លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៧១

ពួកផារិស៊ីជជែកតវ៉ានឹងបុរសដែលធ្លាប់ងងឹតភ្នែក

ពួកផារិស៊ីជជែកតវ៉ានឹងបុរសដែលធ្លាប់ងងឹតភ្នែក

យ៉ូហាន ៩:១៩​-​៤១

  • ពួក​ផារិស៊ី​ជជែក​តវ៉ា​នឹង​បុរស​ដែល​ធ្លាប់​ងងឹត​ភ្នែក

  • ពួក​អ្នក​ដឹក​នាំ​សាសនា​គឺ​ជា​អ្នក​ដែល​«​ងងឹត​ភ្នែក​»​

ពួក​ផារិស៊ី​មិន​ព្រម​ជឿ​ថា​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​បុរស​ដែល​ងងឹត​ភ្នែក​ពី​កំណើត​មើល​ឃើញ​ឡើយ ដូច្នេះ​ពួក​គេ​ហៅ​ឪ​ពុក​ម្ដាយ​បុរស​នោះ​មក​សួរ។ ឪ​ពុក​ម្ដាយ​បុរស​នោះ​ដឹង​ថា ពួក​គាត់​អាច​ត្រូវ​គេ​«​បណ្ដេញ​ចោល​ពី​សាលា​ប្រជុំ​»។ (​យ៉ូហាន ៩:២២​) ជា​ទូ​ទៅ បើ​បុគ្គល​ម្នាក់​បាន​ត្រូវ​បណ្ដេញ​ចោល​ពី​សាលា​ប្រជុំ ឬ​បាន​ត្រូវ​បណ្ដាច់​មិត្តភាព​ពី​ជន​ជាតិ​យូដា​ឯ​ទៀត បុគ្គល​នោះ​នឹង​អាម៉ាស់​មុខ ហើយ​នឹង​មាន​បញ្ហា​ខាង​ជីវភាព​គ្រួសារ។

ពួក​ផារិស៊ី​សួរ​ឪ​ពុក​ម្ដាយ​បុរស​នោះ​នូវ​សំណួរ​ពីរ​ដែល​ថា​៖ ​«​តើ​នេះ​ជា​កូន​ប្រុស​របស់​អ្នក ដែល​អ្នក​និយាយ​ថា​បាន​ងងឹត​ភ្នែក​ពី​កំណើត​ឬ? បើ​ដូច្នេះ ហេតុ​អ្វី​ឥឡូវ​នេះ​គាត់​អាច​មើល​ឃើញ?​»។ ឪ​ពុក​ម្ដាយ​បុរស​នោះ​ឆ្លើយ​ថា​៖ ​«​យើង​ដឹង​ថា​នេះ​ជា​កូន​ប្រុស​របស់​យើង ហើយ​ក៏​ដឹង​ថា​គាត់​ងងឹត​ភ្នែក​ពី​កំណើត។ ប៉ុន្តែ​យើង​មិន​ដឹង​នូវ​មូលហេតុ​ដែល​គាត់​អាច​មើល​ឃើញ​ឥឡូវ​នេះ​ទេ ហើយ​ក៏​មិន​ដឹង​ថា​អ្នក​ណា​បាន​ធ្វើ​ឲ្យ​ភ្នែក​គាត់​ភ្លឺ​ដូច្នេះ​ដែរ​»។ ទោះ​ជា​កូន​ប្រុស​របស់​ពួក​គាត់​ទំនង​ជា​បាន​ប្រាប់​ពួក​គាត់​អំពី​រឿង​នោះ​ក៏​ដោយ ក៏​ពួក​គាត់​ឆ្លើយ​ដោយ​ប្រុង​ប្រយ័ត្ន​ថា​៖ ​«​សូម​សួរ​គាត់។ គាត់​មាន​អាយុ​ពេញ​វ័យ​តាម​ច្បាប់​ហើយ។ គាត់​ត្រូវ​និយាយ​ដោយ​ខ្លួន​គាត់​»។—យ៉ូហាន ៩:១៩​-​២១

ដូច្នេះ ពួក​ផារិស៊ី​ក៏​ហៅ​បុរស​នោះ​មក​វិញ ហើយ​គំរាម​គាត់​ដោយ​អះអាង​ថា​ពួក​គេ​មាន​ភ័ស្តុតាង​ដើម្បី​ចោទ​ប្រកាន់​លោក​យេស៊ូ។ ពួក​គេ​បង្គាប់​បុរស​នោះ​ថា​៖ ​«​ចូរ​លើក​តម្កើង​ព្រះ។ យើង​ដឹង​ថា​បុរស​នេះ​ជា​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​»។ ពេល​ឮ​ដូច្នោះ បុរស​ដែល​ធ្លាប់​ងងឹត​ភ្នែក​នោះ​មិន​បាន​បដិសេធ​នឹង​ការ​ចោទ​ប្រកាន់​របស់​ពួក​គេ​ទេ តែ​គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​ដឹង​ថា​បុរស​នេះ​ជា​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ឬ​ក៏​មិន​មែន​ជា​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ឡើយ។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ដឹង គឺ​ថា ពី​មុន​ខ្ញុំ​ងងឹត​ភ្នែក តែ​ឥឡូវ​ខ្ញុំ​អាច​មើល​ឃើញ​»។—យ៉ូហាន ៩:២៤, ២៥

