លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៥៥

ប្រសាសន៍លោកយេស៊ូធ្វើឲ្យមនុស្សជាច្រើនទាស់ចិត្ត

ប្រសាសន៍លោកយេស៊ូធ្វើឲ្យមនុស្សជាច្រើនទាស់ចិត្ត

យ៉ូហាន ៦:៤៨​-​៧១

  • បរិភោគ​សាច់​និង​ផឹក​ឈាម​របស់​លោក

  • មនុស្ស​ជា​ច្រើន​ជំពប់​ដួល ហើយ​ឈប់​កាន់​តាម​លោក

នៅ​ឯ​សាលា​ប្រជុំ​ក្នុង​ក្រុង​កាពើណិម លោក​យេស៊ូ​កំពុង​បង្រៀន​ថា​លោក​ជា​នំ​ប៉័ង​ដ៏​ពិត​ពី​ស្ថាន​សួគ៌។ នៅ​ទី​នោះ លោក​ច្បាស់​ជា​បញ្ជាក់​ថែម​ទៀត​អំពី​អ្វី​ដែល​លោក​បាន​ប្រាប់​បណ្ដា​ជន​ដែល​បាន​ត្រឡប់​មក​ពី​ទិស​ខាង​កើត​នៃ​សមុទ្រ​កាលីឡេ។ ពួក​គេ​ជា​អ្នក​ដែល​បាន​បរិភោគ​នំ​ប៉័ង​និង​ត្រី​ដែល​លោក​ផ្ដល់​ឲ្យ។

លោក​យេស៊ូ​បន្ត​មាន​ប្រសាសន៍​ថា​៖ ​«​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​បាន​បរិភោគ​នំ​ម៉ាណា​នៅ​តំបន់​ស្ងាត់​ជ្រងំ ហើយ​នៅ​តែ​ស្លាប់​»។ រួច​មក លោក​ពន្យល់​ផ្ទុយ​ទៅ​វិញ​ថា​៖ ​«​ខ្ញុំ​ជា​នំ​ប៉័ង​រស់​ដែល​បាន​ចុះ​មក​ពី​ស្ថាន​សួគ៌។ បើ​អ្នក​ណា​បរិភោគ​នំ​ប៉័ង​នេះ អ្នក​នោះ​នឹង​រស់​ជា​រៀង​រហូត ហើយ​ជា​ការ​ពិត​ថា នំ​ប៉័ង​ដែល​ខ្ញុំ​នឹង​ឲ្យ គឺ​ជា​សាច់​របស់​ខ្ញុំ ដើម្បី​ឲ្យ​មនុស្សជាតិ​អាច​រស់​»។—យ៉ូហាន ៦:៤៨​-​៥១

ពេល​មុន​នៅ​រដូវ​ស្លឹក​ឈើ​លាស់​នា​ឆ្នាំ​៣០ គ.ស. លោក​យេស៊ូ​បាន​ប្រាប់​នីកូដេម​ថា ព្រះ​ស្រឡាញ់​ពិភព​លោក​ដល់​ម្ល៉េះ​បាន​ជា​លោក​ឲ្យ​បុត្រ​តែ​មួយ​របស់​លោក​ធ្វើ​ជា​អ្នក​សង្គ្រោះ។ ឥឡូវ លោក​យេស៊ូ​បញ្ជាក់​ថា​មនុស្សជាតិ​ត្រូវ​បរិភោគ​សាច់​របស់​លោក ក្នុង​ន័យ​ថា​ពួក​គេ​ត្រូវ​បង្ហាញ​ជំនឿ​លើ​គ្រឿង​បូជា​ដែល​លោក​នឹង​ផ្ដល់​ឲ្យ។ នេះ​ហើយ​ជា​របៀប​ដែល​ពួក​គេ​អាច​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។

