ជំពូកទី៣២
តើកិច្ចការអ្វីខ្លះស្របច្បាប់ថ្ងៃឈប់សម្រាក?
ម៉ាថាយ ១២:៩-១៤ ម៉ាកុស ៣:១-៦ លូកា ៦:៦-១១
-
លោកយេស៊ូធ្វើឲ្យបុរសដែលស្វិតដៃជានៅថ្ងៃឈប់សម្រាក
នៅថ្ងៃឈប់សម្រាកមួយទៀត លោកយេស៊ូបានចូលទៅសាលាប្រជុំមួយដែលទំនងជានៅក្នុងស្រុកកាលីឡេ។ នៅទីនោះ លោកឃើញបុរសម្នាក់ដែលស្វិតដៃស្ដាំ។ (លូកា ៦:៦) ពួកអ្នកជំនាញខាងច្បាប់និងពួកផារិស៊ីតាមសង្កេតមើលលោកយេស៊ូយ៉ាងដិតដល់។ ហេតុអ្វីពួកគេធ្វើដូច្នោះ? ពីព្រោះពួកគេចង់ដឹងថា តើលោកយេស៊ូនឹងធ្វើយ៉ាងណាចំពោះបុរសនោះ? ដូច្នេះ ពួកគេសួរលោកថា៖ «នៅថ្ងៃឈប់សម្រាក តើមានច្បាប់ធ្វើឲ្យមនុស្សជាសះស្បើយឬទេ?»។—ម៉ាថាយ ១២:១០
ពួកអ្នកដឹកនាំសាសនាយូដាគិតថា ការធ្វើឲ្យជាក្នុងថ្ងៃឈប់សម្រាកគឺស្របច្បាប់ លុះត្រាតែជំងឺនោះប៉ះពាល់ដល់ជីវិត។ ជាឧទាហរណ៍ ពួកគេបកស្រាយថា ការតឆ្អឹងឬរុំដៃជើងដែលគ្រេចគឺជាការបំពានលើច្បាប់ថ្ងៃឈប់សម្រាក ពីព្រោះនេះមិនប៉ះពាល់ដល់ជីវិតទេ។ តាមពិតពួកអ្នកជំនាញខាងច្បាប់ និងពួកផារិស៊ីព្យាយាមសួរលោកយេស៊ូ មិនមែនដោយសារពួកគេយកចិត្តទុកដាក់យ៉ាងស្មោះចំពោះបុរសស្វិតដៃនោះទេ។ ផ្ទុយទៅវិញ ពួកគេសួរគឺដើម្បីរកហេតុផ្ដន្ទាទោសលោកយេស៊ូ។
ក៏ប៉ុន្តែ លោកយេស៊ូជ្រាបអំពីចិត្តគំនិតដែលមិនសមហេតុសមផលរបស់ពួកគេ។ លោកដឹងថាពួកគេប្រកាន់ទស្សនៈយ៉ាងតឹងរ៉ឹងដែលមិនមែនជាសេចក្ដីបង្រៀនពីគម្ពីរ ស្តីអំពីការហាមធ្វើការនៅថ្ងៃឈប់សម្រាក។ (និក្ខមនំ ២០:៨-១០) ពីមុនពួកគេបានរិះគន់លោកយេស៊ូអំពីកិច្ចការល្អដែលលោកបានធ្វើ តែឥឡូវលោកឆ្លៀតឱកាសនេះដើម្បីប្រឈមមុខតទល់នឹងពួកគេ ពេលលោកប្រាប់បុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើង ហើយមកឈរនៅចំកណ្ដាល»។—ម៉ាកុស ៣:៣
