ជំពូកទី២៦
«ការខុសឆ្គងរបស់អ្នកបានត្រូវអភ័យទោសឲ្យហើយ»
ម៉ាថាយ ៩:១-៨ ម៉ាកុស ២:១-១២ លូកា ៥:១៧-២៦
-
លោកយេស៊ូបានអភ័យទោសការខុសឆ្គងរបស់បុរស ស្លាប់ដៃស្លាប់ជើងម្នាក់ ហើយធ្វើឲ្យគាត់ជា
ឥឡូវ មនុស្សដែលមកពីទីជិតឆ្ងាយបានឮអំពីលោកយេស៊ូ។ ពួកគេជាច្រើនបានធ្វើដំណើរយ៉ាងឆ្ងាយពីកន្លែងផ្សេងៗ ដើម្បីមកស្ដាប់សេចក្ដីបង្រៀន និងមើលការអស្ចារ្យរបស់លោក។ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមក លោកត្រឡប់ទៅក្រុងកាពើណិមដែលនៅតាមឆ្នេរសមុទ្រកាលីឡេវិញ ជាកន្លែងដែលលោកស្នាក់នៅក្នុងអំឡុងពេលលោកបំពេញកិច្ចបម្រើ។ ដំណឹងដែលថាលោកត្រឡប់ទៅក្រុងកាពើណិមវិញ បានឮសុសសាយយ៉ាងលឿនពេញក្រុងនេះ។ មិនយូរក្រោយមក មនុស្សជាច្រើនបានមកដល់ផ្ទះដែលលោកស្នាក់នៅ។ ក្នុងចំណោមពួកគេ មានអ្នកខ្លះជាផារិស៊ី ហើយអ្នកខ្លះជាអ្នកបង្រៀនច្បាប់ដែលមកពីគ្រប់ភូមិនៃតំបន់កាលីឡេ តំបន់យូឌា និងក្រុងយេរូសាឡិម។
ម្ល៉ោះហើយ «មនុស្សជាច្រើនបានផ្ដុំគ្នានៅទីនោះ រហូតដល់គ្មានកន្លែងសល់ទេ សូម្បីតែនៅមាត់ទ្វារផ្ទះក៏ដោយ ហើយលោកចាប់ផ្ដើមប្រាប់ពួកគេអំពីដំណឹងល្អ»។ (ម៉ាកុស ២:២) នៅពេលនោះមានអ្វីមួយដ៏អស្ចារ្យកើតឡើង។ អ្វីដ៏អស្ចារ្យនោះអាចជួយយើងឲ្យយល់ថា លោកយេស៊ូមានឫទ្ធានុភាពដើម្បីបំបាត់ដើមហេតុដែលនាំឲ្យមនុស្សរងទុក្ខវេទនា ហើយធ្វើឲ្យអ្នកដែលលោកចង់ជួយមានសុខភាពល្អឡើងវិញ។
ពេលលោកយេស៊ូកំពុងបង្រៀនបណ្ដាជនដែលនៅកកកុញក្នុងផ្ទះ ដំណាលគ្នានោះមានបុរសបួននាក់សែងបុរសស្លាប់ដៃស្លាប់ជើងម្នាក់ដែលដេកលើគ្រែមករកលោក ពីព្រោះពួកគេចង់សុំលោកយេស៊ូធ្វើឲ្យមិត្តភក្ដិរបស់ពួកគេជា។ ក៏ប៉ុន្តែ ដោយសារមានមនុស្សច្រើនកកកុញ នោះពួកគេមិនអាច«នាំបុរសនោះចូលទៅជិតលោកយេស៊ូឡើយ»។ (ម៉ាកុស ២:៤) សូមស្រមៃគិត ពួកគេខកចិត្តខ្លាំងយ៉ាងណា! ហេតុនេះ ពួកគេក៏ឡើងទៅលើដំបូល រួចចោះប្រឡោះមួយ ហើយសម្រូតគ្រែស្នែងដែលមានបុរសស្លាប់ដៃស្លាប់ជើងដេក ចុះតាមប្រឡោះនោះទៅក្នុងផ្ទះ។
