លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១០៦

ឧទាហរណ៍ពីរអំពីចម្ការទំពាំងបាយជូរ

ឧទាហរណ៍ពីរអំពីចម្ការទំពាំងបាយជូរ

ម៉ាថាយ ២១:២៨​-​៤៦ ម៉ាកុស ១២:១​-​១២ លូកា ២០:៩​-​១៩

  • ឧទាហរណ៍​អំពី​កូន​ប្រុស​ពីរ​នាក់

  • ឧទាហរណ៍​អំពី​ពួក​កសិករ​ក្នុង​ចម្ការ​ទំពាំង​បាយ​ជូរ

ថ្មី​ៗ​នេះ​នៅ​ឯ​វិហារ លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​ពួក​សង្ឃនាយក​និង​ពួក​បុរស​ចាស់​ទុំ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ ពួក​គេ​គឺ​ជា​អ្នក​ដែល​សួរ​ដេញ​ដោល​លោក​យេស៊ូ​អំពី​ប្រភព​នៃ​អំណាច​របស់​លោក​ក្នុង​ការ​ធ្វើ​អ្វី​ៗ​ទាំង​នោះ។ ប៉ុន្តែ ការ​ឆ្លើយ​តប​របស់​លោក​យេស៊ូ​ធ្វើ​ឲ្យ​ពួក​គេ​បាត់​មាត់។ បន្ទាប់​មក លោក​លើក​ឧទាហរណ៍​មួយ​ដើម្បី​បង្ហាញ​ថា​ពួក​គេ​ពិត​ជា​មនុស្ស​បែប​ណា។

លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​បុរស​ម្នាក់​មាន​កូន​ពីរ​នាក់។ គាត់​ទៅ​ប្រាប់​កូន​ទី​មួយ​ថា​៖ ‹កូន​អើយ! ថ្ងៃ​នេះ ចូរ​កូន​ទៅ​ធ្វើ​ការ​នៅ​ចម្ការ​ទំពាំង​បាយ​ជូរ​ទៅ›។ កូន​ទី​មួយ​ឆ្លើយ​ថា​៖ ‹ខ្ញុំ​មិន​ទៅ​ទេ› ប៉ុន្តែ​គាត់​ស្ដាយ​ក្រោយ ហើយ​បាន​ចេញ​ទៅ​ចម្ការ។ រួច​មក បុរស​នោះ​ទៅ​ប្រាប់​កូន​ទី​ពីរ​ដូច​គ្នា។ កូន​ទី​ពីរ​ឆ្លើយ​ថា​៖ ‹ខ្ញុំ​នឹង​ទៅ លោក​ឪ​ពុក!› ប៉ុន្តែ​គាត់​មិន​បាន​ទៅ​ទេ។ តើ​កូន​មួយ​ណា​បាន​ធ្វើ​តាម​ចិត្ត​របស់​ឪ​ពុក?​»។ (​ម៉ាថាយ ២១:២៨​-​៣១, ព.ថ.​) យើង​ឃើញ​ច្បាស់​ថា នៅ​ទី​បំផុត​កូន​ទី១​គឺ​ជា​អ្នក​ដែល​បាន​ធ្វើ​តាម​ចិត្ត​របស់​ឪ​ពុក។

