ជំពូកទី១០៤
តើជនជាតិយូដានឹងបង្ហាញជំនឿលើព្រះឬទេ?
-
មនុស្សជាច្រើនឮសំឡេងរបស់ព្រះ
-
មូលដ្ឋាននៃការវិនិច្ឆ័យសេចក្ដី
នៅឯវិហារនាថ្ងៃច័ន្ទ ទី១០ ខែណែសាន លោកយេស៊ូកំពុងមានប្រសាសន៍អំពីការស្លាប់របស់លោកដែលជិតមកដល់។ លោកយេស៊ូខ្វល់ខ្វាយថាការស្លាប់របស់លោកនឹងប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះរបស់ព្រះ ដូច្នេះលោកមានប្រសាសន៍ថា៖ «បិតាអើយ សូមលើកតម្កើងនាមរបស់លោក»។ ពេលនោះ មានសំឡេងមួយដ៏ខ្លាំងពីលើមេឃថា៖ «ខ្ញុំបានលើកតម្កើង ក៏នឹងលើកតម្កើងម្ដងទៀត»។—យ៉ូហាន ១២:២៧, ២៨
បណ្ដាជនដែលឈរនៅទីនោះងឿងឆ្ងល់យ៉ាងខ្លាំង។ អ្នកខ្លះគិតថាពួកគេបានឮសំឡេងផ្គរលាន់ រីឯអ្នកខ្លះទៀតនិយាយថា៖ «ទេវតាមួយបាននិយាយទៅកាន់គាត់»។ (យ៉ូហាន ១២:២៩) ប៉ុន្តែ នោះគឺជាសំឡេងរបស់ព្រះយេហូវ៉ាដែលពួកគេទើបតែបានឮ! ម្យ៉ាងទៀត នេះមិនមែនជាលើកទី១ទេដែលមនុស្សបានឮសំឡេងរបស់ព្រះ តាំងពីលោកយេស៊ូចាប់ផ្ដើមបំពេញកិច្ចបម្រើនៅផែនដី។
នៅបីឆ្នាំកន្លះមុន ពេលដែលលោកយេស៊ូទទួលការជ្រមុជទឹក យ៉ូហានដែលជាអ្នកជ្រមុជទឹកបានឮសំឡេងរបស់ព្រះមានប្រសាសន៍អំពីលោកយេស៊ូថា៖ «នេះជាបុត្រដែលជាទីស្រឡាញ់របស់ខ្ញុំ ជាទីពេញចិត្តខ្ញុំណាស់»។ ក្រោយមក បន្ទាប់ពីបុណ្យរំលងឆ្នាំ៣២ គ.ស. លោកយេស៊ូបានផ្លាស់ប្រែលក្ខណៈក្រៅរបស់លោកនៅចំពោះមុខយ៉ាកុប យ៉ូហាន និងពេត្រុស។ បុរសទាំងបីនាក់នេះបានឮសំឡេងរបស់ព្រះប្រកាសថា៖ «នេះជាបុត្រជាទីស្រឡាញ់របស់ខ្ញុំ ដែលខ្ញុំពេញចិត្ត។ ចូរស្ដាប់តាមលោក»។ (ម៉ាថាយ ៣:១៧; ១៧:៥) ប៉ុន្តែនៅលើកទី៣នេះ ព្រះយេហូវ៉ាកំពុងមានប្រសាសន៍តាមរបៀបដែលមនុស្សជាច្រើនអាចស្ដាប់ឮបាន!
