លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៦៩

តើឪពុកពួកគេជាអាប្រាហាំឬក៏ជាមេកំណាច?

តើឪពុកពួកគេជាអាប្រាហាំឬក៏ជាមេកំណាច?

យ៉ូហាន ៨:៣៧​-​៥៩

  • ជន​ជាតិ​យូដា​អះអាង​ថា​អាប្រាហាំ​ជា​ឪ​ពុក​របស់​ពួក​គេ

  • មុន​អាប្រាហាំ​កើត​មក មាន​លោក​យេស៊ូ​ហើយ

ក្នុង​ក្រុង​យេរូសាឡិម នៅ​មាន​បុណ្យ​រោង(​ឬ​បុណ្យ​ខ្ទម​)នៅ​ឡើយ។ នៅ​ទី​នោះ លោក​យេស៊ូ​បន្ត​បង្រៀន​សេចក្ដី​ពិត​ដ៏​សំខាន់។ ជន​ជាតិ​យូដា​ខ្លះ​ដែល​បាន​ចូល​រួម​បុណ្យ​នោះ ទើប​តែ​បាន​ប្រាប់​លោក​ថា​៖ ​«​យើង​ជា​កូន​ចៅ​របស់​អាប្រាហាំ យើង​មិន​ដែល​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​ណា​សោះ​»។ រួច​មក លោក​យេស៊ូ​តប​ឆ្លើយ​ទៅ​ពួក​គេ​ថា​៖ ​«​ខ្ញុំ​ដឹង​ថា​អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​អាប្រាហាំ ប៉ុន្តែ​អ្នក​រាល់​គ្នា​កំពុង​រក​វិធី​សម្លាប់​ខ្ញុំ ពី​ព្រោះ​អ្នក​រាល់​គ្នា​មិន​ទទួល​សេចក្ដី​បង្រៀន​របស់​ខ្ញុំ​ឡើយ។ ខ្ញុំ​និយាយ​អំពី​អ្វី​ៗ​ដែល​ខ្ញុំ​បាន​ឃើញ​កាល​ដែល​នៅ​ជា​មួយ​នឹង​បិតា​របស់​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​ក៏​ធ្វើ​អ្វី​ៗ​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ឪ​ពុក​របស់​អ្នក​រាល់​គ្នា​ដែរ​»។—យ៉ូហាន ៨:៣៣, ៣៧, ៣៨

លោក​យេស៊ូ​លើក​បញ្ជាក់​យ៉ាង​ច្បាស់​ថា បិតា​របស់​លោក​គឺ​ខុស​គ្នា​ពី​ឪ​ពុក​របស់​ពួក​គេ។ ប៉ុន្តែ ជន​ជាតិ​យូដា​មិន​ដឹង​ថា​លោក​យេស៊ូ​មាន​ប្រសាសន៍​អំពី​អ្វី​ទេ។ ពួក​គេ​និយាយ​ម្ដង​ទៀត​ថា​៖ ​«​អាប្រាហាំ​ជា​ឪ​ពុក​របស់​យើង​»។ (​យ៉ូហាន ៨:៣៩; អេសាយ ៤១:៨​) ពួក​គេ​និយាយ​ត្រូវ​មែន​ថា​ពួក​គេ​ជា​កូន​ចៅ​របស់​អាប្រាហាំ។ ហេតុ​នេះ ពួក​គេ​គិត​ថា​ពួក​គេ​មាន​ជំនឿ​ដូច​អាប្រាហាំ​ដែល​ជា​សម្លាញ់​របស់​ព្រះ។

