ជំពូកទី៦៨
បុត្ររបស់ព្រះគឺជា«ពន្លឺបំភ្លឺពិភពលោក»
-
លោកយេស៊ូពន្យល់អំពីបុត្រព្រះជាអ្នកណា
-
តើជនជាតិយូដាជាខ្ញុំបម្រើក្នុងន័យអ្វី?
នៅថ្ងៃទី៧ដែលជាថ្ងៃចុងក្រោយនៃបុណ្យរោង លោកយេស៊ូកំពុងបង្រៀនបណ្ដាជននៅកន្លែងមួយក្នុងវិហារដែលគេហៅថា«ឃ្លាំងប្រាក់»។ (យ៉ូហាន ៨:២០; លូកា ២១:១) កន្លែងនេះទំនងជានៅទីលានស្ត្រី ជាកន្លែងដែលបណ្ដាជនដាក់វិភាគទាន។
រាល់រាត្រីក្នុងអំឡុងបុណ្យរោងនោះ នៅទីលានស្ត្រីមានពន្លឺយ៉ាងចិញ្ចាច ដោយសារនៅទីនោះមានចង្កៀងធំៗបួន ហើយនៅលើជើងចង្កៀងនីមួយៗមានប្រឆេះធំបួនដែលមានប្រេង។ ចង្កៀងធំៗទាំងបួននោះជះពន្លឺយ៉ាងចិញ្ចាចរហូតដល់បរិវេណខាងក្រៅវិហារ។ អ្វីដែលលោកយេស៊ូនឹងប្រាប់បន្ទាប់មក ប្រហែលជារំលឹកអ្នកស្ដាប់លោកអំពីពន្លឺចង្កៀងដែលកំពុងភ្លឺចិញ្ចាចនោះ។ លោកមានប្រសាសន៍ថា៖ «ខ្ញុំជាពន្លឺបំភ្លឺពិភពលោក។ អ្នកណាដែលកាន់តាមខ្ញុំ អ្នកនោះនឹងមិនដើរក្នុងភាពងងឹតឡើយ ប៉ុន្តែគាត់នឹងមានពន្លឺនៃជីវិត»។—យ៉ូហាន ៨:១២
ឮដូច្នេះ ពួកផារិស៊ីជំទាស់ថា៖ «អ្នកកំពុងធ្វើជាសាក្សីបញ្ជាក់អំពីខ្លួនអ្នក។ ការបញ្ជាក់របស់អ្នកគឺមិនពិតទេ»។ លោកយេស៊ូតបទៅពួកគេថា៖ «ទោះជាខ្ញុំធ្វើជាសាក្សីបញ្ជាក់អំពីខ្លួនខ្ញុំក៏ដោយ ការបញ្ជាក់របស់ខ្ញុំគឺពិត ពីព្រោះខ្ញុំដឹងថាខ្ញុំមកពីណា ហើយដឹងថាខ្ញុំនឹងទៅណាដែរ។ ប៉ុន្តែអ្នករាល់គ្នាមិនដឹងថាខ្ញុំមកពីណាឡើយ ក៏មិនដឹងថាខ្ញុំនឹងទៅណាទេ»។ រួចមក លោកមានប្រសាសន៍បន្ថែមទៀតថា៖ «ច្បាប់របស់អ្នករាល់គ្នាចែងថា៖ ‹ការបញ្ជាក់របស់សាក្សីពីរនាក់គឺជាការពិត›។ មួយគឺខ្ញុំ ដែលបញ្ជាក់អំពីខ្លួនខ្ញុំ ហើយមួយទៀតគឺបិតានៅស្ថានសួគ៌ ដែលបានចាត់ខ្ញុំឲ្យមក លោកក៏បញ្ជាក់អំពីខ្ញុំដែរ»។—យ៉ូហាន ៨:១៣-១៨
ពួកផារិស៊ីមិនព្រមទទួលយកការវែកញែករបស់លោកទេ ផ្ទុយទៅវិញ ពួកគេសួរលោកថា៖ «តើបិតារបស់អ្នកនៅឯណា?»។ លោកយេស៊ូឆ្លើយដោយត្រង់ថា៖ «អ្នករាល់គ្នាមិនស្គាល់ខ្ញុំទេ ហើយក៏មិនស្គាល់បិតារបស់ខ្ញុំដែរ។ ប្រសិនបើអ្នករាល់គ្នាបានស្គាល់ខ្ញុំមែន នោះអ្នករាល់គ្នាក៏នឹងស្គាល់បិតារបស់ខ្ញុំដែរ»។ (យ៉ូហាន ៨:១៩) ទោះជាពួកផារិស៊ីនៅតែចង់ចាប់លោកយេស៊ូក៏ដោយ តែគ្មានអ្នកណាហ៊ានពាល់លោកឡើយ។
