លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៣៤

លោកយេស៊ូជ្រើសរើស១២នាក់ឲ្យធ្វើជាសាវ័ក

លោកយេស៊ូជ្រើសរើស១២នាក់ឲ្យធ្វើជាសាវ័ក

ប្រហែល​ជា​មួយ​ឆ្នាំ​កន្លះ​មុន យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​បាន​ជួយ​មនុស្ស​ឲ្យ​ស្គាល់​លោក​យេស៊ូ​ថា​ជា​កូន​ចៀម​របស់​ព្រះ។ ពេល​ដែល​លោក​យេស៊ូ​ចាប់​ផ្ដើម​កិច្ច​បម្រើ​ផ្សាយ មាន​មនុស្ស​មួយ​ចំនួន​ដែល​មាន​ចិត្ត​ស្មោះ​បាន​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក ដូច​ជា​អនទ្រេ ស៊ីម៉ូន​ពេត្រុស យ៉ូហាន យ៉ាកុប ប្រហែល​ជា (​ប្អូន​ប្រុស​របស់​យ៉ូហាន​) ភីលីព និង​បាថូឡូម៉េ (​ដែល​គេ​ហៅ​ថា​ណាថាណែល​)។ ក្រោយ​មក​ក៏​មាន​អ្នក​ឯ​ទៀត​បាន​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត​ដែរ។—យ៉ូហាន ១:៤៥​-​៤៧

ឥឡូវ​ដល់​ពេល​ដែល​លោក​យេស៊ូ​ជ្រើស​រើស​អ្នក​កាន់​តាម​លោក​ឲ្យ​ធ្វើ​ជា​សាវ័ក។ ពួក​គាត់​នឹង​ទៅ​ជា​អ្នក​រួម​ការ​ងារ​ដ៏​ជិត​ស្និទ្ធ​របស់​លោក ហើយ​ពួក​គាត់​នឹង​ទទួល​ការ​បង្ហាត់​បង្រៀន​ពិសេស។ ប៉ុន្តែ មុន​នឹង​លោក​យេស៊ូ​ជ្រើស​រើស​ពួក​គាត់ លោក​បាន​ចេញ​ទៅ​ភ្នំ​មួយ ប្រហែល​ជា​នៅ​ជិត​សមុទ្រ​កាលីឡេ ដែល​នៅ​មិន​ឆ្ងាយ​ពី​ក្រុង​កាពើណិម​ឡើយ។ នៅ​ទី​នោះ លោក​បាន​ចំណាយ​ពេល​អធិដ្ឋាន​ពេញ​មួយ​យប់ ទំនង​ជា​ដើម្បី​សុំ​ប្រាជ្ញា​ពី​ព្រះ និង​សុំ​ពរ​ពី​លោក។ នៅ​ថ្ងៃ​បន្ទាប់ លោក​ហៅ​ពួក​អ្នក​កាន់​តាម​មក ហើយ​ជ្រើស​រើស​១២​នាក់​ពី​ចំណោម​ពួក​គាត់​ឲ្យ​ធ្វើ​ជា​សាវ័ក។

អ្នក​កាន់​តាម​៦​នាក់​ដែល​លោក​យេស៊ូ​បាន​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​សាវ័ក គឺ​ជា​អ្នក​កាន់​តាម​ដំបូង​របស់​លោក ដែល​មាន​ឈ្មោះ​ដូច​បាន​រៀប​រាប់​ខាង​លើ។ បន្ទាប់​មក លោក​យេស៊ូ​បាន​ជ្រើស​រើស​ម៉ាថាយ​ដែល​ជា​អ្នក​យក​ពន្ធ រួច​លោក​បាន​ជ្រើស​រើស​ប្រាំ​នាក់​ទៀត​គឺ​យូដាស (​ដែល​គេ​ហៅ​ថា ថាដេ ជា​«​កូន​របស់​យ៉ាកុប​»​) ស៊ីម៉ូន​មក​ពី​ក្រុង​កាពើណិម ថូម៉ាស់ យ៉ាកុប​ដែល​ជា​កូន​អាល់ផៀស និង​យូដាស​អ៊ីស្ការីយ៉ុត។—ម៉ាថាយ ១០:២​-​៤; លូកា ៦:១៦

