លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៧៦

ការពិសាអាហារជាមួយនឹងផារិស៊ីម្នាក់

ការពិសាអាហារជាមួយនឹងផារិស៊ីម្នាក់

លូកា ១១:៣៧​-​៥៤

  • លោក​យេស៊ូ​ផ្ដន្ទា​ទោស​ពួក​ផារិស៊ី​ដែល​លាក់​ពុត

ពេល​លោក​យេស៊ូ​នៅ​តំបន់​យូឌា លោក​បាន​ទៅ​ពិសា​អាហារ​តាម​ការ​អញ្ជើញ​របស់​ផារិស៊ី​ម្នាក់។ នោះ​ទំនង​ជា​អាហារ​ថ្ងៃ​ត្រង់ មិន​មែន​ជា​អាហារ​ល្ងាច​ទេ។ (​លូកា ១១:៣៧, ៣៨; សូម​ពិនិត្យ​បន្ថែម លូកា ១៤:១២​) មុន​ពេល​ពិសា​អាហារ ពួក​ផារិស៊ី​បាន​លាង​ដៃ​រហូត​ដល់​កែង​ដៃ​តាម​ទំនៀម​ទម្លាប់​របស់​ពួក​គេ។ ប៉ុន្តែ លោក​យេស៊ូ​មិន​បាន​ធ្វើ​ដូច្នោះ​ទេ។ (​ម៉ាថាយ ១៥:១, ២​) ទោះ​ជា​ការ​លាង​ដៃ​រហូត​ដល់​កែង​ដៃ​មិន​បំពាន​លើ​ច្បាប់​របស់​ព្រះ​ក៏​ដោយ តែ​នេះ​ក៏​មិន​មែន​ជា​អ្វី​ដែល​ព្រះ​តម្រូវ​ឲ្យ​ធ្វើ​ដែរ។

ពួក​ផារិស៊ី​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់​ដែល​លោក​យេស៊ូ​មិន​ធ្វើ​តាម​ទំនៀម​ទម្លាប់​នោះ។ ដោយ​ជ្រាប​អំពី​រឿង​នេះ លោក​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​រាល់​គ្នា ជា​ពួក​ផារិស៊ី អ្នក​លាង​ខាង​ក្រៅ​ពែង​និង​ចាន តែ​ខាង​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា​វិញ អ្នក​ចង់​តែ​ប្លន់​និង​ធ្វើ​អំពើ​ទុច្ចរិត។ មនុស្ស​ឥត​វិចារណញ្ញាណ! លោក​ដែល​បាន​បង្កើត​ខាង​ក្រៅ ក៏​បាន​បង្កើត​ខាង​ក្នុង​ដែរ មែន​ទេ?​»។—លូកា ១១:៣៩, ៤០

ដូច្នេះ​តាម​ប្រសាសន៍​របស់​លោក​យេស៊ូ ការ​លាង​ដៃ​មុន​បរិភោគ​អាហារ​មិន​មែន​ជា​ចំណុច​សំខាន់​ទេ តែ​ចំណុច​សំខាន់​នោះ​គឺ​ភាព​លាក់​ពុត​របស់​សាសនា។ ពួក​ផារិស៊ី​និង​មនុស្ស​ឯ​ទៀត​បាន​ធ្វើ​តាម​យ៉ាង​ដិត​ដល់​នូវ​ទំនៀម​ទម្លាប់​ក្នុង​ការ​លាង​ដៃ ប៉ុន្តែ​ពួក​គេ​មិន​បាន​សម្អាត​ចិត្ត​គំនិត​របស់​ខ្លួន​ពី​អំពើ​ទុច្ចរិត​ឡើយ។ ហេតុ​នេះ លោក​យេស៊ូ​ឲ្យ​ឱវាទ​ពួក​គេ​ថា​៖ ​«​ចូរ​ធ្វើ​ទាន​ដោយ​ឲ្យ​អ្វី​ៗ​ខាង​ក្នុង​ចិត្ត​វិញ ហើយ​មើល! អ្វី​ៗ​ទាំង​អស់​ទៀត​របស់​អ្នក​ក៏​នឹង​ស្អាត​បរិសុទ្ធ​ដែរ​»។ (​លូកា ១១:៤១​) ឱវាទ​របស់​លោក​គឺ​ពិត​ជា​ត្រឹម​ត្រូវ​មែន! បើ​មនុស្ស​ណា​ម្នាក់​ចង់​ធ្វើ​ទាន គាត់​គួរ​ធ្វើ​ដោយ​ស្មោះ​អស់​ពី​ចិត្ត មិន​មែន​ធ្វើ​ទាន​ដោយ​លាក់​ពុត​ជា​មនុស្ស​សុចរិត​ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​សរសើរ​ខ្លួន​ឡើយ។

