លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១១៦

នៅបុណ្យរំលងចុងក្រោយ លោកបង្រៀនអំពីចិត្តរាបទាប

នៅបុណ្យរំលងចុងក្រោយ លោកបង្រៀនអំពីចិត្តរាបទាប

ម៉ាថាយ ២៦:២០ ម៉ាកុស ១៤:១៧ លូកា ២២:១៤​-​១៨ យ៉ូហាន ១៣:១​-​១៧

  • លោក​យេស៊ូ​ពិសា​អាហារ​បុណ្យ​រំលង​ចុង​ក្រោយ​ជា​មួយ​នឹង​ពួក​សាវ័ក​របស់​លោក

  • លោក​បង្រៀន​មេ​រៀន​មួយ​ដោយ​លាង​ជើង​របស់​ពួក​សាវ័ក

តាម​ការ​ណែនាំ​របស់​លោក​យេស៊ូ ពេត្រុស​និង​យ៉ូហាន​បាន​មក​ដល់​ក្រុង​យេរូសាឡិម​ដើម្បី​រៀប​ចំ​បុណ្យ​រំលង។ ក្រោយ​មក លោក​យេស៊ូ​និង​ពួក​សាវ័ក​១០​នាក់​ទៀត​ក៏​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​មក​ក្រុង​យេរូសាឡិម​ដែរ។ ឥឡូវ​នេះ ព្រះ​អាទិត្យ​ចាប់​ផ្ដើម​លិច ហើយ​លោក​យេស៊ូ​និង​អ្នក​កាន់​តាម​ធ្វើ​ដំណើរ​ចុះ​ពី​ភ្នំ​ដើម​អូលីវ។ នេះ​គឺ​ជា​ពេល​ចុង​ក្រោយ​ដែល​លោក​យេស៊ូ​អាច​មើល​ឃើញ​ទេសភាព​ពី​លើ​ភ្នំ​ដើម​អូលីវ​នៅ​ពេល​ថ្ងៃ រហូត​ដល់​ពេល​ដែល​លោក​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។

មិន​យូរ​ក្រោយ​មក លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​លោក​ក៏​មក​ដល់​ក្រុង​យេរូសាឡិម ហើយ​ពួក​គាត់​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​ដែល​ពួក​គាត់​នឹង​ពិសា​អាហារ​បុណ្យ​រំលង។ ពួក​គាត់​ឡើង​ទៅ​បន្ទប់​ធំ​មួយ​នៅ​ជាន់​ខាង​លើ ហើយ​នៅ​ទី​នោះ​ពួក​គាត់​ឃើញ​ថា​អ្វី​ៗ​បាន​ត្រូវ​រៀប​ចំ​ជា​ស្រេច​ដើម្បី​ពួក​គាត់​អាច​ពិសា​អាហារ​ដោយ​ឡែក​ពី​គេ។ លោក​យេស៊ូ​ទន្ទឹង​រង់​ចាំ​ពិធី​នេះ ពី​ព្រោះ​លោក​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ចង់​បរិភោគ​អាហារ​បុណ្យ​រំលង​នេះ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ណាស់ មុន​នឹង​ខ្ញុំ​រង​ទុក្ខ​»។—លូកា ២២:១៥

អស់​ជា​ច្រើន​ឆ្នាំ​មុន ទំនៀម​ទម្លាប់​មួយ​បាន​ចាប់​ផ្ដើម គឺ​ការ​ហុច​ពែង​ស្រា​មួយ​ចំនួន​បន្ត​គ្នា​ក្នុង​ចំណោម​អ្នក​ដែល​ចូល​រួម​បុណ្យ​រំលង។ ឥឡូវ​នេះ ក្រោយ​ពី​លោក​យេស៊ូ​ទទួល​ពែង​ស្រា​មួយ លោក​ក៏​អរគុណ​ព្រះ​ហើយ​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​យក​ពែង​នេះ​ហុច​ពី​ម្នាក់​ទៅ​ម្នាក់​ហើយ​ពិសា​ចុះ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​នឹង​មិន​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​ទៀត​ឡើយ រហូត​ដល់​រាជាណាចក្រ​របស់​ព្រះ​មក​ដល់​»។ (​លូកា ២២:១៧, ១៨​) ប្រសាសន៍​របស់​លោក​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​ស្លាប់​របស់​លោក​ពិត​ជា​ជិត​មក​ដល់​ហើយ។

