លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១១១

ពួកសាវ័កសួរអំពីសញ្ញាសម្គាល់

ពួកសាវ័កសួរអំពីសញ្ញាសម្គាល់

ម៉ាថាយ ២៤:៣​-​៥១ ម៉ាកុស ១៣:៣​-​៣៧ លូកា ២១:៧​-​៣៨

  • អ្នក​កាន់​តាម​បួន​នាក់​សួរ​អំពី​សញ្ញា​សម្គាល់

  • ទំនាយ​កើត​ឡើង​នៅ​សតវត្សរ៍​ទី១​និង​នៅ​ពេល​ក្រោយ​មក

  • យើង​ត្រូវ​តែ​ប្រុង​ស្មារតី​ជា​និច្ច

រសៀល​ថ្ងៃ​អង្គារ ទី​១១ ខែ​ណែសាន ជិត​កន្លង​ផុត​ទៅ​ហើយ។ លោក​យេស៊ូ​ក៏​ជិត​បញ្ចប់​សកម្មភាព​ដ៏​មមា​ញឹក​របស់​លោក​នៅ​ផែន​ដី​ដែរ។ ពេល​ថ្ងៃ​លោក​បង្រៀន​នៅ​ឯ​វិហារ តែ​ពេល​យប់​លោក​ចេញ​ទៅ​ស្នាក់​នៅ​ខាង​ក្រៅ​ក្រុង​យេរូសាឡិម។ បណ្ដា​ជន​ទាំង​ឡាយ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នឹង​សេចក្ដី​បង្រៀន​របស់​លោក ពី​ព្រោះ​ពួក​គេ​«​តែង​តែ​មក​ក្នុង​វិហារ​តាំង​ពី​ព្រលឹម​ដើម្បី​ស្ដាប់​លោក​»។ (​លូកា ២១:៣៧, ៣៨​) ឥឡូវ​នេះ លោក​យេស៊ូ​អង្គុយ​នៅ​លើ​ភ្នំ​ដើម​អូលីវ​ជា​មួយ​នឹង​សាវ័ក​បួន​នាក់ ពោល​គឺ​ពេត្រុស អនទ្រេ យ៉ាកុប និង​យ៉ូហាន។

សាវ័ក​ទាំង​បួន​នាក់​នេះ​បាន​មក​ជួប​លោក​យេស៊ូ​ដោយ​ឡែក​ពី​គេ។ ពួក​គាត់​ព្រួយ​បារម្ភ​អំពី​វិហារ​ក្រុង​យេរូសាឡិម ពី​ព្រោះ​លោក​យេស៊ូ​ទើប​តែ​បាន​ប្រាប់​ពួក​គាត់​ថា គ្មាន​ថ្ម​ណា​ដែល​នៅ​ត្រួត​លើ​ថ្ម​ណា​ទៀត​ឡើយ។ ក៏​ប៉ុន្តែ ពួក​គាត់​ក៏​មាន​រឿង​ផ្សេង​ទៀត​ដែល​ពួក​គាត់​ឆ្ងល់​ដែរ។ ពេល​មុន លោក​យេស៊ូ​ដាស់​តឿន​ពួក​គាត់​ថា​៖ ​«​ត្រូវ​ត្រៀម​ខ្លួន​ជា​និច្ច . . . ពី​ព្រោះ​កូន​មនុស្ស​នឹង​មក​នៅ​ម៉ោង​ដែល​អ្នក​រាល់​គ្នា​មិន​នឹក​ស្មាន​»។ (​លូកា ១២:៤០​) លោក​ក៏​បាន​មាន​ប្រសាសន៍​ដែរ​អំពី​«​ថ្ងៃ​ដែល​កូន​មនុស្ស​នឹង​ត្រូវ​សម្ដែង​ឲ្យ​ឃើញ​»។ (​លូកា ១៧:៣០​) ដូច្នេះ ពួក​សាវ័ក​ប្រហែល​ជា​ឆ្ងល់​យ៉ាង​ខ្លាំង​ថា តើ​ប្រសាសន៍​ទាំង​នេះ​របស់​លោក​យេស៊ូ​ជាប់​ទាក់​ទង​យ៉ាង​ណា​នឹង​អ្វី​ដែល​លោក​ទើប​តែ​បាន​ប្រាប់​ស្តី​អំពី​វិហារ? ពួក​គាត់​សួរ​លោក​ថា​៖ ​«​សូម​ប្រាប់​យើង តើ​ការ​ទាំង​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? ហើយ​តើ​អ្វី​ជា​សញ្ញា​សម្គាល់​ដែល​បញ្ជាក់​វត្តមាន​របស់​លោក និង​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក?​»។—ម៉ាថាយ ២៤:៣