ពួក​ផារិស៊ី​មិន​ព្រម​ឈប់​ជជែក​តវ៉ា​អំពី​រឿង​នោះ​ទេ ដូច្នេះ​ពួក​គេ​បន្ត​សួរ​បុរស​នោះ​ថា​៖ ​«​តើ​គាត់​បាន​ធ្វើ​អ្វី​ដល់​អ្នក? តើ​គាត់​បាន​ធ្វើ​ឲ្យ​ភ្នែក​របស់​អ្នក​ភ្លឺ​យ៉ាង​ដូច​ម្ដេច?​»។ បុរស​នោះ​ឆ្លើយ​តប​ដោយ​ក្លាហាន​ថា​៖ ​«​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​រួច​ហើយ តែ​អ្នក​មិន​បាន​ស្ដាប់​ទេ។ ហេតុ​អ្វី​អ្នក​ចង់​ឮ​រឿង​នោះ​ម្ដង​ទៀត? តើ​អ្នក​រាល់​គ្នា​ចង់​ទៅ​ជា​អ្នក​កាន់​តាម​របស់​គាត់​ដែរ​ឬ?​»។ ពេល​ឮ​ដូច្នេះ ពួក​ផារិស៊ី​ខឹង​យ៉ាង​ខ្លាំង ហើយ​ចោទ​បុរស​នោះ​ថា​៖ ​«​អ្នក​ឯង​ជា​អ្នក​កាន់​តាម​បុរស​នោះ តែ​យើង​ជា​អ្នក​កាន់​តាម​ម៉ូសេ។ យើង​ដឹង​ថា​ព្រះ​បាន​មាន​ប្រសាសន៍​នឹង​ម៉ូសេ ប៉ុន្តែ​យើង​មិន​ដឹង​ថា​បុរស​នោះ​មក​ពី​ណា​ទេ​»។—យ៉ូហាន ៩:២៦​-​២៩

សម្ដី​របស់​ពួក​ផារិស៊ី​បាន​ធ្វើ​ឲ្យ​បុរស​សុំ​ទាន​នោះ​ហួស​ចិត្ត ហើយ​គាត់​និយាយ​ថា​៖ ​«​គួរ​ឲ្យ​អស្ចារ្យ​ណាស់! ដែល​អ្នក​រាល់​គ្នា​មិន​ដឹង​ថា​គាត់​មក​ពី​ណា តែ​គាត់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​អាច​មើល​ឃើញ​»។ រួច​មក បុរស​នោះ​បាន​វែក​ញែក​ដោយ​សម​ហេតុ​សម​ផល​អំពី​មនុស្ស​ដែល​ព្រះ​ពេញ​ចិត្ត​ស្ដាប់​សេចក្ដី​អធិដ្ឋាន។ គាត់​និយាយ​ថា​៖ ​«​យើង​ដឹង​ថា​ព្រះ​មិន​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ឡើយ ប៉ុន្តែ​បើ​មាន​អ្នក​ណា​កោត​ខ្លាច​ព្រះ ហើយ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ នោះ​លោក​ស្ដាប់​អ្នក​នោះ។ តាំង​ពី​បុរាណកាល​មក យើង​មិន​ដែល​ឮ​ថា​មាន​អ្នក​ណា​ធ្វើ​ឲ្យ​មនុស្ស​ងងឹត​ភ្នែក​ពី​កំណើត​មើល​ឃើញ​ឡើយ​»។ បន្ទាប់​មក គាត់​សរុប​សេចក្ដី​ថា​៖ ​«​ប្រសិន​បើ​បុរស​នោះ​មិន​មក​ពី​ព្រះ​ទេ គាត់​មិន​អាច​ធ្វើ​អ្វី​ទាល់​តែ​សោះ​»។—យ៉ូហាន ៩:៣០​-​៣៣

ពួក​ផារិស៊ី​មិន​អាច​បដិសេធ​ការ​វែក​ញែក​ដ៏​សម​ហេតុ​សម​ផល​របស់​បុរស​សុំ​ទាន​នោះ​ឡើយ។ ដូច្នេះ ពួក​គេ​ប្រមាថ​មើល​ងាយ​គាត់​ថា​៖ ​«​អ្នក​ឯង​បាន​កើត​មក​ក្នុង​ភាព​ខុស​ឆ្គង​សុទ្ធសាធ តើ​អ្នក​ឯង​ហ៊ាន​បង្រៀន​យើង​ផង​ឬ?​»។ រួច​ពួក​គេ​ក៏​បណ្ដេញ​គាត់​ចេញ។—យ៉ូហាន ៩:៣៤