ក្នុង​អំឡុង​ពេល​ពិសា​អាហារ​បុណ្យ​រំលង មាន​អ្វី​មួយ​បាន​កើត​ឡើង​ដែល​ពួក​សាវ័ក​គិត​ថា​ចម្លែក។ តើ​មាន​អ្វី​កើត​ឡើង? គឺ​នៅ​ពេល​នោះ​លោក​យេស៊ូ​បាន​ដោះ​សម្លៀក​បំពាក់​ក្រៅ​របស់​លោក​ចេញ រួច​យក​កន្សែង​មក​ក្រវាត់​ចង្កេះ បន្ទាប់​មក លោក​ចាក់​ទឹក​ក្នុង​ចាន​ក្លាំ​ធំ​មួយ​ដែល​នៅ​ជិត​នោះ។ ជា​ធម្មតា អ្នក​ទទួល​ភ្ញៀវ​រៀប​ចំ​ឲ្យ​គេ​លាង​ជើង​របស់​ភ្ញៀវ គាត់​ប្រហែល​ជា​ប្រើ​អ្នក​បម្រើ​ឲ្យ​ធ្វើ​កិច្ច​ការ​នេះ។ (​លូកា ៧:៤៤​) ប៉ុន្តែ ក្នុង​ពិធី​នេះ​គ្មាន​អ្នក​ទទួល​ភ្ញៀវ​ឡើយ ដូច្នេះ​លោក​យេស៊ូ​បាន​ធ្វើ​កិច្ច​ការ​នេះ​ដោយ​ខ្លួន​លោក​ផ្ទាល់។ សាវ័ក​ណា​ម្នាក់​អាច​ធ្វើ​កិច្ច​ការ​នេះ​បាន តែ​គ្មាន​អ្នក​ណា​ម្នាក់​សុខ​ចិត្ត​ធ្វើ​ទេ។ ពួក​គាត់​ប្រហែល​ជា​នៅ​តែ​គិត​ថា​ខ្លួន​ធំ​ជាង​គេ​ទេ​ដឹង។ ទោះ​ជា​មាន​មូលហេតុ​ណា​ក៏​ដោយ ពួក​គាត់​ពិត​ជា​ខ្មាស ពេល​ដែល​លោក​យេស៊ូ​លាង​ជើង​របស់​ពួក​គាត់។

ពេល​ដែល​លោក​យេស៊ូ​ទៅ​ជិត​ពេត្រុស​ដើម្បី​លាង​ជើង​របស់​គាត់ ពេត្រុស​ប្រកែក​ថា​៖ ​«​លោក​មិន​ត្រូវ​លាង​ជើង​ខ្ញុំ​ទេ​»។ លោក​យេស៊ូ​តប​ទៅ​គាត់​ថា​៖ ​«​បើ​ខ្ញុំ​មិន​លាង​ជើង​របស់​អ្នក​ទេ អ្នក​គ្មាន​ចំណែក​ជា​មួយ​នឹង​ខ្ញុំ​ឡើយ​»។ ពេត្រុស​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​លោក​ម្ចាស់ សូម​កុំ​លាង​តែ​ជើង​ខ្ញុំ​ប៉ុណ្ណោះ តែ​សូម​លាង​ទាំង​ដៃ​ទាំង​ក្បាល​របស់​ខ្ញុំ​ផង​»។ ប៉ុន្តែ ពេត្រុស​ច្បាស់​ជា​ភ្ញាក់​ផ្អើល​ណាស់ ពេល​ដែល​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ណា​ដែល​បាន​ងូត​ទឹក​ហើយ រូប​កាយ​ទាំង​មូល​របស់​អ្នក​នោះ​គឺ​ស្អាត ដូច្នេះ គាត់​មិន​ត្រូវ​ការ​លាង​អ្វី​ក្រៅ​ពី​ជើង​របស់​គាត់​ប៉ុណ្ណោះ។ ពួក​អ្នក​គឺ​ស្អាត​ហើយ ប៉ុន្តែ​មិន​មែន​គ្រប់​គ្នា​ទេ​»។—យ៉ូហាន ១៣:៨​-​១០