ពេល​ពួក​សាវ័ក​សួរ​លោក​យេស៊ូ​ដូច្នេះ ប្រហែល​ជា​ដោយ​សារ​ពួក​គាត់​កំពុង​គិត​អំពី​ទី​បញ្ចប់​នៃ​វិហារ​នៅ​ក្រុង​យេរូសាឡិម​ដែល​ពួក​គាត់​មើល​ឃើញ​នោះ។ ម្យ៉ាង​ទៀត ពួក​គាត់​សួរ​អំពី​វត្តមាន​របស់​កូន​មនុស្ស ពី​ព្រោះ​ពួក​គាត់​ប្រហែល​ជា​នៅ​ចាំ​អំពី​ឧទាហរណ៍​របស់​លោក​យេស៊ូ​អំពី​«​បុរស​ម្នាក់​ដែល​កើត​ក្នុង​រាជវង្ស​»​ ដែល​«​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឆ្ងាយ ដើម្បី​ទទួល​អំណាច​គ្រប់​គ្រង​ជា​ស្តេច រួច​ត្រឡប់​មក​វិញ​»។ (​លូកា ១៩:១១, ១២​) បន្ថែម​ទៀត ពួក​សាវ័ក​ឆ្ងល់​ថា តើ​នឹង​មាន​ព្រឹត្ដិការណ៍​អ្វី​ខ្លះ​នៅ​«​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​»​?

លោក​យេស៊ូ​ឆ្លើយ​តប​យ៉ាង​ល្អិត​ល្អន់ ដោយ​ផ្ដល់​នូវ​សញ្ញា​សម្គាល់​ដែល​បញ្ជាក់​អំពី​ពេល​ដែល​របៀប​របប​ជន​ជាតិ​យូដា រួម​ទាំង​វិហារ​នៅ​ក្រុង​យេរូសាឡិម នឹង​ត្រូវ​បំផ្លាញ​ចោល។ បន្ថែម​ទៅ​ទៀត ប្រសាសន៍​របស់​លោក​យេស៊ូ​ក៏​ទាក់​ទង​នឹង​គ្រិស្ត​សាសនិក​ជំនាន់​ក្រោយ​ដែរ ពី​ព្រោះ​សញ្ញា​សម្គាល់​នេះ​នឹង​ជួយ​ពួក​គេ​ឲ្យ​ដឹង​ថា​ពួក​គេ​កំពុង​រស់​នៅ​ក្នុង​គ្រា​«​វត្តមាន​»​របស់​លោក ហើយ​ថា​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​ទាំង​មូល​ជិត​មក​ដល់​ហើយ។

កាល​ដែល​ប៉ុន្មាន​ឆ្នាំ​បាន​កន្លង​ទៅ ពួក​សាវ័ក​សង្កេត​ឃើញ​ថា​ទំនាយ​របស់​លោក​យេស៊ូ​កំពុង​កើត​ឡើង​មែន។ ព្រឹត្ដិការណ៍​ជា​ច្រើន​ដែល​លោក​បាន​ប្រកាស​ទុក​ជា​មុន​ចាប់​ផ្ដើម​កើត​ឡើង​ក្នុង​ជំនាន់​របស់​ពួក​គាត់។ ដូច្នេះ ៣៧​ឆ្នាំ​ក្រោយ​មក ពោល​គឺ​នៅ​ឆ្នាំ​៧០ គ.ស. គ្រិស្ត​សាសនិក​អាច​ប្រុង​ស្មារតី ហើយ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​បំផ្លាញ​ចោល​នូវ​របៀប​របប​ជន​ជាតិ​យូដា​និង​វិហារ​នៅ​ក្រុង​យេរូសាឡិម។ ក៏​ប៉ុន្តែ ការ​ប្រកាស​ទុក​ជា​មុន​របស់​លោក​យេស៊ូ​មិន​បាន​កើត​ឡើង​ទាំង​ស្រុង​មុន​ឆ្នាំ​៧០ គ.ស. ឬ​ក៏​ក្នុង​អំឡុង​ឆ្នាំ​នោះ​ទេ។ ដូច្នេះ តើ​អ្វី​នឹង​បញ្ជាក់​អំពី​វត្តមាន​របស់​លោក​ក្នុង​ការ​គ្រប់​គ្រង​ជា​ស្តេច​នៃ​រាជាណាចក្រ? លោក​យេស៊ូ​ប្រាប់​ពួក​សាវ័ក​អំពី​ចម្លើយ​ចំពោះ​សំណួរ​នេះ។

