លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៥៩

តើកូនមនុស្សជាអ្នកណា?

តើកូនមនុស្សជាអ្នកណា?

ម៉ាថាយ ១៦:១៣​-​២៧ ម៉ាកុស ៨:២២​-​៣៨ លូកា ៩:១៨​-​២៦

  • លោក​យេស៊ូ​ធ្វើ​ឲ្យ​បុរស​ងងឹត​ភ្នែក​មើល​ឃើញ

  • ពេត្រុស​ទទួល​កូន​សោ​រាជាណាចក្រ

  • លោក​យេស៊ូ​ប្រាប់​ទុក​ជា​មុន​អំពី​ការ​ស្លាប់​របស់​លោក​និង​ការ​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ

លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​លោក​បាន​ទៅ​ដល់​ភូមិ​បេតសេដា។ នៅ​ទី​នោះ បណ្ដា​ជន​បាន​នាំ​បុរស​ងងឹត​ភ្នែក​ម្នាក់​មក ហើយ​ពួក​គេ​បាន​អង្វរ​សុំ​ឲ្យ​លោក​ពាល់​គាត់​ដើម្បី​ធ្វើ​ឲ្យ​គាត់​មើល​ឃើញ​វិញ។

លោក​យេស៊ូ​ដឹក​ដៃ​បុរស​ងងឹត​ភ្នែក​នោះ នាំ​ទៅ​ក្រៅ​ភូមិ។ រួច​លោក​ស្ដោះ​ដាក់​ភ្នែក​គាត់ ហើយ​សួរ​ថា​៖ ​«​តើ​អ្នក​មើល​ឃើញ​អ្វី​ទេ?​»។ បុរស​នោះ​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​គិត​ថា​ខ្ញុំ​ឃើញ​មនុស្ស ព្រោះ​មើល​ទៅ​ដូច​ជា​ដើម​ឈើ តែ​កំពុង​ដើរ​»។ (​ម៉ាកុស ៨:២៣, ២៤​) បន្ទាប់​មក លោក​ក៏​ដាក់​ដៃ​លើ​ភ្នែក​គាត់ ហើយ​ធ្វើ​ឲ្យ​គាត់​មើល​ឃើញ​ឡើង​វិញ។ ក្រោយ​មក លោក​ឲ្យ​បុរស​នោះ​ត្រឡប់​ទៅ​ផ្ទះ ហើយ​ប្រាប់​គាត់​កុំ​ឲ្យ​ចូល​ក្នុង​ភូមិ​ឡើយ។

រួច​មក លោក​យេស៊ូ​និង​អ្នក​កាន់​តាម​លោក​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ភូមិ​មួយ​ក្នុង​តំបន់​សេសារៀ​ភីលីព ស្ថិត​នៅ​ទិស​ខាង​ជើង ដែល​មាន​ចម្ងាយ​ប្រមាណ​៤០​គីឡូ​ម៉ែត្រ។ ភូមិ​នោះ​ស្ថិត​នៅ​លើ​ភ្នំ ហើយ​នៅ​ខាង​ក្រោយ​ភូមិ​នោះ មនុស្ស​អាច​មើល​ឃើញ​ភ្នំ​ហឺម៉ុន​ដែល​មាន​ទឹក​កក​នៅ​លើ​កំពូល។ ដើម្បី​ទៅ​ដល់​ទី​នោះ​ពួក​គាត់​ត្រូវ​ធ្វើ​ដំណើរ​ប្រហែល​ជា​ពីរ​ឬ​បី​ថ្ងៃ។