លោក​យេស៊ូ​បាន​លាង​ជើង​របស់​សាវ័ក​ទាំង​១២​នាក់ រួម​មាន​ជើង​របស់​យូដាស​អ៊ីស្ការីយ៉ុត​ផង​ដែរ។ បន្ទាប់​ពី​លោក​យេស៊ូ​ពាក់​សម្លៀក​បំពាក់​ក្រៅ​របស់​លោក នោះ​លោក​ក៏​អង្គុយ​នៅ​តុ​ម្ដង​ទៀត ហើយ​សួរ​ពួក​សាវ័ក​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​យល់​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ដល់​អ្នក​រាល់​គ្នា​ទេ? អ្នក​រាល់​គ្នា​ហៅ​ខ្ញុំ‹លោក​គ្រូ›និង‹លោក​ម្ចាស់› ហើយ​ជា​ការ​ត្រឹម​ត្រូវ​ដែល​អ្នក​រាល់​គ្នា​ហៅ​ខ្ញុំ​ដូច្នេះ ព្រោះ​ខ្ញុំ​ជា​គ្រូ​និង​ជា​ម្ចាស់​មែន។ ដូច្នេះ ប្រសិន​បើ​ខ្ញុំ​បាន​លាង​ជើង​របស់​អ្នក​រាល់​គ្នា ទោះ​បី​ខ្ញុំ​ជា​ម្ចាស់​និង​ជា​គ្រូ​ក៏​ដោយ នោះ​អ្នក​រាល់​គ្នា​ក៏​ត្រូវ​លាង​ជើង​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ ព្រោះ​ខ្ញុំ​បាន​ធ្វើ​គំរូ​ឲ្យ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ដល់​អ្នក​រាល់​គ្នា។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ខ្ញុំ​បម្រើ​គឺ​មិន​ធំ​ជាង​ម្ចាស់​ខ្លួន​ទេ ហើយ​អ្នក​ដែល​គេ​ចាត់​ឲ្យ​ទៅ ក៏​មិន​ធំ​ជាង​អ្នក​ដែល​ចាត់​អ្នក​នោះ​ឲ្យ​ទៅ​ដែរ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ដឹង​ការ​ទាំង​នេះ​ហើយ អ្នក​នឹង​មាន​សុភមង្គល​បើ​ធ្វើ​ការ​ទាំង​នោះ​»។—យ៉ូហាន ១៣:១២​-​១៧

ស្តី​អំពី​ចិត្ត​រាប​ទាប នេះ​ពិត​ជា​មេ​រៀន​ដ៏​ល្អ​មែន! ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​មិន​គួរ​ស្វែង​រក​ឋានៈ​ធំ ឬ​គិត​ថា​ខ្លួន​ជា​បុគ្គល​សំខាន់ ហើយ​ចង់​ឲ្យ​អ្នក​ឯ​ទៀត​បម្រើ​ខ្លួន​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួក​គាត់​គួរ​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ មិន​មែន​ដោយ​បង្កើត​ទម្លាប់​លាង​ជើង​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ទេ ប៉ុន្តែ​ពួក​គាត់​ត្រូវ​ស្ម័គ្រ​ចិត្ត​បម្រើ​អ្នក​ឯ​ទៀត​ដោយ​ចិត្ត​រាប​ទាប​និង​មិន​លម្អៀង។