លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១៣៥

ក្រោយពីរស់ឡើងវិញលោកយេស៊ូលេចមកជួបមនុស្សជាច្រើន

ក្រោយពីរស់ឡើងវិញលោកយេស៊ូលេចមកជួបមនុស្សជាច្រើន

លូកា ២៤:១៣​-​៤៩ យ៉ូហាន ២០:១៩​-​២៩

  • លោក​យេស៊ូ​លេច​មក​ឲ្យ​អ្នក​កាន់​តាម​ឃើញ​នៅ​តាម​ផ្លូវ​ទៅ​ភូមិ​អេម៉ាស

  • លោក​ពន្យល់​បទ​គម្ពីរ​ទៅ​ពួក​អ្នក​កាន់​តាម​ម្ដង​ហើយ​ម្ដង​ទៀត

  • ថូម៉ាស់​ឈប់​សង្ស័យ

ឥឡូវ​នេះ​ជា​ថ្ងៃ​អាទិត្យ ទី​១៦ ខែ​ណែសាន ហើយ​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​នៅ​តែ​ក្រៀម​ក្រំ​ចិត្ត។ ពួក​គាត់​មិន​យល់​អំពី​មូលហេតុ​ដែល​ទី​បញ្ចុះ​សព​លោក​យេស៊ូ​នៅ​ទទេ។ (​ម៉ាថាយ ២៨:៩, ១០; លូកា ២៤:១១​) ក្រោយ​មក​នៅ​ថ្ងៃ​ដដែល​នោះ ក្លេវប៉ាស​និង​អ្នក​កាន់​តាម​ម្នាក់​ទៀត​ចាក​ចេញ​ពី​ក្រុង​យេរូសាឡិម ហើយ​ឆ្ពោះ​ទៅ​ភូមិ​អេម៉ាស​ដែល​មាន​ចម្ងាយ​ប្រហែល​ជា​១១​គីឡូ​ម៉ែត្រ។

កាល​ដែល​ពួក​គាត់​កំពុង​ធ្វើ​ដំណើរ ពួក​គាត់​ជជែក​គ្នា​អំពី​អ្វី​ដែល​បាន​កើត​ឡើង។ បន្ទាប់​មក មាន​បុរស​ម្នាក់​ដែល​ពួក​គាត់​មិន​ស្គាល់​បាន​រួម​ដំណើរ​ជា​មួយ​នឹង​ពួក​គាត់។ បុរស​នោះ​សួរ​ពួក​គាត់​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​កំពុង​ដើរ​បណ្ដើរ​ជជែក​គ្នា​បណ្ដើរ​អំពី​រឿង​អ្វី?​»។ រួច​ក្លេវប៉ាស​ក៏​ឆ្លើយ​តប​ថា​៖ ​«​តើ​អ្នក​ជា​ជន​ជាតិ​ដទៃ​ដែល​ស្នាក់​នៅ​ដាច់​ពី​គេ​នៅ​ក្រុង​យេរូសាឡិម បាន​ជា​មិន​ដឹង​អំពី​ការ​ទាំង​ប៉ុន្មាន​ដែល​បាន​កើត​ឡើង​ក្នុង​នាង​ពេល​ថ្មី​ៗ​នេះ​ឬ?​»។ បុរស​នោះ​សួរ​ពួក​គាត់​ទៀត​ថា​៖ ​«​ការ​អ្វី​ទៅ?​»។—លូកា ២៤:១៧​-​១៩

ពួក​គាត់​និយាយ​ថា​៖ ​«​អំពី​លោក​យេស៊ូ​ពី​ក្រុង​ណាសារ៉ែត។ . . . យើង​បាន​សង្ឃឹម​ថា បុរស​នេះ​ជា​អ្នក​ដែល​ត្រូវ​សង្គ្រោះ​អ៊ីស្រាអែល​»។—លូកា ២៤:១៩​-​២១