ពេលឃើញដូច្នេះ តើលោកយេស៊ូខឹងពួកគេដោយសារមករំខានលោកឬ? លោកមិនបានខឹងទេ! ផ្ទុយទៅវិញ លោកកោតស្ងើចនឹងជំនឿរបស់ពួកគេយ៉ាងខ្លាំង ហើយលោកមានប្រសាសន៍ទៅបុរសស្លាប់ដៃស្លាប់ជើងនោះថា៖ «ការខុសឆ្គងរបស់អ្នកបានត្រូវអភ័យទោសឲ្យហើយ»។ (ម៉ាថាយ ៩:២) ប៉ុន្តែ តើលោកយេស៊ូពិតជាអាចអភ័យទោសការខុសឆ្គងបានមែនឬ? កាលដែលពួកអ្នកជំនាញខាងច្បាប់និងពួកផារិស៊ីបានឮពាក្យរបស់លោកយេស៊ូ ពួកគេក៏រិះគិតក្នុងចិត្តអំពីរឿងនេះថា៖ «ហេតុអ្វីបុរសនេះនិយាយដូច្នេះ? គាត់កំពុងនិយាយប្រមាថព្រះ។ តើអ្នកណាអាចអភ័យទោសចំពោះភាពខុសឆ្គងបាន ក្រៅពីព្រះ?»។—ម៉ាកុស ២:៧
លោកយេស៊ូជ្រាបអំពីអ្វីដែលពួកគេកំពុងរិះគិត ម្ល៉ោះហើយ លោកសួរពួកគេថា៖ «ហេតុអ្វីអ្នករាល់គ្នាកំពុងរិះគិតក្នុងចិត្តដូច្នេះ? តើមួយណាស្រួលជាង? និយាយទៅកាន់អ្នកស្លាប់ដៃស្លាប់ជើងនោះថា៖ ‹ការខុសឆ្គងរបស់អ្នកបានត្រូវអភ័យទោសឲ្យហើយ› ឬនិយាយថា៖ ‹ចូរងើបឡើង យកគ្រែស្នែងរបស់អ្នក ហើយដើរទៅចុះ›»។ (ម៉ាកុស ២:៨, ៩) តាមពិតដោយមានមូលដ្ឋានទៅលើថ្លៃលោះដែលលោកនឹងផ្ដល់ជាគ្រឿងបូជា នោះលោកពិតជាអាចអភ័យទោសចំពោះភាពខុសឆ្គងរបស់បុរសនោះមែន។
បន្ទាប់មក លោកយេស៊ូក៏បង្ហាញអ្នកដែលរិះគន់លោកនិងបណ្ដាជនថា លោកមានអំណាចអភ័យទោសការខុសឆ្គងនៅផែនដី។ តើលោកធ្វើដូចម្ដេច? លោកបែរទៅបុរសស្លាប់ដៃស្លាប់ជើងនោះ ហើយបង្គាប់ថា៖ «ខ្ញុំប្រាប់អ្នកថា ចូរងើបឡើង យកគ្រែស្នែងរបស់អ្នក ហើយទៅផ្ទះអ្នកចុះ»។ រំពេចនោះ បុរសនោះបានងើបឡើង ហើយយកគ្រែស្នែងរបស់គាត់ដើរកាត់មុខមនុស្សទាំងអស់ដែលនៅទីនោះ។ ពួកគេនឹកអស្ចារ្យក្នុងចិត្តក្រៃលែង! រួចពួកគេសរសើរតម្កើងព្រះថា៖ «យើងមិនដែលឃើញអ្វីដូច្នេះឡើយ»!—ម៉ាកុស ២:១១, ១២
គួរឲ្យចាប់អារម្មណ៍ដែលលោកយេស៊ូបានបញ្ជាក់ថា ភាពខុសឆ្គងនិងជំងឺគឺទាក់ទងគ្នា ហើយការអភ័យទោសភាពខុសឆ្គងអាចទាក់ទងនឹងការមានសុខភាពល្អឡើងវិញ។ គម្ពីរបង្រៀនថា អាដាមដែលជាឪពុកដំបូងរបស់យើងបានធ្វើអំពើខុសឆ្គង។ ហេតុនេះហើយបានជាយើងទាំងអស់ទទួលនូវផលវិបាកដែលមកពីអំពើខុសឆ្គងនោះ ពោលគឺជំងឺនិងសេចក្ដីស្លាប់។ ប៉ុន្តែ ក្រោមការគ្រប់គ្រងនៃរាជាណាចក្រព្រះ លោកយេស៊ូនឹងអភ័យទោសការខុសឆ្គងរបស់អ្នកដែលស្រឡាញ់ ហើយបម្រើព្រះ។ នៅទីបំផុត ជំងឺទាំងឡាយនឹងត្រូវបំបាត់ចោលជារៀងរហូត។—រ៉ូម ៥:១២, ១៨, ១៩