លោកយេស៊ូមានប្រសាសន៍ទៅពួកគេម្ដងទៀតថា៖ «ខ្ញុំនឹងចេញទៅ រួចអ្នករាល់គ្នានឹងរកខ្ញុំ ក៏ប៉ុន្តែអ្នករាល់គ្នានឹងស្លាប់កាលដែលអ្នករាល់គ្នាមានភាពខុសឆ្គងនៅឡើយ។ កន្លែងដែលខ្ញុំនឹងទៅ អ្នករាល់គ្នាមកមិនបានទេ»។ ប៉ុន្តែ ជនជាតិយូដាមិនយ៉ូហាន ៨:២១-២៣
បានយល់ទាល់តែសោះអំពីប្រសាសន៍របស់លោក រួចតាំងឆ្ងល់ថា៖ «តើគាត់នឹងសម្លាប់ខ្លួនឬ? បានជាគាត់និយាយថា៖ ‹កន្លែងដែលខ្ញុំនឹងទៅ អ្នករាល់គ្នាមកមិនបានទេ›»។ ពួកគេមិនយល់អត្ថន័យនៃប្រសាសន៍របស់លោកយេស៊ូឡើយ ដោយសារពួកគេមិនស្គាល់អំពីដើមកំណើតរបស់លោក។ ដូច្នេះ លោកពន្យល់ពួកគេថា៖ «អ្នករាល់គ្នាមកពីផែនដី តែខ្ញុំមកពីស្ថានលើ។ អ្នករាល់គ្នាមកពីពិភពលោកនេះ តែខ្ញុំមិនមកពីពិភពលោកនេះទេ»។—លោកយេស៊ូកំពុងសំដៅទៅលើជីវិតរបស់លោកនៅស្ថានសួគ៌មុនលោកមកផែនដី និងថាលោកជាគ្រិស្ត ឬមេស្ស៊ីដែលបានត្រូវសន្យាមក។ ដូច្នេះ លោកជាបុគ្គលដែលពួកអ្នកដឹកនាំសាសនាទាំងនេះគួរទទួលស្គាល់។ ទោះជាយ៉ាងនោះក្ដី ពួកគេសួរលោកដោយប្រមាថមើលងាយថា៖ «តើអ្នកជាអ្នកណា?»។—យ៉ូហាន ៨:២៥
ពេលលោកយេស៊ូឃើញពួកគេបដិសេធនិងប្រឆាំងលោកដូច្នេះ នោះលោកក៏ឆ្លើយថា៖ «ខ្ញុំនិយាយជាមួយនឹងអ្នករាល់គ្នាគឺគ្មានប្រយោជន៍អ្វីទេ»។ ប៉ុន្តែ លោកនៅតែលើកបញ្ជាក់អំពីបិតារបស់លោក ហើយពន្យល់អំពីមូលហេតុដែលជនជាតិយូដាគួរស្ដាប់បុត្ររបស់ព្រះ ដោយមានប្រសាសន៍ថា៖ «លោកដែលបានចាត់ខ្ញុំឲ្យមកគឺពិតត្រង់ ហើយអ្វីៗដែលខ្ញុំបានឮពីលោក ជាអ្វីដែលខ្ញុំកំពុងនិយាយក្នុងពិភពលោក»។—យ៉ូហាន ៨:២៥, ២៦
ខុសពីជនជាតិយូដាទាំងនេះដែលគ្មានជំនឿ លោកយេស៊ូបានបង្ហាញទំនុកចិត្តទាំងស្រុងលើបិតារបស់លោក ដោយមានប្រសាសន៍ថា៖ «កាលដែលអ្នករាល់គ្នាលើកកូនមនុស្សឡើង នោះអ្នករាល់គ្នានឹងដឹងថាខ្ញុំជាអ្នកនោះហើយ ក៏នឹងដឹងថាខ្ញុំមិនធ្វើអ្វីសោះដោយគំនិតរបស់ខ្ញុំផ្ទាល់ ប៉ុន្តែខ្ញុំនិយាយអ្វីៗដែលបិតានៅស្ថានសួគ៌បានបង្រៀនខ្ញុំ។ លោកដែលបានចាត់ខ្ញុំឲ្យមកក៏នៅជាមួយនឹងខ្ញុំ។ លោកមិនបានចោលខ្ញុំឲ្យនៅតែម្នាក់ឯងទេ ពីព្រោះខ្ញុំតែងតែធ្វើអ្វីដែលលោកពេញចិត្ត»។—យ៉ូហាន ៨:២៨, ២៩
