លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៧៣

តើតាមរបៀបណាជនជាតិសាម៉ារីម្នាក់ជាអ្នកជិតខាងពិត?

តើតាមរបៀបណាជនជាតិសាម៉ារីម្នាក់ជាអ្នកជិតខាងពិត?

លូកា ១០:២៥​-​៣៧

  • របៀប​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ជា​មត៌ក

  • ជន​ជាតិ​សាម៉ារី​ម្នាក់​ដែល​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត

កាល​ដែល​លោក​យេស៊ូ​នៅ​ជិត​ក្រុង​យេរូសាឡិម​នៅ​ឡើយ មាន​ជន​ជាតិ​យូដា​ជា​ច្រើន​បាន​មក​ជួប​លោក។ អ្នក​ខ្លះ​ចង់​រៀន​ពី​លោក រីឯ​អ្នក​ខ្លះ​ទៀត​ចង់​ល្បង​ល​លោក។ ក្នុង​ចំណោម​ពួក​គេ​មាន​អ្នក​ជំនាញ​ខាង​ច្បាប់​ម្នាក់​បាន​សួរ​លោក​ថា​៖ ​«​លោក​គ្រូ តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ជា​មត៌ក?​»។—លូកា ១០:២៥

លោក​យេស៊ូ​ដឹង​ថា​បុរស​នោះ​មិន​មែន​សួរ​ដើម្បី​ចង់​ដឹង​ចម្លើយ​នោះ​ទេ។ លោក​ជ្រាប​ថា​បុរស​នោះ​មាន​ទស្សនៈ​ផ្ទាល់​ខ្លួន​រួច​ហើយ។ ប៉ុន្តែ បុរស​នោះ​ប្រហែល​ជា​ព្យាយាម​ឲ្យ​លោក​យេស៊ូ​ឆ្លើយ​តាម​របៀប​មួយ​ដែល​ធ្វើ​ឲ្យ​ជន​ជាតិ​យូដា​ទើស​ចិត្ត។ ដូច្នេះ លោក​ឆ្លើយ​ដោយ​ប្រាជ្ញា​តាម​របៀប​មួយ​ដែល​នាំ​ឲ្យ​បុរស​នោះ​បង្ហាញ​អំពី​អ្វី​ដែល​គាត់​កំពុង​គិត។

លោក​យេស៊ូ​សួរ​បុរស​នោះ​ថា​៖ ​«​តើ​ច្បាប់​ចែង​យ៉ាង​ណា? ពេល​ដែល​អាន​តើ​អ្នក​យល់​ដូច​ម្ដេច?​»។ បុរស​ម្នាក់​នេះ​បាន​សិក្សា​ច្បាប់​របស់​ព្រះ ហេតុ​នេះ​ចម្លើយ​របស់​គាត់​មាន​មូលដ្ឋាន​លើ​ច្បាប់​នោះ។ គាត់​ដក​ស្រង់​បទ​គម្ពីរ​នៅ​ចោទិយកថា ៦:៥ និង​លេវីវិន័យ ១៩:១៨ ដោយ​ឆ្លើយ​ថា​៖ ​«​‹អ្នក​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ដួង​ចិត្ត អស់​ពី​ព្រលឹង អស់​ពី​កម្លាំង ហើយ​អស់​ពី​សមត្ថភាព​រិះ​គិត› ហើយ ‹អ្នក​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ស្រឡាញ់​ខ្លួន​អ្នក›​»។ (​លូកា ១០:២៦, ២៧​) តើ​នេះ​ពិត​ជា​ចម្លើយ​ចំពោះ​សំណួរ​ដែល​គាត់​សួរ​លោក​យេស៊ូ​ឬ?

