ជំពូកទី១១៣
មេរៀនអំពីចិត្តខ្នះខ្នែងក្នុងឧទាហរណ៍អំពីថាលិន
-
លោកយេស៊ូលើកឧទាហរណ៍អំពីថាលិន
កាលដែលលោកយេស៊ូនៅលើភ្នំដើមអូលីវជាមួយនឹងសាវ័កបួននាក់នៅឡើយ លោកប្រាប់ពួកគាត់អំពីឧទាហរណ៍មួយទៀត។ ប៉ុន្មានថ្ងៃមុន ពេលលោកនៅក្រុងយេរីខូ លោកបានលើកឧទាហរណ៍អំពីមិណាដើម្បីបញ្ជាក់ថារាជាណាចក្រព្រះនឹងចាប់ផ្ដើមគ្រប់គ្រងនៅអនាគត។ ឥឡូវ ឧទាហរណ៍ដែលលោកកំពុងរៀបរាប់ មានលក្ខណៈខ្លះស្រដៀងគ្នានឹងឧទាហរណ៍អំពីមិណា។ លោកយេស៊ូលើកឧទាហរណ៍អំពីថាលិន ដើម្បីឆ្លើយសំណួររបស់សាវ័កស្តីអំពីវត្តមានរបស់លោក និងអំពីគ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោកនេះ។ ក្នុងឧទាហរណ៍នេះ លោកបញ្ជាក់ថាពួកអ្នកកាន់តាមត្រូវមានចិត្តខ្នះខ្នែងក្នុងការបំពេញភារកិច្ចដែលលោកប្រគល់ឲ្យ។
លោកយេស៊ូផ្ដើមឧទាហរណ៍ដោយមានប្រសាសន៍ថា៖ «រាជាណាចក្រប្រៀបដូចជាពេលបុរសម្នាក់បម្រុងនឹងធ្វើដំណើរទៅក្រៅប្រទេស ក៏ហៅពួកខ្ញុំបម្រើរបស់លោក ហើយផ្ដាំពួកគេឲ្យមើលការខុសត្រូវលើទ្រព្យសម្បត្ដិរបស់លោក»។ (ម៉ាថាយ ២៥:១៤) ដោយសារលោកយេស៊ូធ្លាប់ប្រៀបប្រដូចខ្លួនលោកទៅនឹងបុរសម្នាក់ដែលបានធ្វើដំណើរទៅប្រទេសឆ្ងាយ«ដើម្បីទទួលអំណាចគ្រប់គ្រងជាស្តេច» នោះពួកសាវ័កងាយយល់ថាលោកយេស៊ូគឺជា«បុរស»ក្នុងឧទាហរណ៍នេះ។—លូកា ១៩:១២
ប៉ុន្តែ មុនពេលដែលបុរសក្នុងឧទាហរណ៍នេះធ្វើដំណើរទៅក្រៅប្រទេស គាត់ឲ្យខ្ញុំបម្រើមើលការខុសត្រូវលើទ្រព្យសម្បត្ដិដ៏មានតម្លៃរបស់គាត់។ ក្នុងអំឡុងបីឆ្នាំកន្លះនៃកិច្ចបម្រើរបស់លោកយេស៊ូ លោកផ្ដោតអារម្មណ៍ទៅលើការផ្សព្វផ្សាយដំណឹងល្អនៃរាជាណាចក្ររបស់ព្រះ ហើយលោកក៏បង្ហាត់បង្រៀនពួកអ្នកកាន់តាមលោកឲ្យធ្វើកិច្ចការនេះដែរ។ ឥឡូវ លោកហៀបនឹងចាកចេញពីពួកអ្នកកាន់តាម តែលោកមានទំនុកចិត្តថាពួកគេនឹងបន្តធ្វើកិច្ចការដែលលោកបានបង្រៀនពួកគេឲ្យធ្វើ។—ម៉ាថាយ ១០:៧; លូកា ១០:១, ៨, ៩; សូមពិនិត្យបន្ថែម យ៉ូហាន ៤:៣៨; ១៤:១២
ក្នុងឧទាហរណ៍អំពីថាលិន តើបុរសនោះចាត់ខ្ញុំបម្រើឲ្យមើលការខុសត្រូវលើទ្រព្យសម្បត្ដិរបស់គាត់យ៉ាងដូចម្ដេច? លោកយេស៊ូប្រាប់ថា៖ «លោកឲ្យខ្ញុំបម្រើទីមួយ ប្រាំថាលិន ខ្ញុំបម្រើទីពីរ ពីរថាលិន ហើយខ្ញុំបម្រើទីបី មួយថាលិន តាមសមត្ថភាពរបស់ពួកគេរៀងៗខ្លួន។ រួចលោកធ្វើដំណើរទៅក្រៅប្រទេស»។ (ម៉ាថាយ ២៥:១៥) តើខ្ញុំបម្រើទាំងនេះនឹងធ្វើយ៉ាងណាចំពោះទ្រព្យសម្បត្ដិដែលម្ចាស់ប្រគល់ឲ្យ? តើពួកគេនឹងប្រើទ្រព្យសម្បត្ដិដោយចិត្តខ្នះខ្នែង ដើម្បីបង្កើនទ្រព្យរបស់ម្ចាស់ឬទេ?