ហេតុ​នេះ លោក​យេស៊ូ​ប្រាប់​ពួក​អ្នក​ប្រឆាំង​លោក​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ពួក​អ្នក​យក​ពន្ធ​និង​ពួក​ស្រី​ពេស្យា​កំពុង​ចូល​រាជាណាចក្រ​របស់​ព្រះ​មុន​អ្នក​រាល់​គ្នា​»។ នៅ​ពេល​ដំបូង ពួក​អ្នក​យក​ពន្ធ​និង​ពួក​ស្រី​ពេស្យា​មិន​បម្រើ​ព្រះ​ទេ។ ប៉ុន្តែ ដូច​កូន​ទី១​ដែរ ក្រោយ​មក​ពួក​គេ​បាន​ប្រែ​ចិត្ត ហើយ​ឥឡូវ​កំពុង​បម្រើ​ព្រះ។ ផ្ទុយ​ទៅ​វិញ ពួក​អ្នក​ដឹក​នាំ​សាសនា​គឺ​ដូច​ជា​កូន​ទី២ ពី​ព្រោះ​ពួក​គេ​អះអាង​ថា​ពួក​គេ​បម្រើ​ព្រះ តែ​ពួក​គេ​មិន​បាន​ធ្វើ​ដូច្នេះ​សោះ។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​យ៉ូហាន[​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​]បាន​មក​ឯ​អ្នក​រាល់​គ្នា​ដោយ​បង្រៀន​អំពី​ផ្លូវ​នៃ​សេចក្ដី​សុចរិត តែ​អ្នក​រាល់​គ្នា​មិន​បាន​ជឿ​គាត់​ឡើយ។ ក៏​ប៉ុន្តែ ពួក​អ្នក​យក​ពន្ធ​និង​ពួក​ស្រី​ពេស្យា​បាន​ជឿ​គាត់ ឯ​អ្នក​រាល់​គ្នា​ទោះ​ជា​ឃើញ​ដូច្នេះ​ក៏​ដោយ ក៏​នៅ​តែ​មិន​ស្ដាយ​ក្រោយ​ហើយ​ជឿ​គាត់​ទេ​»។—ម៉ាថាយ ២១:៣១, ៣២

លោក​យេស៊ូ​បន្ត​រៀប​រាប់​រឿង​នេះ​ដោយ​លើក​ឧទាហរណ៍​មួយ​ទៀត។ ម្ដង​នេះ លោក​បង្ហាញ​ថា​ពួក​អ្នក​ដឹក​នាំ​សាសនា​មិន​គ្រាន់​តែ​មិន​បាន​បំពេញ​ភារកិច្ច​ក្នុង​កិច្ច​បម្រើ​ព្រះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួក​គេ​ពិត​ជា​អាក្រក់​ខ្លាំង​ណាស់។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​បុរស​ម្នាក់​បាន​ធ្វើ​ចម្ការ​ទំពាំង​បាយ​ជូរ​មួយ ហើយ​ព័ទ្ធ​របង និង​ជីក​កន្លែង​សម្រាប់​ជាន់​ផ្លែ​យក​ទឹក​ធ្វើ​ស្រា ក៏​បាន​សង់​ប៉ម​មួយ រួច​ប្រវាស់​ចម្ការ​ឲ្យ​ពួក​កសិករ។ ក្រោយ​មក បុរស​នោះ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស។ លុះ​ដល់​ពេល​កំណត់ គាត់​ចាត់​ខ្ញុំ​បម្រើ​ម្នាក់​ឲ្យ​ទៅ​ឯ​ពួក​កសិករ ដើម្បី​ទទួល​ផល​ដែល​ជា​ចំណែក​របស់​គាត់។ ប៉ុន្តែ​ពួក​កសិករ​បាន​ចាប់​ខ្ញុំ​បម្រើ​នោះ វាយ​ដំ រួច​បណ្ដេញ​ឲ្យ​ទៅ​វិញ​ដោយ​ដៃ​ទទេ។ ក្រោយ​មក បុរស​នោះ​ចាត់​ខ្ញុំ​បម្រើ​ម្នាក់​ទៀត​ឲ្យ​ទៅ​ឯ​ពួក​កសិករ​ម្ដង​ទៀត តែ​ពួក​គេ​វាយ​ក្បាល​អ្នក​នោះ ហើយ​ប្រមាថ​មើល​ងាយ​គាត់។ រួច​បុរស​នោះ​បាន​ចាត់​ខ្ញុំ​បម្រើ​ម្នាក់​ទៀត តែ​ពួក​កសិករ​សម្លាប់​អ្នក​នោះ​ចោល។ បុរស​នោះ​ចាត់​ខ្ញុំ​បម្រើ​ជា​ច្រើន​នាក់​ទៀត​ឲ្យ​ទៅ តែ​អ្នក​ខ្លះ​ត្រូវ​កសិករ​វាយ​ដំ ហើយ​ខ្លះ​ទៀត​ត្រូវ​ពួក​គេ​សម្លាប់​»។—ម៉ាកុស ១២:១​-​៥

