លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​២៩

តើមានច្បាប់ឲ្យធ្វើការល្អនៅថ្ងៃឈប់សម្រាកឬទេ?

តើមានច្បាប់ឲ្យធ្វើការល្អនៅថ្ងៃឈប់សម្រាកឬទេ?

យ៉ូហាន ៥:១​-​១៦

  • លោក​យេស៊ូ​ផ្សព្វ​ផ្សាយ​នៅ​តំបន់​យូឌា

  • លោក​ធ្វើ​ឲ្យ​បុរស​ម្នាក់​ជា​នៅ​ឯ​អាង​ទឹក

ឥឡូវ​ជា​រដូវ​ស្លឹក​ឈើ​លាស់។ លោក​យេស៊ូ​បាន​សម្រេច​កិច្ច​ការ​ជា​ច្រើន ក្នុង​អំឡុង​កិច្ច​បម្រើ​ផ្សាយ​ដ៏​សំខាន់​របស់​លោក​នៅ​តំបន់​កាលីឡេ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ លោក​មាន​គោល​បំណង​ផ្សព្វ​ផ្សាយ​នៅ​កន្លែង​ឯ​ទៀត​ដែរ។ ហេតុ​នេះ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ត្រូវ​ប្រកាស​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ​នៅ​ក្រុង​ផ្សេង​ទៀត​ដែរ​»។ រួច​មក លោក​ក៏​ទៅ​«​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​សាលា​ប្រជុំ​ផ្សេង​ៗ​នៅ​តំបន់​យូឌា​»។ (​លូកា ៤:៤៣, ៤៤​) ការ​ធ្វើ​ដំណើរ​ទៅ​តំបន់​នោះ​គឺ​ត្រូវ​ពេល​មែន ព្រោះ​គឺ​ជិត​ដល់​ពេល​ដែល​ត្រូវ​ធ្វើ​បុណ្យ​រំលង​នៅ​ក្រុង​យេរូសាឡិម។

សៀវភៅ​ដំណឹង​ល្អ​រៀប​រាប់​ច្រើន​អំពី​កិច្ច​បម្រើ​ផ្សាយ​របស់​លោក​យេស៊ូ​នៅ​តំបន់​កាលីឡេ តែ​មិន​សូវ​រៀប​រាប់​ច្រើន​ប៉ុន្មាន​ទេ​អំពី​កិច្ច​បម្រើ​ផ្សាយ​របស់​លោក​នៅ​តំបន់​យូឌា ឬ​អំពី​ប្រតិកម្ម​របស់​មនុស្ស​នៅ​តំបន់​នោះ។ ទោះ​បើ​មនុស្ស​ទូ​ទៅ​នៅ​តំបន់​យូឌា​មិន​អើពើ​នឹង​កិច្ច​បម្រើ​របស់​លោក​ក៏​ដោយ ក៏​លោក​នៅ​តែ​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្នះ​ខ្នែង ព្រម​ទាំង​ធ្វើ​ការ​ល្អ​នៅ​កន្លែង​ណា​ដែល​លោក​ទៅ។

មិន​យូរ​ក្រោយ​មក លោក​យេស៊ូ​ក៏​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​យេរូសាឡិម​ដែល​ជា​ក្រុង​ដ៏​សំខាន់​ក្នុង​តំបន់​យូឌា ដើម្បី​ចូល​រួម​បុណ្យ​រំលង​នា​ឆ្នាំ​៣១ គ​.​ស។ នៅ​ក្រុង​យេរូសាឡិម ជិត​ទ្វារ​ចៀម មាន​អាង​ទឹក​ធំ​មួយ​ដែល​ហៅ​ថា​បេតសាថា ហើយ​អាង​នោះ​មាន​ល្វែង​ព័ទ្ធ​ជុំ​វិញ។ ក្នុង​ល្វែង​ទាំង​នោះ មាន​មនុស្ស​ជា​ច្រើន​នាក់​ដែល​ឈឺ ងងឹត​ភ្នែក ខ្វិន ស្វិត​ដៃ ឬ​ស្វិត​ជើង​កំពុង​ដេក​នៅ​ទី​នោះ។ ហេតុ​អ្វី? ពី​ព្រោះ​មនុស្ស​ទូ​ទៅ​ជឿ​ថា​ពួក​គេ​អាច​ជា​ពី​ជំងឺ​ដោយ​ចុះ​ទៅ​ក្នុង​អាង​នោះ ពេល​ដែល​ទឹក​កំពុង​កម្រើក។

នា​ថ្ងៃ​ឈប់​សម្រាក នៅ​អាង​ទឹក​នោះ លោក​យេស៊ូ​បាន​ឃើញ​បុរស​ម្នាក់​ដែល​ឈឺ​អស់​៣៨​ឆ្នាំ​ហើយ។ លោក​សួរ​គាត់​ថា​៖ ​«​តើ​អ្នក​ចង់​មាន​សុខភាព​ល្អ​ឡើង​វិញ​ទេ?​»។ បុរស​នោះ​ឆ្លើយ​ថា​៖ ​«​លោក ខ្ញុំ​គ្មាន​អ្នក​ណា​ជួយ​ដាក់​ខ្ញុំ​ក្នុង​អាង​ពេល​ដែល​ទឹក​កំពុង​កម្រើក​ទេ តែ​ពេល​ខ្ញុំ​កំពុង​ចុះ​ទៅ មាន​ម្នាក់​ទៀត​ចុះ​ទៅ​មុន​ខ្ញុំ​»។—យ៉ូហាន ៥:៦, ៧

