លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៤៣

ឧទាហរណ៍អំពីរាជាណាចក្រ

ឧទាហរណ៍អំពីរាជាណាចក្រ

ម៉ាថាយ ១៣:១​-​៥៣ ម៉ាកុស ៤:១​-​៣៤ លូកា ៨:៤​-​១៨

  • លោក​យេស៊ូ​លើក​ឧទាហរណ៍​ជា​ច្រើន​អំពី​រាជាណាចក្រ

លោក​យេស៊ូ​ទំនង​ជា​នៅ​ក្រុង​កាពើណិម ពេល​លោក​បាន​ស្តី​បន្ទោស​ពួក​ផារិស៊ី។ នៅ​ថ្ងៃ​ដដែល​នោះ លោក​បាន​ចេញ​ពី​កន្លែង​ដែល​លោក​ស្នាក់​នៅ ហើយ​ធ្វើ​ដំណើរ​ទៅ​ជិត​សមុទ្រ​កាលីឡេ កន្លែង​ដែល​មាន​បណ្ដា​ជន​កុះ​ករ។ បន្ទាប់​មក លោក​យេស៊ូ​ចុះ​ទូក​ចេញ​ពី​ឆ្នេរ​បន្ដិច ហើយ​ចាប់​ផ្ដើម​បង្រៀន​ពួក​បណ្ដា​ជន​អំពី​រាជាណាចក្រ​ស្ថាន​សួគ៌ ដោយ​លើក​ឧទាហរណ៍​មួយ​ចំនួន។ ឧទាហរណ៍​ទាំង​នោះ គឺ​ជា​រឿង​ដែល​អ្នក​ស្ដាប់​ស្គាល់​ជា​ទូ​ទៅ ហើយ​នេះ​ធ្វើ​ឲ្យ​ពួក​គេ​ងាយ​យល់​ចំណុច​ផ្សេង​ៗ​អំពី​រាជាណាចក្រ។

ក្នុង​ឧទាហរណ៍​ទី១ លោក​យេស៊ូ​បាន​លើក​ឡើង​អំពី​មនុស្ស​ម្នាក់​ដែល​បាន​ចេញ​ទៅ​សាប​ព្រោះ។ ពេល​ដែល​គាត់​កំពុង​សាប​ព្រោះ នោះ​គ្រាប់​ពូជ​ខ្លះ​បាន​ធ្លាក់​តាម​ផ្លូវ ហើយ​មាន​សត្វ​ស្លាប​មក​ចឹក​ស៊ី​អស់​ទៅ។ គ្រាប់​ពូជ​ខ្លះ​ទៀត​បាន​ធ្លាក់​លើ​កន្លែង​មាន​ផ្ទាំង​ថ្ម មិន​សូវ​មាន​ដី រួច​ក៏​ដុះ​ចេញ​ផុត​ពី​ដី​ភ្លាម​ៗ ដោយ​សារ​ដី​នោះ​រាក់។ ក៏​ប៉ុន្តែ ពេល​ដែល​ថ្ងៃ​រះ​ឡើង វា​បាន​ស្លោ​ក​ទៅ ហើយ​ដោយ​សារ​ឫស​ចាក់​មិន​ជ្រៅ វា​បាន​ក្រៀម​ស្វិត។ រីឯ​គ្រាប់​ពូជ​ខ្លះ​ទៀត​បាន​ធ្លាក់​លើ​ដី​ដែល​មាន​ដើម​បន្លា រួច​ដើម​បន្លា​ក៏​ដុះ​ឡើង​គ្រប​ជិត​គ្រាប់​ពូជ​នោះ។ ទី​បំផុត គ្រាប់​ពូជ​ខ្លះ​ទៀត​បាន​ធ្លាក់​លើ​ដី​ល្អ។ រួច​មក គ្រាប់​ពូជ​ទាំង​នោះ​បាន​បង្កើត​ផល​«​មួយ​ជា​មួយ​រយ មួយ​ជា​ហុកសិប និង​មួយ​ជា​សាមសិប​»។—ម៉ាថាយ ១៣:៨

