ជំពូកទី៤៩
លោកផ្សព្វផ្សាយនិងបង្ហាត់បង្រៀនពួកសាវ័កនៅស្រុកកាលីឡេ
ម៉ាថាយ ៩:៣៥–១០:១៥ ម៉ាកុស ៦:៦-១១ លូកា ៩:១-៥
-
លោកយេស៊ូធ្វើដំណើរទៅស្រុកកាលីឡេម្ដងទៀត
-
លោកចាត់ពួកសាវ័កឲ្យទៅផ្សព្វផ្សាយ
អស់ប្រហែលជាពីរឆ្នាំហើយដែលលោកយេស៊ូបានព្យាយាមយ៉ាងខ្លាំងក្នុងកិច្ចផ្សព្វផ្សាយ។ តើឥឡូវជាពេលដែលលោកត្រូវបន្ថយសកម្មភាពផ្សាយ ឬក៏ជាពេលដែលត្រូវសម្រាកលម្ហែកាយឬទេ? មិនមែនទេ។ ផ្ទុយទៅវិញ លោកយេស៊ូបានបន្តសកម្មភាពផ្សព្វផ្សាយ ដោយ«ធ្វើដំណើរទៅគ្រប់ក្រុងគ្រប់ភូមិ[នៅស្រុកកាលីឡេ] ដោយបង្រៀនក្នុងសាលាប្រជុំ ផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រ ថែមទាំងធ្វើឲ្យមនុស្សជាសះស្បើយពីជំងឺនិងរោគាគ្រប់យ៉ាង»។ (ម៉ាថាយ ៩:៣៥) អ្វីដែលលោកបានឃើញក្នុងពេលដែលលោកធ្វើដំណើរនោះ នាំឲ្យលោកជឿជាក់ថាមានសេចក្ដីត្រូវការថែមទៀតក្នុងកិច្ចផ្សព្វផ្សាយ។ ប៉ុន្តែ តើតាមរបៀបណាលោកនឹងសម្រេចកិច្ចការនេះ?
កាលដែលលោកយេស៊ូកំពុងធ្វើដំណើរ នោះលោកឃើញបណ្ដាជនដែលត្រូវការការសម្រាលទុក្ខនិងការណែនាំពីព្រះ។ ហេតុអ្វី? ពីព្រោះពួកគេបានត្រូវគេធ្វើទុក្ខ និងទុកចោលឲ្យនៅរាត់រាយដូចសត្វចៀមដែលគ្មានគង្វាល។ នេះធ្វើឲ្យលោកអាណិតអាសូរពួកគេ រួចលោកក៏ប្រាប់អ្នកកាន់តាមលោកថា៖ «ផលដំណាំដែលត្រូវប្រមូលមានច្រើនមែន តែកម្មករមានតិចទេ។ ដូច្នេះ ចូរអង្វរសុំម្ចាស់នៃកិច្ចការប្រមូលផលដំណាំ ចាត់កម្មករថែមទៀតឲ្យចូលរួមកិច្ចការរបស់លោក»។—ម៉ាថាយ ៩:៣៧, ៣៨
លោកយេស៊ូដឹងអំពីវិធីដែលអាចជួយពួកគេបាន។ លោកបានហៅពួកសាវ័កទាំង១២នាក់មក ហើយចាត់ពួកគាត់ជាគូៗ ឲ្យមាន៦ក្រុមផ្សព្វផ្សាយ។ បន្ទាប់មក លោកបានផ្ដល់ការណែនាំយ៉ាងច្បាស់ដល់ពួកគាត់ថា៖ «កុំទៅតំបន់របស់ជនជាតិដទៃ ឬចូលទៅក្នុងក្រុងរបស់ជនជាតិសាម៉ារីឡើយ។ ក៏ប៉ុន្តែ ចូរទៅឯចៀមវង្វេងបាត់ក្នុងចំណោមជនជាតិអ៊ីស្រាអែលប៉ុណ្ណោះ។ កាលដែលអ្នករាល់គ្នាធ្វើដំណើរទៅ ចូរផ្សព្វផ្សាយថា៖ ‹រាជាណាចក្រស្ថានសួគ៌គឺជិតដល់ហើយ›»។—ម៉ាថាយ ១០:៥-៧
តើរាជាណាចក្រអ្វីដែលពួកគាត់ត្រូវផ្សព្វផ្សាយ? គឺរាជាណាចក្រដែលលោកយេស៊ូបានមានប្រសាសន៍ក្នុងសេចក្ដីអធិដ្ឋានគំរូ។ តើក្នុងន័យអ្វីដែល‹រាជាណាចក្រគឺជិតដល់ហើយ›? ក្នុងន័យថាលោកយេស៊ូគ្រិស្តជាស្តេចដែលព្រះបានតែងតាំង ដែលនៅជិតពួកគេហើយ។ ដើម្បីបញ្ជាក់ថាពួកអ្នកកាន់តាមលោក ពិតជាអ្នកតំណាងរាជាណាចក្រនេះ តើលោកយេស៊ូបានធ្វើអ្វី? លោកបានប្រគល់អំណាចឲ្យពួកគាត់ដើម្បីធ្វើឲ្យអ្នកឈឺជាសះស្បើយ ហើយថែមទាំងអាចប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញទៀតផង។ ពួកគាត់ធ្វើអ្វីៗទាំងអស់នេះដោយឥតគិតថ្លៃ។ ដូច្នេះ តើតាមរបៀបណាពួកសាវ័កអាចមានអ្វីដែលពួកគាត់ត្រូវការជាចាំបាច់ ដូចជាអាហារប្រចាំថ្ងៃជាដើម?
