ទៀត គាត់​រឹត​តែ​ភ័យ​ខ្លាច​ដោយ​សារ​គាត់​គិត​ថា​លោក​យេស៊ូ​ប្រហែល​ជា​បុត្រ​របស់​ព្រះ ដូច្នេះ​គាត់​ព្យាយាម​ដោះ​លែង​លោក​ម្ដង​ទៀត។ ក៏​ប៉ុន្តែ ជន​ជាតិ​យូដា​លើក​យក​មូលហេតុ​មួយ​ទៀត​ដែល​ច្បាស់​ជា​ធ្វើ​ឲ្យ​ពីឡាត​ភ័យ​ខ្លាច​កាន់​តែ​ខ្លាំង។ ពួក​គេ​ព្រមាន​គាត់​ថា​៖ ​«​ប្រសិន​បើ​លោក​ដោះ​លែង​បុរស​នេះ លោក​មិន​មែន​ជា​មិត្ត​របស់​សេសារ​ទេ។ អ្នក​ណា​ដែល​លើក​ខ្លួន​ជា​ស្តេច អ្នក​នោះ​និយាយ​ប្រឆាំង​សេសារ​»។—យ៉ូហាន ១៩:១២

ក្រោយ​ពី​ឮ​ដូច្នេះ អភិបាល​ពីឡាត​ក៏​យក​លោក​យេស៊ូ​ចេញ​មក​ក្រៅ​ម្ដង​ទៀត រួច​អង្គុយ​នៅ​កន្លែង​វិនិច្ឆ័យ​ក្ដី ហើយ​ប្រាប់​បណ្ដា​ជន​ថា​៖ ​«​មើល! ស្តេច​របស់​អ្នក​រាល់​គ្នា!​»។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ជន​ជាតិ​យូដា​មិន​ប្រែ​ចិត្ត​ឡើយ។ ពួក​គេ​ស្រែក​ឡើង​ថា​៖ ​«​យក​គាត់​ចេញ! យក​គាត់​ចេញ! ព្យួរ​គាត់​ទៅ!​»។ ពីឡាត​និយាយ​របៀប​អង្វរ​ទៅ​ពួក​គេ​ថា​៖ ​«​តើ​ឲ្យ​ខ្ញុំ​ព្យួរ​ស្តេច​របស់​អ្នក​រាល់​គ្នា​ឬ?​»។ តាំង​ពី​យូរ​មក​ហើយ ជន​ជាតិ​យូដា​បាន​ស្អប់​ការ​ជិះ​ជាន់​របស់​រដ្ឋាភិបាល​រ៉ូម ប៉ុន្តែ​ពួក​សង្ឃនាយក​ឆ្លើយ​ដោយ​ម៉ឺង​ម៉ាត់​ថា​៖ ​«​យើង​គ្មាន​ស្តេច​ក្រៅ​ពី​សេសារ​ទេ​»។—យ៉ូហាន ១៩:១៤, ១៥

យ៉ាង​ណា​ក្ដី ពីឡាត​មិន​ហ៊ាន​តវ៉ា​នឹង​ជន​ជាតិ​យូដា​ឡើយ ដូច្នេះ​គាត់​ធ្វើ​តាម​អ្វី​ដែល​ពួក​គេ​ទាម​ទារ ដោយ​ប្រគល់​លោក​យេស៊ូ​ទៅ​ឲ្យ​គេ​ប្រហារ​ជីវិត។ ក្រោយ​មក ពួក​ទាហាន​ដោះ​សំពត់​ដណ្ដប់​ដែល​មាន​ពណ៌​ក្រហម​ឆ្អៅ​ចេញ​ពី​លោក​យេស៊ូ ហើយ​យក​សម្លៀក​បំពាក់​ក្រៅ​របស់​លោក​មក​បំពាក់​ឲ្យ​វិញ។ កាល​ដែល​លោក​យេស៊ូ​បាន​ត្រូវ​នាំ​ចេញ​ទៅ លោក​ត្រូវ​លី​បង្គោល​ទារុណកម្ម​របស់​លោក។