ពេល​កំពុង​ធ្វើ​ដំណើរ​ទៅ​ភូមិ​នោះ លោក​យេស៊ូ​បាន​ចេញ​ទៅ​កន្លែង​ស្ងាត់​មួយ​តែ​ម្នាក់​ឯង​ដើម្បី​អធិដ្ឋាន​ទៅ​ព្រះ។ លោក​ជ្រាប​ថា​នៅ​សល់​តែ​៩​ខែ ឬ​១០​ខែ​ទៀត​លោក​នឹង​ទទួល​មរណភាព ហើយ​លោក​ពិត​ជា​ព្រួយ​បារម្ភ​អំពី​អ្នក​កាន់​តាម​លោក​ខ្លាំង​ណាស់ ពី​ព្រោះ​ថ្មី​ៗ​នេះ អ្នក​កាន់​តាម​ជា​ច្រើន​បាន​លែង​កាន់​តាម​លោក អ្នក​ខ្លះ​ទៀត​ទំនង​ជា​ច្របូក​ច្របល់​ក្នុង​ចិត្ត ឬ​តូច​ចិត្ត​នឹង​លោក។ ពួក​គាត់​ប្រហែល​ជា​ឆ្ងល់​អំពី​មូលហេតុ​ដែល​លោក​មិន​ព្រម​ធ្វើ​ជា​ស្តេច​តាម​ការ​ព្យាយាម​ចង់​បាន​របស់​បណ្ដា​ជន ឬ​ក៏​ឆ្ងល់​អំពី​មូលហេតុ​ដែល​លោក​មិន​ធ្វើ​សញ្ញា​សម្គាល់​ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ថា​លោក​ពិត​ជា​អ្នក​ណា

ពេល​អ្នក​កាន់​តាម​លោក​ទៅ​ដល់​កន្លែង​ដែល​លោក​កំពុង​អធិដ្ឋាន នោះ​លោក​សួរ​ពួក​គាត់​ថា​៖ ​«​តើ​មនុស្ស​ទាំង​ឡាយ​ថា​កូន​មនុស្ស​ជា​អ្នក​ណា?​»។ ពួក​គាត់​បាន​ឆ្លើយ​ថា​៖ ​«​អ្នក​ខ្លះ​ថា​លោក​ជា​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក អ្នក​ខ្លះ​ទៀត​ថា​លោក​ជា​អេលីយ៉ា ហើយ​អ្នក​ឯ​ទៀត​ថា​លោក​ជា​យេរេមា ឬ​អ្នក​ប្រកាស​ទំនាយ​មួយ​រូប​»។ ពិត​មែន បណ្ដា​ជន​គិត​ថា​លោក​យេស៊ូ​ប្រហែល​ជា​បុគ្គល​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ដើម្បី​ដឹង​អំពី​គំនិត​របស់​ពួក​អ្នក​កាន់​តាម លោក​យេស៊ូ​សួរ​ពួក​គាត់​ថា​៖ ​«​ចុះ​អ្នក​រាល់​គ្នា​វិញ តើ​អ្នក​ថា​ខ្ញុំ​ជា​អ្នក​ណា?​»។ ពេត្រុស​ឆ្លើយ​ភ្លាម​ថា​៖ ​«​លោក​ជា​គ្រិស្ត ជា​បុត្រ​របស់​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ​»។—ម៉ាថាយ ១៦:១៣​-​១៦

លោក​យេស៊ូ​ប្រាប់​ពេត្រុស​ថា គាត់​នឹង​មាន​សុភមង្គល​ដោយ​សារ​ព្រះ​បាន​បើក​សម្ដែង​រឿង​នេះ​ឲ្យ​គាត់​ដឹង ដោយ​មាន​ប្រសាសន៍​បន្ថែម​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​ថា អ្នក​គឺ​ពេត្រុស ហើយ​លើ​ផ្ទាំង​ថ្ម​នេះ ខ្ញុំ​នឹង​សាង​ក្រុម​ជំនុំ​របស់​ខ្ញុំ។ ទ្វារ​កំពែង​ផ្នូរ​នឹង​មិន​ឈ្នះ​ក្រុម​ជំនុំ​នោះ​ឡើយ​»។ លោក​យេស៊ូ​ចង់​មាន​ន័យ​ថា លោក​ផ្ទាល់​នឹង​សាង​ក្រុម​ជំនុំ ហើយ​ថា​សូម្បី​តែ​ផ្នូរ​ឬ​សេចក្ដី​ស្លាប់​នឹង​មិន​អាច​បំផ្លាញ​សមាជិក​ក្រុម​ជំនុំ​នោះ​បាន​ឡើយ បើ​ពួក​គាត់​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​លោក​រហូត​ដល់​បញ្ចប់​កិច្ច​បម្រើ​របស់​ពួក​គាត់​នៅ​ផែន​ដី។ រួច​មក លោក​បាន​សន្យា​នឹង​ពេត្រុស​ថា​៖ ​«​ខ្ញុំ​នឹង​ឲ្យ​កូន​សោ​នៃ​រាជាណាចក្រ​ស្ថាន​សួគ៌​ដល់​អ្នក​»។—ម៉ាថាយ ១៦:១៨, ១៩

