លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៥១

ការប្រហារជីវិតក្នុងពិធីខួបកំណើត

ការប្រហារជីវិតក្នុងពិធីខួបកំណើត

ម៉ាថាយ ១៤:១​-​១២ ម៉ាកុស ៦:១៤​-​២៩ លូកា ៩:៧​-​៩

  • ហេរ៉ូឌ​បាន​ចាត់​ឲ្យ​គេ​កាត់​ក្បាល​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក

កាល​ដែល​ពួក​សាវ័ក​របស់​លោក​យេស៊ូ​កំពុង​បំពេញ​កិច្ច​បម្រើ​នៅ​ស្រុក​កាលីឡេ​ដោយ​សេរី នោះ​យ៉ូហាន​ជា​អ្នក​ជ្រមុជ​ទឹក​ដែល​បាន​នាំ​បណ្ដា​ជន​ឲ្យ​ស្គាល់​លោក​យេស៊ូ គ្មាន​សេរី​ភាព​ដូច​នោះ​ទេ។ ហេតុ​អ្វី? ពី​ព្រោះ​អស់​រយៈ​ពេល​ជិត​ពីរ​ឆ្នាំ​ហើយ ដែល​គាត់​នៅ​ជាប់​គុក​នៅ​ឡើយ។

យ៉ូហាន​បាន​ប្រកាស​ជា​សាធារណៈ​ថា​ស្តេច​ហេរ៉ូឌ​អាន់ទីប៉ាស​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ដោយ​យក​ហេរ៉ូឌាស​ដែល​ជា​ភរិយា​របស់​ភីលីព​ជា​ប្អូន ធ្វើ​ជា​ប្រពន្ធ​ខ្លួន។ ហេរ៉ូឌ​បាន​លែង​លះ​ប្រពន្ធ​ទី១​របស់​គាត់​ដើម្បី​រៀប​ការ​ជា​មួយ​នឹង​ហេរ៉ូឌាស។ ហេរ៉ូឌ​បាន​អះអាង​ថា​គាត់​កាន់​តាម​ច្បាប់​ម៉ូសេ តែ​គាត់​មិន​បាន​ធ្វើ​តាម​ច្បាប់​នោះ​ទេ ពី​ព្រោះ​យោង​តាម​ច្បាប់​នោះ អាពាហ៍ពិពាហ៍​របស់​គាត់​គឺ​ជា​អំពើ​ផិត​ក្បត់។ ដូច្នេះ ដើម្បី​តប​នឹង​ការ​ស្តី​បន្ទោស​ពី​យ៉ូហាន ហេរ៉ូឌ​បាន​ចាត់​ឲ្យ​គេ​ចាប់​យ៉ូហាន​ដាក់​គុក។ គាត់​បាន​ធ្វើ​ដូច្នេះ​ទំនង​ជា​ដោយ​សារ​ហេរ៉ូឌាស​បាន​បង្ខំ​គាត់។

ហេរ៉ូឌ​មិន​ដឹង​ថា​គួរ​ធ្វើ​យ៉ាង​ណា​ចំពោះ​យ៉ូហាន​ឡើយ ពី​ព្រោះ​បណ្ដា​ជន‹ចាត់​ទុក​គាត់​ជា​អ្នក​ប្រកាស​ទំនាយ›។ (​ម៉ាថាយ ១៤:៥​) ផ្ទុយ​ទៅ​វិញ ហេរ៉ូឌាស​ដឹង​ច្បាស់​ថា​នាង​ចង់​ធ្វើ​យ៉ាង​ណា​ចំពោះ​យ៉ូហាន ដោយ​សារ​នាង‹បាន​ចង​គំនុំ​នឹង​គាត់› ហើយ​បន្ត​ស្វែង​រក​ឱកាស​ដើម្បី​សម្លាប់​គាត់។ (​ម៉ាកុស ៦:១៩​) នៅ​ទី​បំផុត នាង​មាន​ឱកាស​ធ្វើ​ដូច្នេះ​មែន។ តើ​នៅ​ពេល​ណា?

ជិត​ដល់​បុណ្យ​រំលង​នៅ​ឆ្នាំ​៣២ គ.ស. ហេរ៉ូឌ​រៀប​ចំ​ពិធី​ជប់​លៀង​ខួប​កំណើត​យ៉ាង​ធំ​មួយ​របស់​គាត់។ ហេរ៉ូឌ​បាន​អញ្ជើញ​មន្ត្រី​ជាន់​ខ្ពស់​ទាំង​ឡាយ ពួក​មេ​ទ័ព និង​អ្នក​មាន​មុខ​មាត់​ធំ​ដុំ​នៅ​ស្រុក​កាលីឡេ។ ក្នុង​អំឡុង​ពិធី​ជប់​លៀង សាឡូមេ​ដែល​ជា​កូន​ស្រី​របស់​ហេរ៉ូឌាស​ជា​មួយ​នឹង​ភីលីព​ដែល​ជា​ប្ដី​មុន បាន​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​មក​រាំ​សម្រាប់​ភ្ញៀវ។ ពួក​បុរស​ទាំង​អស់​ចូល​ចិត្ត​ការ​សម្ដែង​រាំ​របស់​សាឡូមេ​ខ្លាំង​ណាស់។