លោក​យេស៊ូ​ប្រកាស​ទុក​ជា​មុន​ថា​ពួក​គេ​នឹង​«​ឮ​សូរ​សង្គ្រាម​និង​ឮ​គេ​និយាយ​អំពី​សង្គ្រាម​»​ ហើយ​ថា​«​ប្រជា​ជាតិ​មួយ​នឹង​លើក​ទ័ព​ទៅ​ច្បាំង​នឹង​ប្រជា​ជាតិ​មួយ ហើយ​រាជាណាចក្រ​មួយ​នឹង​លើក​ទ័ព​ទៅ​ច្បាំង​នឹង​រាជាណាចក្រ​មួយ​»។ (​ម៉ាថាយ ២៤:៦, ៧​) បន្ថែម​ទៀត លោក​មាន​ប្រសាសន៍​ថា​៖ ​«​ក៏​នឹង​មាន​រញ្ជួយ​ដី​ជា​ខ្លាំង​នៅ​កន្លែង​ផ្សេង​ៗ ថែម​ទាំង​រោគ​រាត​ត្បាត​និង​ការ​អត់​ឃ្លាន​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​»។ (​លូកា ២១:១១​) រួច​មក លោក​យេស៊ូ​ព្រមាន​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ‹មនុស្ស​នឹង​ចាប់​អ្នក​រាល់​គ្នា​ថែម​ទាំង​បៀត​បៀន​អ្នក›។ (​លូកា ២១:១២​) អ្នក​ប្រកាស​ទំនាយ​មិន​ពិត​ជា​ច្រើន​នាក់ នឹង​លេច​មក​បំភាន់​មនុស្ស​ជា​ច្រើន។ ម្យ៉ាងទៀត ការ​ប្រឆាំង​ច្បាប់​នឹង​មាន​កាន់​តែ​ច្រើន​ឡើង ហើយ​សេចក្ដី​ស្រឡាញ់​របស់​មនុស្ស​ភាគ​ច្រើន​នឹង​រសាយ​ទៅ។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថែម​ទៀត​ថា​៖ ‹ដំណឹង​ល្អ​អំពី​រាជាណាចក្រ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែន​ដី ដើម្បី​ឲ្យ​ប្រជា​ជាតិ​ទាំង​ឡាយ​បាន​ឮ រួច​ទី​បញ្ចប់​នឹង​មក​ដល់›។—ម៉ាថាយ ២៤:១៤

ព្រឹត្ដិការណ៍​មួយ​ចំនួន​ក្នុង​ការ​ប្រកាស​ទុក​ជា​មុន​របស់​លោក​យេស៊ូ បាន​កើត​ឡើង​មុន​និង​ក្នុង​អំឡុង​ពេល​ដែល​ក្រុង​យេរូសាឡិម​បាន​ត្រូវ​បំផ្លាញ​ចោល​ដោយ​កង​ទ័ព​រ៉ូម។ ប៉ុន្តែ តើ​ទំនាយ​របស់​លោក​យេស៊ូ​ប្រហែល​ជា​នឹង​កើត​ឡើង​ទូ​ទាំង​ពិភព​លោក​នៅ​ពេល​ក្រោយ​មក​ឬ? តើ​អ្នក​ឃើញ​ភ័ស្តុតាង​ដែល​បង្ហាញ​ថា​ទំនាយ​ដ៏​សំខាន់​របស់​លោក​យេស៊ូ​កំពុង​កើត​ឡើង​នៅ​សម័យ​នេះ​ទេ?