លោក​យេស៊ូ​មិន​បាន​ផ្ដល់​ឲ្យ​ពេត្រុស​នូវ​ឋានៈ​ធំ​ជាង​គេ​ក្នុង​ចំណោម​ពួក​សាវ័ក​ទេ ហើយ​លោក​ក៏​មិន​បាន​ឲ្យ​គាត់​ធ្វើ​ជា​ថ្ម​គ្រឹះ​នៃ​ក្រុម​ជំនុំ​ដែរ ពី​ព្រោះ​លោក​យេស៊ូ​ផ្ទាល់​ជា​ផ្ទាំង​ថ្ម​ដែល​ក្រុម​ជំនុំ​នឹង​សាងសង់​ពី​លើ។ (​កូរិនថូស​ទី១ ៣:១១; អេភេសូរ ២:២០​) ក៏​ប៉ុន្តែ លោក​យេស៊ូ​នឹង​ឲ្យ​កូន​សោ​បី​ទៅ​ពេត្រុស នេះ​មាន​ន័យ​ថាគាត់​នឹង​មាន​ឯកសិទ្ធិ​ក្នុង​ការ​បើក​សោ​ទាំង​នោះ ដើម្បី​បើក​ឱកាស​ឲ្យ​មនុស្ស​មួយ​ក្រុម​ចូល​រាជាណាចក្រ​ស្ថាន​សួគ៌។

ពេត្រុស​នឹង​ប្រើ​កូន​សោ​ទី១​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. ដើម្បី​បង្ហាញ​ជន​ជាតិ​យូដា​ដែល​ប្រែ​ចិត្ត​និង​អ្នក​ដែល​ចូល​សាសនា​យូដា​ឲ្យ​ដឹង​នូវ​អ្វី​ដែល​ពួក​គេ​ត្រូវ​ធ្វើ​ដើម្បី​ទទួល​ការ​សង្គ្រោះ។ រួច​មក គាត់​នឹង​ប្រើ​កូន​សោ​ទី២ ដើម្បី​បើក​ឱកាស​ដល់​ជន​ជាតិ​សាម៉ារី​ដែល​មាន​ជំនឿ​ឲ្យ​ចូល​រាជាណាចក្រ​របស់​ព្រះ។ បន្ទាប់​មក នៅ​ឆ្នាំ​៣៦ គ.ស. ពេត្រុស​នឹង​ប្រើ​កូន​សោ​ទី៣ ដើម្បី​បើក​ឱកាស​ឲ្យ​ជន​ជាតិ​ដទៃ​ដែល​មិន​បាន​កាត់​ចុង​ស្បែក ដូច​ជា​កូនេលាស និង​អ្នក​ឯ​ទៀត​ជា​ដើម។—សកម្មភាព ២:៣៧, ៣៨; ៨:១៤​-​១៧; ១០:៤៤​-​៤៨