ក៏​ប៉ុន្តែ ក្រុម​មនុស្ស​មិន​យល់​ស្រប​នឹង​ប្រសាសន៍​របស់​លោក​យេស៊ូ​ឡើយ ហើយ​ពួក​គេ​សួរ​គ្នា​ថា​៖ ​«​តើ​បុរស​នេះ​អាច​ឲ្យ​សាច់​របស់​គាត់​ឲ្យ​យើង​បរិភោគ​ដូច​ម្ដេច​បាន?​»។ (​យ៉ូហាន ៦:៥២​) លោក​យេស៊ូ​ចង់​ឲ្យ​ពួក​គេ​យល់​ថា​លោក​កំពុង​មាន​ប្រសាសន៍​ក្នុង​ន័យ​ធៀប មិន​មែន​ក្នុង​ន័យ​ត្រង់​ទេ។ បន្ទាប់​មក លោក​ពន្យល់​បន្ថែម​ទៀត​ដើម្បី​បញ្ជាក់​អំពី​អត្ថន័យ​នៃ​ប្រសាសន៍​របស់​លោក។

លោក​មាន​ប្រសាសន៍​ថា​៖ ​«​ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​បរិភោគ​សាច់​របស់​កូន​មនុស្ស ហើយ​មិន​ផឹក​ឈាម​របស់​លោក នោះ​អ្នក​រាល់​គ្នា​គ្មាន​ជីវិត​ក្នុង​ខ្លួន​ឡើយ។ អ្នក​ណា​ដែល​បរិភោគ​សាច់​របស់​ខ្ញុំ​ហើយ​ផឹក​ឈាម​របស់​ខ្ញុំ អ្នក​នោះ​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ . . . ព្រោះ​សាច់​របស់​ខ្ញុំ​ជា​អាហារ​ដ៏​ពិត ហើយ​ឈាម​របស់​ខ្ញុំ​ជា​ភេសជ្ជៈ​ដ៏​ពិត។ អ្នក​ណា​ដែល​បរិភោគ​សាច់​របស់​ខ្ញុំ​ហើយ​ផឹក​ឈាម​របស់​ខ្ញុំ អ្នក​នោះ​នៅ​រួប​រួម​ជា​មួយ​នឹង​ខ្ញុំ​»។—យ៉ូហាន ៦:៥៣​-​៥៦

សូម​គិត​ទៅ​មើល ប្រសាសន៍​របស់​លោក​បាន​ធ្វើ​ឲ្យ​ជន​ជាតិ​យូដា​ខ្ពើម​យ៉ាង​ណា! ពួក​គេ​ប្រហែល​ជា​គិត​ថា​លោក​យេស៊ូ​កំពុង​ប្រាប់​ឲ្យ​ពួក​គេ​បរិភោគ​សាច់ ឬ​ផឹក​ឈាម​របស់​មនុស្ស ដែល​ខុស​ច្បាប់​របស់​ព្រះ។ (​លោកុប្បត្តិ ៩:៤; លេវីវិន័យ ១៧:១០, ១១​) ប៉ុន្តែ លោក​យេស៊ូ​មិន​សំដៅ​ទៅ​លើ​ការ​បរិភោគ​សាច់ ឬ​ផឹក​ឈាម​ក្នុង​ន័យ​ត្រង់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​កំពុង​បង្ហាញ​ថា​អស់​អ្នក​ដែល​ចង់​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ត្រូវ​បង្ហាញ​ជំនឿ​លើ​គ្រឿង​បូជា​ដែល​លោក​នឹង​ផ្ដល់​ឲ្យ កាល​ដែល​លោក​បូជា​រូប​កាយ​ដ៏​ល្អ​ឥត​ខ្ចោះ និង​បង្ហូរ​ឈាម​របស់​លោក។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ អ្នក​កាន់​តាម​ជា​ច្រើន​មិន​យល់​សេចក្ដី​បង្រៀន​នេះ​ឡើយ។ ដូច្នេះ អ្នក​ខ្លះ​និយាយ​ថា​៖ ​«​សម្ដី​នេះ​គួរ​ឲ្យ​ទាស់​ចិត្ត​ណាស់ តើ​អ្នក​ណា​អាច​ស្ដាប់​បាន?​»។—យ៉ូហាន ៦:៦០