ព្រឹត្ដិការណ៍​មួយ​ដែល​លោក​យេស៊ូ​រួម​បញ្ចូល​ក្នុង​សញ្ញា​សម្គាល់​នៃ​វត្តមាន​របស់​លោក គឺ​ការ​លេច​មក​នូវ​«​អ្វី​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​ដែល​បំផ្លិច​បំផ្លាញ​»។ (​ម៉ាថាយ ២៤:១៥​) នៅ​ឆ្នាំ​៦៦ គ.ស. អ្វី​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​នេះ​បាន​លេច​មក​ជា​«​កង​ទ័ព​បោះ​ជំរំ​»​របស់​ជន​ជាតិ​រ៉ូម ដែល​មាន​ទង់​សញ្ញា​ដែល​ពួក​គេ​គោរព​បូជា។ កង​ទ័ព​រ៉ូម​បាន​ព័ទ្ធ​ជុំ​វិញ​ក្រុង​យេរូសាឡិម ហើយ​បំផ្លាញ​ផ្នែក​ខ្លះ​នៃ​កំពែង​របស់​ក្រុង​នោះ។ (​លូកា ២១:២០​) ដូច្នេះ ​«​អ្វី​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​»​កំពុង​ឈរ​នៅ​កន្លែង​ដែល​វា​មិន​គួរ​ឈរ ពោល​គឺ​កន្លែង​ដែល​ជន​ជាតិ​យូដា​គិត​ថា​ជា​«​កន្លែង​បរិសុទ្ធ​»។

លោក​យេស៊ូ​ប្រកាស​ទុក​ជា​មុន​ថែម​ទៀត​ថា​៖ ​«​នឹង​មាន​ទុក្ខ​វេទនា​ជា​ខ្លាំង ដែល​មិន​ធ្លាប់​មាន​តាំង​ពី​កំណើត​ពិភព​លោក​រហូត​ដល់​ឥឡូវ​នេះ ហើយ​ក៏​នឹង​មិន​មាន​ដូច្នោះ​ទៀត​ឡើយ​»។ នៅ​ឆ្នាំ​៧០ គ.ស. កង​ទ័ព​រ៉ូម​បាន​បំផ្លាញ​ក្រុង​យេរូសាឡិម​ចោល។ ការ​បំផ្លាញ​ចោល​នូវ‹ក្រុង​បរិសុទ្ធ›របស់​ជន​ជាតិ​យូដា រួម​ទាំង​វិហារ​នៅ​ក្រុង​យេរូសាឡិម និង​ការ​កាប់​សម្លាប់​ជន​ជាតិ​យូដា​រាប់​ពាន់​នាក់ គឺ​ជា​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​របស់​ប្រជា​ជាតិ​យូដា។ (​ម៉ាថាយ ៤:៥; ២៤:២១​) ហេតុ​អ្វី? ពី​ព្រោះ​ក្រុង​យេរូសាឡិម​និង​ប្រជា​ជាតិ​យូដា​មិន​ធ្លាប់​ទទួល​ការ​បំផ្លិច​បំផ្លាញ​យ៉ាង​ខ្លាំង​ដូច​នេះ​ទេ។ ជា​លទ្ធផល របៀប​របប​នៃ​ការ​គោរព​ប្រណិប័តន៍​ព្រះ​ដែល​ជន​ជាតិ​យូដា​មាន​អស់​ជា​ច្រើន​សតវត្សរ៍​មក​ហើយ បាន​មក​ដល់​ទី​បញ្ចប់។ ក្រោយ​មក ពេល​ទំនាយ​របស់​លោក​យេស៊ូ​កើត​ឡើង​ក្នុង​កម្រិត​ធំ​ជាង នោះ​ប្រាកដ​ជា​ព្រឹត្ដិការណ៍​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​មែន!

