លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៤៧

ក្មេងស្រីម្នាក់បានរស់ឡើងវិញ!

ក្មេងស្រីម្នាក់បានរស់ឡើងវិញ!

ម៉ាថាយ ៩:១៨, ២៣​-​២៦ ម៉ាកុស ៥:២២​-​២៤, ៣៥​-​៤៣ លូកា ៨:៤០​-​៤២, ៤៩​-​៥៦

  • លោក​យេស៊ូ​ប្រោស​កូន​ស្រី​យ៉ែរ៉ូស​ឲ្យ​រស់​ឡើង​វិញ

យ៉ែរ៉ូស​បាន​ឃើញ​ថា​ស្ត្រី​ដែល​មាន​ជំងឺ​ធ្លាក់​ឈាម​ម្នាក់​បាន​ជា​សះ​ស្បើយ​ដោយ​សារ​លោក​យេស៊ូ ហេតុ​នេះ​គាត់​មាន​ទំនុក​ចិត្ត​ថា​លោក​យេស៊ូ​ក៏​អាច​ជួយ​កូន​ស្រី​របស់​គាត់​បាន​ដែរ ទោះ​បី​ជា​គាត់​គិត​ថា‹ឥឡូវ​នេះ​កូន​ស្រី​របស់​គាត់​ច្បាស់​ជា​ស្លាប់​ហើយ›ក៏​ដោយ។ (​ម៉ាថាយ ៩:១៨​) បើ​ដូច្នេះ តើ​លោក​យេស៊ូ​នៅ​តែ​អាច​ជួយ​សង្គ្រោះ​ក្មេង​ស្រី​នោះ​បាន​ឬ​ទេ?

កាល​ដែល​លោក​យេស៊ូ​កំពុង​និយាយ​ជា​មួយ​នឹង​ស្ត្រី​ដែល​លោក​ទើប​តែ​បាន​ធ្វើ​ឲ្យ​ជា​នោះ មាន​បុរស​ខ្លះ​បាន​មក​ពី​ផ្ទះ​របស់​យ៉ែរ៉ូស ហើយ​ប្រាប់​គាត់​ថា​៖ ​«​កូន​ស្រី​របស់​អ្នក​ស្លាប់​ហើយ! មិន​ចាំ​បាច់​រំខាន​លោក​គ្រូ​ទៀត​ឡើយ​»។—ម៉ាកុស ៥:៣៥

ដំណឹង​នេះ​ពិត​ជា​ធ្វើ​ឲ្យ​យ៉ែរ៉ូស​ពិបាក​ចិត្ត​យ៉ាង​ខ្លាំង! គាត់​ជា​បុរស​ដែល​មាន​អំណាច ហើយ​មនុស្ស​ក្នុង​សហគមន៍​គោរព​គាត់​យ៉ាង​ជ្រាល​ជ្រៅ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ គាត់​មិន​អាច​ជួយ​កូន​ស្រី​របស់​គាត់​បាន​ទេ ពី​ព្រោះ​កូន​ស្រី​តែ​មួយ​គត់​របស់​គាត់​បាន​ស្លាប់​ហើយ។ ប៉ុន្តែ ពេល​លោក​យេស៊ូ​ឮ​អ្វី​ដែល​ពួក​គេ​បាន​និយាយ លោក​ក៏​ងាក​ទៅ​រក​យ៉ែរ៉ូស ហើយ​មាន​ប្រសាសន៍​លើក​ទឹក​ចិត្ត​គាត់​ថា​៖ ​«​កុំ​ខ្លាច​ឡើយ ចូរ​អនុវត្ត​ជំនឿ​ប៉ុណ្ណោះ គ្រប់​គ្រាន់​ហើយ​»។—ម៉ាកុស ៥:៣៦

