លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៦១

លោកយេស៊ូបណ្ដេញវិញ្ញាណកំណាចចេញពីក្មេងប្រុសម្នាក់

លោកយេស៊ូបណ្ដេញវិញ្ញាណកំណាចចេញពីក្មេងប្រុសម្នាក់

ម៉ាថាយ ១៧:១៤​-​២០ ម៉ាកុស ៩:១៤​-​២៩ លូកា ៩:៣៧​-​៤៣

  • ត្រូវ​មាន​ជំនឿ​រឹង​មាំ​ដើម្បី​ធ្វើ​ឲ្យ​ក្មេង​ប្រុស​ដែល​មាន​វិញ្ញាណ​កំណាច​ចូល​ជា​សះ​ស្បើយ

ពេល​លោក​យេស៊ូ ពេត្រុស យ៉ាកុប និង​យ៉ូហាន​ចុះ​ពី​លើ​ភ្នំ ពួក​គាត់​បាន​ឃើញ​ថា​មាន​បញ្ហា​មួយ។ មាន​មនុស្ស​មួយ​ក្រុម​ធំ ហើយ ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​កំពុង​នៅ​ជុំ​វិញ​អ្នក​កាន់​តាម​លោក ហើយ​កំពុង​ជជែក​តវ៉ា​ជា​មួយ​នឹង​ពួក​គាត់។ រួច​មក ពេល​បណ្ដា​ជន​ក្រឡេក​ទៅ​ឃើញ​លោក​យេស៊ូ ពួក​គេ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ហើយ​បាន​រត់​ទៅ​ទទួល​ស្វាគមន៍​លោក។ បន្ទាប់​មក លោក​សួរ​បណ្ដា​ជន​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​កំពុង​ជជែក​តវ៉ា​ជា​មួយ​នឹង​ពួក​គាត់​អំពី​រឿង​អ្វី?​»។—ម៉ាកុស ៩:១៦

ពេល​នោះ បុរស​ម្នាក់​ពី​ក្រុម​មនុស្ស​បាន​មក​លុត​ជង្គង់​នៅ​មុខ​លោក​យេស៊ូ ហើយ​ពន្យល់​លោក​ថា​៖ ​«​លោក​គ្រូ! ខ្ញុំ​បាន​នាំ​កូន​ប្រុស​របស់​ខ្ញុំ​មក​ជួប​លោក ពី​ព្រោះ​គាត់​មាន​វិញ្ញាណ​មួយ​ចូល​ដែល​ធ្វើ​ឲ្យ​គាត់​និយាយ​មិន​បាន ហើយ​ទោះ​ជា​នៅ​កន្លែង​ណា​ក៏​ដោយ ពេល​ដែល​វា​គ្រប​សង្កត់​គាត់ វា​ផ្ដួល​គាត់​ទៅ​លើ​ដី​ធ្វើ​ឲ្យ​បែក​ពពុះ​មាត់ សង្កៀត​ធ្មេញ និង​ខ្សោះ​កម្លាំង។ ខ្ញុំ​បាន​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​បណ្ដេញ​វា​ចេញ ប៉ុន្តែ​ពួក​គាត់​បណ្ដេញ​វា​មិន​បាន​»។—ម៉ាកុស ៩:១៧, ១៨

តាម​មើល​ទៅ ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​កំពុង​រិះ​គន់ ហើយ​ចំអក​អ្នក​កាន់​តាម​លោក​យេស៊ូ ពី​ព្រោះ​ពួក​គាត់​មិន​អាច​ធ្វើ​ឲ្យ​ក្មេង​ដែល​មាន​វិញ្ញាណ​កំណាច​ចូល​បាន​ជា​សះ​ស្បើយ។ ដូច្នេះ ជា​ជាង​ឆ្លើយ​តប​ទៅ​នឹង​ឪ​ពុក​ដែល​មាន​ទុក្ខ​ព្រួយ លោក​បាន​មាន​ប្រសាសន៍​ទៅ​បណ្ដា​ជន​ថា​៖ ​«​ឱ​ជំនាន់​មនុស្ស​ដែល​គ្មាន​ជំនឿ​និង​វៀច​វេរ​អើយ! តើ​ខ្ញុំ​ត្រូវ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដល់​ពេល​ណា? តើ​ខ្ញុំ​ត្រូវ​ទ្រាំ​ទ្រ​អ្នក​រាល់​គ្នា​ដល់​ណា​ទៀត?​»។ ប្រសាសន៍​ដ៏​ធ្ងន់​របស់​លោក​ពិត​ជា​សំដៅ​ទៅ​លើ​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ ដោយ​សារ​ពួក​គេ​បាន​ធ្វើ​ទុក្ខ​ដល់​អ្នក​កាន់​តាម​លោក កាល​ដែល​លោក​មិន​នៅ។ រួច​មក លោក​បែរ​ទៅ​ឪ​ពុក​ដែល​មាន​ទុក្ខ​ព្រួយ​នោះ ហើយ​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​នាំ​ក្មេង​ប្រុស​នោះ​មក​ឯ​ខ្ញុំ​»។—ម៉ាថាយ ១៧:១៧