ក្នុង​ឧទាហរណ៍​ទី២ លោក​យេស៊ូ​បាន​ប្រៀប​ប្រដូច​រាជាណាចក្រ​ព្រះ​ទៅ​នឹង​ពេល​ដែល​បុរស​ម្នាក់​សាប​ព្រោះ​គ្រាប់​ពូជ។ ក្នុង​ឧទាហរណ៍​នេះ ទោះ​ជា​បុរស​នេះ​ដេក ឬ​ក៏​ភ្ញាក់​ក្ដី គ្រាប់​ពូជ​បាន​ពន្លក​ដុះ​ឡើង ប៉ុន្តែ​«​គាត់​មិន​ដឹង​»​ថា​វា​ដុះ​តាម​របៀប​ណា​ឡើយ។ (​ម៉ាកុស ៤:២៧​) បន្ដិច​ម្ដង​ៗ គ្រាប់​ពូជ​នោះ​ដុះ​ឡើង ហើយ​បង្កើត​ផល​ដោយ​ឯកឯង ដែល​គាត់​អាច​ប្រមូល​ផល​បាន។

បន្ទាប់​មក លោក​យេស៊ូ​បាន​លើក​ឧទាហរណ៍​ទី៣ អំពី​ការ​សាប​ព្រោះ។ បុរស​ម្នាក់​បាន​សាប​ព្រោះ​គ្រាប់​ពូជ​ល្អ ប៉ុន្តែ​«​កាល​ដែល​មនុស្ស​ទាំង​ឡាយ​កំពុង​ដេក​លក់​»​ សត្រូវ​បាន​មក​សាប​ព្រោះ​ស្រងែ​លើ​ស្រូវ​សាលី។ ពួក​ខ្ញុំ​បម្រើ​របស់​បុរស​នោះ​បាន​មក​សួរ​គាត់​ថា តើ​ពួក​គេ​គួរ​ដក​ស្រងែ​ចេញ​ទេ? គាត់​ឆ្លើយ​ថា​៖ ​«​កុំ ក្រែង​លោ​កាល​ណា​ដក​ស្រងែ​ចេញ ស្រូវ​សាលី​ក៏​រលើង​ឫស​ដែរ។ ចូរ​ឲ្យ​ទាំង​ពីរ​ដុះ​ជា​មួយ​គ្នា​រហូត​ដល់​រដូវ​ច្រូត​កាត់ ហើយ​នៅ​រដូវ​នោះ ខ្ញុំ​នឹង​ប្រាប់​អ្នក​ច្រូត​ឲ្យ​ដក​ស្រងែ​មុន​សិន រួច​ចង​ជា​កណ្ដាប់​ដើម្បី​ដុត​ចោល ក្រោយ​មក ទៅ​ប្រមូល​ស្រូវ​សាលី​ទុក​ក្នុង​ជង្រុក​របស់​ខ្ញុំ​»។—ម៉ាថាយ ១៣:២៤​-​៣០

ដោយ​សារ​អ្នក​ស្ដាប់​ជា​ច្រើន​ស្គាល់​អំពី​ការ​ធ្វើ​ស្រែ​ចម្ការ ហេតុ​នេះ លោក​យេស៊ូ​ក៏​លើក​ឧទាហរណ៍​មួយ​ទៀត​អំពី​គ្រាប់​មូស្ដាត​ដ៏​តូច​ល្អិត​ដែល​ពួក​គេ​ស្គាល់​ជា​ទូ​ទៅ។ គ្រាប់​មូស្ដាត​បាន​លូត​លាស់​ទៅ​ជា​ដើម​ឈើ​ដ៏​ធំ​មួយ​ដែល​សត្វ​ស្លាប​ផ្សេង​ៗ​អាច​មក​ជ្រក​លើ​មែក​វា​បាន។ ស្តី​អំពី​គ្រាប់​នេះ លោក​មាន​ប្រសាសន៍​ថា​៖ ​«​រាជាណាចក្រ​ស្ថាន​សួគ៌​គឺ​ប្រៀប​ដូច​ជា​គ្រាប់​មូស្ដាត ដែល​បុរស​ម្នាក់​បាន​ដាំ​នៅ​ក្នុង​ដី​របស់​គាត់​»។ (​ម៉ាថាយ ១៣:៣១​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ លោក​យេស៊ូ​មិន​មែន​កំពុង​បង្រៀន​បណ្ដា​ជន​អំពី​រុក្ខជាតិ​នោះ​ទេ។ ប៉ុន្តែ​លោក​កំពុង​ពន្យល់​អំពី​ការ​លូត​លាស់​ដ៏​អស្ចារ្យ​របស់​គ្រាប់​មូស្ដាត ពិត​មែន​តែ​វា​ជា​គ្រាប់​ដ៏​តូច​ល្អិត តែ​វា​អាច​លូត​លាស់​ទៅ​ជា​ដើម​ឈើ​ដ៏​ធំ​មួយ​បាន។

