លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៥៤

លោកយេស៊ូជា«នំប៉័ងនៃជីវិត»

លោកយេស៊ូជា«នំប៉័ងនៃជីវិត»

យ៉ូហាន ៦:២៥​-​៤៨

  • លោក​យេស៊ូ​ជា​«​នំ​ប៉័ង​ពី​ស្ថាន​សួគ៌​»​

នៅ​ខាង​កើត​សមុទ្រ​កាលីឡេ លោក​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ​ដើម្បី​ចម្អែត​មនុស្ស​រាប់​ពាន់​នាក់ ក្រោយ​មក​លោក​ក៏​បាន​ចាក​ចេញ​ពី​ទី​នោះ​ព្រោះ​មនុស្ស​ទាំង​នោះ​ចង់​ចាប់​លោក​ឲ្យ​ធ្វើ​ជា​ស្តេច​របស់​ពួក​គេ។ នៅ​យប់​ថ្ងៃ​ដដែល​នោះ លោក​យេស៊ូ​បាន​ដើរ​លើ​ទឹក​សមុទ្រ​ដែល​កំពុង​មាន​ខ្យល់​ព្យុះ​បក់​បោក ហើយ​ក៏​បាន​ជួយ​សង្គ្រោះ​ពេត្រុស​ដែល​ចាប់​ផ្ដើម​លិច​ទៅ​ក្នុង​ទឹក ដោយ​សារ​ជំនឿ​គាត់​បាន​ចុះ​ខ្សោយ កាល​ដែល​គាត់​ដើរ​លើ​ទឹក​ទៅ​រក​លោក​យេស៊ូ។ នៅ​ពេល​នោះ លោក​យេស៊ូ​ក៏​បាន​ធ្វើ​ឲ្យ​ខ្យល់​ព្យុះ​ស្ងប់​ដែរ។ ដោយ​ធ្វើ​ដូច្នេះ លោក​ប្រហែល​ជា​បាន​ជួយ​ពួក​អ្នក​កាន់​តាម​លោក​កុំ​ឲ្យ​លិច​ទូក។

ឥឡូវ​នេះ លោក​យេស៊ូ​បាន​ត្រ​លប់​មក​ត្រើយ​ខាង​លិច​នៃ​សមុទ្រ​កាលីឡេ ក្នុង​តំបន់​កាពើណិម​វិញ​ហើយ។ បន្ទាប់​មក អស់​អ្នក​ដែល​លោក​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ​ផ្ដល់​អាហារ​ដល់​ពួក​គេ បាន​រក​លោក​ឃើញ ក៏​សួរ​លោក​ថា​៖ ​«​តើ​លោក​អញ្ជើញ​មក​ទី​នេះ​ពី​កាល​ណា?​»។ លោក​យេស៊ូ​តប​ឆ្លើយ​ដោយ​ស្តី​បន្ទោស​ពួក​គេ​ថា ពួក​គេ​តាម​រក​លោក​គឺ​ដោយ​សារ​ចង់​ទទួល​អាហារ​ពី​លោក​ម្ដង​ទៀត។ ហេតុ​នេះ លោក​បាន​ដាស់​តឿន​ពួក​គេ​ថា​៖ ​«​កុំ​ព្យាយាម​ឲ្យ​បាន​អាហារ​ដែល​ខូច​ទៅ​ឡើយ តែ​ចូរ​ព្យាយាម​ឲ្យ​បាន​អាហារ​ដែល​នៅ​ស្ថិតស្ថេរ ហើយ​ផ្ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​វិញ​»។ ដូច្នេះ ពួក​គេ​សួរ​លោក​ថា​៖ ​«​តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​ធ្វើ​អ្វី​ដែល​ព្រះ​ពេញ​ចិត្ត?​»។—យ៉ូហាន ៦:២៥​-​២៨

ពួក​មនុស្ស​ទាំង​នោះ​ប្រហែល​ជា​កំពុង​គិត​អំពី​ការ​ធ្វើ​តាម​តម្រូវ​ការ​ដែល​បាន​ចែង​ទុក​ក្នុង​ច្បាប់ តែ​លោក​យេស៊ូ​កំពុង​សំដៅ​ទៅ​លើ​កិច្ច​ការ​ដែល​ពិត​ជា​សំខាន់​បំផុត​វិញ។ លោក​មាន​ប្រសាសន៍​ថា​៖ ​«​នេះ​ជា​អ្វី​ដែល​ព្រះ​ពេញ​ចិត្ត​ឲ្យ​ធ្វើ ពោល​គឺ អ្នក​រាល់​គ្នា​មាន​ជំនឿ​លើ​អ្នក​ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក​»។ ប៉ុន្តែ មនុស្ស​ទាំង​នេះ​មិន​បាន​បង្ហាញ​ជំនឿ​ដូច​នោះ​លើ​លោក​យេស៊ូ​ឡើយ ទោះ​បី​ជា​ពួក​គេ​បាន​ឃើញ​អ្វី​ៗ​ទាំង​អស់​ដែល​លោក​បាន​ធ្វើ​ក៏​ដោយ។ ពួក​គេ​ទាម​ទារ​ឲ្យ​លោក​យេស៊ូ​បង្ហាញ​សញ្ញា​សម្គាល់​មួយ​ទៀត ដើម្បី​ពួក​គេ​អាច​ជឿ​លើ​លោក។ ដូច្នេះ ពួក​គេ​សួរ​លោក​ថា​៖ ​«​តើ​លោក​នឹង​ធ្វើ​ការ​អ្វី​ទៅ? បុព្វ​បុរស​របស់​យើង​បាន​បរិភោគ​នំ​ម៉ាណា​ពី​ព្រះ​នៅ​តំបន់​ស្ងាត់​ជ្រងំ ដូច​បទ​គម្ពីរ​ចែង​ថា​៖ ‹លោក​បាន​ផ្ដល់​នំ​ប៉័ង​ពី​ស្ថាន​សួគ៌​ឲ្យ​ពួក​គេ​បរិភោគ›​»។—យ៉ូហាន ៦:២៩​-​៣១; ទំនុក​តម្កើង ៧៨:២៤