លោក​យេស៊ូ​ឮ​ថា​ពួក​គេ​បាន​បណ្ដេញ​បុរស​នោះ​ចេញ ដូច្នេះ​ពេល​ដែល​លោក​ជួប​គាត់ លោក​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​តើ​អ្នក​មាន​ជំនឿ​លើ​កូន​មនុស្ស​ទេ?​»។ បុរស​ដែល​លោក​បាន​ធ្វើ​ឲ្យ​ជា​នោះ​ឆ្លើយ​ថា​៖ ​«​តើ​លោក​នោះ​ជា​អ្នក​ណា? សូម​ប្រាប់​ខ្ញុំ ដើម្បី​ខ្ញុំ​អាច​ជឿ​លើ​លោក​នោះ​»។ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ដោយ​ត្រង់​ថា​៖ ​«​អ្នក​បាន​ឃើញ​លោក​ហើយ ម្យ៉ាង​ទៀត អ្នក​ដែល​កំពុង​និយាយ​ជា​មួយ​នឹង​អ្នក គឺ​ជា​លោក​នោះ​»។—យ៉ូហាន ៩:៣៥​-​៣៧

បុរស​នោះ​ឆ្លើយ​ថា​៖ ​«​លោក​ម្ចាស់ ខ្ញុំ​ជឿ​លើ​លោក​ហើយ​»។ រួច​បុរស​នោះ​បង្ហាញ​ការ​គោរព​និង​ជំនឿ​ទៅ​លើ​លោក​យេស៊ូ ដោយ​លំឱន​កាយ​នៅ​មុខ​លោក។ បន្ទាប់​មក លោក​យេស៊ូ​មាន​ប្រសាសន៍​ដែល​មាន​ន័យ​ជ្រាល​ជ្រៅ​ថា​៖ ​«​ខ្ញុំ​បាន​ចូល​មក​ក្នុង​ពិភព​លោក​នេះ​ដើម្បី​ផ្ដល់​មូលដ្ឋាន​សម្រាប់​ការ​វិនិច្ឆ័យ​នេះ ពោល​គឺ​ដើម្បី​ឲ្យ​អស់​អ្នក​ដែល​មើល​មិន​ឃើញ អាច​មើល​ឃើញ​បាន ហើយ​អស់​អ្នក​ដែល​មើល​ឃើញ ទៅ​ជា​ងងឹត​ភ្នែក​វិញ​»។—យ៉ូហាន ៩:៣៨, ៣៩

ដំណាល​គ្នា​នោះ ពួក​ផារិស៊ី​ក៏​នៅ​ទី​នោះ​ដែរ ហើយ​ពួក​គេ​ដឹង​ថា​ពួក​គេ​មិន​ងងឹត​ភ្នែក​ក្នុង​ន័យ​ត្រង់​ទេ។ បើ​ដូច្នេះ តើ​ពួក​គេ​ងងឹត​ភ្នែក​ខាង​ការ​បង្រៀន​បណ្ដា​ជន​អំពី​ព្រះ​ឬ? ហេតុ​នេះ ពួក​គេ​និយាយ​ការពារ​ខ្លួន​ថា​៖ ​«​តើ​យើង​ងងឹត​ភ្នែក​ដែរ​ឬ?​»។ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ប្រសិន​បើ​អ្នក​រាល់​គ្នា​ងងឹត​ភ្នែក អ្នករាល់​គ្នា​នឹង​គ្មាន​ភាព​ខុស​ឆ្គង​ឡើយ។ ប៉ុន្តែ ដោយ​សារ​អ្នក​រាល់​គ្នា​និយាយ​ថា​៖ ‹យើង​មើល​ឃើញ› នោះ​អ្នក​រាល់​គ្នា​នៅ​មាន​ភាព​ខុស​ឆ្គង​នៅ​ឡើយ​»។ (​យ៉ូហាន ៩:៤០, ៤១​) បើ​ពួក​គេ​មិន​មែន​ជា​គ្រូ​បង្រៀន​ខាង​សាសនា​របស់​ជន​ជាតិ​អ៊ីស្រាអែល​ទេ យើង​អាច​យល់​អំពី​មូលហេតុ​ដែល​ពួក​គេ​បដិសេធ​លោក​យេស៊ូ​ថា​ជា​មេស្ស៊ី។ ប៉ុន្តែ ដោយ​សារ​ពួក​គេ​ជា​អ្នក​បង្រៀន​ខាង​សាសនា ហើយ​ស្គាល់​ច្បាប់​ម៉ូសេ នោះ​ពួក​គេ​មាន​ទោស​ធ្ងន់​ណាស់​ដែល​បដិសេធ​លោក​យេស៊ូ​ថា​ជា​មេស្ស៊ី។