រួច​មក លោក​យេស៊ូ​ក៏​ធ្វើ​ដំណើរ​ជា​មួយ​នឹង​យ៉ែរ៉ូស​ទៅ​ផ្ទះ​របស់​គាត់។ ពេល​ទៅ​ដល់​ទី​នោះ​ពួក​គាត់​ឃើញ​មាន​ភាព​ជ្រួល​ច្របល់​ជា​ខ្លាំង​នៅ​ក្នុង​ផ្ទះ ហើយ​មនុស្ស​ដែល​បាន​ជួប​ជុំ​នៅ​ទី​នោះ​កំពុង​ស្រែក​ទ្រហោ​យំ និង​គក់​ទ្រូង​សោក​ស្ដាយ​នាង។ លោក​យេស៊ូ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​មាន​ប្រសាសន៍​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ថា​៖ ​«​ក្មេង​នេះ​មិន​បាន​ស្លាប់​ទេ តែ​នាង​កំពុង​ដេក​លក់​»។ (​ម៉ាកុស ៥:៣៩​) ពេល​ដែល​ពួក​គេ​ឮ​លោក​យេស៊ូ​មាន​ប្រសាសន៍​ដូច​នេះ ពួក​គេ​ក៏​សើច​ចំអក​ឲ្យ​លោក ពី​ព្រោះ​ពួក​គេ​បាន​ដឹង​ថា​ក្មេង​ស្រី​នេះ​ពិត​ជា​បាន​ស្លាប់​មែន។ ប៉ុន្តែ ដោយ​ប្រើ​ឫទ្ធានុភាព​ដែល​លោក​យេស៊ូ​បាន​ទទួល​ពី​ព្រះ លោក​នឹង​បង្ហាញ​ឲ្យ​ឃើញ​ថា លោក​អាច​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​បាន ប្រៀប​ដូច​ជា​ការ​ដាស់​មនុស្ស​ដែល​ដេក​លក់​ស៊ប់​ឲ្យ​ភ្ញាក់​ឡើង។

ឥឡូវ​នេះ លោក​យេស៊ូ​បាន​សុំ​ឲ្យ​មនុស្ស​ទាំង​អស់​ចេញ​ពី​ក្នុង​ផ្ទះ លើក​លែង​តែ​ពេត្រុស យ៉ាកុប យ៉ូហាន និង​ឪ​ពុក​ម្ដាយ​របស់​ក្មេង​ស្រី​ដែល​បាន​ស្លាប់។ លោក​យេស៊ូ​បាន​នាំ​ពួក​គាត់​ទាំង​ប្រាំ​នាក់​ចូល​ទៅ​កន្លែង​ដែល​ក្មេង​នោះ​នៅ។ រួច​មក លោក​ចាប់​ដៃ​នាង ហើយ​មាន​ប្រសាសន៍​ថា​៖ ​«​ថា​លី​តា គូ​មី​»​ ដែល​បក​ប្រែ​ថា​៖ ​«​នាង​អើយ! ខ្ញុំ​ប្រាប់​ថា ចូរ​ក្រោក​ឡើង!​»។ (​ម៉ាកុស ៥:៤១​) រំពេច​នោះ នាង​ក៏​ងើប​ឡើង ហើយ​ចាប់​ផ្ដើម​ដើរ។ សូម​ស្រមៃ​គិត​ទៅ​មើល តើ​យ៉ែរ៉ូស​និង​ប្រពន្ធ​គាត់​រំភើប​ចិត្ត​ខ្លាំង​យ៉ាង​ណា​នៅ​ពេល​ដែល​ឃើញ​កូន​ស្រី​រស់​ឡើង​វិញ! បន្ទាប់​មក លោក​យេស៊ូ​ក៏​បាន​បង្គាប់​គេ​ឲ្យ​យក​អាហារ​មក​ឲ្យ​ក្មេង​ស្រី​នោះ​បរិភោគ ដើម្បី​បង្ហាញ​ថែម​ទៀត​ថា​នាង​ពិត​ជា​បាន​រស់​ឡើង​វិញ​មែន។

ពី​មុន លោក​យេស៊ូ​បង្គាប់​អស់​អ្នក​ដែល​លោក​បាន​ធ្វើ​ឲ្យ​ជា​ថា កុំ​និយាយ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​អ្វី​ដែល​លោក​បាន​ធ្វើ​ចំពោះ​ពួក​គេ។ ដូច្នេះ នៅ​លើក​នេះ​ទៀត លោក​ក៏​បាន​បង្គាប់​យ៉ែរ៉ូស​និង​ប្រពន្ធ​គាត់​មិន​ឲ្យ​ប្រាប់​អ្នក​ណា​អំពី​រឿង​នេះ​ដែរ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពួក​គាត់​និង​អ្នក​ឯ​ទៀត​បាន​ផ្សព្វ​ផ្សាយ​អំពី​ដំណឹង​នេះ​«​ពេញ​តំបន់​នោះ​»។ (​ម៉ាថាយ ៩:២៦​) បើ​អ្នក​បាន​ឃើញ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ អ្នក​ច្បាស់​ជា​ចង់​និយាយ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​រឿង​នេះ​ដោយ​ចិត្ត​រំភើប មែន​ទេ? នេះ​ជា​កំណត់​ហេតុ​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ទី២​ដែល​លោក​យេស៊ូ​បាន​ធ្វើ។