រួច​មក លោក​យេស៊ូ​បាន​លើក​ឧទាហរណ៍​ថែម​ទៀត​ដែល​ទាក់​ទង​នឹង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួក​អ្នក​ស្ដាប់។ លោក​មាន​ប្រសាសន៍​ថា​រាជាណាចក្រ​ស្ថាន​សួគ៌​គឺ​ដូច​ជា​«​ដំបែ ដែល​ស្ត្រី​ម្នាក់​បាន​យក​ទៅ​លាយ​ក្នុង​ម្សៅ​បី​រង្វាល់ ទាល់​តែ​ម្សៅ​ទាំង​អស់​នោះ​បាន​ដោរ​ឡើង​»។ (​ម៉ាថាយ ១៣:៣៣​) ទោះ​ជា​យើង​មិន​អាច​មើល​ឃើញ​ដំបែ​ដែល​មាន​ក្នុង​ម្សៅ​នោះ​ក្ដី តែ​បន្ដិច​ម្ដង​ៗ ដំបែ​នោះ​បាន​ធ្វើ​ឲ្យ​ដុំ​ម្សៅ​ទាំង​មូល​ដោរ​ឡើង។ ពិត​មែន ដំបែ​បាន​ធ្វើ​ឲ្យ​ម្សៅ​ដោរ​ឡើង​យ៉ាង​ធំ​តាម​របៀប​ដែល​យើង​ពិបាក​សម្គាល់។

ក្រោយ​ពី​លោក​យេស៊ូ​បាន​លើក​ឧទាហរណ៍​ទាំង​នេះ​ហើយ លោក​បាន​ឲ្យ​បណ្ដា​ជន​ត្រឡប់​ទៅ​វិញ ហើយ​លោក​ក៏​ទៅ​កន្លែង​ដែល​លោក​ស្នាក់​នៅ​វិញ​ដែរ។ មិន​យូរ​ក្រោយ​មក ពួក​អ្នក​កាន់​តាម​បាន​មក​ជួប​លោក ដោយ​ចង់​ដឹង​អំពី​អត្ថន័យ​នៃ​ឧទាហរណ៍​ទាំង​នោះ។

ទទួល​ប្រយោជន៍​ពី​ឧទាហរណ៍​របស់​លោក​យេស៊ូ

ពិត​មែន​តែ​ពួក​អ្នក​កាន់​តាម​ធ្លាប់​ឮ​ឧទាហរណ៍​ផ្សេង​ៗ​របស់​លោក​យេស៊ូ តែ​ពួក​គាត់​មិន​ដែល​ឮ​លោក​លើក​ឧទាហរណ៍​ច្រើន​ដូច​នេះ​ក្នុង​ពេល​តែ​មួយ​ទេ។ ហេតុ​នេះ ពួក​គាត់​បាន​មក​សួរ​លោក​ថា​៖ ​«​ហេតុ​អ្វី​លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ដោយ​ប្រើ​ឧទាហរណ៍?​»។—ម៉ាថាយ ១៣:១០

