លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៤០

មេរៀនមួយអំពីការអភ័យទោស

មេរៀនមួយអំពីការអភ័យទោស

លូកា ៧:៣៦​-​៥០

  • ស្ត្រី​ម្នាក់​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ចាក់​ប្រេង​លើ​ជើង​លោក​យេស៊ូ

  • មេ​រៀន​អំពី​ការ​អភ័យ​ទោស​ក្នុង​ឧទាហរណ៍​អំពី​អ្នក​ជំពាក់​បំណុល

មនុស្ស​មាន​ប្រតិកម្ម​ខុស​ៗ​គ្នា​ចំពោះ​អ្វី​ដែល​លោក​យេស៊ូ​បាន​និយាយ​និង​ធ្វើ ហើយ​នេះ​អាស្រ័យ​ទៅ​លើ​ចិត្ត​របស់​ពួក​គេ។ នេះ​បាន​ត្រូវ​បញ្ជាក់​យ៉ាង​ច្បាស់​នៅ​ផ្ទះ​របស់​ផារិស៊ី​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​ក្នុង​ស្រុក​កាលីឡេ។ គាត់​បាន​អញ្ជើញ​លោក​យេស៊ូ​មក​ពិសា​អាហារ​នៅ​ផ្ទះ​របស់​គាត់ ដោយ​សារ​គាត់​បាន​ឮ​ថា​លោក​យេស៊ូ​បាន​ធ្វើ​ការ​អស្ចារ្យ​ជា​ច្រើន ដូច្នេះ​គាត់​ទំនង​ជា​ចង់​ស្គាល់​លោក​ឲ្យ​បាន​ច្បាស់​ជាង។ លោក​យេស៊ូ​ប្រហែល​ជា​ឃើញ​ថា​នេះ​ជា​ឱកាស​ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ដែល​មាន​វត្តមាន​នៅ​ទី​នោះ។ ហេតុ​នេះ លោក​យេស៊ូ​ទទួល​យក​សេចក្ដី​អញ្ជើញ​របស់​ស៊ីម៉ូន។ ពេល​មុន លោក​ក៏​បាន​ទទួល​យក​សេចក្ដី​អញ្ជើញ​ពិសា​អាហារ​ជា​មួយ​នឹង​អ្នក​យក​ពន្ធ​និង​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែរ។

ក៏​ប៉ុន្តែ នៅ​ផ្ទះ​ផារិស៊ី​នោះ លោក​យេស៊ូ​មិន​បាន​ត្រូវ​គេ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​និង​រាក់​ទាក់ តាម​ទម្លាប់​ដែល​គេ​ទទួល​ភ្ញៀវ​នោះ​ទេ។ តាម​ធម្មតា​ម្ចាស់​ផ្ទះ​បង្ហាញ​ភាព​រាក់​ទាក់​ដល់​ភ្ញៀវ​ដោយ​លាង​ជើង​ពួក​គេ​ជា​មួយ​នឹង​ទឹក​ត្រជាក់ ពី​ព្រោះ​នៅ​តាម​ផ្លូវ​ស្រុក​ប៉ាឡេស្ទីន​មាន​ដី​ហុយ​ខ្លាំង ហើយ​ការ​ធ្វើ​ដំណើរ​ដោយ​ពាក់​ស្បែក​ជើង​សង្រែក​នាំ​ឲ្យ​ក្ដៅ​ជើង​និង​កខ្វក់។ ប៉ុន្តែ គេ​មិន​បាន​លាង​ជើង​លោក​យេស៊ូ​ដើម្បី​ស្វាគមន៍​លោក​ទេ។ ម្យ៉ាង​ទៀត ស៊ីម៉ូន​មិន​បាន​ថើប​លោក​យេស៊ូ តាម​ទម្លាប់​នៃ​ការ​ទទួល​ភ្ញៀវ​ឡើយ។ ទំនៀម​ទម្លាប់​មួយ​ទៀត​ដែល​ម្ចាស់​ផ្ទះ​បង្ហាញ​ចិត្ត​រាក់​ទាក់​និង​ចិត្ត​សប្បុរស គឺ​ដោយ​ចាក់​ប្រេង​លើ​ក្បាល​ភ្ញៀវ។ ស៊ីម៉ូន​ក៏​មិន​បាន​ធ្វើ​ដូច្នោះ​ចំពោះ​លោក​យេស៊ូ​ដែរ។ ដូច្នេះ តើ​ស៊ីម៉ូន​ពិត​ជា​ចង់​ទទួល​លោក​យេស៊ូ​មែន​ឬ?