ចូរ​មាន​ទំនុក​ចិត្ត​នៅ​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក

លោក​យេស៊ូ​បន្ត​ប្រាប់​ពួក​សាវ័ក​អំពី​សញ្ញា​សម្គាល់​នៃ​វត្តមាន​របស់​លោក​ក្នុង​ការ​គ្រប់​គ្រង​ជា​ស្តេច​នៃ​រាជាណាចក្រ និង​អំពី​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ។ ឥឡូវ លោក​ព្រមាន​ពួក​គាត់​កុំ​ឲ្យ​ទៅ​តាម​«​អ្នក​ក្លែង​ខ្លួន​ជា​គ្រិស្ត និង​អ្នក​ប្រកាស​ទំនាយ​មិន​ពិត​»​ ពី​ព្រោះ​ពួក​គេ​មាន​បំណង​ចង់​«​បំភាន់​ទាំង​អ្នក​រើស​តាំង ប្រសិន​បើ​អាច​បំភាន់​បាន​»។ (​ម៉ាថាយ ២៤:២៤​) ក៏​ប៉ុន្តែ ពួក​អ្នក​រើស​តាំង​ទាំង​នេះ​នឹង​មិន​ត្រូវ​បំភាន់​ឡើយ។ មនុស្ស​អាច​មើល​ឃើញ​អ្នក​ក្លែង​ខ្លួន​ជា​គ្រិស្ត តែ​ពេល​លោក​យេស៊ូ​គ្រិស្ត​មាន​វត្តមាន នោះ​គ្មាន​អ្នក​ណា​អាច​មើល​លោក​ឃើញ​ឡើយ។

ស្តី​អំពី​គ្រា​ទុក្ខ​វេទនា​ដ៏​ខ្លាំង​ដែល​នឹង​កើត​ឡើង​នៅ​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ថ្ងៃ​នឹង​ទៅ​ជា​ងងឹត ខែ​ក៏​នឹង​លែង​ភ្លឺ ផ្កាយ​ទាំង​ឡាយ​នឹង​ធ្លាក់​ពី​លើ​មេឃ ហើយ​កម្លាំង​ធម្មជាតិ​នៅ​លើ​មេឃ​នឹង​ត្រូវ​អង្រួន​»។ (​ម៉ាថាយ ២៤:២៩​) ពេល​ពួក​សាវ័ក​ឮ​ការ​រៀប​រាប់​ដ៏​គួរ​ឲ្យ​រន្ធត់​នោះ ពួក​គាត់​មិន​ដឹង​ថា​នឹង​មាន​អ្វី​កើត​ឡើង​ទេ។ ប៉ុន្តែ ព្រឹត្ដិការណ៍​នោះ​នឹង​ពិត​ជា​គួរ​ឲ្យ​ខ្លាច​មែន!

តើ​ព្រឹត្ដិការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​ទាំង​នោះ​នឹង​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​មនុស្សជាតិ? លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​មនុស្ស[​នឹង​]ស្ទើរតែ​សន្លប់​បាត់​ស្មារតី​ដោយ​សារ​ភ័យ​ខ្លាច​និង​ដោយ​សារ​រង់​ចាំ​អ្វី​ដែល​ជិត​កើត​ឡើង​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែន​ដី ព្រោះ​កម្លាំង​ធម្មជាតិ​នៅ​លើ​មេឃ​នឹង​ត្រូវ​អង្រួន​»។ (​លូកា ២១:២៦​) ពិត​ណាស់ លោក​យេស៊ូ​កំពុង​ពណ៌នា​អំពី​គ្រា​វេទនា​ដ៏​ខ្លាំង​បំផុត​ក្នុង​ប្រវត្ដិសាស្ត្រ​របស់​មនុស្ស។

ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​យេស៊ូ​បញ្ជាក់​ប្រាប់​ពួក​សាវ័ក​ថា មិន​មែន​មនុស្ស​ទាំង​អស់​នឹង​យំ​សោក​នៅ​ពេល​ដែល‹កូន​មនុស្ស​មក​ដោយ​មាន​ឫទ្ធានុភាព​និង​សិរី​រុង​រឿង​អស្ចារ្យ›នោះ​ឡើយ។ (​ម៉ាថាយ ២៤:៣០​) លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា​ព្រះ​នឹង​ធ្វើ​អន្តរាគមន៍​«​ដោយ​សារ​ពួក​អ្នក​រើស​តាំង​»។ (​ម៉ាថាយ ២៤:២២​) ដូច្នេះ តើ​ពួក​អ្នក​កាន់​តាម​ដ៏​ស្មោះ​ត្រង់​គួរ​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ព្រឹត្ដិការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​ដែល​លោក​យេស៊ូ​កំពុង​រៀប​រាប់? លោក​យេស៊ូ​លើក​ទឹក​ចិត្ត​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ពេល​ដែល​ការ​ទាំង​នេះ​ចាប់​ផ្ដើម​កើត​ឡើង ចូរ​ឈរ​ឲ្យ​ត្រង់​ខ្លួន​ហើយ​ងើប​មុខ​ឡើង ព្រោះ​សេចក្ដី​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា​គឺ​ជិត​ដល់​ហើយ​»។—លូកា ២១:២៨