មូលហេតុ​មួយ​ដែល​លោក​ប្រើ​ឧទាហរណ៍​ច្រើន​ក្នុង​ការ​បង្រៀន គឺ​ដើម្បី​សម្រេច​ទំនាយ​ក្នុង​គម្ពីរ។ កំណត់​ហេតុ​ក្នុង​សៀវភៅ​ម៉ាថាយ​បាន​រៀប​រាប់​ថា​៖ ​«​លោក​មិន​ដែល​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ដោយ​មិន​ប្រើ​ឧទាហរណ៍​ឡើយ។ នេះ​ដើម្បី​សម្រេច​នូវ​អ្វី​ដែល​បាន​ត្រូវ​ថ្លែង​តាម​រយៈ​អ្នក​ប្រកាស​ទំនាយ​ថា​៖ ‹ខ្ញុំ​នឹង​បើក​មាត់​និយាយ​ជា​ឧទាហរណ៍ ក៏​នឹង​ប្រកាស​ប្រាប់​ឲ្យ​ដឹង​នូវ​អ្វី​ៗ​ដែល​បាន​ត្រូវ​លាក់​បាំង​តាំង​ពី​កំណើត​ពិភព​លោក›​»។—ម៉ាថាយ ១៣:៣៤, ៣៥; ទំនុក​តម្កើង ៧៨:២

បន្ថែម​ទៅ​ទៀត មូលហេតុ​ដែល​លោក​យេស៊ូ​លើក​ឧទាហរណ៍​ច្រើន គឺ​ដើម្បី​បើក​បង្ហាញ​ចិត្ត​គំនិត​របស់​ពួក​បណ្ដា​ជន។ តាម​ពិត ពួក​គេ​ជា​ច្រើន​ចាប់​អារម្មណ៍​លោក​យេស៊ូ ដោយ​គ្រាន់​តែ​ចាត់​ទុក​លោក​ជា​អ្នក​ដែល​ពូកែ​និទាន​រឿង ហើយ​ជា​អ្នក​ដែល​ធ្វើ​ការ​អស្ចារ្យ​ប៉ុណ្ណោះ។ ពួក​គេ​មិន​បាន​ចាត់​ទុក​លោក​ជា​លោក​ម្ចាស់​ដែល​ពួក​គេ​ត្រូវ​គោរព ហើយ​ធ្វើ​តាម​ដោយ​ស្មោះ​អស់​ពី​ចិត្ត​នោះ​ទេ។ (​លូកា ៦:៤៦, ៤៧​) ពួក​គេ​មិន​ចង់​ផ្លាស់​ប្ដូរ​ទស្សនៈ ឬ​កែ​ប្រែ​របៀប​រស់​នៅ​របស់​ខ្លួន​ឡើយ ហើយ​ពួក​គេ​ក៏​មិន​ចង់​ឲ្យ​អ្វី​ដែល​លោក​យេស៊ូ​បង្រៀន​ជ្រាប​ចូល​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ចិត្ត​របស់​ពួក​គេ​ដែរ។

ក្រោយ​ពី​ពួក​អ្នក​កាន់​តាម​សួរ​អំពី​មូលហេតុ​ដែល​លោក​យេស៊ូ​ប្រើ​ឧទាហរណ៍ នោះ​លោក​ឆ្លើយ​ទៅ​ពួក​គាត់​ថា​៖ ​«​នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​និយាយ​ទៅ​ពួក​គេ​ដោយ​ប្រើ​ឧទាហរណ៍ ពី​ព្រោះ​ទោះ​ជា​ពួក​គេ​មើល ក៏​មើល​មិន​ឃើញ ហើយ​ទោះ​ជា​ស្ដាប់ ក៏​ស្ដាប់​មិន​ឮ ហើយ​ក៏​មិន​យល់​អត្ថន័យ​ដែរ។ ទំនាយ​ដែល​អេសាយ​បាន​ប្រកាស​កំពុង​សម្រេច​ក្នុង​ករណី​ពួក​គេ។ ទំនាយ​នោះ​ថា​៖ ‹ . . . ចិត្ត​របស់​មនុស្ស​ទាំង​នេះ​បាន​ទៅ​ជា​រឹង›​»។—ម៉ាថាយ ១៣:១៣​-​១៥; អេសាយ ៦:៩, ១០