លោក​យេស៊ូ​ប្រាប់​បុរស​នោះ​ថា​៖ ​«​អ្នក​ឆ្លើយ​ត្រឹម​ត្រូវ​ហើយ ‹ចូរ​បន្ត​ធ្វើ​ដូច្នោះ ហើយ​អ្នក​នឹង​បាន​ជីវិត›​»។ ប៉ុន្តែ តើ​នេះ​បាន​បញ្ចប់​ការ​ពិគ្រោះ​នោះ​ឬ​ទេ? បុរស​នោះ​មិន​គ្រាន់​តែ​ចង់​បាន​ចម្លើយ​ត្រង់​នោះ​ទេ តែ​គាត់​កំពុង​«​បញ្ជាក់​ថា​ខ្លួន​គាត់​សុចរិត​»​ ដោយ​ចង់​បង្ហាញ​ថា​ទស្សនៈ​របស់​គាត់​គឺ​ត្រឹម​ត្រូវ ហើយ​ថា​ការ​ប្រព្រឹត្ត​របស់​គាត់​ចំពោះ​អ្នក​ឯ​ទៀត​ក៏​ត្រឹម​ត្រូវ​ដែរ។ ដូច្នេះ គាត់​សួរ​លោក​យេស៊ូ​ថា​៖ ​«​តើ​អ្នក​ណា​ទៅ ជា​អ្នក​ជិត​ខាង​របស់​ខ្ញុំ?​»។ (​លូកា ១០:២៨, ២៩​) សំណួរ​នេះ​ហាក់​ដូច​ជា​ស្រួល​ឆ្លើយ តែ​មាន​អត្ថន័យ​ជ្រាល​ជ្រៅ។ ហេតុ​អ្វី​ដូច្នេះ?

ជន​ជាតិ​យូដា​ជឿ​ថា​ពាក្យ​«​អ្នក​ជិត​ខាង​»​គ្រាន់​តែ​សំដៅ​ទៅ​លើ​តែ​អ្នក​ដែល​ធ្វើ​តាម​ទំនៀម​ទម្លាប់​របស់​ជន​ជាតិ​យូដា​ប៉ុណ្ណោះ ហើយ​បទ​គម្ពីរ​នៅ​លេវីវិន័យ ១៩:១៨ ហាក់​ដូច​ជា​គាំ​ទ្រ​ជំនឿ​នេះ។ តាម​ពិត ជន​ជាតិ​យូដា​ម្នាក់​ប្រហែល​ជា​អះអាង​ថា​«​គ្មាន​ច្បាប់​»​ឲ្យ​ជន​ជាតិ​យូដា​ទាក់​ទង​ជា​មួយ​នឹង​ជន​ជាតិ​ដទៃ​ឡើយ។ (​សកម្មភាព ១០:២៨​) ដូច្នេះ បុរស​នេះ រួម​ទាំង​អ្នក​កាន់​តាម​ខ្លះ​របស់​លោក​យេស៊ូ ប្រហែល​ជា​គិត​ថា​ពួក​គេ​ជា​មនុស្ស​សុចរិត បើ​ពួក​គេ​ប្រព្រឹត្ត​ដោយ​សប្បុរស​ចំពោះ​ជន​ជាតិ​យូដា​ដូច​គ្នា។ ប៉ុន្តែ ពួក​គេ​ទំនង​ជា​ប្រព្រឹត្ត​ដោយ​មិន​សប្បុរស​ចំពោះ​ជន​ជាតិ​ដទៃ ពី​ព្រោះ​ពួក​គេ​គិត​ថា​ជន​ជាតិ​ដទៃ​មិន​មែន​ជា​«​អ្នក​ជិត​ខាង​»​ឡើយ។