ពិធី​ពិសា​អាហារ​ចាប់​ផ្ដើម​នៅ​ពេល​ដែល​ភ្ញៀវ​អង្គុយ​នៅ​តុ។ ពេល​ពួក​គាត់​កំពុង​ពិសា ស្ត្រី​ម្នាក់​ដែល​មិន​បាន​ត្រូវ​អញ្ជើញ បាន​ចូល​មក​ដោយ​សម្ងាត់។ ស្ត្រី​នោះ​បាន​ត្រូវ​«​អ្នក​ក្រុង​នោះ​ស្គាល់​ជា​ទូ​ទៅ​ថា​ជា​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​»។ (​លូកា ៧:៣៧​) តាម​ពិត​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ទាំង​អស់​ជា​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង តែ​មើល​ទៅ​ស្ត្រី​នេះ​ជា​អ្នក​ដែល​មាន​របៀប​រស់​នៅ​ប្រាស​ចាក​សីលធម៌ ហើយ​នាង​ទំនង​ជា​មាន​របរ​ជា​ស្រី​ពេស្យា។ នាង​ប្រហែល​ជា​បាន​ឮ​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ ថែម​ទាំង​បាន​ឮ​សេចក្ដី​អញ្ជើញ​របស់​លោក​ថា​៖ ‹អស់​អ្នក​ដែល​មាន​បន្ទុក​ធ្ងន់ ចូរ​មក​ឯ​ខ្ញុំ​ចុះ ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​កម្លាំង​ចិត្ត​ឡើង​វិញ›។ (​ម៉ាថាយ ១១:២៨, ២៩​) ដូច្នេះ ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​លោក​យេស៊ូ​ប្រហែល​ជា​បាន​ជំរុញ​ចិត្ត​នាង ឲ្យ​រក​លោក​ទាល់​តែ​ឃើញ។

ឥឡូវ នាង​បាន​រក​លោក​យេស៊ូ​ឃើញ​ហើយ។ បន្ទាប់​មក នាង​បាន​ចូល​មក​ខាង​ក្រោយ​លោក​យេស៊ូ លុត​ជង្គង់​ក្បែរ​ជើង​លោក ហើយ​សម្រក់​ទឹក​ភ្នែក​លើ​ជើង​របស់​លោក រួច​យក​សក់​នាង​មក​ជូត។ នាង​ថើប​ជើង​លោក​យ៉ាង​ថ្នម ហើយ​ក៏​យក​ប្រេង​ក្រអូប​មក​លាប​ផង។ ស៊ីម៉ូន​សម្លឹង​មើល​ដោយ​ទើស​ចិត្ត ហើយ​ក៏​តាំង​គិត​ក្នុង​ចិត្ត​ថា​៖ ​«​ប្រសិន​បើ​បុរស​នេះ​ជា​អ្នក​ប្រកាស​ទំនាយ​មែន លោក​នឹង​ជ្រាប​ថា​ស្ត្រី​ដែល​កំពុង​ពាល់​លោក​ជា​ស្ត្រី​បែប​ណា​ហើយ គឺ​នាង​ជា​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​»។—លូកា ៧:៣៩

ដោយ​ជ្រាប​អំពី​គំនិត​របស់​ស៊ីម៉ូន លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ស៊ីម៉ូន ខ្ញុំ​ចង់​ប្រាប់​អ្នក​រឿង​មួយ​»។ គាត់​ក៏​ឆ្លើយ​ថា​៖ ​«​លោក​គ្រូ! អញ្ជើញ​មាន​ប្រសាសន៍​ចុះ!​»។ លោក​យេស៊ូ​មាន​ប្រសាសន៍​បន្ត​ថា​៖ ​«​មាន​បុរស​ពីរ​នាក់​ដែល​ជំពាក់​ប្រាក់​គេ ម្នាក់​ជំពាក់​ប្រាក់​ប្រាំ​រយ​ឌីណារី ឯ​ម្នាក់​ទៀត​ជំពាក់​ប្រាក់​ហាសិប​ឌីណារី។ នៅ​ពេល​ដែល​ពួក​គេ​គ្មាន​អ្វី​នឹង​សង​វិញ នោះ​ម្ចាស់​បំណុល​បាន​ឲ្យ​ពួក​គេ​ទាំង​ពីរ​នាក់​រួច​ពី​បំណុល។ ដូច្នេះ តើ​បុរស​មួយ​ណា​នឹង​ស្រឡាញ់​ម្ចាស់​បំណុល​ជាង?​»។ ស៊ីម៉ូន​ប្រហែល​ជា​ឆ្លើយ​ដោយ​មិន​សូវ​ចាប់​អារម្មណ៍​ថា​៖ ​«​តាម​យោបល់​ខ្ញុំ គឺ​ជា​បុរស​ដែល​រួច​ពី​បំណុល​ច្រើន​ជាង​គេ​»។—លូកា ៧:៤០​-​៤៣