ដើម្បី​តប​នឹង​សំណូម​ពរ​របស់​ពួក​គេ លោក​យេស៊ូ​ក៏​បញ្ជាក់​ប្រាប់​នូវ​ប្រភព​ពិត​នៃ​អព្ភូតហេតុ​របស់​លោក ដោយ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ម៉ូសេ​មិន​បាន​ផ្ដល់​នំ​ប៉័ង​ពី​ស្ថាន​សួគ៌​ឲ្យ​អ្នក​រាល់​គ្នា​ឡើយ ប៉ុន្តែ​បិតា​របស់​ខ្ញុំ​ផ្ដល់​នំ​ប៉័ង​ដ៏​ពិត​ពី​ស្ថាន​សួគ៌​ឲ្យ​អ្នក​រាល់​គ្នា។ ព្រោះ​នំ​ប៉័ង​នៃ​ព្រះ គឺ​ជា​អ្នក​ដែល​ចុះ​មក​ពី​ស្ថាន​សួគ៌ ហើយ​ផ្ដល់​ជីវិត​ឲ្យ​ពិភព​លោក​»។ ប៉ុន្តែ ដោយ​មិន​យល់​ពី​អ្វី​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍ ពួក​គេ​អង្វរ​លោក​ថា​៖ ​«​លោក​ម្ចាស់ សូម​ផ្ដល់​នំ​ប៉័ង​នេះ​ឲ្យ​យើង​ជា​និច្ច​»។ (​យ៉ូហាន ៦:៣២​-​៣៤​) តើ​«​នំ​ប៉័ង​»​ដែល​លោក​យេស៊ូ​មាន​ប្រសាសន៍​ជា​អ្វី?

លោក​យេស៊ូ​ពន្យល់​ពួក​គេ​ថា​៖ ​«​ខ្ញុំ​ជា​នំ​ប៉័ង​នៃ​ជីវិត។ អ្នក​ណា​ដែល​មក​ឯ​ខ្ញុំ អ្នក​នោះ​នឹង​មិន​ដែល​ឃ្លាន​ឡើយ ហើយ​អ្នក​ណា​ដែល​បង្ហាញ​ជំនឿ​លើ​ខ្ញុំ អ្នក​នោះ​នឹង​មិន​ដែល​ស្រេក​ឡើយ។ ក៏​ប៉ុន្តែ​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​បាន​ឃើញ​ខ្ញុំ ហើយ​នៅ​តែ​មិន​ជឿ។ . . . ខ្ញុំ​បាន​ចុះ​មក​ពី​ស្ថាន​សួគ៌​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក មិន​មែន​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ខ្ញុំ​ទេ។ នេះ​ជា​បំណង​ប្រាថ្នា​របស់​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ពោល​គឺ ខ្ញុំ​មិន​បាត់​បង់​អ្នក​ណា​ពី​ចំណោម​អស់​អ្នក​ដែល​លោក​បាន​ឲ្យ​មក​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​ត្រូវ​ប្រោស​អ្នក​ទាំង​នោះ​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ចុង​ក្រោយ។ ពី​ព្រោះ​នេះ​ជា​បំណង​ប្រាថ្នា​របស់​បិតា​ខ្ញុំ ពោល​គឺ អស់​អ្នក​ណា​ដែល​ឃើញ​បុត្រ​របស់​លោក ហើយ​អនុវត្ត​ជំនឿ​លើ​បុត្រ​លោក អ្នក​ទាំង​នោះ​ត្រូវ​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។—យ៉ូហាន ៦:៣៥​-​៤០