លោកយេស៊ូប្រាប់ពួកសាវ័កថា៖ «ខ្ញុំបម្រើដែលបានទទួលប្រាំថាលិន បានយកថាលិននោះទៅធ្វើដើមទុនរកស៊ីភ្លាម ហើយបានចំណេញប្រាំថាលិនទៀត។ ខ្ញុំបម្រើដែលបានទទួលពីរថាលិនក៏បានធ្វើដូចគ្នា ហើយបានចំណេញពីរថាលិនទៀត។ ក៏ប៉ុន្តែ ខ្ញុំបម្រើដែលបានទទួលតែមួយថាលិន បានចេញទៅជីកដីលាក់ប្រាក់របស់ម្ចាស់គាត់ទុក»។ (ម៉ាថាយ ២៥:១៦-១៨) តើនឹងមានអ្វីកើតឡើងពេលម្ចាស់ត្រឡប់មកវិញ?
លោកយេស៊ូមានប្រសាសន៍បន្តថា៖ «លុះយូរក្រោយមក ម្ចាស់របស់ខ្ញុំបម្រើទាំងនោះបានមកដល់ ហើយគិតបញ្ជីជាមួយនឹងពួកគេ»។ (ម៉ាថាយ ២៥:១៩) ខ្ញុំបម្រើទី១និងទី២បានព្យាយាមយ៉ាងខ្លាំងស្រប«តាមសមត្ថភាពរបស់ពួកគេរៀងៗខ្លួន»។ ពួកគេទាំងពីរនាក់មានចិត្តខ្នះខ្នែង ហើយឧស្សាហ៍ក្នុងការងារ ថែមទាំងបង្កើនទ្រព្យសម្បត្ដិដែលម្ចាស់បានប្រគល់ឲ្យមើលការខុសត្រូវទៀតផង។ ខ្ញុំបម្រើដែលទទួលបានប្រាំថាលិនបានចំណេញមួយជាពីរ។ ចំណែកឯខ្ញុំបម្រើដែលទទួលបានពីរថាលិនបានចំណេញពីរថាលិនទៀត (នៅសម័យនោះ កម្មករម្នាក់ត្រូវតែធ្វើការយ៉ាង នឿយហត់អស់ប្រហែលជា១៩ឆ្នាំទើបមានប្រាក់ដែលស្មើនឹងមួយថាលិន)។ ហេតុនេះ ម្ចាស់សរសើរខ្ញុំបម្រើទាំងពីរនាក់នោះថា៖ «ខ្ញុំបម្រើដ៏ល្អហើយស្មោះត្រង់អើយ! អ្នកធ្វើការបានល្អណាស់! អ្នកបានស្មោះត្រង់ក្នុងការមើលខុសត្រូវលើរបស់បន្ដិចបន្តួច។ ខ្ញុំនឹងតែងតាំងអ្នកឲ្យមើលការខុសត្រូវលើរបស់ជាច្រើនវិញ។ ចូរមកអរសប្បាយជាមួយនឹងម្ចាស់របស់អ្នកចុះ»។—ម៉ាថាយ ២៥:២១
ផ្ទុយទៅវិញ ខ្ញុំបម្រើដែលទទួលបានមួយថាលិនមិនបានធ្វើដូចខ្ញុំបម្រើពីរនាក់នោះទេ។ ហេតុអ្វី? ពីព្រោះគាត់ជម្រាបម្ចាស់ថា៖ «លោកម្ចាស់ ខ្ញុំដឹងថាលោកជាមនុស្សតឹងរ៉ឹងណាស់។ លោកច្រូតនៅកន្លែងដែលលោកមិនបានសាបព្រោះ ក៏ប្រមូលផលដំណាំដោយមិនបានធ្វើការអ្វីសោះ។ ដូច្នេះ ខ្ញុំបានភ័យខ្លាច ក៏បានចេញទៅលាក់ថាលិនរបស់លោកក្នុងដី។ នេះជាថាលិនរបស់លោក សូមលោកយកទៅវិញចុះ»។ (ម៉ាថាយ ២៥:២៤, ២៥) បើខ្ញុំបម្រើនោះយកប្រាក់ទៅផ្ញើអ្នកចងការឬដាក់ធនាគារ នោះយ៉ាងហោចណាស់ម្ចាស់គាត់អាចទទួលបានការប្រាក់ខ្លះ។ ប៉ុន្តែ គាត់មិនបានធ្វើដូច្នេះទេ។ តាមពិត ខ្ញុំបម្រើនោះបានប្រព្រឹត្តផ្ទុយពីគោលបំណងរបស់ម្ចាស់គាត់ទាំងស្រុង។
ដូច្នេះ ពិតជាសមត្រឹមត្រូវមែនដែលម្ចាស់គាត់ហៅគាត់ថាជា«ខ្ញុំបម្រើទុច្ចរិតនិងខ្ជិលច្រអូស»។ ម្ល៉ោះហើយ អ្វីដែលខ្ញុំបម្រើនោះមាន បានត្រូវដកហូត ហើយប្រគល់ឲ្យខ្ញុំបម្រើដែលខ្នះខ្នែងក្នុងកិច្ចការរបស់ខ្លួន។ ហេតុអ្វី? ពីព្រោះម្ចាស់ប្រាប់ពីគោលការណ៍របស់គាត់ថា៖ «អ្នកណាដែលមាន នឹងទទួលថែមទៀត ហើយអ្នកនោះនឹងមានជាបរិបូរ។ ប៉ុន្តែអ្នកណាដែលគ្មាន សូម្បីតែអ្វីដែលអ្នកនោះមានក៏នឹងត្រូវដកហូតផង»។—ម៉ាថាយ ២៥:២៦, ២៩
ពួកអ្នកកាន់តាមលោកយេស៊ូមានអ្វីៗជាច្រើនដែលពួកគាត់ត្រូវគិតពិចារណា រួមទាំងអ្វីៗដែលពួកគាត់បានឮក្នុងឧទាហរណ៍នេះ។ ពួកគាត់អាចយល់ថាអ្វីដែលលោកយេស៊ូផ្ដល់ឲ្យពួកគាត់មើលការខុសត្រូវ គឺមានតម្លៃខ្លាំងណាស់ ពោលគឺភារកិច្ចដ៏សំខាន់ក្នុងការបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោក។ បន្ថែមទៅទៀត លោកយេស៊ូតម្រូវឲ្យពួកគាត់ធ្វើកិច្ចការនេះដោយចិត្តខ្នះខ្នែង។ ក្នុងឧទាហរណ៍នេះ អ្នកកាន់តាមម្នាក់ៗគួរព្យាយាមបំពេញភារកិច្ចរបស់ខ្លួនស្រប«តាមសមត្ថភាពរបស់ពួកគេរៀងៗខ្លួន»។ ដូច្នេះ លោកយេស៊ូមិនគិតថាពួកគាត់ទាំងអស់គ្នាត្រូវតែបំពេញកិច្ចផ្សព្វផ្សាយ ដល់កម្រិតស្មើៗគ្នានោះឡើយ។ ប៉ុន្តែ នេះមិនមានន័យថាលោកយេស៊ូនឹងពេញចិត្ត បើអ្នកកាន់តាមម្នាក់«ខ្ជិលច្រអូស» ហើយមិនព្យាយាមអស់ពីសមត្ថភាពដើម្បីបង្កើនទ្រព្យរបស់ម្ចាស់នោះឡើយ។
ពួកសាវ័កនឹងពេញចិត្តយ៉ាងណាទៅ ជាពិសេសនៅពេលពួកគាត់ឮថា «អ្នកណាដែលមាន នឹងទទួលថែមទៀត»!