ប៉ុន្តែ ប្រសាសន៍​របស់​លោក​យេស៊ូ​មិន​មែន​សំដៅ​ទៅ​លើ​មនុស្ស​ទាំង​អស់​ដែល​កំពុង​ស្ដាប់​លោក​នោះ​ទេ។ ហេតុ​អ្វី? ពី​ព្រោះ​បន្ទាប់​មក​លោក​ពន្យល់​ថា​៖ ​«​អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ ពី​ព្រោះ​ភ្នែក​របស់​អ្នក​មើល​ឃើញ ហើយ​ត្រចៀក​របស់​អ្នក​ក៏​ស្ដាប់​ឮ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ធ្លាប់​មាន​អ្នក​ប្រកាស​ទំនាយ​និង​មនុស្ស​សុចរិត​ជា​ច្រើន​នាក់​ដែល​ចង់​មើល​ឃើញ​អ្វី​ដែល​អ្នក​កំពុង​ឃើញ តែ​មិន​បាន​ឃើញ​ឡើយ ក៏​ចង់​ឮ​អ្វី​ដែល​អ្នក​កំពុង​ឮ តែ​មិន​បាន​ឮ​ដែរ​»។—ម៉ាថាយ ១៣:១៦, ១៧

ពួក​សាវ័ក​ទាំង​១២​នាក់​និង​អ្នក​កាន់​តាម​ស្មោះ​ត្រង់​ផ្សេង​ទៀត បាន​ឲ្យ​អ្វី​ដែល​ពួក​គេ​បាន​ឮ​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ត​របស់​ពួក​គេ។ ម្ល៉ោះហើយ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​រាល់​គ្នា​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​យល់​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​អំពី​រាជាណាចក្រ​ស្ថាន​សួគ៌។ ប៉ុន្តែ​មនុស្ស​ទាំង​នោះ​មិន​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​យល់​ទេ​»។ (​ម៉ាថាយ ១៣:១១​) ដោយ​សារ​ពួក​សាវ័ក​ពិត​ជា​ចង់​យល់​អំពី​ឧទាហរណ៍​របស់​លោក​យេស៊ូ នោះ​លោក​ក៏​ពន្យល់​ពួក​គាត់​ថែម​ទៀត​អំពី​ឧទាហរណ៍​នៃ​អ្នក​សាប​ព្រោះ។

លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​គ្រាប់​ពូជ​នោះ គឺ​ជា​បណ្ដាំ​របស់​ព្រះ​»។ (​លូកា ៨:១១​) ម្យ៉ាង​ទៀត ដី​គឺ​ប្រៀប​ដូច​ជា​ចិត្ត​របស់​មនុស្ស។ ចំណុច​សំខាន់​ទាំង​ពីរ​នោះ​នឹង​ជួយ​យើង​ឲ្យ​យល់​ឧទាហរណ៍​អំពី​អ្នក​សាប​ព្រោះ។

ស្តី​អំពី​គ្រាប់​ពូជ​ដែល​ធ្លាក់​លើ​ដី​បែក​ក្រហែង​នៅ​តាម​ផ្លូវ លោក​យេស៊ូ​បាន​ពន្យល់​ថា​៖ ​«​មេ​កំណាច មក​យក​បណ្ដាំ​នោះ​ចេញ​ពី​ចិត្ត​របស់​ពួក​គេ ដើម្បី​កុំ​ឲ្យ​ពួក​គេ​ជឿ​និង​ទទួល​សេចក្ដី​សង្គ្រោះ​»។ (​លូកា ៨:១២​) ស្តី​អំពី​គ្រាប់​ពូជ​ដែល​ធ្លាក់​លើ​ផ្ទាំង​ថ្ម លោក​យេស៊ូ​សំដៅ​ទៅ​លើ​ចិត្ត​របស់​មនុស្ស​ដែល​ទទួល​យក​បណ្ដាំ​ដោយ​អំណរ ប៉ុន្តែ​បណ្ដាំ​នោះ​មិន​បាន​ចាក់​ឫស​ជ្រៅ​ក្នុង​ចិត្ត​របស់​ពួក​គេ​ទេ។ ហេតុ​អ្វី? ពី​ព្រោះ​«​ពេល​កើត​មាន​ទុក្ខ​លំបាក​ឬ​ការ​បៀត​បៀន​ដោយ​សារ​បណ្ដាំ​នោះ​»​ ពួក​គេ​ក៏​ជំពប់​ដួល។ ជា​ឧទាហរណ៍ ពេល​ពួក​គេ​ស្ថិត​ក្នុង​«​គ្រា​ដែល​មាន​ការ​ល្បង​ល​»​ ដូច​ជា​ការ​ប្រឆាំង​ពី​ក្រុម​គ្រួសារ ឬ​ក៏​ពី​មនុស្ស​ដទៃ​ទៀត នោះ​ពួក​គេ​នឹង​ចាក​ចេញ​ពី​សេចក្ដី​ពិត។—ម៉ាថាយ ១៣:២១; លូកា ៨:១៣