លោកយេស៊ូបានបង្គាប់ពួកអ្នកកាន់តាមលោក មិនឲ្យយកសម្ភារ ឬវត្ថុទ្រព្យទៅជាមួយនៅពេលដែលពួកគាត់ធ្វើដំណើរផ្សព្វផ្សាយនៅលើកនេះឡើយ។ ជាឧទាហរណ៍ ពួកគាត់មិនត្រូវយកមាស ប្រាក់ ឬស្ពាន់សម្រាប់ដាក់ថង់យាមទៅជាមួយទេ។ ម្យ៉ាងទៀត សូម្បីតែអាហារ ឬសម្លៀកបំពាក់និងស្បែកជើងបន្ថែម ក៏ពួកគាត់មិនត្រូវយកទៅជាមួយដែរ។ ហេតុអ្វីដូច្នេះ? លោកយេស៊ូបានពង្រឹងទំនុកចិត្តពួកគាត់ថា៖ «កម្មករគឺសមនឹងទទួលអាហារ»។ (ម៉ាថាយ ១០:១០) មនុស្សដែលពួកអ្នកកាន់តាមបានជួប ហើយដែលឲ្យតម្លៃចំពោះដំណឹងដែលពួកគាត់ផ្សាយ អ្នកទាំងនោះនឹងជួយផ្ដល់នូវអ្វីដែលពួកគាត់ត្រូវការ។ ដូច្នេះ លោកយេស៊ូមានប្រសាសន៍ថា៖ «ពេលណាអ្នកចូលក្នុងផ្ទះណាមួយ ចូរនៅទីនោះរហូតដល់អ្នកចេញពីតំបន់នោះ»។—ម៉ាកុស ៦:១០
បន្ថែមទៅទៀត លោកយេស៊ូបានផ្ដល់ការណែនាំស្តីអំពីរបៀបដែលពួកគាត់ត្រូវផ្សព្វផ្សាយដំណឹងអំពីរាជាណាចក្រដល់ម្ចាស់ផ្ទះ។ លោកមានប្រសាសន៍ថា៖ «ពេលដែលអ្នកចូលទៅក្នុងផ្ទះណាមួយ ចូរជម្រាបសួរអ្នកផ្ទះនោះ ហើយជូនពរឲ្យពួកគេបានប្រកបដោយសេចក្ដីសុខ។ ប្រសិនបើអ្នកផ្ទះនោះសមនឹងទទួលសេចក្ដីសុខ ចូរឲ្យសេចក្ដីសុខកើតមានដល់អ្នកផ្ទះនោះដូចអ្នកបានជូនពរចុះ។ ប៉ុន្តែ បើអ្នកផ្ទះនោះមិនសមនឹងទទួលទេ ចូរឲ្យសេចក្ដីសុខដែលអ្នកបានជូនពរវិលមកឯអ្នករាល់គ្នាវិញ។ នៅកន្លែងណាដែលមនុស្សមិនទទួលស្វាគមន៍អ្នករាល់គ្នាឬស្ដាប់ពាក្យរបស់អ្នកទេ ចូររលាស់ធូលីដីពីជើងអ្នកចេញ ពេលដែលចេញពីផ្ទះឬក្រុងនោះ»។—ម៉ាថាយ ១០:១២-១៤
អ្វីដែលលោកយេស៊ូមានប្រសាសន៍នោះ គឺលោកចង់បញ្ជាក់ថាមិនមែនមនុស្សទាំងអស់នឹងស្ដាប់ដំណឹងរបស់ពួកអ្នកកាន់តាមឡើយ។ ជួនកាល មនុស្សក្នុងក្រុងទាំងមូលឬភូមិទាំងមូលអាចបដិសេធដំណឹងដែលពួកគាត់ផ្សាយ។ ដូច្នេះ តើអ្វីនឹងកើតឡើងចំពោះមនុស្សទាំងនោះ? លោកយេស៊ូបង្ហាញថាពួកគេនឹងទទួលការវិនិច្ឆ័យទោសយ៉ាងធ្ងន់។ លោកពន្យល់ថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា នៅថ្ងៃវិនិច្ឆ័យសេចក្ដី ក្រុងសូដុមនិងក្រុងកូម៉ូរ៉ានឹងទទួលទោសស្រាលជាងក្រុងនោះ»។—ម៉ាថាយ ១០:១៥