ប៉ុន្តែ តើ​ពួក​អ្នក​កាន់​តាម​ដែល​កំពុង​រស់​នៅ​ក្នុង​គ្រា​ដែល​លោក​យេស៊ូ​បាន​ប្រកាស​ទុក​ជា​មុន អាច​ដឹង​ថា​ទី​បញ្ចប់​គឺ​ជិត​មក​ដល់​យ៉ាង​ដូច​ម្ដេច? លោក​យេស៊ូ​លើក​ឧទាហរណ៍​អំពី​ដើម​ល្វា​តូច​មួយ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​កាល​ដែល​មែក​ខ្ចី​របស់​វា​ទៅ​ជា​ទន់ ហើយ​ដុះ​ស្លឹក អ្នក​ដឹង​ភ្លាម​ថា រដូវ​ក្ដៅ​ជិត​ដល់​ហើយ។ ចំពោះ​អ្នក​រាល់​គ្នា​ក៏​ដូច​គ្នា​ដែរ។ កាល​ដែល​អ្នក​ឃើញ​ការ​ទាំង​អស់​នេះ ចូរ​ដឹង​ថា​កូន​មនុស្ស​នៅ​ជិត​មាត់​ទ្វារ​ហើយ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ជំនាន់​នេះ​នឹង​មិន​កន្លង​បាត់​ទៅ​សោះ​ឡើយ ទាល់​តែ​ការ​ទាំង​អស់​នេះ​កើត​ឡើង​»។—ម៉ាថាយ ២៤:៣២​-​៣៤

ម្ល៉ោះ​ហើយ ពេល​ពួក​អ្នក​កាន់​តាម​ឃើញ​ព្រឹត្ដិការណ៍​ផ្សេង​ៗ​នៃ​សញ្ញា​សម្គាល់​កំពុង​កើត​ឡើង នោះ​ពួក​គាត់​គួរ​ដឹង​ថា​ទី​បញ្ចប់​គឺ​ជិត​មក​ដល់​ហើយ។ លោក​យេស៊ូ​ដាស់​តឿន​ពួក​អ្នក​កាន់​តាម​ដែល​នឹង​រស់​នៅ​គ្រា​ដ៏​សំខាន់​នេះ ដោយ​មាន​ប្រសាសន៍​ដូច​ត​ទៅ​នេះ​ថា​៖

​«​គ្មាន​អ្នក​ណា​ដឹង​ថ្ងៃ​និង​ម៉ោង​នោះ​ឡើយ។ សូម្បី​តែ​បណ្ដា​ទេវតា​នៅ​ស្ថាន​សួគ៌ និង​បុត្រ​របស់​ព្រះ​ក៏​មិន​ជ្រាប​ដែរ។ មាន​តែ​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​ប៉ុណ្ណោះ​ដែល​ជ្រាប ពី​ព្រោះ​វត្តមាន​របស់​កូន​មនុស្ស នឹង​ដូច​សម័យ​ណូអេ។ ព្រោះ​មនុស្ស​នៅ​សម័យ​នោះ មុន​ទឹក​ជំនន់​មក​ដល់ ពួក​គេ​កំពុង​ពិសា​អាហារ​ពិសា​ស្រា រៀប​ការ​ប្ដី​ប្រពន្ធ រហូត​ដល់​ថ្ងៃ​ដែល​ណូអេ​ចូល​ទៅ​ក្នុង​ទូក​ធំ​នោះ ហើយ​ពួក​គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​សោះ រហូត​ដល់​ទឹក​ជន់​ឡើង កញ្ឆក់​យក​គេ​ទាំង​អស់​គ្នា​ទៅ។ ពេល​កូន​មនុស្ស​មាន​វត្តមាន ក៏​នឹង​ដូច​គ្នា​ដែរ​»។ (​ម៉ាថាយ ២៤:៣៦​-​៣៩​) លោក​យេស៊ូ​កំពុង​រំលឹក​ពួក​អ្នក​ស្ដាប់​លោក​ថា​ទឹក​ជំនន់​នៅ​សម័យ​ណូអេ​បាន​កើត​ឡើង​ទូ​ទាំង​ផែន​ដី ដូច្នេះ​វត្តមាន​របស់​កូន​មនុស្ស​ក៏​នឹង​មាន​ឥទ្ធិពល​មក​លើ​ផែន​ដី​ទាំង​មូល​ដែរ។