ប៉ុន្តែ ការ​ឆ្លើយ​តប​របស់​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ភ្ញាក់​ផ្អើល ពេល​លោក​មាន​ប្រសាសន៍​ថា​៖ ​«​ប្រសិន​បើ​អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​អាប្រាហាំ ចូរ​ធ្វើ​អ្វី​ដែល​អាប្រាហាំ​បាន​ធ្វើ​»។ មែន​ហើយ កូន​បង្កើត​តែង​តែ​ធ្វើ​តាម​គំរូ​របស់​ឪ​ពុក។ លោក​យេស៊ូ​មាន​ប្រសាសន៍​បន្ត​ថា​៖ ​«​ប៉ុន្តែ​ឥឡូវ​នេះ​អ្នក​រាល់​គ្នា​កំពុង​រក​វិធី​សម្លាប់​ខ្ញុំ ជា​អ្នក​ដែល​បាន​ប្រាប់​អ្នក​រាល់​គ្នា​នូវ​សេចក្ដី​ពិត​ដែល​ខ្ញុំ​បាន​ឮ​ពី​ព្រះ។ អាប្រាហាំ​មិន​បាន​ធ្វើ​ដូច្នេះ​ទេ​»។ បន្ទាប់​មក លោក​បាន​ធ្វើ​ឲ្យ​ពួក​គេ​ភ្ញាក់​ផ្អើល ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​រាល់​គ្នា​ធ្វើ​អ្វី​ដែល​ឪ​ពុក​របស់​អ្នក​រាល់​គ្នា​ធ្វើ​»។—យ៉ូហាន ៨:៣៩​-​៤១

ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ជន​ជាតិ​យូដា​នៅ​តែ​មិន​យល់​ថា​លោក​យេស៊ូ​កំពុង​មាន​ប្រសាសន៍​អំពី​អ្នក​ណា​ទេ។ ពួក​គេ​អះអាង​ថា ពួក​គេ​ជា​កូន​មាន​ខាន់​ស្លា ដោយ​និយាយ​ថា​៖ ​«​យើង​មិន​មែន​ជា​កូន​ឥត​ខាន់​ស្លា​ទេ យើង​មាន​បិតា​តែ​មួយ គឺ​ព្រះ​»។ ប៉ុន្តែ តើ​ព្រះ​ប្រាកដ​ជា​បិតា​របស់​ពួក​គេ​មែន​ឬ? លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ប្រសិន​បើ​ព្រះ​ជា​បិតា​របស់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​ស្រឡាញ់​ខ្ញុំ ព្រោះ​ខ្ញុំ​បាន​មក​ពី​ព្រះ ក៏​នៅ​ទី​នេះ​ដោយ​សារ​ព្រះ។ ខ្ញុំ​មិន​មែន​មក​ដោយ​គំនិត​របស់​ខ្ញុំ​ទេ ប៉ុន្តែ​លោក​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​»។ រួច​មក លោក​យេស៊ូ​សួរ​សំណួរ​មួយ​ហើយ​ឆ្លើយ​ដោយ​ខ្លួន​លោក​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ដឹង​អំពី​អ្វី​ដែល​ខ្ញុំ​កំពុង​និយាយ? គឺ​ពី​ព្រោះ​អ្នក​រាល់​គ្នា​មិន​អាច​ស្ដាប់​សេចក្ដី​បង្រៀន​របស់​ខ្ញុំ​បាន​ឡើយ​»។—យ៉ូហាន ៨:៤១​-​៤៣

លោក​យេស៊ូ​បាន​ខំ​ព្យាយាម​ប្រាប់​ពួក​គេ​អំពី​លទ្ធផល​អាក្រក់​ដែល​មក​ពី​ការ​បដិសេធ​លោក។ ប៉ុន្តែ ឥឡូវ​នេះ​លោក​មាន​ប្រសាសន៍​យ៉ាង​ចំ​ៗ​ថា​៖ ​«​មេ​កំណាច​ជា​ឪ​ពុក​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ចង់​ធ្វើ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ឪ​ពុក​អ្នក​»។ តើ​ឪ​ពុក​របស់​ពួក​គេ​មាន​បុគ្គលិក​លក្ខណៈ​បែប​ណា? លោក​យេស៊ូ​ប្រាប់​យ៉ាង​ច្បាស់​អំពី​បុគ្គលិក​លក្ខណៈ​របស់​ឪ​ពុក​ពួក​គេ​ថា​៖ ​«​មេ​កំណាច​ជា​ឃាតករ​តាំង​ពី​ដើម​ដំបូង ហើយ​មិន​បាន​នៅ​ជាប់​នឹង​សេចក្ដី​ពិត​ឡើយ​»។ បន្ទាប់​មក លោក​មាន​ប្រសាសន៍​បន្ថែម​ថា​៖ ​«​អ្នក​ណា​ដែល​មក​ពី​ព្រះ អ្នក​នោះ​ស្ដាប់​ប្រសាសន៍​របស់​ព្រះ។ ហេតុ​នោះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ទេ ពី​ព្រោះ​អ្នក​រាល់​គ្នា​មិន​មក​ពី​ព្រះ​ឡើយ​»។—យ៉ូហាន ៨:៤៤, ៤៧

