លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៧៩

ហេតុអ្វីពួកគេនឹងត្រូវបំផ្លាញចោល?

ហេតុអ្វីពួកគេនឹងត្រូវបំផ្លាញចោល?

លូកា ១៣:១​-​២១

  • លោក​យេស៊ូ​បញ្ជាក់​អំពី​មេ​រៀន​មួយ​ក្នុង​រឿង​ខ្លោច​ផ្សា​ពីរ

  • ស្ត្រី​កោង​ខ្នង​ម្នាក់​បាន​ត្រូវ​ធ្វើ​ឲ្យ​ជា​នៅ​ថ្ងៃ​ឈប់​សម្រាក

លោក​យេស៊ូ​បាន​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​លើក​ទឹក​ចិត្ត​បណ្ដា​ជន​ឲ្យ​គិត​អំពី​ចំណង​មិត្តភាព​របស់​ពួក​គេ​ជា​មួយ​នឹង​ព្រះ។ ក្រោយ​ពី​បាន​វែក​ញែក​ជា​មួយ​នឹង​ក្រុម​មនុស្ស​នៅ​ខាង​ក្រៅ​ផ្ទះ​របស់​ផារិស៊ី​ម្នាក់ ឥឡូវ​លោក​មាន​ឱកាស​ដើម្បី​ធ្វើ​ដូច្នេះ​ម្ដង​ទៀត។

មនុស្ស​ខ្លះ​ជម្រាប​លោក​យេស៊ូ​អំពី​រឿង​ខ្លោច​ផ្សា​មួយ។ ពួក​គេ​និយាយ​ថា​៖ ​«​[​ប៉ុនទាស​]ពីឡាត[​ជា​អភិបាល​រ៉ូម​]បាន​សម្លាប់​អ្នក​ស្រុក​កាលីឡេ​ដែល​កំពុង​ជូន​គ្រឿង​បូជា​»។ (​លូកា ១៣:១​) តើ​ពួក​គេ​ចង់​មាន​ន័យ​អ្វី?

ប្រហែល​ជា​អ្នក​ស្រុក​កាលីឡេ​ទាំង​នេះ​បាន​ត្រូវ​សម្លាប់ ពេល​ជន​ជាតិ​យូដា​រាប់​ពាន់​នាក់​ប្រឆាំង​តវ៉ា​នឹង​ពីឡាត ដោយ​សារ​គាត់​បាន​យក​ប្រាក់​ពី​ឃ្លាំង​ប្រាក់​របស់​វិហារ​ទៅ​សាងសង់​ប្រឡាយ​ទឹក​បង្ហូរ​ទៅ​ក្នុង​ក្រុង​យេរូសាឡិម។ ពីឡាត​ប្រើ​ប្រាក់​នោះ​បាន ប្រហែល​ជា​ដោយ​សារ​ពួក​អាជ្ញាធរ​វិហារ​បាន​ជួយ​គាត់។ អ្នក​ដែល​ជម្រាប​លោក​យេស៊ូ​អំពី​រឿង​ខ្លោច​ផ្សា​នេះ ប្រហែល​ជា​គិត​ថា​ពួក​អ្នក​ស្រុក​កាលីឡេ​បាន​រង​គ្រោះ​បែប​នេះ គឺ​ដោយ​សារ​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។ ក៏​ប៉ុន្តែ លោក​យេស៊ូ​មិន​យល់​ស្រប​ទេ។