ចុះ​យ៉ាង​ណា​វិញ​ចំពោះ​គ្រាប់​ពូជ​ដែល​បាន​ត្រូវ​សាប​ព្រោះ​នៅ​លើ​ដី​មាន​ដើម​បន្លា? លោក​យេស៊ូ​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ថា នោះ​សំដៅ​ទៅ​លើ​មនុស្ស​ដែល​បាន​ឮ​បណ្ដាំ ប៉ុន្តែ​ពួក​គេ​មាន​«​ការ​ខ្វល់​ខ្វាយ​អំពី​ជីវភាព​នៅ​សម័យ​នេះ និង​ការ​ល្បួង​នៃ​ទ្រព្យ​សម្បត្ដិ​»។ (​ម៉ាថាយ ១៣:២២​) ពិត​មែន​តែ​ពួក​គេ​មាន​បណ្ដាំ​ក្នុង​ចិត្ត ប៉ុន្តែ​បណ្ដាំ​នោះ​បាន​ត្រូវ​គ្រប​បាំង​ជិត ដូច្នេះ​ពួក​គេ​មិន​បង្កើត​ផល​ឡើយ។

ចុង​ក្រោយ លោក​យេស៊ូ​បាន​លើក​បញ្ជាក់​អំពី​គ្រាប់​ពូជ​ដែល​បាន​ត្រូវ​សាប​ព្រោះ​នៅ​លើ​ដី​ល្អ។ នេះ​សំដៅ​ទៅ​លើ​អ្នក​ដែល​ឮ​បណ្ដាំ រួច​ក៏​រក្សា​ទុក​ក្នុង​ចិត្ត ហើយ​យល់​អត្ថន័យ​នៃ​បណ្ដាំ​នោះ។ តើ​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី? ពួក​គេ​«​បង្កើត​ផល​»​ ប៉ុន្តែ មិន​មែន​មនុស្ស​ទាំង​អស់​អាច​បង្កើត​ផល​ដូច​ៗ​គ្នា​នោះ​ទេ នេះ​អាស្រ័យ​ទៅ​លើ​ស្ថានភាព​របស់​ពួក​គេ ដូច​ជា​អាយុ និង​សុខភាព​ជា​ដើម។ ជា​ឧទាហរណ៍ អ្នក​ខ្លះ​បង្កើត​ផល​មួយ​ជា​១០០ អ្នក​ខ្លះ​មួយ​ជា​៦០ ហើយ​អ្នក​ខ្លះ​ទៀត​មួយ​ជា​៣០។ ពិត​មែន ពួក​អ្នក​បម្រើ​ព្រះ​នឹងទទួល​ពរ​ពី​លោក ដោយ​សារ​ពួក​គេ‹មាន​ចិត្ត​ល្អ​ដែល​ប្រកប​ដោយ​គុណធម៌។ ក្រោយ​ពី​ពួក​គេ​ឮ​បណ្ដាំ ពួក​គេ​ក៏​រក្សា​ទុក​ក្នុង​ចិត្ត ហើយ​ស៊ូ​ទ្រាំ​ព្រម​ទាំង​បង្កើត​ផល›។—លូកា ៨:១៥