ការ​ផ្ដន្ទា​ទោស​របស់​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​ជន​ជាតិ​យូដា​ខឹង​យ៉ាង​ខ្លាំង ហើយ​ពួក​គេ​តប​ទៅ​លោក​វិញ​ថា​៖ ​«​តើ​យើង​មិន​បាន​និយាយ​ត្រឹម​ត្រូវ​ទេ​ថា អ្នក​ជា​ជន​ជាតិ​សាម៉ារី​ហើយ​ក៏​មាន​វិញ្ញាណ​កំណាច​ចូល?​»។ ការ​ដែល​ពួក​គេ​ហៅ​លោក​យេស៊ូ​ថា​«​ជន​ជាតិ​សាម៉ារី​»​ នោះ​បង្ហាញ​ថា​ពួក​គេ​កំពុង​មើល​ងាយ​មើល​ថោក​លោក។ ក៏​ប៉ុន្តែ លោក​យេស៊ូ​មិន​អើពើ​នឹង​ការ​មើល​ងាយ​របស់​ពួក​គេ​ទេ។ លោក​តប​ទៅ​ពួក​គេ​ថា​៖ ​«​ខ្ញុំ​មិន​មាន​វិញ្ញាណ​កំណាច​ចូល​ទេ ប៉ុន្តែ​ខ្ញុំ​លើក​កិត្ដិយស​បិតា​របស់​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​បង្ខូច​កិត្ដិយស​ខ្ញុំ​»។ ការ​បង្ខូច​កិត្ដិយស​របស់​លោក​យេស៊ូ​ជា​កំហុស​ធ្ងន់​ធ្ងរ​ណាស់។ ហេតុ​អ្វី​យើង​ដឹង? ពី​ព្រោះ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ប្រសិន​បើ​មាន​អ្នក​ណា​ប្រព្រឹត្ត​តាម​សេចក្ដី​បង្រៀន​របស់​ខ្ញុំ អ្នក​នោះ​នឹង​មិន​ស្លាប់​ឡើយ​»។ សេចក្ដី​សន្យា​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​លោក​ភ្ញាក់​ផ្អើល។ លោក​មិន​មាន​ន័យ​ថា​ពួក​សាវ័ក​និង​អ្នក​កាន់​តាម​ឯ​ទៀត​នឹង​មិន​ស្លាប់​នោះ​ទេ តែ​លោក​មាន​ន័យ​ថា​ពួក​គេ​នឹង​មិន​ទទួល​«​សេចក្ដី​ស្លាប់​ទី​ពីរ​»​ដែល​គ្មាន​សេចក្ដី​សង្ឃឹម​ក្នុង​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ឬ​សំដៅ​លើ​ការ​បំផ្លាញ​ចោល​ជា​រៀង​រហូត។—យ៉ូហាន ៨:៤៨​-​៥១; ការ​បើក​បង្ហាញ ២១:៨

ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ជន​ជាតិ​យូដា​គិត​ថា​លោក​យេស៊ូ​មាន​ប្រសាសន៍​អំពី​ការ​ស្លាប់​ក្នុង​ន័យ​ត្រង់ ដូច្នេះ​ពួក​គេ​និយាយ​ថា​៖ ​«​ឥឡូវ​យើង​ដឹង​ប្រាកដ​ថា​អ្នក​មាន​វិញ្ញាណ​កំណាច​ចូល។ អាប្រាហាំ​បាន​ស្លាប់ ហើយ​ពួក​អ្នក​ប្រកាស​ទំនាយ​ក៏​បាន​ស្លាប់​ដែរ ប៉ុន្តែ​អ្នក​និយាយ​ថា​៖ ‹ប្រសិន​បើ​មាន​អ្នក​ណា​ប្រព្រឹត្ត​តាម​សេចក្ដី​បង្រៀន​របស់​ខ្ញុំ អ្នក​នោះ​នឹង​មិន​ស្លាប់​ឡើយ›។ អ្នក​មិន​មែន​ធំ​ជាង​អាប្រាហាំ ជា​បុព្វ​បុរស​របស់​យើង​ដែល​បាន​ស្លាប់​ទៅ​ហើយ​ទេ មែន​ទេ? . . . តើ​អ្នក​អះអាង​ថា​ខ្លួន​អ្នក​ជា​អ្នក​ណា?​»។—យ៉ូហាន ៨:៥២, ៥៣