ពួក​សាវ័ក​ដែល​កំពុង​ស្ដាប់​លោក​យេស៊ូ​នៅ​លើ​ភ្នំ​ដើម​អូលីវ​ច្បាស់​ជា​ទទួល​ស្គាល់​ថា ពួក​គាត់​ត្រូវ​ប្រុង​ស្មារតី​ជា​និច្ច។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​កុំ​ភ្លេច​ខ្លួន​ឲ្យ​សោះ ក្រែង​ការ​ផឹក​និង​ការ​បរិភោគ​ហួស​ប្រមាណ និង​កង្វល់​អំពី​ជីវិត​ពង្វក់​ចិត្ត​អ្នក​រាល់​គ្នា ស្រាប់​តែ​ថ្ងៃ​នោះ​មក​ដល់​ភ្លាម​មួយ​រំពេច ដូច​ជា​លប់ ព្រោះ​ថ្ងៃ​នោះ​នឹង​មក​គ្រប​លើ​អស់​ទាំង​មនុស្ស​នៅ​លើ​ផែន​ដី។ ដូច្នេះ ចូរ​ចាំ​យាម​ព្រម​ទាំង​អធិដ្ឋាន​ជា​និច្ច​អង្វរ​សុំ​ឲ្យ​រួច​ផុត​ពី​ការ​ទាំង​អស់​នេះ​ដែល​ត្រូវ​កើត​ឡើង ហើយ​ឲ្យ​ឈរ​នៅ​មុខ​កូន​មនុស្ស​ផង​»។—លូកា ២១:៣៤​-​៣៦

ម្ដង​នេះ​ទៀត លោក​យេស៊ូ​កំពុង​បង្ហាញ​ថា​អ្វី​ដែល​លោក​កំពុង​ប្រកាស​ទុក​ជា​មុន គឺ​នឹង​កើត​ឡើង​ដល់​កម្រិត​ធំ​ជាង។ លោក​យេស៊ូ​មិន​មែន​កំពុង​ប្រកាស​ទុក​ជា​មុន​នូវ​ព្រឹត្ដិការណ៍​ដែល​នឹង​កើត​ឡើង​ប៉ុន្មាន​ទសវត្សរ៍​ក្រោយ​មក ដែល​គ្រាន់​តែ​ប៉ះ​ពាល់​ក្រុង​យេរូសាឡិម ឬ​ប្រជា​ជាតិ​យូដា​ប៉ុណ្ណោះ​ឡើយ ប៉ុន្តែ​លោក​កំពុង​បញ្ជាក់​អំពី​ព្រឹត្ដិការណ៍​ដែល​«​នឹង​មក​គ្រប​លើ​អស់​ទាំង​មនុស្ស​នៅ​លើ​ផែន​ដី​»។

