លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៣៣

ទំនាយអេសាយក្លាយជាការពិត

ទំនាយអេសាយក្លាយជាការពិត

ម៉ាថាយ ១២:១៥​-​២១ ម៉ាកុស ៣:៧​-​១២

  • បណ្ដា​ជន​ចោម​រោម​លោក​យេស៊ូ

  • លោក​សម្រេច​ទំនាយ​អេសាយ

ពេល​លោក​យេស៊ូ​ដឹង​ថា ពួក​ផារិស៊ី​និង​បក្ស​ពួក​របស់​ហេរ៉ូឌ ប៉ុន​ប៉ង​សម្លាប់​លោក នោះ​លោក​និង​អ្នក​កាន់​តាម​គេច​ចេញ​ទៅ​សមុទ្រ​កាលីឡេ។ មនុស្ស​មួយ​ក្រុម​យ៉ាង​ធំ​បាន​មក​ជួប​លោក ពួក​គេ​មក​ពី​ស្រុក​កាលីឡេ ពី​តំបន់​ទីរ៉ុស​និង​តំបន់​ស៊ីដូន ពី​ខាង​នាយ​ទន្លេ​យ៉ូដាន់ ពី​ក្រុង​យេរូសាឡិម និង​ពី​ស្រុក​អ៊ីឌុំមេ​ដែល​នៅ​ទិស​ខាង​ត្បូង។ លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​ជា​ពី​ជំងឺ។ ពេល​ឃើញ​ដូច្នេះ អស់​អ្នក​ដែល​មាន​ជំងឺ​ធ្ងន់​ធ្ងរ​បាន​ប្រជ្រៀត​ចូល​មុន​គេ។ ពួក​គេ​មិន​បាន​ចាំ​ឲ្យ​លោក​យេស៊ូ​ពាល់​ពួក​គេ​នោះ​ទេ តែ​ពួក​គេ​ខំ​លូក​ដៃ​ទៅ​ពាល់​លោក​វិញ។—ម៉ាកុស ៣:៩, ១០

ដោយ​សារ​មាន​មនុស្ស​ច្រើន​ពេក លោក​យេស៊ូ​ប្រាប់​អ្នក​កាន់​តាម​លោក​ឲ្យ​ត្រៀម​ទូក​សម្រាប់​លោក ដើម្បី​លោក​អាច​ចេញ​ពី​ឆ្នេរ​កុំ​ឲ្យ​បណ្ដា​ជន​ចោម​រោម​លោក។ ម្យ៉ាង​ទៀត លោក​អាច​បង្រៀន​ពួក​គេ​ពី​លើ​ទូក ឬ​ក៏​ជិះ​ទូក​ទៅ​កន្លែង​មួយ​ទៀត​ដែល​នៅ​តាម​ឆ្នេរ​នោះ ដើម្បី​ជួយ​បណ្ដា​ជន​ថែម​ទៀត។

អ្នក​កាន់​តាម​លោក​ឈ្មោះ​ម៉ាថាយ​កត់​សម្គាល់​ថា កិច្ច​ការ​របស់​លោក​យេស៊ូ​បាន​សម្រេច​«​ទំនាយ​ដែល​បាន​ត្រូវ​ប្រកាស​តាម​រយៈ​អេសាយ​»។ (​ម៉ាថាយ ១២:១៧​) តើ​លោក​យេស៊ូ​បាន​សម្រេច​ទំនាយ​អ្វី?

ទំនាយ​ក្នុង​គម្ពីរ​ចែង​ថា​៖ ​«​មើល! អ្នក​បម្រើ​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ដែល​ខ្ញុំ​បាន​ជ្រើស​រើស ក៏​ពេញ​ចិត្ត​ផង។ ខ្ញុំ​នឹង​ដាក់​សកម្មពល​របស់​ខ្ញុំ​ឲ្យ​សណ្ឋិត​លើ​លោក ហើយ​លោក​នឹង​ធ្វើ​ឲ្យ​ប្រជា​ជាតិ​ទាំង​ឡាយ​ស្គាល់​យុត្ដិធម៌​យ៉ាង​ច្បាស់។ លោក​នឹង​មិន​ឈ្លោះ​ប្រកែក ឬ​ស្រែក​ឡើយ ហើយ​គ្មាន​អ្នក​ណា​នឹង​ឮ​សំឡេង​របស់​លោក​នៅ​តាម​ផ្លូវ​ធំ​ទេ។ លោក​នឹង​មិន​ជាន់​ឈ្លី​ដើម​ត្រែង​ណា​ដែល​ទក់​ឡើយ ក៏​មិន​ពន្លត់​ប្រឆេះ​ណា​ដែល​ជិត​រលត់​ដែរ រហូត​ដល់​លោក​នាំ​យុត្ដិធម៌​ឲ្យ​មាន​ជ័យ​ជម្នះ។ ប្រជា​ជាតិ​ទាំង​ឡាយ​នឹង​សង្ឃឹម​លើ​នាម​របស់​លោក​ពិត​មែន​»។—ម៉ាថាយ ១២:១៨​-​២១; អេសាយ ៤២:១​-​៤