ដោយ​សារ​ហេរ៉ូឌ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​នឹង​ការ​សម្ដែង​រាំ​របស់​សាឡូមេ​ដែល​ជា​កូន​របស់​ប្រពន្ធ​គាត់ នោះ​គាត់​និយាយ​ទៅ​នាង​ថា​៖ ​«​ចូរ​សុំ​អ្វី​ក៏​ដោយ ខ្ញុំ​នឹង​ឲ្យ​ដល់​នាង​»។ គាត់​ក៏​បាន​ស្បថ​នឹង​នាង​ថា​៖ ​«​អ្វី​ក៏​ដោយ​ដែល​នាង​សុំ​ពី​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ ទោះ​ជា​សុំ​រាជាណាចក្រ​ខ្ញុំ​មួយ​ចំហៀង​ក៏​ដោយ​»។ ប៉ុន្តែ មុន​នឹង​សាឡូមេ​ឆ្លើយ​តប នាង​ចេញ​ទៅ​សួរ​ម្ដាយ​នាង​ថា​៖ ​«​តើ​ខ្ញុំ​គួរ​សុំ​អ្វី?​»។—ម៉ាកុស ៦:២២​-​២៤

នេះ​ហើយ​ជា​ឱកាស​ដែល​ហេរ៉ូឌាស​កំពុង​ស្វែង​រក! នាង​ប្រាប់​កូន​ស្រី​នាង​ភ្លាម​ថា​៖ ​«​ចូរ​សុំ​ក្បាល​របស់​យ៉ូហាន ដែល​ជា​អ្នក​ជ្រមុជ​ទឹក​»។ រួច​មក សាឡូមេ​ក៏​ប្រញាប់​ចូល​ទៅ​សុំ​ហេរ៉ូឌ​ថា​៖ ​«​ខ្ញុំ​ចង់​បាន​ក្បាល​របស់​យ៉ូហាន ជា​អ្នក​ជ្រមុជ​ទឹក ដាក់​លើ​ថាស​ភ្លាម​»។—ម៉ាកុស ៦:២៤, ២៥

ពេល​ហេរ៉ូឌ​បាន​ឮ​ដូច្នេះ គាត់​កើត​ទុក្ខ​យ៉ាង​ខ្លាំង ក៏​ប៉ុន្តែ​គាត់​បាន​ស្បថ​នឹង​សាឡូមេ​ហើយ។ ម្យ៉ាង​ទៀត ភ្ញៀវ​ទាំង​អស់​ក៏​បាន​ឮ​សម្បថ​របស់​គាត់​នឹង​សាឡូមេ​ដែរ។ ដូច្នេះ​គាត់​នឹង​អាម៉ាស់​មុខ បើ​គាត់​មិន​ធ្វើ​តាម​សំណូម​ពរ​របស់​នាង។ ហេតុ​នេះ គាត់​ក៏​យល់​ព្រម​តាម​សំណូម​ពរ​របស់​នាង ទោះ​ជា​នេះ​មាន​ន័យ​ថា​គាត់​ត្រូវ​ប្រហារ​ជីវិត​យ៉ូហាន​ដែល​មិន​បាន​ធ្វើ​ខុស​ក៏​ដោយ។ ម្ល៉ោះ​ហើយ ហេរ៉ូឌ​ចាត់​អង្គរក្ស​ម្នាក់​ឲ្យ​ទៅ​ក្នុង​គុក ហើយ​បង្គាប់​ឲ្យ​យក​ក្បាល​របស់​យ៉ូហាន​មក។ មិន​យូរ​ក្រោយ​មក អង្គរក្ស​នោះ​ត្រឡប់​មក​វិញ​ដោយ​ដាក់​ក្បាល​យ៉ូហាន​លើ​ថាស​មួយ យក​មក​ឲ្យ​សាឡូមេ ហើយ​នាង​យក​ទៅ​ឲ្យ​ម្ដាយ។

ពេល​អ្នក​កាន់​តាម​យ៉ូហាន​បាន​ឮ​ថា​យ៉ូហាន​បាន​ស្លាប់ នោះ​ពួក​គាត់​បាន​មក​យក​សព​យ៉ូហាន​ទៅ​បញ្ចុះ រួច​យក​ដំណឹង​ទៅ​ជម្រាប​លោក​យេស៊ូ។

ក្រោយ​មក ពេល​ហេរ៉ូឌ​ឮ​ថា​លោក​យេស៊ូ​កំពុង​ធ្វើ​ឲ្យ​មនុស្ស​ជា​សះ​ស្បើយ ហើយ​កំពុង​បណ្ដេញ​វិញ្ញាណ​កំណាច នោះ​គាត់​ក៏​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។ ហេតុ​អ្វី? ពី​ព្រោះ​គាត់​ខ្លាច​ថា​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​«​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​»​ ហើយ​គឺ​ជា​លោក​យេស៊ូ​ដែល​កំពុង​ធ្វើ​ការ​អស្ចារ្យ​ទាំង​នោះ។ (​លូកា ៩:៧​) ដូច្នេះ ហេរ៉ូឌ​អាន់ទីប៉ាស​ចង់​ជួប​លោក​យេស៊ូ​យ៉ាង​ខ្លាំង ប៉ុន្តែ​មិន​មែន​ដោយ​សារ​គាត់​ចង់​ឮ​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​ឡើយ។ ផ្ទុយ​ទៅ​វិញ ហេរ៉ូឌ​ចង់​ជួប​លោក​យេស៊ូ ដោយ​សារ​គាត់​ចង់​ដឹង​ឲ្យ​ច្បាស់​ថា​ការ​ព្រួយ​បារម្ភ​របស់​គាត់​គឺ​ជា​ការ​ពិត​ឬ​មិន​មែន។