លោក​យេស៊ូ​យល់​ស្រប​នឹង​ចម្លើយ​របស់​ស៊ីម៉ូន។ បន្ទាប់​មក លោក​ក៏​បែរ​ទៅ​រក​ស្ត្រី​នោះ រួច​មាន​ប្រសាសន៍​ទៅ​ស៊ីម៉ូន​ថា​៖ ​«​តើ​អ្នក​ឃើញ​ស្ត្រី​នេះ​ទេ? ខ្ញុំ​បាន​ចូល​ផ្ទះ​របស់​អ្នក តែ​អ្នក​មិន​បាន​ឲ្យ​ទឹក​សម្រាប់​លាង​ជើង​ខ្ញុំ​ទេ។ ក៏​ប៉ុន្តែ ស្ត្រី​នេះ​បាន​ផ្សើម​ជើង​ខ្ញុំ​ដោយ​ទឹក​ភ្នែក​របស់​នាង ហើយ​បាន​យក​សក់​នាង​មក​ជូត​ផង។ អ្នក​មិន​បាន​ថើប​ខ្ញុំ​ទេ ប៉ុន្តែ​តាំង​ពី​ម៉ោង​ដែល​ខ្ញុំ​ចូល​មក ស្ត្រី​នេះ​បាន​ថើប​ជើង​ខ្ញុំ​ថ្នម​ៗ​ឥត​ឈប់។ អ្នក​មិន​បាន​លាប​ប្រេង​លើ​ក្បាល​ខ្ញុំ​ទេ ប៉ុន្តែ​ស្ត្រី​នេះ​បាន​យក​ប្រេង​ក្រអូប​មក​លាប​ជើង​ខ្ញុំ​»។ លោក​យេស៊ូ​អាច​ឃើញ​ថា​ស្ត្រី​នេះ​កំពុង​បង្ហាញ​ថា​នាង​បាន​ប្រែ​ចិត្ត​យ៉ាង​ស្មោះ​ពី​ជីវិត​ប្រាស​ចាក​សីលធម៌​ដែល​នាង​មាន។ ដូច្នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​ថា ពិត​មែន​តែ​នាង​ធ្វើ​ខុស​ច្រើន ប៉ុន្តែ​ការ​ខុស​ឆ្គង​ទាំង​នោះ​បាន​ត្រូវ​អភ័យ​ទោស។ ហេតុ​នេះ នាង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ច្រើន។ តែ​ពេល​ដែល​អភ័យ​ទោស​ឲ្យ​អ្នក​ណា​ដែល​មាន​ការ​ខុស​ឆ្គង​តិច​តួច អ្នក​នោះ​នឹង​បង្ហាញ​សេចក្ដី​ស្រឡាញ់​តិច​តួច​»។—លូកា ៧:៤៤​-​៤៧

ទោះ​បី​ជា​លោក​យេស៊ូ​មិន​យល់​ស្រប​នឹង​ការ​រស់​នៅ​ប្រាស​ចាក​សីលធម៌​ក៏​ដោយ តែ​លោក​កំពុង​បង្ហាញ​ចិត្ត​មេត្ដា​ករុណា​និង​ការ​យោគ​យល់​ចំពោះ​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ ដែល​បាន​បង្ហាញ​ថា​ពួក​គេ​បាន​ស្ដាយ​ក្រោយ ហើយ​ត្រឡប់​មក​គ្រិស្ត​វិញ​ដើម្បី​ទទួល​ការ​សម្រាល​ទុក្ខ។ ស្ត្រី​នេះ​ច្បាស់​ជា​ទទួល​ការ​សម្រាល​ទុក្ខ​មែន ពេល​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ការ​ខុស​ឆ្គង​របស់​នាង​បាន​ត្រូវ​អភ័យ​ទោស​ហើយ . . . ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ សូម​អញ្ជើញ​ទៅ​ឲ្យ​បាន​សេចក្ដី​សុខ​ចុះ​»។—លូកា ៧:៤៨, ៥០