ពិត​ណាស់ លោក​យេស៊ូ​ជា​អ្នក​បម្រើ​ជា​ទី​ស្រឡាញ់​របស់​ព្រះ ហើយ​ព្រះ​ពេញ​ចិត្ត​លោក​ណាស់។ លោក​យេស៊ូ​ធ្វើ​ឲ្យ​បណ្ដា​ជន​ស្គាល់​យ៉ាង​ច្បាស់​នូវ​យុត្ដិធម៌​ពិត ដែល​បាន​ត្រូវ​បិទ​បាំង​ដោយ​សារ​ទំនៀម​ទម្លាប់​សាសនា​មិន​ពិត។ ដោយ​អយុត្ដិធម៌ ពួក​ផារិស៊ី​បាន​អនុវត្ត​ច្បាប់​របស់​ព្រះ​តាម​ទស្សនៈ​របស់​ខ្លួន ដូច្នេះ​ពួក​គេ​មិន​ជួយ​អ្នក​ដែល​ឈឺ​នៅ​ថ្ងៃ​ឈប់​សម្រាក​ឡើយ! ផ្ទុយ​ទៅ​វិញ លោក​យេស៊ូ​បាន​សម្រាល​ទុក្ខ​បណ្ដា​ជន​ពី​បន្ទុក​នៃ​ទំនៀម​ទម្លាប់​ដ៏​អយុត្ដិធម៌​នោះ។ ដោយ​ធ្វើ​ដូច្នេះ លោក​យេស៊ូ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​យុត្ដិធម៌​របស់​ព្រះ ហើយ​បង្ហាញ​ថា​សកម្មពល​របស់​ព្រះ​សណ្ឋិត​លើ​លោក។ នេះ​ហើយ​ជា​មូលហេតុ​ដែល​អ្នក​ដឹក​នាំ​សាសនា​ចង់​សម្លាប់​លោក។ នោះ​ពិត​ជា​អាក្រក់​ណាស់!

តើ​ពាក្យ​ដែល​ថា​៖ ​«​លោក​នឹង​មិន​ឈ្លោះ​ប្រកែក ឬ​ស្រែក​ឡើយ ហើយ​គ្មាន​អ្នក​ណា​នឹង​ឮ​សំឡេង​របស់​លោក​នៅ​តាម​ផ្លូវ​ធំ​ទេ​»​ មាន​អត្ថន័យ​អ្វី? នេះ​មាន​ន័យ​ថា ពេល​លោក​យេស៊ូ​ធ្វើ​ឲ្យ​មនុស្ស​ជា លោក​មិន​អនុញ្ញាត​ឲ្យ​ពួក​គេ ឬ​ពួក​វិញ្ញាណ​កំណាច​«​ប្រាប់​គេ​ថា​លោក​ជា​អ្នក​ណា​ឡើយ​»។ (​ម៉ាកុស ៣:១២​) បើ​និយាយ​ឲ្យ​ចំ​ទៅ លោក​មិន​ចង់​ឲ្យ​បណ្ដា​ជន​ឮ​អំពី​លោក​តាម​រយៈ​ការ​ស្រែកប្រកាស​តាម​ផ្លូវ ឬ​ក៏​តាម​ពាក្យ​សម្ដី​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ដែល​ខុស​ពី​ការ​ពិត​នោះ​ទេ។

បន្ថែម​ទៀត លោក​យេស៊ូ​ផ្សាយ​ដំណឹង​ដែល​សម្រាល​ទុក្ខ​ដល់​អ្នក​ដែល​ប្រៀប​ដូច​ជា​ដើម​ត្រែង​ដែល​គេ​ជាន់​ឈ្លី​ឡើង​ទក់។ ស្រដៀង​គ្នា​ដែរ ពួក​គេ​ហាក់​ដូច​ជា​ប្រឆេះ​ដែល​ជិត​រលត់។ ដូច្នេះ លោក​យេស៊ូ​ច្បាស់​ជា​មិន​ជាន់​ឈ្លី​មនុស្ស​ដូច​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ដោយ​ចិត្ត​អាណិត​មេត្ដា​និង​ដោយ​សេចក្ដី​ស្រឡាញ់ លោក​បាន​សម្រាល​ទុក្ខ​អ្នក​ដែល​មាន​ចិត្ត​រាប​ទាប​ដោយ​ប៉ិន​ប្រសប់។ ពិត​ណាស់ លោក​យេស៊ូ​គឺ​ជា​បុគ្គល​ដែល​ប្រជា​ជាតិ​ទាំង​ឡាយ​អាច​សង្ឃឹម​ទុក​ចិត្ត​បាន!