ជំពូកទី២៤
បង្កើនកិច្ចបម្រើផ្សាយក្នុងតំបន់កាលីឡេ
ម៉ាថាយ ៤:២៣-២៥ ម៉ាកុស ១:៣៥-៣៩ លូកា ៤:៤២, ៤៣
-
លោកយេស៊ូបានផ្សព្វផ្សាយនៅតំបន់កាលីឡេជាមួយនឹងអ្នកកាន់តាមបួននាក់
-
កិច្ចផ្សព្វផ្សាយនិងការអស្ចារ្យដែលលោកបានធ្វើត្រូវគេស្គាល់ជាទូទៅ
នៅក្រុងកាពើណិម លោកយេស៊ូនិងពួកអ្នកកាន់តាមបួននាក់រវល់ណាស់។ នៅពេលល្ងាច អ្នកក្រុងកាពើណិមបាននាំពួកអ្នកដែលឈឺមកជួបលោក ដើម្បីសុំលោកធ្វើឲ្យពួកគេជាសះស្បើយ។ ម្ល៉ោះហើយ លោកយេស៊ូមិនសូវមានពេលសម្រាប់ខ្លួនលោកទេ។
លុះពេលព្រលឹមស្រាងៗ កាលមេឃងងឹតនៅឡើយ លោកយេស៊ូបានភ្ញាក់ពីសម្រាន្ត ហើយចេញទៅរកកន្លែងមួយឆ្ងាយពីគេ។ លោកបានរកឃើញកន្លែងស្ងាត់មួយ ដើម្បីលោកអាចអធិដ្ឋានទៅបិតាលោក។ ប៉ុន្តែ ពេលវេលាដែលលោកនៅម្នាក់ឯងនោះគឺមិនបានយូរទេ ដោយសារពេល«ស៊ីម៉ូននិងអ្នកដែលនៅជាមួយនឹងគាត់»ដឹងថាបាត់លោកយេស៊ូ នោះពួកគាត់បានតាមរកលោក។ តាមមើលទៅ ស៊ីម៉ូនពេត្រុសជាអ្នកនាំផ្លូវពួកគេ ដោយសារលោកយេស៊ូស្នាក់នៅផ្ទះរបស់គាត់។—ម៉ាកុស ១:៣៦; លូកា ៤:៣៨
លុះពួកគាត់រកឃើញលោកយេស៊ូហើយ ពេត្រុសនិយាយថា៖ «មនុស្សទាំងអស់កំពុងរកលោក»។ (ម៉ាកុស ១:៣៧) គឺមិនចម្លែកឡើយ ដែលអ្នកក្រុងកាពើណិមរកលោកយេស៊ូ ដោយសារពួកគេចង់ឲ្យលោកនៅជាមួយនឹងពួកគេ។ ហេតុអ្វី? ពីព្រោះពួកគេពិតជាឲ្យតម្លៃចំពោះអ្វីដែលលោកបានធ្វើ ដូច្នេះពួកគេខំ«ឃាត់លោកមិនឲ្យចេញពីពួកគេឡើយ»។ (លូកា ៤:៤២) ទោះជាយ៉ាងនោះក៏ដោយ តើមូលហេតុចម្បងដែលលោកយេស៊ូមកផែនដីគឺដើម្បីធ្វើអព្ភូតហេតុដូចជាធ្វើឲ្យមនុស្សជាពីជំងឺឬ? តើលោកគ្រាន់តែធ្វើអព្ភូតហេតុនិងបំពេញកិច្ចបម្រើនៅក្រុងកាពើណិមប៉ុណ្ណោះឬ? តើលោកបានមានប្រសាសន៍យ៉ាងណាអំពីរឿងនេះ?