ក្លេវប៉ាស​និង​សម្លាញ់​របស់​គាត់​ប្រាប់​បុរស​នោះ​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​នោះ។ ពួក​គាត់​និយាយ​ថា ស្ត្រី​ខ្លះ​ពី​ចំណោម​ពួក​គាត់​បាន​ទៅ​ទី​បញ្ចុះ​សព​លោក​យេស៊ូ ហើយ​ឃើញ​ថា​ទី​បញ្ចុះ​សព​នៅ​ទទេ ថែម​ទាំង​ឃើញ​អ្វី​ដ៏​អស្ចារ្យ គឺ​ទេវតា​ប្រាប់​ថា​លោក​យេស៊ូ​កំពុង​រស់​នៅ។ ពួក​គាត់​រៀប​រាប់​ថា​អ្នក​កាន់​តាម​ឯ​ទៀត​ក៏​ទៅ​ទី​បញ្ចុះ​សព​នោះ​ដែរ ហើយ​«​ក៏​ឃើញ​ដូច​ស្ត្រី​ទាំង​នោះ​បាន​ប្រាប់​»។—លូកា ២៤:២៤

ពួក​អ្នក​កាន់​តាម​ទាំង​ពីរ​នាក់​នោះ​ច្បាស់​ជា​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង​អំពី​អ្វី​ដែល​បាន​កើត​ឡើង។ បុរស​ដែល​ពួក​គាត់​មិន​ស្គាល់​បាន​ឆ្លើយ​តាម​របៀប​មួយ​ដែល​បង្ហាញ​ថា​គាត់​មាន​អំណាច ដើម្បី​កែ​តម្រង់​ទស្សនៈ​មិន​ត្រឹម​ត្រូវ​ដែល​កំពុង​មាន​ឥទ្ធិពល​មក​លើ​ចិត្ត​របស់​ពួក​គាត់។ បុរស​នោះ​និយាយ​ថា​៖ ​«​ឱ​មនុស្ស​ដែល​មិន​ព្រម​ពិចារណា ហើយ​យឺត​នឹង​ជឿ​ពាក្យ​ទាំង​អស់​របស់​អ្នក​ប្រកាស​ទំនាយ​អើយ! គ្រិស្ត​ត្រូវ​រង​ទុក្ខ​ដូច្នេះ ដើម្បី​បាន​សិរី​រុង​រឿង​ដែល​លោក​ត្រូវ​ទទួល មែន​ទេ?​»។ (​លូកា ២៤:២៥, ២៦​) គាត់​បន្ត​បក​ស្រាយ​ប្រាប់​ពួក​គាត់​នូវ​បទ​គម្ពីរ​ជា​ច្រើន​ដែល​ទាក់​ទង​នឹង​គ្រិស្ត។

នៅ​ទី​បំផុត ពួក​គាត់​ទាំង​បី​នាក់​បាន​ទៅ​ដល់​ភូមិ​អេម៉ាស។ អ្នក​កាន់​តាម​ពីរ​នាក់​នោះ​ចង់​ស្ដាប់​ថែម​ទៀត ដូច្នេះ​ពួក​គាត់​និយាយ​ទៅ​បុរស​ដែល​ពួក​គាត់​មិន​ស្គាល់​ថា​៖ ​«​ចូរ​ស្នាក់​នៅ​ជា​មួយ​នឹង​យើង​ទៅ ពី​ព្រោះ​ជិត​ល្ងាច​ហើយ ថែម​ទាំង​ថ្ងៃ​ក៏​ទាប​ណាស់​ផង​»។ រួច​លោក​ក៏​ព្រម​ស្នាក់​នៅ​ជា​មួយ​នឹង​ពួក​គាត់។ បន្ទាប់​មក កាល​ដែល​ពួក​គាត់​ពិសា​អាហារ​ជា​មួយ​គ្នា បុរស​នោះ​អធិដ្ឋាន យក​នំ​ប៉័ង​មួយ​ដុំ ហើយ​កាច់​នំ​ប៉័ង​នោះ រួច​ឲ្យ​ដល់​ពួក​គាត់។ ពេល​នោះ ពួក​គាត់​ក៏​ស្គាល់​លោក ប៉ុន្តែ​ស្រាប់​តែ​លោក​បាត់​ភ្លាម​ពី​ចំណោម​ពួក​គាត់។ (​លូកា ២៤:២៩​-​៣១​) ឥឡូវ ពួក​គាត់​ដឹង​ជាក់​ច្បាស់​ថា​លោក​យេស៊ូ​បាន​រស់​ឡើង​វិញ​ហើយ!