ពេល​លោក​យេស៊ូ​មាន​ប្រសាសន៍​មុន​នោះ លោក​កំពុង​បញ្ជាក់យ៉ាង​ច្បាស់​ថា​លោក​គឺ​ជា​មេស្ស៊ី។ ប៉ុន្តែ ជា​ជាង​តប​ឆ្លើយ​ទៅ​នឹង​សំណួរ​ពួក​គេ​អំពី​អត្តសញ្ញាណ​របស់​លោក លោក​មាន​ប្រសាសន៍​ថា​៖ ​«​ប្រសិន​បើ​ខ្ញុំ​លើក​តម្កើង​ខ្លួន​ខ្ញុំ ការ​លើក​តម្កើង​នោះ​គ្មាន​តម្លៃ​ទេ។ គឺ​បិតា​របស់​ខ្ញុំ​ទេ​ដែល​លើក​តម្កើង​ខ្ញុំ ជា​លោក​ដែល​អ្នក​រាល់​គ្នា​និយាយ​ថា​ជា​ព្រះ​របស់​អ្នក។ តែ​អ្នក​រាល់​គ្នា​មិន​ស្គាល់​លោក​ទេ។ ក៏​ប៉ុន្តែ​ខ្ញុំ​ស្គាល់​លោក។ ប្រសិន​បើ​ខ្ញុំ​និយាយ​ថា​ខ្ញុំ​មិន​ស្គាល់​លោក​ទេ ខ្ញុំ​ក៏​ដូច​អ្នក​រាល់​គ្នា​ដែរ ពោល​គឺ​ជា​អ្នក​ភូត​ភរ​»។—យ៉ូហាន ៨:៥៤, ៥៥

ឥឡូវ លោក​យេស៊ូ​លើក​ឡើង​វិញ​អំពី​គំរូ​របស់​បុព្វ​បុរស​ដ៏​ស្មោះ​ត្រង់​របស់​ពួក​គេ​ថា​៖ ​«​អាប្រាហាំ ដែល​ជា​ឪ​ពុក​របស់​អ្នក​រាល់​គ្នា​បាន​ត្រេក​អរ​ដោយ​សង្ឃឹម​ថា​នឹង​ឃើញ​គ្រា​របស់​ខ្ញុំ ហើយ​គាត់​បាន​ឃើញ​ក៏​បាន​ត្រេក​អរ​ផង​»។ ពិត​ណាស់ ដោយ​សារ​អាប្រាហាំ​ជឿ​លើ​សេចក្ដី​សន្យា​របស់​ព្រះ គាត់​ទន្ទឹង​ចាំ​នូវ​ការ​មក​ដល់​របស់​មេស្ស៊ី។ ប៉ុន្តែ ជន​ជាតិ​យូដា​ឆ្លើយ​តប​ទាំង​មិន​ជឿ​ថា​៖ ​«​អ្នក​មាន​អាយុ​មិន​ទាន់​បាន​ហាសិប​ឆ្នាំ​ផង ម្ដេច​ក៏​ថា​បាន​ឃើញ​អាប្រាហាំ?​»។ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា មុន​អាប្រាហាំ​កើត​មក មាន​ខ្ញុំ​ហើយ​»។ លោក​កំពុង​សំដៅ​ទៅ​លើ​ពេល​មុន​លោក​មក​ផែន​ដី លោក​ជា​បុគ្គល​វិញ្ញាណ​ដ៏​ខ្លាំង​ក្លា​នៅ​ស្ថាន​សួគ៌។—យ៉ូហាន ៨:៥៦​-​៥៨

រួច​មក ជន​ជាតិ​យូដា​ខឹង​យ៉ាង​ខ្លាំង ដោយ​សារ​លោក​យេស៊ូ​អះអាង​ថា​លោក​បាន​រស់​នៅ​មុន​អាប្រាហាំ។ ពួក​គេ​រើស​ដុំ​ថ្ម​បម្រុង​គប់​លោក ប៉ុន្តែ​លោក​បាន​រត់​គេច​ចេញ​ដោយ​សុវត្ថិភាព។