ដូច្នេះ លោក​សួរ​ពួក​គេ​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​ស្មានថា អ្នក​ស្រុក​កាលីឡេ​ទាំង​នេះ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ច្រើន​ជាង​អ្នក​ស្រុក​កាលីឡេ​ឯ​ទៀត ដោយ​សារ​ពួក​គេ​បាន​រង​គ្រោះ​យ៉ាង​នេះ​ឬ?​»។ រួច​មក​លោក​ឆ្លើយ​ថា គឺ​មិន​ដូច្នោះ​ទេ។ ប៉ុន្តែ លោក​ប្រើ​ហេតុ​ការណ៍​នេះ​ដើម្បី​ព្រមាន​ជន​ជាតិ​យូដា​ថា​៖ ​«​អ្នក​ទាំង​អស់​គ្នា​នឹង​ត្រូវ​បំផ្លាញ​ចោល​ដូច​អ្នក​ទាំង​នោះ ប្រសិន​បើ​អ្នក​មិន​ប្រែ​ចិត្ត​»។ (​លូកា ១៣:២, ៣​) បន្ទាប់​មក លោក​យេស៊ូ​បាន​លើក​ឡើង​រឿង​ខ្លោច​ផ្សា​មួយ​ទៀត​ដែល​ប្រហែល​ជា​ទើប​តែ​បាន​កើត​ឡើង ហើយ​ប្រហែល​ជា​ជាប់​ទាក់​ទង​នឹង​ការ​សាងសង់​ប្រឡាយ​ទឹក​នោះ។

លោក​សួរ​ពួក​គេ​ថា​៖ ​«​រីឯ​មនុស្ស​ដប់​ប្រាំ​បី​នាក់​វិញ​ដែល​បាន​ស្លាប់​ដោយ​សារ​ប៉ម​នៅ​ស៊ីឡូម​បាន​រលំ​លើ​ពួក​គេ តើ​អ្នក​ស្មានថា​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ច្រើន​ជាង​មនុស្ស​ឯ​ទៀត​នៅ​ក្រុង​យេរូសាឡិម​ឬ?​»។ (​លូកា ១៣:៤​) ពួក​បណ្ដា​ជន​ប្រហែល​ជា​គិត​ថា អ្នក​ទាំង​នោះ​ស្លាប់​ដោយ​សារ​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ណា​មួយ។ ក៏​ប៉ុន្តែ ម្ដង​នេះ​ទៀត លោក​យេស៊ូ​មិន​យល់​ស្រប​ទេ។ លោក​ជ្រាប​ថា​«​ពេល​វេលា​នឹង​ឱកាស​»​ដែល​មិន​ដឹង​ទុក​ជា​មុន​អាច​កើត​ឡើង​បាន ហើយ​នេះ​ទំនង​ជា​ដើម​ហេតុ​នៃ​រឿង​ខ្លោច​ផ្សា​នោះ។ (​សាស្ដា ៩:១១​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពួក​បណ្ដា​ជន​គួរ​ទាញ​មេ​រៀន​ពី​ហេតុ​ការណ៍​នេះ។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ទាំង​អស់​គ្នា​នឹង​ត្រូវ​បំផ្លាញ​ចោល​ដូច​អ្នក​ទាំង​នោះ ប្រសិន​បើ​អ្នក​មិន​ប្រែ​ចិត្ត​»។ (​លូកា ១៣:៥​) ប៉ុន្តែ ហេតុ​អ្វី​លោក​កំពុង​បញ្ជាក់​មេ​រៀន​នេះ​នៅ​ឥឡូវ​នេះ?

លោក​ធ្វើ​ដូច្នោះ ពី​ព្រោះ​លោក​ដឹង​ថា​ទី​បញ្ចប់​នៃ​កិច្ច​បម្រើ​របស់​លោក​គឺ​ជិត​មក​ដល់​ហើយ។ ស្តី​អំពី​រឿង​នេះ លោក​លើក​ឧទាហរណ៍​មួយ​ដែល​ថា​៖ ​«​មាន​បុរស​ម្នាក់​មាន​ដើម​ល្វា​តូច នៅ​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​គាត់ ហើយ​គាត់​មក​រក​បេះ​ផ្លែ​ពី​ដើម​ល្វា​នោះ តែ​ដើម​នោះ​គ្មាន​ផ្លែ​ទេ។ នោះ​គាត់​ប្រាប់​អ្នក​ថែ​ចម្ការ​ទំពាំង​បាយ​ជូរ​ថា​៖ ‹ខ្ញុំ​បាន​មក​រក​បេះ​ផ្លែ​ពី​ដើម​ល្វា​តូច​នេះ​អស់​បី​ឆ្នាំ​ហើយ តែ​ដើម​នេះ​គ្មាន​ផ្លែ​សោះ។ ចូរ​កាប់​វា​ចោល! មិន​ចាំ​បាច់​ទុក​ឲ្យ​ខាត​ដី​ត​ទៅ​ទៀត​ទេ›។ អ្នក​ថែ​ចម្ការ​ទំពាំង​បាយ​ជូរ​តប​ថា​៖ ‹លោក​ម្ចាស់ សូម​លោក​ទុក​ដើម​នោះ​ឲ្យ​នៅ​មួយ​រដូវ​ទៀត ចាំ​ខ្ញុំ​ជ្រួយ​ដី​នៅ​ជុំ​វិញ​ហើយ​ដាក់​ជី។ រួច​បើ​នៅ​ថ្ងៃ​មុខ​ដើម​នេះ​មាន​ផ្លែ ជា​ការ​ល្អ​ហើយ ប៉ុន្តែ​បើ​គ្មាន​ផ្លែ​ទេ លោក​អញ្ជើញ​កាប់​ចោល​ចុះ›​»។—លូកា ១៣:៦​-​៩