រួចមក លោកយេស៊ូបែរទៅពួកអ្នកជំនាញខាងច្បាប់ និងពួកផារិស៊ី ដោយសួរថា៖ «ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាមិនទៅលើកយកចៀមតែមួយរបស់ខ្លួនចេញពីរណ្ដៅ បើវាធ្លាក់នៅថ្ងៃឈប់សម្រាក?»។ (ម៉ាថាយ ១២:១១) តាមធម្មតាចៀមជាសត្វដែលមានតម្លៃសម្រាប់ចិញ្ចឹមជីវិត ដូច្នេះពួកគេមិនទុកចៀមនោះចោលនៅក្នុងរណ្ដៅរហូតដល់ថ្ងៃបន្ទាប់ឡើយ។ ហេតុអ្វី? ពីព្រោះវាអាចស្លាប់ ហើយនាំឲ្យពួកគេខាតបង់។ ម្យ៉ាងទៀត ពួកគេក៏ដឹងបទគម្ពីរដែលថា៖ «មនុស្សសុចរិតរមែងប្រណី ដល់ជីវិតនៃសត្វរបស់ខ្លួន»។—សុភាសិត ១២:១០
បន្ទាប់ពីលោកយេស៊ូបានលើកឧទាហរណ៍ដែលសមហេតុសមផលនោះ លោកមានប្រសាសន៍បន្តទៀតថា៖ «ម្ល៉ោះហើយ មនុស្សមានតម្លៃជាងចៀមឆ្ងាយណាស់! ដូច្នេះ មានច្បាប់ឲ្យមនុស្សធ្វើអំពើល្អនៅថ្ងៃឈប់សម្រាក»។ (ម៉ាថាយ ១២:១២) ហេតុនេះ លោកយេស៊ូមិនបានបំពានលើច្បាប់ថ្ងៃឈប់សម្រាកឡើយ កាលដែលលោកបានធ្វើឲ្យបុរសនោះជាឡើងវិញ។ ពួកអ្នកដឹកនាំសាសនាទាំងនោះពិតជាមិនអាចបដិសេធការពន្យល់ដែលសមហេតុសមផល និងដែលប្រកបដោយសេចក្ដីមេត្ដាករុណានោះទេ។ ដូច្នេះ ពួកគេបន្តនៅស្ងៀម។
លោកយេស៊ូមើលមុខពួកគេទាំងទាស់ចិត្ត ថែមទាំងខកចិត្តយ៉ាងខ្លាំង ដោយសារពួកគេមានចិត្តគំនិតមិនត្រឹមត្រូវ។ បន្ទាប់មក លោកក៏ប្រាប់បុរសស្វិតដៃថា៖ «ចូរលាដៃអ្នកទៅ»។ (ម៉ាថាយ ១២:១៣) ពេលដែលបុរសនោះលាដៃ ស្រាប់តែដៃរបស់គាត់បានជាឡើងវិញ។ បុរសនោះពិតជាសប្បាយចិត្តខ្លាំងណាស់! ប៉ុន្តែ តើនេះនឹងមានឥទ្ធិពលយ៉ាងណាទៅលើអ្នកដែលចង់ចាប់កំហុសលោកយេស៊ូ?
ជាជាងសប្បាយចិត្តដែលដៃរបស់បុរសនោះបានជាឡើងវិញ ពួកផារិស៊ីបានចេញទៅក្រៅ ហើយភ្លាមនោះពួកគេចាប់ផ្ដើមប្រឹក្សា«ជាមួយនឹងបក្សពួករបស់ហេរ៉ូឌ ដើម្បីរកវិធីសម្លាប់លោក[យេស៊ូ]»។ (ម៉ាកុស ៣:៦) តាមមើលទៅ គណបក្សនយោបាយនេះក៏រួមបញ្ចូលសមាជិកក្រុមសាសនាមួយដែលហៅថាសាឌូស៊ី។ តាមធម្មតាពួកសាឌូស៊ី និងពួកផារិស៊ីមិនត្រូវគ្នាទេ ប៉ុន្តែឥឡូវពួកគេបែរជារួមដៃគ្នាដើម្បីប្រឆាំងលោកយេស៊ូទៅវិញ។