លោកយេស៊ូមានប្រសាសន៍ថា៖ «សំឡេងនេះបានបន្លឺឡើងសម្រាប់អ្នករាល់គ្នា មិនមែនសម្រាប់ខ្ញុំទេ»។ (យ៉ូហាន ១២:៣០) នេះជាភ័ស្តុតាងដែលបង្ហាញថា លោកយេស៊ូពិតជាបុត្ររបស់ព្រះ ពោលគឺមេស្ស៊ីដែលបានត្រូវប្រកាសទុកជាមុន។
បន្ថែមទៅទៀត លោកយេស៊ូបានរក្សាភាពស្មោះត្រង់ក្នុងជីវិត។ ដូច្នេះ លោកបានទុកគំរូល្អសម្រាប់មនុស្សជាតិស្តីអំពីរបៀបរស់នៅ ហើយនេះក៏បញ្ជាក់ដែរថាមេកំណាចសាថានដែលជាអ្នកគ្រប់គ្រងពិភពលោកសមនឹងទទួលការបំផ្លាញចោលមែន។ លោកយេស៊ូមានប្រសាសន៍ថា៖ «ឥឡូវពិភពលោកនេះកំពុងទទួលការវិនិច្ឆ័យ ហើយអ្នកគ្រប់គ្រងពិភពលោកនេះនឹងត្រូវបណ្ដេញចោល»។ ការស្លាប់របស់លោកយេស៊ូដែលជិតមកដល់មិនមែនជាការបរាជ័យទេ តែជាជ័យជម្នះវិញ។ តើតាមរបៀបណា? លោកពន្យល់ថា៖ «ប៉ុន្តែពេលដែលខ្ញុំត្រូវគេលើកឡើងពីដី ខ្ញុំនឹងទាញនាំមនុស្សគ្រប់ប្រភេទមកឯខ្ញុំ»។ (យ៉ូហាន ១២:៣១, ៣២) ពេលដែលលោកយេស៊ូស្លាប់លើបង្គោលឈើ លោកនឹងទាញនាំមនុស្សជាច្រើនទៅឯលោក ពោលគឺបើកផ្លូវទៅកាន់ជីវិតដែលគ្មានទីបញ្ចប់។
ពេលបណ្ដាជនឮលោកយេស៊ូមានប្រសាសន៍អំពីការ«លើកឡើង» នោះពួកគេនិយាយទៅលោកថា៖ «យើងបានឮអ្វីដែលចែងក្នុងច្បាប់ថា គ្រិស្តនឹងស្ថិតនៅជារៀងរហូត។ ដូច្នេះ ហេតុអ្វីបានជាអ្នកនិយាយថាកូនមនុស្សនឹងត្រូវគេលើកឡើង? តើកូនមនុស្សនេះជាអ្នកណា?»។ (យ៉ូហាន ១២:៣៤) ទោះជាមានភ័ស្តុតាងជាច្រើន រួមទាំងសំឡេងរបស់ព្រះក៏ដោយ បណ្ដាជនភាគច្រើនមិនទទួលស្គាល់ថាលោកយេស៊ូជាកូនមនុស្សដ៏ពិត ពោលគឺមេស្ស៊ីដែលព្រះបានសន្យានោះទេ។
ដូចដែលលោកយេស៊ូធ្លាប់ធ្វើពីមុន លើកនេះលោកមានប្រសាសន៍ថាលោកជា«ពន្លឺ»។ (យ៉ូហាន ៨:១២; ៩:៥) លោកដាស់តឿនបណ្ដាជនថា៖ «ពន្លឺនឹងនៅជាមួយនឹងអ្នករាល់គ្នាតែបន្ដិចទៀតទេ។ ចូរអ្នករាល់គ្នាដើរកាលដែលនៅមានពន្លឺ ដើម្បីកុំឲ្យភាពងងឹតឈ្នះអ្នករាល់គ្នាឡើយ។ . . . កាលដែលអ្នករាល់គ្នានៅមានពន្លឺ ចូរបង្ហាញជំនឿលើពន្លឺ ដើម្បីអាចទៅជាកូននៃពន្លឺ»។ (យ៉ូហាន ១២:៣៥, ៣៦) លុះលោកយេស៊ូមានប្រសាសន៍អ្វីៗទាំងនេះចប់ហើយ លោកក៏ចេញទៅ ពីព្រោះថ្ងៃទី១០ ខែណែសាន មិនមែនជាថ្ងៃដែលលោកត្រូវស្លាប់ទេ។ ប៉ុន្តែ គឺជាថ្ងៃទី១៤ ខែណែសានវិញ ដែលលោកនឹងត្រូវ«លើកឡើង» ពោលគឺលោកនឹងត្រូវព្យួរលើបង្គោលឈើ។—កាឡាទី ៣:១៣