បុរស​នោះ​និង​អ្នក​ដែល​នៅ​ក្បែរ​គាត់​ច្បាស់​ជា​ភ្ញាក់​ផ្អើល ពេល​ឮ​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ងើប​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក ហើយ​ដើរ​ទៅ​ចុះ​»។ (​យ៉ូហាន ៥:៨​) បុរស​នោះ​ក៏​ធ្វើ​តាម​ប្រសាសន៍​លោក​យេស៊ូ។ រំពេច​នោះ គាត់​ជា​សះ​ស្បើយ​ភ្លាម ហើយ​ក៏​យួរ​គ្រែ​ស្នែង​របស់​គាត់ រួច​ដើរ​ទៅ!

ពេល​ជន​ជាតិ​យូដា​ខ្លះ​បាន​ឃើញ​ការ​អស្ចារ្យ​នោះ ជា​ជាង​អរ​សប្បាយ ពួក​គេ​បែរ​ជា​វិនិច្ឆ័យ​បុរស​នោះ ហើយ​និយាយ​ទៅ​គាត់​ថា​៖ ​«​នេះ​ជា​ថ្ងៃ​ឈប់​សម្រាក អ្នក​គ្មាន​ច្បាប់​យួរ​គ្រែ​ស្នែង​នោះ​ទេ​»។ បុរស​នោះ​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា​៖ ​«​លោក​ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​សុខភាព​ល្អ​ឡើង​វិញ បាន​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ‹យក​គ្រែ​ស្នែង​របស់​អ្នក ហើយ​ដើរ​ទៅ​ចុះ›​»។ (​យ៉ូហាន ៥:១០, ១១​) ជន​ជាតិ​យូដា​ទាំង​នេះ​បាន​រិះ​គន់​អ្នក​ដែល​បាន​ធ្វើ​ឲ្យ​បុរស​នោះ​ជា​ក្នុង​ថ្ងៃ​ឈប់​សម្រាក។

រួច​មក ពួក​គេ​សួរ​គាត់​ដោយ​ចង់​ដឹង​ថា​៖ ​«​តើ​បុរស​ណា​បាន​ប្រាប់​អ្នក​ថា​៖ ‹យក​គ្រែ​ស្នែង​របស់​អ្នក ហើយ​ដើរ​ទៅ​ចុះ›?​»។ ហេតុ​អ្វី​ពួក​គេ​សួរ​គាត់​ដូច្នេះ? ពី​ព្រោះ​លោក​យេស៊ូ​«​បាន​ចេញ​ពី​កន្លែង​នោះ​»​ ហើយ​ចូល​ទៅ​ក្នុង​ចំណោម​«​មនុស្ស​មួយ​ក្រុម​ធំ​នៅ​ទី​នោះ​»។ ម្យ៉ាង​ទៀត បុរស​ដែល​លោក​បាន​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ​មិន​ស្គាល់​ឈ្មោះ​លោក​ទេ។ (​យ៉ូហាន ៥:១២, ១៣​) ប៉ុន្តែ ក្រោយ​មក បុរស​នេះ​បាន​ជួប​នឹង​លោក​យេស៊ូ​ម្ដង​ទៀត​នៅ​ក្នុង​វិហារ។ ពេល​នោះ​គាត់​ដឹង​ថា គឺ​លោក​ដែល​បាន​ធ្វើ​ឲ្យ​គាត់​ជា​នៅ​ឯ​អាង​ទឹក។

ដូច្នេះ បុរស​ដែល​បាន​ជា​នោះ​ក៏​ទៅ​រក​ជន​ជាតិ​យូដា ដោយ​សារ​ពួក​គេ​បាន​សួរ​គាត់​អំពី​របៀប​ដែល​គាត់​បាន​ត្រូវ​ធ្វើ​ឲ្យ​ជា។ ពេល​ជួប​ពួក​គេ គាត់​ប្រាប់​ថា អ្នក​នោះ​គឺ​ជា​លោក​យេស៊ូ។ ពេល​ដែល​ឮ​ដូច្នេះ ពួក​គេ​ក៏​ទៅ​រក​លោក​យេស៊ូ។ តើ​ពួក​គេ​ទៅ​រក​លោក​ដោយ​សារ​ពួក​គេ​ចង់​ដឹង​ថា​លោក​អាច​ធ្វើ​ការ​អស្ចារ្យ​តាម​របៀប​ណា​ឬ? មិន​មែន​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​រក​ចាប់​កំហុស​លោក​យេស៊ូ ដោយ​សារ​លោក​ធ្វើ​ការ​ល្អ​ក្នុង​ថ្ងៃ​ឈប់​សម្រាក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​គេ​ថែម​ទាំង​បៀត​បៀន​លោក​ទៀត​ផង!