តើ​ពួក​អ្នក​ដែល​កំពុង​ស្ដាប់​លោក​យេស៊ូ​នឹង​យល់​ឧទាហរណ៍​នេះ​ឬ​ទេ? ពួក​គេ​ប្រហែល​ជា​នៅ​ចាំ​ប្រសាសន៍​របស់​ព្រះ​តាម​រយៈ​អេសាយ​ដែល​ថា​៖ ​«​ចំ​ការ​ទំពាំង​បាយ​ជូរ​របស់​ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ នោះ​គឺ​ជា​ពូជ​ពង្ស​របស់​អ៊ីស្រាអែល នឹង​ពី​យូដា ជា​ដំណាំ​ដែល​គាប់​ដល់​ព្រះ​នេត្រ​ទ្រង់ ហើយ​ទ្រង់​ប្រាថ្នា​ចង់​បាន​សេចក្ដី​យុត្ដិធម៌ តែ​មើល បាន​តែ​ការ​កំចាយ​ឈាម​វិញ​»។ (​អេសាយ ៥:៧​) ឧទាហរណ៍​របស់​លោក​យេស៊ូ​ក៏​ស្រដៀង​នេះ​ដែរ។ ម្ចាស់​ដី​គឺ​ជា​ព្រះ​យេហូវ៉ា ហើយ​ចម្ការ​គឺ​ជា​ប្រជា​ជាតិ​អ៊ីស្រាអែល។ ច្បាប់​របស់​ព្រះ​បាន​ការពារ​ពួក​គេ ដូច​ជា​របង​ព័ទ្ធ​ចម្ការ។ ព្រះ​យេហូវ៉ា​បាន​ចាត់​ពួក​អ្នក​ប្រកាស​ទំនាយ​ដើម្បី​ណែនាំ​រាស្ត្រ​របស់​លោក ហើយ​ជួយ​ពួក​គេ​ឲ្យ​បង្កើត​ផល​ផ្លែ​ល្អ។

ប៉ុន្តែ​«​ពួក​កសិករ​»​បាន​ធ្វើ​បាប​ហើយ​សម្លាប់​«​ពួក​ខ្ញុំ​បម្រើ​»​ ដែល​បាន​ត្រូវ​ចាត់​ទៅ​ឯ​ពួក​គេ។ លោក​យេស៊ូ​ពន្យល់​ថា​៖ ​«​នៅ​មាន​ម្នាក់​ទៀត គឺ​ជា​កូន​ប្រុស​ជា​ទី​ស្រឡាញ់​របស់​គាត់[​ម្ចាស់​ចម្ការ​]។ ក្រោយ​បង្អស់ គាត់​ចាត់​កូន​ប្រុស​ឲ្យ​ទៅ​ដោយ​ពោល​ថា​៖ ‹ពួក​គេ​នឹង​គោរព​កូន​ប្រុស​របស់​ខ្ញុំ›។ ប៉ុន្តែ​កសិករ​ទាំង​នោះ​បាន​និយាយ​គ្នា​ថា​៖ ‹គាត់​ជា​អ្នក​ទទួល​មត៌ក។ ចូរ​យើង​នាំ​គ្នា​សម្លាប់​គាត់ រួច​ចម្ការ​នេះ​នឹង​ក្លាយ​ជា​របស់​យើង›។ ដូច្នេះ ពួក​គេ​ចាប់​កូន​ប្រុស​នោះ សម្លាប់​ចោល​»។—ម៉ាកុស ១២:៦​-​៨

ឥឡូវ លោក​យេស៊ូ​សួរ​ថា​៖ ​«​តើ​ម្ចាស់​ចម្ការ​នោះ​នឹង​ធ្វើ​យ៉ាង​ណា?​»។ (​ម៉ាកុស ១២:៩​) ពួក​អ្នក​ដឹក​នាំ​សាសនា​ឆ្លើយ​ថា​៖ ​«​ដោយ​សារ​ពួក​គេ​ជា​មនុស្ស​អាក្រក់ នោះ​លោក​នឹង​បំផ្លាញ​ពួក​គេ​ចោល​ឥត​ត្រា​ប្រណី ក៏​នឹង​ប្រវាស់​ចម្ការ​នោះ​ឲ្យ​ពួក​កសិករ​ផ្សេង​ទៀត ដែល​នឹង​ឲ្យ​ផល​ដល់​លោក​តាម​រដូវ​»។—ម៉ាថាយ ២១:៤១