កាល​ដែល​ក្មេង​ប្រុស​នោះ​កំពុង​ចូល​ទៅ​ជិត​លោក​យេស៊ូ រំពេច​នោះ​វិញ្ញាណ​កំណាច​ផ្ដួល​គាត់​លើ​ដី ហើយ​ធ្វើ​ឲ្យ​ក្មេង​ប្រុស​ប្រកាច់​យ៉ាង​ខ្លាំង។ បន្ទាប់​មក ក្មេង​ប្រុស​នោះ​ក៏​ននៀល​ចុះ​ឡើង ហើយ​បែក​ពពុះ​មាត់។ លោក​យេស៊ូ​ក៏​សួរ​ឪ​ពុក​របស់​ក្មេង​នោះ​ថា​៖ ​«​តើ​នេះ​បាន​កើត​ឡើង​ដល់​គាត់​តាំង​ពី​កាល​ណា?​»។ ឪ​ពុក​ឆ្លើយ​ថា​៖ ​«​តាំង​ពី​តូច​មក ហើយ​វិញ្ញាណ​នោះ​ផ្ដួល​គាត់​ក្នុង​ភ្លើង រួច​ក្នុង​ទឹក​ជា​ច្រើន​លើក​ច្រើន​សា ដើម្បី​បំផ្លាញ​គាត់​»។ ឪ​ពុក​ក៏​អង្វរ​លោក​ថា​៖ ​«​បើ​មាន​អ្វី​ដែល​លោក​អាច​ជួយ​បាន សូម​អាណិត​យើង​ហើយ​ជួយ​យើង​ផង​»។—ម៉ាកុស ៩:២១, ២២

ឪ​ពុក​នោះ​អង្វរ​ដូច្នេះ​ដោយ​សារ​គាត់​ទាល់​ច្រក សូម្បី​តែ​អ្នក​កាន់​តាម​លោក​ក៏​មិន​អាច​ជួយ​កូន​គាត់​បាន​ដែរ។ ហេតុ​នេះ ដើម្បី​ឆ្លើយ​តប​នឹង​ការ​អង្វរ​សុំ​របស់​ឪ​ពុក​នោះ លោក​យេស៊ូ​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​មាន​ទំនុក​ចិត្ត ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​និយាយ​ថា‹បើ​មាន​អ្វី​អាច​ជួយ​បាន›? អ្នក​ដែល​មាន​ជំនឿ​អាច​បាន​អ្វី​ៗ​ទាំង​អស់​ដូច​បំណង​»។ ភ្លាម​ៗ​នោះ ឪ​ពុក​របស់​ក្មេង​ប្រុស​ស្រែក​ឡើង​ថា​៖ ​«​ខ្ញុំ​មាន​ជំនឿ! សុំ​ជួយ​ពង្រឹង​ជំនឿ​របស់​ខ្ញុំ​ផង!​»។—ម៉ាកុស ៩:២៣, ២៤