កិច្ចបម្រើរបស់លោកយេស៊ូបញ្ជាក់យ៉ាងច្បាស់ថា ការដែលជនជាតិយូដាមិនព្រមជឿលើលោក នោះគឺស្របតាមទំនាយក្នុងគម្ពីរមែន។ ដូចទំនាយដែលអេសាយបានប្រកាសទុកជាមុនថា ភ្នែករបស់បណ្ដាជននឹងទៅជាងងឹត ហើយចិត្តរបស់គេនឹងទៅជារឹង ហេតុនេះពួកគេមិនបានវិលមកវិញដើម្បីឲ្យបានជាសះស្បើយនោះឡើយ។ (អេសាយ ៦:១០; យ៉ូហាន ១២:៤០) ពិតមែនហើយ ជនជាតិយូដាភាគច្រើនមានចិត្តរឹង ដោយបដិសេធភ័ស្តុតាងដែលបង្ហាញថាលោកយេស៊ូគឺជាអ្នកសង្គ្រោះដែលព្រះបានសន្យា ពោលគឺលោកជាផ្លូវទៅឯជីវិត។
ផ្ទុយទៅវិញ នីកូដេម និងយ៉ូសែបពីក្រុងអារីម៉ាថេ ហើយអ្នកគ្រប់គ្រងជាច្រើននាក់ទៀត«បានជឿ»លើលោកយេស៊ូ។ ក៏ប៉ុន្តែ តើពួកគេនឹងប្រព្រឹត្តដោយជំនឿ ឬក៏តើការភ័យខ្លាចថានឹងត្រូវយ៉ូហាន ១២:៤២, ៤៣
គេបណ្ដេញចោលពីសាលាប្រជុំ ឬការ«ស្រឡាញ់ការសរសើររបស់មនុស្ស» នឹងនាំឲ្យពួកគេលាក់បាំងជំនឿរបស់ខ្លួនវិញ?—លោកយេស៊ូបានពន្យល់ថាការមានជំនឿលើលោកក៏រួមបញ្ចូលអ្វីផ្សេងទៀតដែរ ដោយមានប្រសាសន៍ថា៖ «អ្នកណាដែលជឿលើខ្ញុំ អ្នកនោះមិនមែនជឿលើខ្ញុំប៉ុណ្ណោះទេ តែក៏ជឿលើលោកដែលបានចាត់ខ្ញុំឲ្យមកដែរ»។ សេចក្ដីពិតដែលព្រះបានបង្គាប់លោកយេស៊ូឲ្យបង្រៀន ហើយដែលលោកយេស៊ូកំពុងប្រកាសផ្សាយ គឺជាអ្វីដែលសំខាន់ដល់ម្ល៉េះ បានជាលោកអាចមានប្រសាសន៍ថា៖ «មានអ្នកដែលនឹងវិនិច្ឆ័យអ្នកណាដែលមិនអើពើចំពោះខ្ញុំហើយមិនទទួលពាក្យរបស់ខ្ញុំ។ ពាក្យដែលខ្ញុំបាននិយាយជាអ្វីដែលនឹងវិនិច្ឆ័យអ្នកនោះនៅថ្ងៃចុងក្រោយ»។—យ៉ូហាន ១២:៤៤, ៤៥, ៤៨
បន្ទាប់មក លោកយេស៊ូមានប្រសាសន៍បញ្ចប់ថា៖ «ខ្ញុំមិនបាននិយាយចេញពីចិត្តរបស់ខ្ញុំទេ ប៉ុន្តែបិតានៅស្ថានសួគ៌ដែលបានចាត់ខ្ញុំឲ្យមក បានឲ្យបញ្ញត្ដិមួយមកខ្ញុំដោយផ្ទាល់ ស្តីអំពីអ្វីដែលខ្ញុំត្រូវប្រាប់ និងអ្វីដែលខ្ញុំត្រូវនិយាយ។ ម្យ៉ាងទៀត ខ្ញុំដឹងថាបញ្ញត្ដិរបស់លោកនាំឲ្យបានជីវិតដែលគ្មានទីបញ្ចប់»។ (យ៉ូហាន ១២:៤៩, ៥០) លោកយេស៊ូដឹងច្បាស់ថា មិនយូរទៀតលោកត្រូវប្រគល់ជីវិតលោកជាគ្រឿងបូជាសម្រាប់មនុស្សជាតិដែលបង្ហាញជំនឿលើលោក។—រ៉ូម ៥:៨, ៩