លោក​យេស៊ូ​ជ្រាប​ថា ពួក​អ្នក​កាន់​តាម​កំពុង​រអ៊ូ ដូច្នេះ​លោក​សួរ​ពួក​គេ​ថា​៖ ​«​តើ​សម្ដី​នេះ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ជំពប់​ដួល​ឬ? ចុះ​យ៉ាង​ណា​វិញ បើ​អ្នក​រាល់​គ្នា​ឃើញ​កូន​មនុស្ស​ឡើង​ទៅ​កន្លែង​ដែល​លោក​នៅ​ពី​មុន? . . . ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ផ្ដើម​ចេញ​ពី​សកម្មពល​របស់​ព្រះ ហើយ​ក៏​ផ្ដល់​ជីវិត។ ប៉ុន្តែ​មាន​អ្នក​រាល់​គ្នា​ខ្លះ​ដែល​មិន​ជឿ​»។ ពេល​ឮ​ដូច្នេះ អ្នក​កាន់​តាម​ជា​ច្រើន​បាន​ចេញ​ទៅ ហើយ​លែង​ចង់​តាម​លោក​ត​ទៅ​ទៀត។—យ៉ូហាន ៦:៦១​-​៦៤

ម្ល៉ោះ​ហើយ លោក​យេស៊ូ​សួរ​សាវ័ក​ទាំង​១២​នាក់​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​ចង់​ទៅ​ដែរ​ឬ?​»។ ពេត្រុស​ឆ្លើយ​ថា​៖ ​«​លោក​ម្ចាស់ តើ​យើង​នឹង​ទៅ​ឯ​អ្នក​ណា​វិញ? ប្រសាសន៍​របស់​លោក​នាំ​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ហើយ​យើង​បាន​ជឿ ក៏​បាន​ដឹង​ថា លោក​ជា​អ្នក​បរិសុទ្ធ​របស់​ព្រះ​»។ (​យ៉ូហាន ៦:៦៧​-​៦៩​) ពេត្រុស​និង​សាវ័ក​ឯ​ទៀត​ពិត​ជា​បង្ហាញ​ភក្ដី​ភាព​ចំពោះ​លោក​មែន ទោះ​ជា​ពួក​គាត់​មិន​ទាន់​យល់​ច្បាស់​អំពី​អ្វី​ដែល​លោក​យេស៊ូ​កំពុង​បង្រៀន​ក្ដី!

លោក​យេស៊ូ​ពេញ​ចិត្ត​នឹង​ចម្លើយ​របស់​ពេត្រុស រួច​មក​លោក​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​បាន​ជ្រើស​រើស​អ្នក​ទាំង​ដប់​ពីរ មែន​ទេ? ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ មាន​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ជា​អ្នក​បង្កាច់​បង្ខូច​»។ (​យ៉ូហាន ៦:៧០​) លោក​យេស៊ូ​កំពុង​មាន​ប្រសាសន៍​អំពី​យូដាស​អ៊ីស្ការីយ៉ុត ពី​ព្រោះ​មក​ដល់​ពេល​នេះ លោក​ប្រហែល​ជា​សង្កេត​ឃើញ​ថា​យូដាស​ចាប់​ផ្ដើម​ធ្វើ​តាម​បំណង​ប្រាថ្នា​អាក្រក់​របស់​គាត់។

យ៉ាង​ណា​មិញ លោក​យេស៊ូ​ពេញ​ចិត្ត​ណាស់​ដោយ​សារ​លោក​ដឹង​ថា ពេត្រុស​និង​សាវ័ក​ឯ​ទៀត​មិន​បាន​ធ្វើ​តាម​បណ្ដា​ជន​ដោយ​ឈប់​កាន់​តាម​លោក ហើយ​ឈប់​ធ្វើ​កិច្ច​ការ​ដែល​ជួយ​សង្គ្រោះ​ជីវិត​ដែល​លោក​កំពុង​ធ្វើ​នោះ​ឡើយ។