ហេតុ​នេះ ដោយ​មិន​ដឹង​ខ្លួន​ពួក​គេ​បាន​ប្រកាស​អំពី​ការ​វិនិច្ឆ័យ​មក​លើ​ខ្លួន​ពួក​គេ ពី​ព្រោះ​ពួក​គេ​ស្ថិត​ក្នុង​ចំណោម​«​ពួក​កសិករ​»​ ដែល​ធ្វើ​ការ​ក្នុង​«​ចម្ការ​»​របស់​ព្រះ​យេហូវ៉ា ពោល​គឺ​ប្រជា​ជាតិ​អ៊ីស្រាអែល។ តើ​ព្រះ​យេហូវ៉ា​មាន​សិទ្ធិ​តម្រូវ​ឲ្យ​ពួក​កសិករ​ទាំង​នោះ​ឲ្យ​ផល​ផ្លែ​អ្វី? ផល​ផ្លែ​នោះ​រួម​បញ្ចូល​ជំនឿ​លើ​បុត្រ​របស់​លោក​ដែល​ជា​មេស្ស៊ី។ លោក​យេស៊ូ​មើល​ចំពួក​អ្នក​ដឹក​នាំ​សាសនា រួច​មាន​ប្រសាសន៍​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​មិន​ធ្លាប់​អាន​បទ​គម្ពីរ​ទេ​ឬ ដែល​ថា​៖ ‹ថ្ម​ដែល​អ្នក​សាងសង់​មិន​ព្រម​យក បាន​ទៅ​ជា​ថ្ម​ជ្រុង​ដែល​នៅ​លើ​ថ្ម​ជ្រុង​ទាំង​អស់›ទេ​ឬ? តើ​មិន​ធ្លាប់​អាន​ទេ​ឬ​ថា​៖ ‹ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ការ​នេះ​កើត​ឡើង ហើយ​នោះ​ជា​ការ​អស្ចារ្យ​ចំពោះ​យើង›?​»។ (​ម៉ាកុស ១២:១០, ១១​) បន្ទាប់​មក លោក​យេស៊ូ​បញ្ជាក់​អំពី​ចំណុច​សំខាន់​នៃ​ប្រសាសន៍​របស់​លោក​ថា​៖ ​«​ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា រាជាណាចក្រ​របស់​ព្រះ​នឹង​ត្រូវ​ដក​ហូត​ពី​អ្នក​រាល់​គ្នា ហើយ​ប្រគល់​ឲ្យ​ប្រជា​ជាតិ​មួយ​ដែល​បង្កើត​ផល​នៃ​រាជាណាចក្រ​នោះ​»។—ម៉ាថាយ ២១:៤៣

ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​និង​ពួក​សង្ឃនាយក​ដឹង​ថា​លោក​យេស៊ូ​«​លើក​ឧទាហរណ៍​នេះ​សំដៅ​លើ​ពួក​គេ​»។ (​លូកា ២០:១៩​) ដូច្នេះ ខ្លាំង​ជាង​មុន​ទៅ​ទៀត ពួក​គេ​ចង់​សម្លាប់​លោក​យេស៊ូ​ដែល​ជា​«​អ្នក​ទទួល​មត៌ក​»​ស្រប​ច្បាប់។ ប៉ុន្តែ​ពួក​គេ​ខ្លាច​បណ្ដា​ជន ដោយ​សារ​មនុស្ស​ទាំង​នោះ​ចាត់​ទុក​លោក​យេស៊ូ​ជា​អ្នក​ប្រកាស​ទំនាយ ដូច្នេះ​ពួក​គេ​មិន​បាន​ព្យាយាម​សម្លាប់​លោក​នៅ​ពេល​នោះ​ឡើយ។