ដូច្នេះ លោក​ព្រមាន​ពួក​អ្នក​កាន់​តាម​ថា​ពួក​គាត់​ត្រូវ​ប្រុង​ស្មារតី​ជា​និច្ច ចាំ​យាម ហើយ​ត្រៀម​ខ្លួន​ជា​ស្រេច។ ដើម្បី​បញ្ជាក់​អំពី​ការ​ព្រមាន​នេះ លោក​យេស៊ូ​លើក​ឧទាហរណ៍​មួយ​ទៀត​ដែល​ថា​៖ ​«​ចូរ​ដឹង​ថា បើ​ម្ចាស់​ផ្ទះ​បាន​ដឹង​ថា​ចោរ​នឹង​មក​នៅ​យាម​ណា នោះ​ម្ចាស់​ផ្ទះ​មុខ​ជា​ចាំ​យាម​មិន​ឲ្យ​ចោរ​ចូល​ផ្ទះ​គាត់​ឡើយ។ ហេតុ​នេះ​ហើយ អ្នក​រាល់​គ្នា​ត្រូវ​ត្រៀម​ខ្លួន​ជា​និច្ច​ដូច្នេះ​ដែរ ពី​ព្រោះ​កូន​មនុស្ស​នឹង​មក​នៅ​ម៉ោង​ដែល​អ្នក​រាល់​គ្នា​មិន​នឹក​ស្មាន​»។—ម៉ាថាយ ២៤:៤៣, ៤៤

ក្រោយ​មក លោក​យេស៊ូ​ផ្ដល់​មូលហេតុ​ដែល​នាំ​ឲ្យ​ពួក​អ្នក​កាន់​តាម​មាន​សង្ឃឹម។ លោក​ជួយ​ពួក​គាត់​ឲ្យ​មាន​ទំនុក​ចិត្ត​ថា​ពេល​ទំនាយ​របស់​លោក​កើត​ឡើង នោះ​នឹង​មាន​«​ខ្ញុំ​បម្រើ​»​ដែល​ចាំ​យាម ហើយ​កំពុង​បំពេញ​កិច្ច​បម្រើ​យ៉ាង​សកម្ម។ រួច​លោក​យេស៊ូ​លើក​យក​ស្ថានភាព​មួយ​ដែល​ពួក​សាវ័ក​អាច​ស្រមៃ​ឃើញ​បាន ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​តើ​អ្នក​ណា​ជា​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា ដែល​ម្ចាស់​បាន​តែង​តាំង​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ខ្ញុំ​បម្រើ​ឯ​ទៀត​របស់​លោក ដើម្បី​ឲ្យ​អាហារ​ពួក​គេ​បរិភោគ​តាម​ត្រូវ​ពេល? ខ្ញុំ​បម្រើ​នោះ​មាន​សុភមង្គល​ហើយ! ប្រសិន​បើ​ម្ចាស់​មក​ដល់ ហើយ​ឃើញ​ថា​គាត់​កំពុង​ធ្វើ​ដូច្នោះ​មែន។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា លោក​នឹង​តែង​តាំង​គាត់​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្ដិ​ទាំង​អស់​របស់​លោក​»។ ក៏​ប៉ុន្តែ ប្រសិន​បើ​«​ខ្ញុំ​បម្រើ​»​នោះ​ចាប់​ផ្ដើម​មាន​ចិត្ត​គំនិត​អាក្រក់ ហើយ​ធ្វើ​បាប​ខ្ញុំ​បម្រើ​គ្នី​គ្នា នោះ​ម្ចាស់​នឹង​«​ដាក់​ទោស​គាត់​ធ្ងន់​បំផុត​»។—ម៉ាថាយ ២៤:៤៥​-​៥១; សូម​ពិនិត្យ​បន្ថែម លូកា ១២:៤៥, ៤៦

ក៏​ប៉ុន្តែ លោក​យេស៊ូ​មិន​មែន​កំពុង​មាន​ប្រសាសន៍​ថា​អ្នក​កាន់​តាម​មួយ​ក្រុម​របស់​លោក​នឹង​ចាប់​ផ្ដើម​មាន​ចិត្ត​គំនិត​អាក្រក់​នោះ​ឡើយ។ ដូច្នេះ តើ​អ្វី​ជា​មេ​រៀន​ដែល​លោក​យេស៊ូ​ចង់​ឲ្យ​អ្នក​កាន់​តាម​លោក​ចង​ចាំ? លោក​ចង់​ឲ្យ​ពួក​គាត់​ប្រុង​ស្មារតី​ជា​និច្ច ហើយ​បំពេញ​កិច្ច​បម្រើ​យ៉ាង​សកម្ម។ លោក​នឹង​បញ្ជាក់​អំពី​រឿង​នេះ​យ៉ាង​ច្បាស់​នៅ​ក្នុង​ឧទាហរណ៍​មួយ​ទៀត។