នៅ​ក្នុង​ការ​ពិគ្រោះ​នេះ ពួក​សាវ័ក​មិន​សប្បាយ​ចិត្ត​ទេ ពេល​ឮ​លោក​យេស៊ូ​ប្រាប់​ពួក​គាត់​ថា​បន្ដិច​ទៀត​នៅ​ក្រុង​យេរូសាឡិម លោក​នឹង​ត្រូវ​រង​ទុក្ខ​វេទនា ហើយ​ត្រូវ​ស្លាប់។ ពេត្រុស​មិន​បាន​យល់​ថា​លោក​យេស៊ូ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដោយ​មាន​ជីវិត​នៅ​ស្ថាន​សួគ៌​ឡើយ។ ដូច្នេះ ពេត្រុស​បាន​នាំ​លោក​ទៅ​ឆ្ងាយ​ពី​ពួក​គាត់​បន្ដិច រួច​ចាប់​ផ្ដើម​បន្ទោស​លោក​ថា​៖ ​«​លោក​ម្ចាស់ សូម​អាណិត​ខ្លួន​ផង ការ​នេះ​នឹង​មិន​កើត​ឡើង​ដល់​លោក​ឡើយ​»។ ប៉ុន្តែ​លោក​បែរ​ចេញ រួច​ប្រាប់​ពេត្រុស​ថា​៖ ​«​នែ! សាថាន ចូរ​ទៅ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ! អ្នក​កំពុង​ដាក់​ឧបសគ្គ​ដែល​អាច​នាំ​ឲ្យ​ខ្ញុំ​ជំពប់​ដួល ពី​ព្រោះ​អ្នក​មិន​គិត​តាម​គំនិត​របស់​ព្រះ​ទេ តែ​គិត​តាម​គំនិត​របស់​មនុស្ស​វិញ​»។—ម៉ាថាយ ១៦:២២, ២៣

រួច​មក លោក​យេស៊ូ​ក៏​បាន​ហៅ​ពួក​អ្នក​កាន់​តាម​ផ្សេង​ទៀត​មក​ឯ​លោក​ដែរ ដើម្បី​ពន្យល់​ពួក​គាត់​ថា​ការ​ធ្វើ​ជា​អ្នក​កាន់​តាម​លោក​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ។ លោក​មាន​ប្រសាសន៍​ថា​៖​«​បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ អ្នក​នោះ​ត្រូវ​ប្រគល់​ខ្លួន​ឲ្យ​ព្រះ រួច​លី​បង្គោល​ទារុណកម្ម​របស់​ខ្លួន ហើយ​មក​តាម​ខ្ញុំ​ជា​ដរាប​ចុះ ព្រោះ​អ្នក​ណា​ដែល​ចង់​រក្សា​ជីវិត​ខ្លួន អ្នក​នោះ​នឹង​បាត់​បង់​ជីវិត​ទៅ​វិញ។ តែ​អ្នក​ណា​ដែល​បាត់​បង់​ជីវិត​ព្រោះ​តែ​ខ្ញុំ​និង​ដំណឹង​ល្អ អ្នក​នោះ​នឹង​រក្សា​ជីវិត​វិញ​»។—ម៉ាកុស ៨:៣៤, ៣៥

ដូច្នេះ អ្នក​កាន់​តាម​លោក​យេស៊ូ​ត្រូវ​មាន​ចិត្ត​ក្លាហាន ហើយ​លះ​បង់​ប្រយោជន៍​ខ្លួន ទើប​លោក​ពេញ​ចិត្ត​នឹង​ពួក​គាត់។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ក្នុង​ចំណោម​មនុស្ស​ជំនាន់​នេះ ដែល​មិន​ស្មោះ​ត្រង់​នឹង​ព្រះ​ហើយ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង អ្នក​ណា​ដែល​ខ្មាស​គេ​ដោយ​សារ​កាន់​តាម​ខ្ញុំ​និង​ជឿ​ពាក្យ​របស់​ខ្ញុំ កូន​មនុស្ស​ក៏​នឹង​ខ្មាស​មិន​ទទួល​ស្គាល់​អ្នក​នោះ​ដែរ ពេល​ដែល​លោក​មក​ជា​មួយ​នឹង​បណ្ដា​ទេវតា​បរិសុទ្ធ ដោយ​មាន​សិរី​រុង​រឿង​ពី​បិតា​របស់​លោក​»។ (​ម៉ាកុស ៨:៣៨​) ហេតុ​នេះ ពេល​លោក​យេស៊ូ​មក‹លោក​នឹង​សង​ដល់​គ្រប់​គ្នា​តាម​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​រៀង​ខ្លួន›។—ម៉ាថាយ ១៦:២៧