លោកយេស៊ូមានប្រសាសន៍ទៅអ្នកកាន់តាមលោកថា៖ «ចូរយើងទៅកន្លែងផ្សេងវិញ ទៅឃុំនៅជិតៗនេះ ដើម្បីខ្ញុំអាចផ្សព្វផ្សាយនៅទីនោះដែរ ពីព្រោះនេះជាមូលហេតុដែលខ្ញុំបានមក»។ បន្ថែមទៀត លោកយេស៊ូក៏បានប្រាប់អ្នកក្រុងនោះដែលចង់ឲ្យលោកនៅជាមួយ ថា៖ «ខ្ញុំត្រូវប្រកាសដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះនៅក្រុងផ្សេងទៀតដែរ ពីព្រោះនេះជាមូលហេតុដែលខ្ញុំបានត្រូវចាត់ឲ្យមក»។—ម៉ាកុស ១:៣៨; លូកា ៤:៤៣
មែនហើយ មូលហេតុចម្បងដែលលោកយេស៊ូបានមកផែនដីគឺដើម្បីផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ព្រះ។ រាជាណាចក្រនោះនឹងធ្វើឲ្យនាមរបស់បិតាលោកបានបរិសុទ្ធ ហើយនឹងបំបាត់ជំងឺទាំងអស់របស់មនុស្សជាតិជារៀងរហូត។ ប៉ុន្តែ ហេតុអ្វីលោកយេស៊ូធ្វើអព្ភូតហេតុដោយធ្វើឲ្យមនុស្សឈឺជាឡើងវិញ? ពីព្រោះលោកចង់បង្ហាញភ័ស្តុតាងថាព្រះបានចាត់លោកឲ្យមក។ ស្រដៀងគ្នាដែរ អស់រាប់សតវត្សរ៍មុន ម៉ូសេបានធ្វើការអស្ចារ្យផ្សេងៗដើម្បីឲ្យមនុស្សជឿថា គាត់ជាអ្នកដែលព្រះបានតែងតាំង។—និក្ខមនំ ៤:១-៩, ៣០, ៣១
បន្ទាប់មក លោកយេស៊ូក៏ចាកចេញពីក្រុងកាពើណិមជាមួយនឹងពួកអ្នកកាន់តាមបួននាក់ ដើម្បីទៅផ្សព្វផ្សាយនៅក្រុងផ្សេងទៀត។ អ្នកកាន់តាមបួននាក់នោះមានពេត្រុស និងអនទ្រេជាប្អូន ព្រមទាំងយ៉ាកុប និងយ៉ូហានជាប្អូន។ មួយសប្ដាហ៍មុននេះ លោកយេស៊ូបានអញ្ជើញពួកគាត់ឲ្យធ្វើជាអ្នកកាន់តាមដំបូងដើម្បីធ្វើដំណើរផ្សព្វផ្សាយជាមួយនឹងលោក។
កិច្ចផ្សព្វផ្សាយរបស់លោកយេស៊ូនៅតំបន់កាលីឡេជាមួយនឹងអ្នកកាន់តាមបួននាក់ គឺមានលទ្ធផលដ៏អស្ចារ្យមែន! ពីព្រោះមនុស្សនៅគ្រប់ទីកន្លែងបាននិយាយតៗគ្នាអំពីលោកយេស៊ូ។ «ដំណឹងអំពីលោកបានលេចឮពេញស្រុកស៊ីរីទាំងមូល»រហូតដល់តំបន់ដេកាប៉ូលដែលមានក្រុង១០ និងដល់តំបន់នៅត្រើយម្ខាងទន្លេយ៉ូដាន់។ (ម៉ាថាយ ៤:២៤, ២៥) ក្រុមមនុស្សដ៏ធំពីតំបន់ទាំងនោះ និងពីតំបន់យូឌាបានដើរតាមលោកយេស៊ូនិងអ្នកកាន់តាមលោក។ មនុស្សជាច្រើនបាននាំអ្នកឈឺមកជួបលោកដើម្បីសុំលោកធ្វើឲ្យពួកគេបានជា។ លោកយេស៊ូធ្វើតាមសំណូមពរពួកគេ ដោយធ្វើឲ្យពួកអ្នកដែលឈឺជាសះស្បើយ ថែមទាំងបណ្ដេញពួកវិញ្ញាណកំណាចចេញពីមនុស្សដែលពួកវាបានធ្វើបាបទៀតផង។