ក៏ប៉ុន្តែ ជនជាតិយូដាខ្លះចាប់ផ្ដើមជឿលើលោក ដូច្នេះលោកមានប្រសាសន៍ទៅកាន់ពួកគេថា៖ «ប្រសិនបើអ្នករាល់គ្នានៅជាប់នឹងសេចក្ដីបង្រៀនរបស់ខ្ញុំ អ្នករាល់គ្នាពិតជាអ្នកកាន់តាមខ្ញុំមែន ហើយអ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនោះនឹងរំដោះអ្នករាល់គ្នាឲ្យមានសេរីភាព»។—យ៉ូហាន ៨:៣១, ៣២
ប្រសាសន៍របស់លោកយេស៊ូដែលថារំដោះពួកគេឲ្យមានសេរីភាពហាក់ដូចជាចម្លែកណាស់ចំពោះជនជាតិយូដាខ្លះ។ ដូច្នេះ ពួកគេជំទាស់លោកថា៖ «យើងជាកូនចៅរបស់អាប្រាហាំ យើងមិនដែលជាខ្ញុំបម្រើរបស់អ្នកណាសោះ។ ហេតុអ្វីបានជាអ្នកនិយាយថា៖ ‹អ្នករាល់គ្នានឹងមានសេរីភាព›?»។ ទោះបីជាជនជាតិយូដាដឹងថានៅអតីតកាល មានពេលខ្លះពួកគេធ្លាប់នៅក្រោមការគ្រប់គ្រងរបស់ជនជាតិដទៃក៏ដោយ ក៏ពួកគេមិនព្រមឲ្យអ្នកឯទៀតហៅខ្លួនថាជាខ្ញុំបម្រើឡើយ។ ប៉ុន្តែ លោកយេស៊ូបានបញ្ជាក់ថាពួកគេនៅតែជាខ្ញុំបម្រើ ដោយមានប្រសាសន៍ថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា អ្នកណាដែលប្រព្រឹត្តអំពើខុសឆ្គង អ្នកនោះជាខ្ញុំបម្រើនៃភាពខុសឆ្គង»។—យ៉ូហាន ៨:៣៣, ៣៤
ការដែលជនជាតិយូដាមិនទទួលស្គាល់ថាពួកគេជាខ្ញុំបម្រើនៃភាពខុសឆ្គង នោះពិតជានាំឲ្យពួកគេមានគ្រោះថ្នាក់មែន។ ដូច្នេះ លោកយេស៊ូពន្យល់ពួកគេថា៖ «ខ្ញុំបម្រើមិននៅជាប់ជាមួយនឹងពួកអ្នកផ្ទះជារៀងរហូតនោះទេ តែបុត្រវិញ លោកនៅជាប់ជារៀងរហូត»។ (យ៉ូហាន ៨:៣៥) តាមធម្មតា ខ្ញុំបម្រើគ្មានសិទ្ធិទទួលមត៌កទេ ហើយគាត់អាចត្រូវម្ចាស់បណ្ដេញចោលនៅពេលណាក៏បាន។ តាមពិតមានតែកូនបង្កើត ឬកូនចិញ្ចឹមរបស់ម្ចាស់ប៉ុណ្ណោះដែល«នៅជាប់ជារៀងរហូត» ពោលគឺគាត់អាចនៅជាមួយនឹងម្ចាស់អស់មួយជីវិត។
សេចក្ដីពិតអំពីបុត្ររបស់ព្រះគឺជាសេចក្ដីពិតដែលរំដោះមនុស្សឲ្យរួចផុតពីភាពខុសឆ្គងដែលនាំឲ្យស្លាប់។ ហេតុនេះ លោកយេស៊ូប្រកាសថា៖ «ប្រសិនបើបុត្រនោះរំដោះអ្នករាល់គ្នាឲ្យមានសេរីភាព អ្នករាល់គ្នាមានសេរីភាពពិតមែន»។—យ៉ូហាន ៨:៣៦