ប្រសាសន៍​របស់​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​បណ្ដា​ជន​ខឹង​សម្បា ហើយ​ជន​ជាតិ​យូដា​បាន​ត្អូញត្អែរ​អំពី​លោក​ថា ហេតុ​អ្វី​លោក​ហ៊ាន​អះអាង​ថា​ខ្លួន​លោក​ជា​«​នំ​ប៉័ង​ដែល​ចុះ​មក​ពី​ស្ថាន​សួគ៌​»​? (​យ៉ូហាន ៦:៤១​) សម្រាប់​ពួក​គេ លោក​យេស៊ូ​គ្រាន់​តែ​ជា​មនុស្ស​ធម្មតា​ប៉ុណ្ណោះ ដែល​មាន​ឪ​ពុក​ម្ដាយ​មក​ពី​ក្រុង​ណាសារ៉ែត​ស្រុក​កាលីឡេ។ ហេតុ​នេះ ពួក​គេ​តាំង​សួរ​ថា​៖ ​«​នេះ​ជា​យេស៊ូ ជា​កូន​ប្រុស​របស់​យ៉ូសែប ដែល​យើង​ស្គាល់​ទាំង​ឪ​ពុក​ទាំង​ម្ដាយ​របស់​គាត់ មែន​ទេ?​»។—យ៉ូហាន ៦:៤២

លោក​យេស៊ូ​តប​ទៅ​ពួក​គេ​ថា​៖ ​«​ឈប់​រអ៊ូ​ដាក់​គ្នា​ដូច្នេះ។ គ្មាន​មនុស្ស​ណា​ម្នាក់​អាច​មក​ឯ​ខ្ញុំ​បាន​ឡើយ លុះ​ត្រា​តែ​អ្នក​នោះ​បាន​ត្រូវ​ទាញ​នាំ​មក​ដោយ​បិតា​នៅ​ស្ថាន​សួគ៌ ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ហើយ​ខ្ញុំ​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ចុង​ក្រោយ។ ពួក​អ្នក​ប្រកាស​ទំនាយ​បាន​សរសេរ​ថា​៖ ‹ហើយ​ពួក​គេ​ទាំង​អស់​គ្នា​នឹង​ត្រូវ​បង្រៀន​ដោយ​ព្រះ​យេហូវ៉ា›។ អស់​អ្នក​ណា​ដែល​ឮ​ពី​បិតា​នៅ​ស្ថាន​សួគ៌​ហើយ​បាន​រៀន អ្នក​នោះ​មក​ឯ​ខ្ញុំ។ នេះ​មិន​មាន​ន័យ​ថា​ធ្លាប់​មាន​មនុស្ស​ណា​ម្នាក់​ឃើញ​បិតា​នៅ​ស្ថាន​សួគ៌​ឡើយ លើក​លែង​តែ​អ្នក​ដែល​មក​ពី​ព្រះ អ្នក​នោះ​បាន​ឃើញ​បិតា​នៅ​ស្ថាន​សួគ៌។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា អ្នក​ណា​ដែល​ជឿ អ្នក​នោះ​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។—យ៉ូហាន ៦:៤៣​-​៤៧; អេសាយ ៥៤:១៣

លើក​មុន កាល​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ជា​មួយ​នឹង​នីកូដេម លោក​ក៏​បាន​បញ្ជាក់​អំពី​ទំនាក់​ទំនង​រវាង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​និង​ជំនឿ​លើ​កូន​មនុស្ស ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​អស់​អ្នក​ដែល​បង្ហាញ​ជំនឿ​លើ​បុត្រ​នោះ[​បុត្រ​តែ​មួយ​របស់​ព្រះ​]អាច​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ហើយ​មិន​ត្រូវ​បំផ្លាញ​ឡើយ​»។ (​យ៉ូហាន ៣:១៥, ១៦​) ប៉ុន្តែ ឥឡូវ​នេះ​លោក​កំពុង​មាន​ប្រសាសន៍​ទៅ​កាន់​បណ្ដា​ជន​ជា​ច្រើន​នាក់ ដោយ​ប្រាប់​ពួក​គេ​ថា លោក​មាន​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​ផ្ដល់​ឲ្យ​ពួក​គេ​នូវ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ ផ្ទុយ​ទៅ​វិញ នំ​ម៉ាណា ឬ​ក៏​នំ​ប៉័ង​ធម្មតា​ដែល​មាន​ក្នុង​ស្រុក​កាលីឡេ​មិន​អាច​ផ្ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ដល់​ពួក​គេ​បាន​ទេ។ ដូច្នេះ តើ​តាម​របៀប​ណា​បណ្ដា​ជន​អាច​ទទួល​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់? លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ម្ដង​ទៀត​ថា​៖ ​«​ខ្ញុំ​ជា​នំ​ប៉័ង​នៃ​ជីវិត​»។—យ៉ូហាន ៦:៤៨

លោក​យេស៊ូ​នឹង​ពន្យល់​អំពី​នំ​ប៉័ង​ពី​ស្ថាន​សួគ៌​ដោយ​ប្រាប់​ព័ត៌មាន​ដែល​ស៊ី​ជម្រៅ​បំផុត ពេល​ដែល​លោក​បង្រៀន​ក្នុង​សាលា​ប្រជុំ​មួយ​នៅ​ក្រុង​កាពើណិម។