ឥឡូវ​នេះ សាវ័ក​ទាំង​១២​នាក់​បាន​ធ្វើ​ដំណើរ​ជាប់​ជា​មួយ​នឹង​លោក ហើយ​លោក​ស្គាល់​ពួក​គាត់​យ៉ាង​ច្បាស់។ ពួក​គាត់​ខ្លះ​ជា​សាច់​ញាតិ​របស់​លោក​យេស៊ូ។ យ៉ាកុប​និង​យ៉ូហាន​ដែល​ជា​បង​ប្អូន​បង្កើត គឺ​ត្រូវ​ជា​បង​ប្អូន​ជីដូន​មួយ​របស់​លោក។ ម្យ៉ាង​ទៀត មនុស្ស​ខ្លះ​យល់​ថា​អាល់ផៀស​និង​យ៉ូសែប​ដែល​ជា​ឪ​ពុក​ចិញ្ចឹម​របស់​លោក​យេស៊ូ​ត្រូវ​ជា​បង​ប្អូន​បង្កើត។ ដូច្នេះ សាវ័ក​យ៉ាកុប​ដែល​ជា​កូន​អាល់ផៀស​ក៏​ត្រូវ​ជា​បង​ប្អូន​ជីដូន​មួយ​របស់​លោក​យេស៊ូ​ដែរ។

ចំពោះ​លោក​យេស៊ូ គឺ​មិន​ពិបាក​ទេ​ក្នុង​ការ​ចាំ​ឈ្មោះ​របស់​ពួក​សាវ័ក​ទាំង​អស់។ ប៉ុន្តែ តើ​អ្នក​អាច​ចាំ​ឈ្មោះ​របស់​ពួក​គាត់​បាន​ទេ? វិធី​មួយ​ដែល​ជួយ​អ្នក​ឲ្យ​ចាំ​ឈ្មោះ​ពួក​គាត់​គឺ មាន​ឈ្មោះ​ស៊ីម៉ូន​ពីរ​នាក់ យ៉ាកុប​ពីរ​នាក់ និង​យូដាស​ពីរ​នាក់។ សាវ័ក​ផ្សេង​ទៀត គឺ​អនទ្រេ​ជា​ប្អូន​ស៊ីម៉ូន (​ពេត្រុស​) ហើយ​យ៉ូហាន​ជា​ប្អូន​យ៉ាកុប (​កូន​សេបេដេ​)។ នោះ​ជា​វិធី​មួយ​ក្នុង​ការ​ចាំ​ឈ្មោះ​របស់​សាវ័ក​ទាំង​៨​នាក់។ សាវ័ក​បួន​នាក់​ទៀត​មាន​អ្នក​យក​ពន្ធ (​ម៉ាថាយ​) ម្នាក់​ទៀត​ឈ្មោះ (​ថូម៉ាស់​) ដែល​ក្រោយ​មក​មាន​ចិត្ត​សង្ស័យ ម្នាក់​ទៀត​ឈ្មោះ (​ណាថាណែល​) ដែល​លោក​យេស៊ូ​ហៅ​ពេល​គាត់​នៅ​ក្រោម​ដើម​ឈើ និង (​ភីលីព​) ដែល​ជា​មិត្ត​របស់​ណាថាណែល។

សាវ័ក​១១​នាក់​មក​ពី​ស្រុក​កាលីឡេ ដែល​ជា​ស្រុក​លោក​យេស៊ូ។ ណាថាណែល មក​ពី​ភូមិ​កាណា។ ភីលីព ពេត្រុស និង​អនទ្រេ មក​ពី​ក្រុង​បេតសេដា។ ក្រោយ​មក ពេត្រុស និង​អនទ្រេ​បាន​ផ្លាស់​ទី​លំនៅ​ទៅ​ក្រុង​កាពើណិម​វិញ ទំនង​ជា​កន្លែង​ដែល​ម៉ាថាយ​រស់​នៅ។ យ៉ាកុប​និង​យ៉ូហាន​រស់​នៅ​ក្នុង​ក្រុង​កាពើណិម ឬ​ក្បែរ​ក្រុង​នោះ ហើយ​ពួក​គាត់​មាន​របរ​ជា​អ្នក​នេសាទ។ ចំណែក​ឯ​យូដាស​អ៊ីស្ការីយ៉ុត​វិញ ដែល​ក្រោយ​មក​ក្បត់​លោក​យេស៊ូ តាម​មើល​ទៅ​មាន​តែ​គាត់​ម្នាក់​គត់​ដែល​រស់​នៅ​ស្រុក​យូឌា។