ការ​ពន្យល់​របស់​លោក​យេស៊ូ​ច្បាស់​ជា​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ចិត្ត​របស់​ពួក​អ្នក​កាន់​តាម​ដែល​ចង់​យល់​ថែម​ទៀត​អំពី​សេចក្ដី​បង្រៀន​របស់​លោក។ ឥឡូវ ពួក​គាត់​យល់​ជ្រាល​ជ្រៅ​ជាង​អំពី​អត្ថន័យ​នៃ​ឧទាហរណ៍​ទាំង​នោះ។ លោក​យេស៊ូ​ចង់​ឲ្យ​ពួក​គាត់​យល់​ឧទាហរណ៍​របស់​លោក ដើម្បី​ពួក​គាត់​អាច​បង្រៀន​សេចក្ដី​ពិត​នោះ​ដល់​មនុស្ស​ឯ​ទៀត​នៅ​ពេល​ក្រោយ​មក។ ហេតុ​នេះ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​គេ​មិន​ដែល​យក​ចង្កៀង​មក​ដើម្បី​ដាក់​ក្រោម​ប្រដាប់​វាល់​ស្រូវ ឬ​ក្រោម​គ្រែ​ឡើយ មែន​ទេ? គេ​យក​មក​ដើម្បី​ដាក់​លើ​ជើង​ចង្កៀង​វិញ​»។ ដូច្នេះ លោក​ដាស់​តឿន​ពួក​គាត់​ថា​៖ ​«​អ្នក​ណា​ដែល​មាន​ត្រចៀក​អាច​ស្ដាប់​ឮ ចូរ​ស្ដាប់​ចុះ​»។—ម៉ាកុស ៤:២១​-​២៣

ទទួល​ពរ​ដែល​ជា​ការ​ណែនាំ​ថែម​ទៀត

ក្រោយ​ពី​ពួក​អ្នក​កាន់​តាម​បាន​ស្ដាប់​ការ​ពន្យល់​របស់​លោក​យេស៊ូ​អំពី​អ្នក​សាប​ព្រោះ នោះ​ពួក​គាត់​ចង់​ដឹង​អំពី​អត្ថន័យ​នៃ​ឧទាហរណ៍​ផ្សេង​ទៀត ដោយ​សុំ​លោក​ថា​៖ ​«​សូម​ពន្យល់​យើង​ឲ្យ​យល់​ឧទាហរណ៍​អំពី​ស្រងែ​ក្នុង​វាល​ស្រូវ​សាលី​»។—ម៉ាថាយ ១៣:៣៦

ដោយ​សូម​លោក​ឲ្យ​ពន្យល់​ថែម​ទៀត នោះ​បង្ហាញ​ថា​ពួក​គាត់​មាន​ចិត្ត​គំនិត​ដែល​ខុស​ពី​បណ្ដា​ជន​ដែល​ឮ​ប្រសាសន៍​របស់​លោក​នៅ​ឆ្នេរ​សមុទ្រ។ ទោះ​ជា​បណ្ដា​ជន​បាន​ឮ​ក៏​ដោយ តែ​ពួក​គេ​គ្មាន​ចិត្ត​ចង់​ដឹង​អំពី​អត្ថន័យ​នៃ​ឧទាហរណ៍​ទាំង​នោះ​ទេ ហើយ​ក៏​មិន​ចង់​ដឹង​អំពី​របៀប​អនុវត្ត​ដែរ។ សម្រាប់​ពួក​គេ​ការ​យល់​បឋម​សេចក្ដី​នៃ​ឧទាហរណ៍​ទាំង​នោះ គឺ​គ្រប់​គ្រាន់​ហើយ។ លោក​យេស៊ូ​បាន​បញ្ជាក់​ថា​ពួក​គេ​ខុស​គ្នា​ពី​អ្នក​កាន់​តាម​លោក​ដែល​មាន​ចិត្ត​ចង់​ដឹង ដែល​មក​ជួប​លោក​ដើម្បី​ទទួល​ការ​ណែនាំ​ថែម​ទៀត។

លោក​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​អ្វី​ដែល​អ្នក​កំពុង​ឮ។ អ្នក​វាល់​ប៉ុណ្ណា អ្នក​នឹង​ទទួល​ប៉ុណ្ណឹង គឺ​អ្នក​នឹង​ទទួល​ថែម​ទៀត​ផង​»។ (​ម៉ាកុស ៤:២៤​) ពួក​អ្នក​កាន់​តាម​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្វី​ដែល​ពួក​គាត់​បាន​ឮ​ពី​លោក​យេស៊ូ។ ពួក​គាត់​កំពុង​វាល់​ឲ្យ​លោក​យេស៊ូ ដោយ​បង្ហាញ​នូវ​ចំណាប់​អារម្មណ៍​យ៉ាង​ស្មោះ​និង​ការ​យក​ចិត្ត​ទុក​ដាក់។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គាត់​ទទួល​ពរ​ដែល​ជា​ការ​ណែនាំ និង​ការ​យល់​ដឹង​ថែម​ទៀត។ ដូច្នេះ លោក​យេស៊ូ​ក៏​ពន្យល់​ពួក​អ្នក​កាន់​តាម​លោក​អំពី​ឧទាហរណ៍​ស្រូវ​សាលី​និង​ស្រងែ ដោយ​ប្រាប់​ដូច​ត​ទៅ​ថា​៖