អ្នក​កាន់​តាម​ពីរ​នាក់​នោះ​រំភើប​ចិត្ត​យ៉ាង​ខ្លាំង រួច​និយាយ​គ្នា​ថា​៖ ​«​យើង​បាន​រំភើប​ចិត្ត​ជា​ខ្លាំង កាល​ដែល​លោក​កំពុង​មាន​ប្រសាសន៍​មក​យើង​តាម​ផ្លូវ ហើយ​កំពុង​ពន្យល់​បទ​គម្ពីរ​យ៉ាង​អស់​សេចក្ដី​ឲ្យ​យើង​យល់ មែន​ទេ?​»។ (​លូកា ២៤:៣២​) ពួក​គាត់​ប្រញាប់​ប្រញាល់​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ ហើយ​ពេល​ទៅ​ដល់ ពួក​គាត់​ឃើញ​ថា​ពួក​សាវ័ក​និង​អ្នក​កាន់​តាម​ឯ​ទៀត​នៅ​ជុំ​គ្នា។ ក៏​ប៉ុន្តែ មុន​ក្លេវប៉ាស​និង​សម្លាញ់​គាត់​អាច​ប្រាប់​អំពី​អ្វី​ដែល​ទើប​តែ​បាន​កើត​ឡើង ពួក​គាត់​ឮ​អ្នក​កាន់​តាម​ឯ​ទៀត​និយាយ​ថា​៖ ​«​លោក​ម្ចាស់​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ពិត​មែន! ហើយ​លោក​បាន​លេច​មក​ជួប​ស៊ីម៉ូន!​»។ (​លូកា ២៤:៣៤​) បន្ទាប់​មក ពួក​គាត់​ទាំង​ពីរ​នាក់​ប្រាប់​អំពី​របៀប​ដែល​លោក​យេស៊ូ​បាន​លេច​មក​ឲ្យ​ពួក​គាត់​ឃើញ។ ពិត​ណាស់ ពួក​គាត់​ក៏​ជា​សាក្សី​ដែល​បាន​ឃើញ​លោក​យេស៊ូ​ដោយ​ផ្ទាល់​ភ្នែក​ដែរ។

ឥឡូវ ពួក​អ្នក​កាន់​តាម​ទាំង​អស់​ដែល​នៅ​ទី​នោះ​រន្ធត់​យ៉ាង​ខ្លាំង ពី​ព្រោះ​លោក​យេស៊ូ​លេច​មក​ក្នុង​បន្ទប់​នោះ! នេះ​ពិត​ជា​មិន​គួរ​ឲ្យ​ជឿ​មែន ពី​ព្រោះ​ពួក​គាត់​ចាក់​សោ​ទ្វារ​ដោយ​សារ​ខ្លាច​ជន​ជាតិ​យូដា។ យ៉ាង​ណា​ក្ដី លោក​យេស៊ូ​បាន​លេច​មក​ក្នុង​ចំណោម​ពួក​គាត់។ លោក​មាន​ប្រសាសន៍​ដោយ​ទន់ភ្លន់​ទៅ​ពួក​គាត់​ថា​៖ ​«​សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​»។ ប៉ុន្តែ ពួក​អ្នក​កាន់​តាម​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។ ដូច​ដែល​ពួក​គាត់​បាន​គិត​នៅ​លើក​មុន ពួក​គាត់​«​នឹក​ស្មានថា​ពួក​គាត់​កំពុង​មើល​ឃើញ​វិញ្ញាណ​មួយ​»។—លូកា ២៤:៣៦, ៣៧; ម៉ាថាយ ១៤:២៥​-​២៧