នេះ​មិន​មាន​ន័យ​ថា​ពួក​ផារិស៊ី​មិន​បាន​ធ្វើ​ទាន​នោះ​ទេ។ លោក​យេស៊ូ​បញ្ជាក់​ថា​៖ ​«​អ្នក​រាល់​គ្នា​ឲ្យ​មួយ​ភាគ​ដប់​ពី​ជី​អង្កាម ប៉េកាណុន និង​បន្លែ​ឯ​ទៀត តែ​អ្នក​រំលង​យុត្ដិធម៌​និង​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ! អ្នក​មាន​កាតព្វកិច្ច​ធ្វើ​អ្វី​ៗ​ទាំង​នោះ តែ​រឿង​ផ្សេង​ទៀត មិន​ត្រូវ​លះ​ចោល​ឡើយ​»។ (​លូកា ១១:៤២​) ច្បាប់​របស់​ព្រះ​តម្រូវ​ឲ្យ​បណ្ដា​ជន​ធ្វើ​វិភាគ​ទាន (​មួយ​ភាគ​១០​) នៃ​ផល​ដំណាំ​របស់​ពួក​គេ។ (​ចោទិយកថា ១៤:២២​) នោះ​ក៏​រួម​បញ្ចូល​ជី​អង្កាម ប៉េកាណុន ឬ​ជី​ឯ​ទៀត​ដែល​ត្រូវ​ប្រើ​ដើម្បី​បង្កើន​រស​ជាតិ​អាហារ​ដែរ។ ពួក​ផារិស៊ី​បាន​ធ្វើ​វិភាគ​ទាន​មួយ​ភាគ​១០​នៃ​ជី​ទាំង​នោះ​យ៉ាង​ហ្មត់​ចត់។ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​តម្រូវ​ការ​ដែល​សំខាន់​ជាង​ក្នុង​ច្បាប់​របស់​ព្រះ ដូច​ជា​ការ​ប្រព្រឹត្ត​ដោយ​សុចរិត​និង​ដោយ​សុភាព​រាប​ទាប​ចំពោះ​ព្រះ? តើ​ពួក​គេ​បាន​ធ្វើ​តាម​យ៉ាង​ដិត​ដល់​ឬ​ទេ?—មីកា ៦:៨

លោក​យេស៊ូ​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​៖ ​«​អ្នក​រាល់​គ្នា​ជា​ពួក​ផារិស៊ី អ្នក​នឹង​ត្រូវ​វេទនា! ពី​ព្រោះ​អ្នក​ចូល​ចិត្ត​អង្គុយ​កន្លែង​នៅ​ខាង​មុខ​ក្នុង​សាលា​ប្រជុំ ហើយ​ចង់​ឲ្យ​មនុស្ស​ជម្រាប​សួរ សម្ដែង​ការ​គោរព​នៅ​ផ្សារ! អ្នក​រាល់​គ្នា​នឹង​ត្រូវ​វេទនា! ពី​ព្រោះ​អ្នក​ដូច​ជា​ទី​បញ្ចុះ​សព​ដែល​គេ​មើល​មិន​ឃើញ ហើយ​ដើរ​ជាន់​ដោយ​មិន​ដឹង​ខ្លួន!​»។ (​លូកា ១១:៤៣, ៤៤​) ពិត​មែន មនុស្ស​អាច​ដើរ​ជាន់​ទី​បញ្ចុះ​សព​ដូច​នោះ​ដោយ​មិន​ដឹង​ខ្លួន ហើយ​ពួក​គេ​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​តាម​ច្បាប់​របស់​ព្រះ។ លោក​យេស៊ូ​លើក​ហេតុ​ការណ៍​ពិត​នោះ​ដើម្បី​បញ្ជាក់​ថា ពួក​ផារិស៊ី​មិន​ស្អាត​បរិសុទ្ធ​ដូច​ទី​បញ្ចុះ​សព​ដែល​គេ​មើល​មិន​ឃើញ។ ហេតុ​នេះ មនុស្ស​មិន​ងាយ​កត់​សម្គាល់​ភាព​មិន​ស្អាត​បរិសុទ្ធ​របស់​ពួក​គេ​ទេ។—ម៉ាថាយ ២៣:២៧

ពេល​នោះ​មាន​បុរស​ម្នាក់​ដែល​ស្គាល់​ច្បាប់​របស់​ព្រះ​ច្បាស់ បាន​តវ៉ា​ថា​៖ ​«​លោក​គ្រូ​មាន​ប្រសាសន៍​ដូច្នេះ បាន​សេចក្ដី​ថា​លោក​ដៀល​ត្មះ​យើង​ខ្ញុំ​ដែរ​»។ ទោះ​ជា​គាត់​និយាយ​ដូច្នេះ​ក៏​ដោយ តែ​ពួក​គេ​ត្រូវ​ដឹង​ខ្លួន​ថា​ពួក​គេ​មិន​បាន​ជួយ​បណ្ដា​ជន​ទេ។ ហេតុ​នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​រាល់​គ្នា ជា​អ្នក​ចេះ​ច្បាប់​ស្ទាត់ អ្នក​នឹង​ត្រូវ​វេទនា! ពី​ព្រោះ​បន្ទុក​ដែល​អ្នក​ដាក់​លើ​មនុស្ស គឺ​ជា​បន្ទុក​ដែល​ពិបាក​រែក​ពុន ប៉ុន្តែ​អ្នក​មិន​សុខ​ចិត្ត​យក​ម្រាម​ដៃ​មក​ពាល់​បន្ទុក​នោះ​បន្ដិច​សោះ! អ្នក​រាល់​គ្នា​នឹង​ត្រូវ​វេទនា! ពី​ព្រោះ​អ្នក​ធ្វើ​ទី​បញ្ចុះ​សព​របស់​ពួក​អ្នក​ប្រកាស​ទំនាយ តែ​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​បាន​សម្លាប់​ពួក​គេ!​»។—លូកា ១១:៤៥​-​៤៧