លោក​យេស៊ូ​ឃើញ​ថា​មនុស្ស​កាន់​តែ​ច្រើន​កំពុង​រត់​មក​ចោម​រោម នោះ​លោក​ក៏​ស្តី​បន្ទោស​វិញ្ញាណ​កំណាច​នោះ ដោយ​ពោល​ថា​៖ ​«​វិញ្ញាណ​ដែល​ធ្វើ​ឲ្យ​ថ្លង់​និង​និយាយ​មិន​បាន! ខ្ញុំ​បង្គាប់​ឲ្យ​ចេញ​ពី​គាត់​ទៅ ហើយ​កុំ​ចូល​ក្នុង​គាត់​ទៀត​ឡើយ​»។ បន្ទាប់​ពី​បាន​ស្រែក​ឡើង​និង​ប្រកាច់​យ៉ាង​ខ្លាំង នោះ​វា​ក៏​ចេញ​ទៅ ហើយ​ក្មេង​ប្រុស​នោះ​មើល​ទៅ​ដូច​ជា​ស្លាប់។ ពេល​ឃើញ​ដូច្នេះ មនុស្ស​ភាគ​ច្រើន​និយាយ​ថា​៖ ​«​គាត់​ស្លាប់​ហើយ!​»។ (​ម៉ាកុស ៩:២៥, ២៦​) ក៏​ប៉ុន្តែ ពេល​លោក​យេស៊ូ​បាន​ចាប់​ដៃ​គាត់​លើក ហើយ​គាត់​ក៏​ងើប​ឡើង រួច​«​ចាប់​ពី​ពេល​នោះ​មក ក្មេង​ប្រុស​នោះ​បាន​ជា​សះ​ស្បើយ​»។ (​ម៉ាថាយ ១៧:១៨​) បណ្ដា​ជន​ប្រាកដ​ជា​កោត​ស្ងើច​ចំពោះ​អ្វី​ដែល​លោក​យេស៊ូ​កំពុង​ធ្វើ។

មុន​នេះ ពេល​ដែល​លោក​យេស៊ូ​ចាត់​អ្នក​កាន់​តាម​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ ពួក​គាត់​អាច​បណ្ដេញ​វិញ្ញាណ​កំណាច​បាន។ ប៉ុន្តែ ឥឡូវ​ពួក​គាត់​មិន​អាច​ធ្វើ​បាន​ទេ។ ដូច្នេះ ក្រោយ​ពី​លោក​ចូល​ក្នុង​ផ្ទះ​មួយ អ្នក​កាន់​តាម​សួរ​លោក​ដោយ​ឡែក​ថា​៖ ​«​ហេតុ​អ្វី​ក៏​យើង​មិន​អាច​បណ្ដេញ​វា​បាន?​»។ លោក​យេស៊ូ​ពន្យល់​ថា​នេះ​ដោយ​សារ​ពួក​គាត់​ខ្វះ​ជំនឿ។ លោក​ក៏​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​វិញ្ញាណ​បែប​នេះ​អាច​ត្រូវ​បណ្ដេញ​ចេញ​បាន​ដោយ​សេចក្ដី​អធិដ្ឋាន​តែ​ប៉ុណ្ណោះ​»។ (​ម៉ាកុស ៩:២៨, ២៩​) ពិត​ណាស់ ពួក​អ្នក​កាន់​តាម​ត្រូវ​មាន​ជំនឿ​រឹង​មាំ ហើយ​ត្រូវ​អធិដ្ឋាន​សុំ​ឫទ្ធានុភាព​ពី​ព្រះ ដើម្បី​បណ្ដេញ​វិញ្ញាណ​កំណាច​ដ៏​ខ្លាំង​ក្លា​នោះ។

បន្ថែម​ទៀត លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ប្រសិន​បើ​អ្នក​មាន​ជំនឿ​ប៉ុន​គ្រាប់​មូស្ដាត នោះ​អ្នក​នឹង​និយាយ​ទៅ​ភ្នំ​នេះ​ថា​៖ ‹ចូរ​រើ​ចេញ​ពី​កន្លែង​នេះ ទៅ​កន្លែង​ផ្សេង› នោះ​វា​នឹង​រើ​ទៅ​មែន ហើយ​នឹង​គ្មាន​អ្វី​ដែល​អ្នក​ធ្វើ​ពុំ​កើត​ឡើយ​»។ (​ម៉ាថាយ ១៧:២០​) បើ​យើង​មាន​ជំនឿ​រឹង​មាំ នោះ​យើង​អាច​សម្រេច​កិច្ច​ការ​ដ៏​អស្ចារ្យ​ណាស់!

ក្នុង​កិច្ច​បម្រើ​ព្រះ យើង​ប្រហែល​ជា​ជួប​ប្រទះ​ឧបសគ្គ​និង​ការ​ពិបាក​ផ្សេង​ៗ​ដែល​រា​រាំង​យើង​មិន​ឲ្យ​រីក​ចម្រើន ហាក់​ដូច​ជា​ភ្នំ​ធំ​មួយ​ដែល​យើង​មិន​អាច​រើ​បាន។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ បើ​យើង​បណ្ដុះ​ឲ្យ​មាន​ជំនឿ​រឹង​មាំ យើង​អាច​យក​ឈ្នះ​ឧបសគ្គ​ទាំង​អស់​នោះ​បាន។