ដើម្បី​បញ្ជាក់​ថា​លោក​មិន​មែន​ជា​វិញ្ញាណ​មួយ ឬ​ក៏​ជា​ការ​ស្រមើ​ស្រមៃ​របស់​ពួក​អ្នក​កាន់​តាម​ទេ តែ​លោក​មាន​រូប​កាយ​ជា​សាច់​ឈាម​មែន នោះ​លោក​យេស៊ូ​បង្ហាញ​ដៃ​ជើង​របស់​លោក​ទៅ​ពួក​គាត់ ហើយ​មាន​ប្រសាសន៍​ថា​៖ ​«​ហេតុ​អ្វី​អ្នក​រាល់​គ្នា​កំពុង​វិល​វល់​ក្នុង​គំនិត​ដូច្នេះ? ហើយ​ហេតុ​អ្វី​ក៏​បែរ​ជា​សង្ស័យ​ក្នុង​ចិត្ត? ចូរមើល​ដៃ​និង​ជើង​របស់​ខ្ញុំ គឺ​ខ្ញុំ​ទេ។ ចូរ​ពាល់​ខ្ញុំ ហើយ​មើល​ចុះ ពី​ព្រោះ​វិញ្ញាណ​មិន​មាន​សាច់​និង​ឆ្អឹង​ដូច​អ្នក​ឃើញ​ថា​ខ្ញុំ​មាន​នោះ​ទេ​»។ (​លូកា ២៤:៣៦​-​៣៩​) រួច​មក ពួក​គាត់​ត្រេក​អរ​ក្រៃ​លែង ហើយ​នឹក​អស្ចារ្យ​ក្នុង​ចិត្ត ប៉ុន្តែ​នៅ​តែ​មិន​ចង់​ជឿ។

ដើម្បី​ជួយ​ពួក​អ្នក​កាន់​តាម​ឲ្យ​កាន់​តែ​ជឿ​ថា​លោក​ជា​បុគ្គល​ពិត លោក​សួរ​ពួក​គាត់​ថា​៖ ​«​តើ​នៅ​ទី​នេះ​មាន​អ្វី​បរិភោគ​ទេ?​»។ រួច​ពួក​គាត់​ហុច​ត្រី​អាំង​មួយ​ដុំ​ជូន​លោក ហើយ​លោក​យក​មក​ពិសា​នៅ​មុខ​ពួក​គាត់។ បន្ទាប់​មក លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​ចូរ​នឹក​ឃើញ​សម្ដី​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​កាល​ដែល​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​នៅ​ឡើយ[​មុន​ខ្ញុំ​ស្លាប់​] គឺ​អ្វី​ៗ​ទាំង​អស់​ដែល​បាន​ត្រូវ​សរសេរ​អំពី​ខ្ញុំ​ក្នុង​ច្បាប់​ម៉ូសេ ក្នុង​សេចក្ដី​បង្រៀន​របស់​ពួក​អ្នក​ប្រកាស​ទំនាយ និង​ក្នុង​បទ​ទំនុក​តម្កើង ត្រូវ​តែ​សម្រេច​»។—លូកា ២៤:៤១​-​៤៤

មុន​នេះ លោក​យេស៊ូ​បាន​ជួយ​ក្លេវប៉ាស​និង​សម្លាញ់​របស់​គាត់​ឲ្យ​យល់​បទ​គម្ពីរ​ជា​ច្រើន។ ឥឡូវ​នេះ លោក​ក៏​ពន្យល់​បទ​គម្ពីរ​ដល់​ពួក​អ្នក​កាន់​តាម​ដែល​ជុំ​គ្នា​នៅ​ទី​នោះ​ដែរ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​បទ​គម្ពីរ​បាន​ចែង​ដូច្នេះ​ថា គ្រិស្ត​នឹង​រង​ទុក្ខ រួច​នៅ​ថ្ងៃ​ទី​បី​លោក​នឹង​រស់​ឡើង​វិញ​ពី​ចំណោម​មនុស្ស​ស្លាប់ ហើយ​ក្នុង​គ្រប់​ប្រជា​ជាតិ​នឹង​មាន​ការ​ផ្សព្វ​ផ្សាយ​ថា ពួក​គេ​ត្រូវ​ប្រែ​ចិត្ត​ដើម្បី​ទទួល​ការ​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង ដោយ​សារ​នាម​របស់​លោក។ ដោយ​ចាប់​ផ្ដើម​នៅ​ក្រុង​យេរូសាឡិម អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ជា​សាក្សី ពី​ការ​ទាំង​នេះ​»។—លូកា ២៤:៤៦​-​៤៨