ឥឡូវ​នេះ​ជិត​ដល់​ពេល​ថ្ងៃ​ត្រង់​នា​ថ្ងៃ​សុក្រ ទី​១៤ ខែ​ណែសាន​ហើយ។ លោក​យេស៊ូ​មិន​បាន​សម្រាក​តាំង​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ហើយ​បាន​ទទួល​ការ​វាយ​ធ្វើ​បាប​ម្ដង​ហើយ​ម្ដង​ទៀត។ លោកត្រូវ​លី​បង្គោល​ដ៏​ធ្ងន់​នោះ​ដោយ​ពិបាក រួច​មក​លោក​ក៏​លែង​មាន​កម្លាំង​លី​បង្គោល​ដើរ​ទៅ​មុខ​ទៀត។ ដូច្នេះ ពួក​ទាហាន​បង្ខំ​អ្នក​ដើរ​កាត់​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​ដែល​មក​ពី​គីរេន​ស្រុក​អាហ្វ្រិក ឲ្យ​លី​បង្គោល​ទារុណកម្ម​របស់​លោក​យក​ទៅ​កន្លែង​ប្រហារ​ជីវិត។ នៅ​ពេល​នោះ មាន​មនុស្ស​សន្ធឹក​ណាស់​ព្រម​ទាំង​ស្ត្រី​ជា​ច្រើន​កំពុង​ដើរ​តាម​លោក ហើយ​ស្ត្រី​ទាំង​នោះ​កំពុង​គក់​ទ្រូង​ដោយ​ក្ដី​ទុក្ខ​ព្រួយ ហើយ​យំ​សោក​អំពី​លោក។

រួច​មក លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​ស្ត្រី​ដែល​កំពុង​យំ​សោក​ទាំង​នោះ​ថា​៖ ​«​កូន​ស្រី​នៃ​ក្រុង​យេរូសាឡិម​អើយ ឈប់​យំ​សោក​អំពី​ខ្ញុំ។ ផ្ទុយ​ទៅ​វិញ ចូរ​យំ​សោក​អំពី​ដំណើរ​ខ្លួន​អ្នក​រាល់​គ្នា និង​កូន​របស់​អ្នក​រាល់​គ្នា​វិញ ពី​ព្រោះ​មើល! នឹង​មាន​គ្រា​មក​ដល់ ដែល​ពេល​នោះ​មនុស្ស​នឹង​និយាយ​ថា​៖ ‹ស្ត្រី​អារ​ទាំង​ឡាយ ស្ត្រី​ណា​ដែល​មិន​បាន​បង្កើត​កូន និង​ស្ត្រី​ណា​ដែល​មិន​បាន​បំបៅ​កូន គឺ​ស្ត្រី​ទាំង​នោះ​ហើយ​ដែល​មាន​សុភមង្គល!›។ រួច​គេ​នឹង​ចាប់​ផ្ដើម​និយាយ​ទៅ​ភ្នំ​ធំ​ៗ​ថា​៖ ‹រលំ​លើ​យើង​មក!› ក៏​នឹង​និយាយ​ទៅ​ភ្នំ​តូច​ៗ​ថា​៖ ‹គ្រប​លើ​យើង​មក!›។ ពី​ព្រោះ​ប្រសិន​បើ​គេ​ធ្វើ​ការ​ទាំង​នេះ​ពេល​ដែល​ដើម​ឈើ​នៅ​ស្រស់ តើ​អ្វី​នឹង​កើត​ឡើង​កាល​ដែល​ដើម​ឈើ​នោះ​ក្រៀម​ស្វិត​ទៅ​វិញ?​»។—លូកា ២៣:២៨​-​៣១

លោក​យេស៊ូ​កំពុង​សំដៅ​លើ​ប្រជា​ជាតិ​អ៊ីស្រាអែល។ ប្រជា​ជាតិ​នេះ​គឺ​ប្រៀប​ដូច​ជា​ដើម​ឈើ​ដែល​កំពុង​ក្រៀម​ស្វិត​ទៅ តែ​នៅ​សល់​ភាព​ស្រស់​តែ​បន្ដិច​ទេ ក្នុង​ន័យ​ថា​នៅ​មាន​លោក​យេស៊ូ​និង​ជន​ជាតិ​យូដា​ឯ​ទៀត​ដែល​ជឿ​លើ​លោក។ ប៉ុន្តែ ពេល​លែង​មាន​លោក​យេស៊ូ​និង​អ្នក​កាន់​តាម​លោក​ទៀត ប្រជា​ជាតិ​នោះ​នឹង​លែង​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ ហើយ​នេះ​ប្រៀប​ដូច​ជា​ដើម​ឈើ​ដែល​ក្រៀម​ស្វិត​ទៅ។ ជា​លទ្ធផល នៅ​ពេល​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​ជន​ជាតិ​រ៉ូម​ធ្វើ​ជា​អ្នក​វិនិច្ឆ័យ​ក្ដី​ប្រជា​ជាតិ​អ៊ីស្រាអែល នោះ​នឹង​មាន​ការ​យំ​សោក​យ៉ាង​ខ្លាំង!