ពួក​ផារិស៊ី​បង្កើត​ទំនៀម​ទម្លាប់​ផ្សេង​ៗ ហើយ​បន្ថែម​បន្ថយ​ច្បាប់​របស់​ព្រះ។ នេះ​ជា​បន្ទុក​ធ្ងន់​ដែល​លោក​យេស៊ូ​មាន​ប្រសាសន៍។ ពួក​បុរស​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ជីវិត​របស់​បណ្ដា​ជន​ពិបាក​ជាង ដោយ​បង្ខំ​ឲ្យ​ពួក​គេ​ធ្វើ​តាម​យ៉ាង​ដិត​ដល់​នូវ​ប្រការ​ផ្សេង​ៗ​ដែល​ទៅ​ជា​បន្ទុក​ធ្ងន់​ក្រៃ​លែង។ ម្យ៉ាង​ទៀត បុព្វ​បុរស​របស់​ពួក​គេ​បាន​សម្លាប់​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ តាំង​ពី​អេបិល​មក​ម្ល៉េះ។ ឥឡូវ អ្វី​ដែល​ពួក​គេ​ធ្វើ​ហាក់​ដូច​ជា​ពួក​គេ​កំពុង​លើក​កិត្ដិយស​ពួក​អ្នក​ប្រកាស​ទំនាយ​ទាំង​នោះ ដោយ​ធ្វើ​ទី​បញ្ចុះ​សព​សម្រាប់​ពួក​គាត់។ ប៉ុន្តែ តាម​ពិត​ពួក​គេ​មាន​ចិត្ត​គំនិត​និង​ការ​ប្រព្រឹត្ត​ដូច​បុព្វ​បុរស​របស់​ពួក​គេ​វិញ។ ពួក​គេ​ថែម​ទាំង​រក​វិធី​សម្លាប់​អ្នក​ប្រកាស​ទំនាយ​ដ៏​សំខាន់​បំផុត​របស់​ព្រះ​ទៀត​ផង។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​ព្រះ​នឹង​វិនិច្ឆ័យ​មនុស្ស​ជំនាន់​នេះ។ នោះ​ពិត​ជា​បាន​កើត​ឡើង​មែន ប្រហែល​ជា​៣៨​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ឆ្នាំ​៧០ គ.ស.។

លោក​យេស៊ូ​មាន​ប្រសាសន៍​បន្ថែម​ថា​៖ ​«​អ្នក​រាល់​គ្នា ជា​អ្នក​ចេះ​ច្បាប់​ស្ទាត់ អ្នក​នឹង​ត្រូវ​វេទនា! ពី​ព្រោះ​អ្នក​បាន​ដក​យក​កូន​សោ​នៃ​ចំណេះ​ចេញ។ អ្នក​រាល់​គ្នា​មិន​បាន​ចូល ហើយ​អ្នក​ដែល​កំពុង​ចូល អ្នក​បាន​ឃាត់​មិន​ឲ្យ​ចូល​ដែរ!​»។ (​លូកា ១១:៥២​) បុរស​ទាំង​នេះ​ជា​អ្នក​ដែល​គួរ​បង្រៀន​អត្ថន័យ​នៃ​បណ្ដាំ​របស់​ព្រះ ប៉ុន្តែ​ពួក​គេ​មិន​បាន​ធ្វើ​ដូច្នេះ​ទេ។ ពួក​គេ​បែរ​ជា​ធ្វើ​ឲ្យ​បណ្ដា​ជន​បាត់​បង់​ឱកាស​ក្នុង​ការ​ស្គាល់​និង​យល់​បណ្ដាំ​របស់​ព្រះ​ទៅ​វិញ។

ពេល​ឮ​ដូច្នោះ តើ​ពួក​ផារិស៊ី​និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​មាន​ប្រតិកម្ម​យ៉ាង​ណា? ពួក​គេ​ក្ដៅ​ចិត្ត​យ៉ាង​ខ្លាំង។ កាល​ដែល​លោក​យេស៊ូ​ចេញ​ទៅ ពួក​គេ​ក៏​ប្រឆាំង​លោក ហើយ​តាម​សួរ​ដេញ​ដោល​លោក។ ពួក​គេ​សួរ​មិន​មែន​ក្នុង​បំណង​ចង់​រៀន​ថែម​ទៀត​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ពួក​គេ​ចង់​ល្បង​ល​លោក ដើម្បី​ឲ្យ​លោក​មាន​ប្រសាសន៍​អ្វី​មួយ​ដែល​ពួក​គេ​អាច​មាន​ហេតុ​ចាប់​លោក​បាន។