ដោយ​ហេតុ​ណា​មួយ​សាវ័ក​ថូម៉ាស់​មិន​បាន​នៅ​ទី​នោះ​ទេ។ នៅ​ថ្ងៃ​បន្ត​បន្ទាប់ អ្នក​កាន់​តាម​ឯ​ទៀត​ប្រាប់​គាត់​ដោយ​អំណរ​ថា​៖ ​«​យើង​បាន​ឃើញ​លោក​ម្ចាស់!​»។ ប៉ុន្តែ​ថូម៉ាស់​និយាយ​ទៅ​កាន់​ពួក​គាត់​ថា​៖ ​«​ខ្ញុំ​មិន​ជឿ​ដាច់​ខាត លុះ​ត្រា​តែ​ខ្ញុំ​ឃើញ​ស្នាម​ដែក​គោល​លើ​ដៃ​របស់​លោក ហើយ​ដាក់​ម្រាម​ដៃ​ក្នុង​ស្នាម​ដែក​គោល​នោះ ថែម​ទាំង​លូក​ដៃ​ទៅ​ក្នុង​ចំហៀង​ខ្លួន​លោក​»។—យ៉ូហាន ២០:២៥

រួច​៨​ថ្ងៃ​ក្រោយ​មក ពួក​អ្នក​កាន់​តាម​លោក​មក​ជុំ​គ្នា​នៅ​ក្នុង​ផ្ទះ​ម្ដង​ទៀត​ដោយ​ចាក់​សោ​ទ្វារ តែ​លើក​នេះ​ថូម៉ាស់​ក៏​នៅ​ជា​មួយ​នឹង​ពួក​គាត់​ដែរ។ នៅ​ពេល​នោះ លោក​យេស៊ូ​លេច​មក​ជា​រូប​កាយ​សាច់​ឈាម​ក្នុង​ចំណោម​ពួក​គាត់ ហើយ​មាន​ប្រសាសន៍​ថា​៖ ​«​សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​»។ បន្ទាប់​មក លោក​យេស៊ូ​បែរ​ទៅ​ថូម៉ាស់ ហើយ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​ចូរ​ដាក់​ម្រាម​ដៃ​របស់​អ្នក​នៅ​ទី​នេះ មើល​ដៃ​របស់​ខ្ញុំ ហើយ​លូក​ដៃ​ទៅ​ក្នុង​ចំហៀង​ខ្លួន​ខ្ញុំ ហើយ​ឈប់​សង្ស័យ តែ​ចូរ​ជឿ​ចុះ​»។ ថូម៉ាស់​ស្រែក​ឡើង​ថា​៖ ​«​លោក​ម្ចាស់​របស់​ខ្ញុំ​និង​ព្រះ​របស់​ខ្ញុំ​អើយ!​»។ (​យ៉ូហាន ២០:២៦​-​២៨​) ពិត​ណាស់ ឥឡូវ​គាត់​ជឿ​ជាក់​យ៉ាង​ខ្លាំង​ថា​លោក​យេស៊ូ​បាន​រស់​ឡើង​វិញ​ជា​បុគ្គល​វិញ្ញាណ​ដែល​តំណាង​ព្រះ​យេហូវ៉ា។

លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​តើ​អ្នក​ជឿ​ដោយ​សារបាន​ឃើញ​ខ្ញុំ​ឬ? អស់​អ្នក​ណា​ដែល​ជឿ​ទោះ​ជា​មិន​ឃើញ​ក៏​ដោយ អ្នក​នោះ​មាន​សុភមង្គល​ហើយ​»។—យ៉ូហាន ២០:២៩