តើ​តាម​របៀប​ណា​លោក​យេស៊ូ​អាច​កែ​ប្រែ​ទស្សនៈ​របស់​ពួក​គេ​ដោយ​មិន​ធ្វើ​ឲ្យ​បុរស​នោះ​និង​ជន​ជាតិ​យូដា​ឯ​ទៀត​ទើស​ចិត្ត? លោក​បាន​ធ្វើ​ដូច្នេះ​ដោយ​ប្រាប់​រឿង​មួយ​ថា​៖ ​«​មាន​បុរស​ម្នាក់​កំពុង​ធ្វើ​ដំណើរ​ចុះ​ពី​ក្រុង​យេរូសាឡិម​ទៅ​ក្រុង​យេរីខូ ក៏​បាន​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​ពួក​ចោរ​ប្លន់។ ចោរ​ទាំង​នោះ​បាន​ចាប់​ដោះ​យក​សម្លៀក​បំពាក់​គាត់ ក៏​វាយ​ដំ រួច​ចេញ​ទៅ​ដោយ​ទុក​គាត់​ចោល​ស្ទើរ​ស្លាប់​ស្ទើរ​រស់។ ចៃដន្យ នៅ​ពេល​នោះ​មាន​សង្ឃ​ម្នាក់​កំពុង​ចុះ​តាម​ផ្លូវ​នោះ​ដែរ ប៉ុន្តែ​កាល​ដែល​ឃើញ​បុរស​នោះ សង្ឃ​ក៏​ជៀស​ទៅ​ម្ខាង​ផ្លូវ​ហើយ​បន្ត​ដំណើរ។ ដូច​គ្នា​ដែរ ពេល​បុរស​ម្នាក់​ពី​កុលសម្ព័ន្ធ​លេវី​បាន​ចុះ​ទៅ​ដល់​កន្លែង​នោះ​ហើយ​ឃើញ​បុរស​នោះ គាត់​ក៏​ជៀស​ទៅ​ម្ខាង​ផ្លូវ ហើយ​បន្ត​ដំណើរ​ដែរ។ ប៉ុន្តែ​បុរស​ជន​ជាតិ​សាម៉ារី​ម្នាក់​ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ​បាន​ប្រទះ​ឃើញ​បុរស​នោះ។ កាល​បាន​ឃើញ​ហើយ គាត់​ក៏​មាន​ចិត្ត​ក្ដួល​អាណិត​»។—លូកា ១០:៣០​-​៣៣

បុរស​ដែល​លោក​យេស៊ូ​កំពុង​ប្រាប់​រឿង​នោះ ពិត​ជា​ដឹង​ថា​មាន​ពួក​សង្ឃ​ជា​ច្រើន​និង​ជំនួយ​ការ​ជា​ពួក​លេវី ដែល​បម្រើ​នៅ​វិហារ។ ពួក​គេ​រស់​នៅ​ក្នុង​ក្រុង​យេរីខូ។ ដើម្បី​ត្រឡប់​ពី​វិហារ ពួក​គេ​ត្រូវ​ធ្វើ​ដំណើរ​ចុះ​តាម​ផ្លូវ​ដែល​មាន​ចម្ងាយ​ប្រហែល​ជា​២៣​គីឡូ​ម៉ែត្រ។ អ្នក​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​នេះ​អាច​ជួប​នឹង​គ្រោះ​ថ្នាក់ ពី​ព្រោះ​មាន​ចោរ​ចាំ​ស្ទាក់​ប្លន់។ បើ​សង្ឃ​ម្នាក់​និង​លេវី​ម្នាក់​ឃើញ​ជន​ជាតិ​យូដា​ដូច​គ្នា​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់ តើ​ពួក​គេ​គួរ​ជួយ​គាត់​ឬ​ទេ? ក្នុង​រឿង​នេះ លោក​យេស៊ូ​ប្រាប់​ថា​ពួក​គេ​មិន​បាន​ធ្វើ​ដូច្នោះ​ឡើយ។ ប៉ុន្តែ អ្នក​ដែល​ជួយ​បុរស​នោះ​គឺ​ជា​ជន​ជាតិ​សាម៉ារី​ម្នាក់ ជា​ជាតិ​សាសន៍​មួយ​ដែល​ជន​ជាតិ​យូដា​ស្អប់។—យ៉ូហាន ៨:៤៨