អស់​ជាង​បី​ឆ្នាំ​ហើយ​ដែល​លោក​យេស៊ូ​បាន​ព្យាយាម​ជួយ​ជន​ជាតិ​យូដា​ឲ្យ​មាន​ជំនឿ​លើ​ព្រះ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ មាន​មនុស្ស​តិច​ណាស់​ដែល​បាន​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក។ លោក​យេស៊ូ​អាច​គិត​ថា​ពួក​គេ​ជា​ផល​ផ្លែ​នៃ​ការ​ខំ​ព្យាយាម​របស់​លោក។ ឥឡូវ​នៅ​ឆ្នាំ​ទី​៤​នៃ​កិច្ច​បម្រើ​របស់​លោក លោក​កំពុង​ខំ​បង្កើន​សកម្មភាព​ផ្សព្វ​ផ្សាយ​និង​បង្រៀន​នៅ​តំបន់​យូឌា​និង​តំបន់​ភេរៀ។ នេះ​ហាក់​ដូច​ជា​លោក​កំពុង​ជ្រួយ​ដី​ហើយ​ដាក់​ជី​នៅ​ជុំ​វិញ​ដើម​ល្វា​ដែល​ជា​ជន​ជាតិ​យូដា។ តើ​មាន​លទ្ធផល​អ្វី? មាន​តែ​ជន​ជាតិ​យូដា​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​បាន​ប្រែ​ចិត្ត។ ប៉ុន្តែ ជន​ជាតិ​យូដា​ភាគ​ច្រើន​មិន​ព្រម​ប្រែ​ចិត្ត​ឡើយ។ ហេតុ​នេះ ពួក​គេ​នឹង​ត្រូវ​បំផ្លាញ​ចោល។

មិន​យូរ​ប៉ុន្មាន​ក្រោយ​មក​នៅ​ថ្ងៃ​ឈប់​សម្រាក យើង​ឃើញ​យ៉ាង​ច្បាស់​ម្ដង​ទៀត​ថា ជន​ជាតិ​យូដា​ភាគ​ច្រើន​មិន​ប្រែ​ចិត្ត​ឡើយ។ ពេល​លោក​យេស៊ូ​កំពុង​បង្រៀន​ក្នុង​សាលា​ប្រជុំ​មួយ លោក​បាន​ឃើញ​ស្ត្រី​ម្នាក់​ដែល​ឈឺ​អស់​១៨​ឆ្នាំ ដោយ​សារ​ឥទ្ធិពល​នៃ​វិញ្ញាណ​កំណាច។ នាង​កោង​ខ្នង​ជិត​ដល់​ដី ហើយ​ពុំ​អាច​ងើប​ត្រង់​បាន​ឡើយ។ លោក​យេស៊ូ​បង្ហាញ​ចិត្ត​មេត្ដា​ករុណា ដោយ​ប្រាប់​ស្ត្រី​នោះ​ថា​៖ ​«​នាង​អើយ នាង​បាន​ត្រូវ​រំដោះ​ពី​ជំងឺ​របស់​នាង​ហើយ​»។ (​លូកា ១៣:១២​) រួច​លោក​ដាក់​ដៃ​លើ​នាង នាង​ក៏​ងើប​ត្រង់​ភ្លាម ហើយ​ចាប់​ផ្ដើម​លើក​តម្កើង​ព្រះ។

នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ទទួល​ខុស​ត្រូវ​នៅ​សាលា​ប្រជុំ​ខឹង​យ៉ាង​ខ្លាំង ហើយ​គាត់​និយាយ​ទៅ​បណ្ដា​ជន​ថា​៖ ​«​មាន​ប្រាំ​មួយ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​គួរ​ធ្វើ​ការ។ ដូច្នេះ ចូរ​មក​នៅ​ថ្ងៃ​ទាំង​នោះ​ដើម្បី​ជា​ពី​ជំងឺ មិន​មែន​នៅ​ថ្ងៃ​ឈប់​សម្រាក​ទេ​»។ (​លូកា ១៣:១៤​) អ្នក​ទទួល​ខុស​ត្រូវ​នៅ​សាលា​ប្រជុំ​មិន​បាន​បដិសេធ​ថា​លោក​យេស៊ូ​គ្មាន​ឫទ្ធានុភាព​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ជា​សះ​ស្បើយ​នោះ​ឡើយ។ ប៉ុន្តែ គាត់​កំពុង​ស្តី​បន្ទោស​ឲ្យ​បណ្ដា​ជន​ដែល​មក​ជួប​លោក​យេស៊ូ​ដើម្បី​ជា​ពី​ជំងឺ​នៅ​ថ្ងៃ​ឈប់​សម្រាក! លោក​យេស៊ូ​តប​ទៅ​គាត់​ដោយ​សម​ហេតុ​សម​ផល​ថា​៖ ​«​មនុស្ស​លាក់​ពុត! នៅ​ថ្ងៃ​ឈប់​សម្រាក អ្នក​រាល់​គ្នា​តែង​តែ​ស្រាយ​គោ​ឈ្មោល​ឬ​លា​របស់​ខ្លួន រួច​ដឹក​ចេញ​ពី​ក្រោល​ទៅ​ឲ្យ​ផឹក​ទឹក មែន​ទេ? បើ​ដូច្នេះ ចុះ​ស្ត្រី​នេះ​ដែល​ជា​កូន​អាប្រាហាំ ហើយ​ដែល​បាន​ជាប់​ចំណង​របស់​សាថាន អស់​ដប់​ប្រាំ​បី​ឆ្នាំ​ហើយ តើ​មិន​ត្រូវ​ស្រាយ​នាង​ឲ្យ​រួច​ពី​ចំណង​នេះ​នៅ​ថ្ងៃ​ឈប់​សម្រាក​ទេ​ឬ?​»។—លូកា ១៣:១៥, ១៦

ពេល​ដែល​លោក​មាន​ប្រសាសន៍​ដូច្នេះ អស់​អ្នក​ដែល​ប្រឆាំង​លោក​ក៏​មាន​សេចក្ដី​អៀន​ខ្មាស ប៉ុន្តែ​បណ្ដា​ជន​ត្រេក​អរ​វិញ ដោយ​ឃើញ​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​ដែល​លោក​បាន​ធ្វើ។ បន្ទាប់​មក​ក្នុង​តំបន់​យូឌា​នេះ លោក​យេស៊ូ​លើក​ឡើង​ម្ដង​ទៀត​នូវ​ឧទាហរណ៍​ពីរ​ដែល​ជា​ទំនាយ​ទាក់​ទង​នឹង​រាជាណាចក្រ។ នៅ​ពេល​មុន លោក​បាន​ប្រាប់​បណ្ដា​ជន​នូវ​ឧទាហរណ៍​ទាំង​ពីរ​នោះ កាល​ដែល​លោក​អង្គុយ​លើ​ទូក​នៅ​សមុទ្រ​កាលីឡេ។—ម៉ាថាយ ១៣:៣១​-​៣៣; លូកា ១៣:១៨​-​២១