តើ​ជន​ជាតិ​សាម៉ារី​នោះ​ជួយ​ជន​ជាតិ​យូដា​ដែល​មាន​គ្រោះ​ថ្នាក់​យ៉ាង​ដូច​ម្ដេច? លោក​យេស៊ូ​បន្ត​ប្រាប់​ថា​៖ ​«​គាត់​ទៅ​ជិត​ហើយ​រុំ​របួស​ឲ្យ​បុរស​នោះ ក៏​ចាក់​ប្រេង​និង​ស្រា​លើ​របួស​នោះ​ផង។ រួច​មក គាត់​លើក​បុរស​នោះ​ដាក់​លើ​សត្វ​ជា​ជំនិះ​របស់​គាត់ ក៏​នាំ​យក​ទៅ​ផ្ទះ​សម្នាក់​មួយ​ហើយ​ថែ​ទាំ។ លុះ​ថ្ងៃ​ស្អែក គាត់​យក​ប្រាក់​ពីរ​ឌីណារី ជូន​ម្ចាស់​ផ្ទះ​សម្នាក់ ក៏​ប្រាប់​ថា​៖ ‹សូម​ថែ​ទាំ​គាត់ ហើយ​បើ​អ្នក​ចំណាយ​ប្រាក់​លើស​ពី​នេះ ខ្ញុំ​នឹង​សង​អ្នក​ពេល​ខ្ញុំ​ត្រឡប់​មក​វិញ›​»។—លូកា ១០:៣៤, ៣៥

ក្រោយ​ពី​បាន​ប្រាប់​រឿង​នោះ​ហើយ លោក​យេស៊ូ​ដែល​ជា​គ្រូ​ដ៏​ឧត្តម សួរ​បុរស​នោះ​នូវ​សំណួរ​មួយ​ដែល​ធ្វើ​ឲ្យ​គាត់​រិះ​គិត ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​តាម​យោបល់​របស់​អ្នក តើ​អ្នក​ណា​ក្នុង​ចំណោម​បុរស​ទាំង​បី​នាក់​នោះ​បាន​ប្រព្រឹត្ត​ជា​អ្នក​ជិត​ខាង​ចំពោះ​បុរស​ដែល​បាន​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​ពួក​ចោរ?​»។ បុរស​នោះ​ប្រហែល​ជា​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ការ​ឆ្លើយ​ថា​ជា​«​ជន​ជាតិ​សាម៉ារី​»។ ដូច្នេះ គាត់​ឆ្លើយ​ថា​៖ ​«​គឺ​បុរស​ដែល​បាន​ប្រព្រឹត្ត​ទៅ​លើ​គាត់​ដោយ​មេត្ដា​ករុណា​»។ បន្ទាប់​មក លោក​យេស៊ូ​ប្រាប់​យ៉ាង​ច្បាស់​អំពី​អ្វី​ដែល​បុរស​នោះ​ត្រូវ​ធ្វើ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ទៅ​ចុះ! ហើយ​ប្រព្រឹត្ត​ដូច្នោះ​ដែរ​»។—លូកា ១០:៣៦, ៣៧

នេះ​ពិត​ជា​របៀប​បង្រៀន​ដែល​មាន​ប្រសិទ្ធភាព​មែន! បើ​លោក​យេស៊ូ​គ្រាន់​តែ​ប្រាប់​បុរស​នោះ​ថា ជន​ជាតិ​ដទៃ​ក៏​ជា​អ្នក​ជិត​ខាង​របស់​គាត់​ដែរ តើ​បុរស​នោះ​និង​ជន​ជាតិ​យូដា​ឯ​ទៀត​ព្រម​ទទួល​ចម្លើយ​របស់​លោក​យេស៊ូ​ឬ​ទេ? ពួក​គេ​ប្រហែល​ជា​មិន​ព្រម​ទេ។ ក៏​ប៉ុន្តែ លោក​យេស៊ូ​បាន​លើក​រឿង​មួយ​ដែល​មាន​ព័ត៌មាន​ជាក់​លាក់​ដែល​អ្នក​ស្ដាប់​អាច​យល់​បាន ហេតុ​នេះ​ពួក​គេ​អាច​យល់​ច្បាស់​ចំពោះ​សំណួរ​ដែល​ថា​«​តើ​អ្នក​ណា​ទៅ ជា​អ្នក​ជិត​ខាង​របស់​ខ្ញុំ?​»។ ដូច្នេះ អ្នក​ជិត​ខាង​ពិត​គឺ​ជា​អ្នក​ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​មាន​ចិត្ត​សប្បុរស ដូច​ខ​គម្ពីរ​បង្គាប់​ឲ្យ​យើង​ធ្វើ។