​«​អ្នក​ដែល​សាប​ព្រោះ​គ្រាប់​ពូជ​ល្អ គឺ​ជា​កូន​មនុស្ស ឯ​វាល​ស្រូវ​សាលី គឺ​ជា​ពិភព​លោក។ ចំណែក​គ្រាប់​ពូជ​ល្អ គឺ​ជា​កូន​នៃ​រាជាណាចក្រ ប៉ុន្តែ​ស្រងែ​គឺ​ជា​កូន​របស់​មេ​កំណាច ហើយ​សត្រូវ​ដែល​បាន​សាប​ព្រោះ​នោះ គឺ​ជា​មេ​កំណាច។ ការ​ច្រូត​គឺ​ជា​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក ហើយ​បណ្ដា​ទេវតា​គឺ​ជា​អ្នក​ច្រូត​»។—ម៉ាថាយ ១៣:៣៧​-​៣៩

ក្រោយ​ពី​លោក​យេស៊ូ​បាន​ពន្យល់​ចំណុច​នីមួយ​ៗ​នៃ​ឧទាហរណ៍​នោះ​ហើយ លោក​ក៏​បាន​រៀប​រាប់​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ក្រោយ​មក។ លោក​មាន​ប្រសាសន៍​ថា នៅ​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក អ្នក​ច្រូត ឬ​បណ្ដា​ទេវតា នឹង​ញែក​គ្រិស្ត​សាសនិក​ដែល​មាន​លក្ខណៈ​ដូច​ស្រងែ​ចេញ​ពី​គ្រិស្ត​សាសនិក​ពិត​ដែល​ជា​«​កូន​នៃ​រាជាណាចក្រ​»។ ​«​មនុស្ស​សុចរិត​»​នឹង​ត្រូវ​ប្រមូល ហើយ​នៅ​ទី​បំផុត​ពួក​គេ​នឹង​ភ្លឺ​ដូច​ថ្ងៃ​«​ក្នុង​រាជាណាចក្រ​នៃ​បិតា​របស់​ពួក​គេ​»។ ចុះ​យ៉ាង​ណា​«​កូន​របស់​មេ​កំណាច​»​? ​«​ពួក​គេ​នឹង​យំ​ហើយ​សង្កៀត​ធ្មេញ​»​ ដោយ​សារ​ពួក​គេ​នឹង​ត្រូវ​បំផ្លាញ​ចោល។—ម៉ាថាយ ១៣:៤១​-​៤៣

បន្ទាប់​មក លោក​យេស៊ូ​លើក​ឧទាហរណ៍​បី​ទៀត​ដែល​ប្រៀប​ដូច​ជា​ពរ​ដល់​ពួក​អ្នក​កាន់​តាម​លោក។ មុន​ដំបូង លោក​មាន​ប្រសាសន៍​ថា​៖ ​«​រាជាណាចក្រ​ស្ថាន​សួគ៌​គឺ​ដូច​ជា​កំណប់​ទ្រព្យ​ក្នុង​វាល ដែល​បុរស​ម្នាក់​បាន​រក​ឃើញ​ហើយ​លាក់​ទុក។ រួច​ដោយ​សារ​គាត់​ត្រេក​អរ​ជា​ខ្លាំង ក៏​ទៅ​លក់​អ្វី​ៗ​ដែល​គាត់​មាន ហើយ​ទិញ​វាល​នោះ​»។—ម៉ាថាយ ១៣:៤៤

លោក​ក៏​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​៖ ​«​រាជាណាចក្រ​ស្ថាន​សួគ៌​គឺ​ដូច​ជា​អ្នក​ធ្វើ​ដំណើរ​ជួញ​ដូរ​ម្នាក់ ដែល​កំពុង​រក​គជ់​ខ្យង​ល្អ​វិសេស។ ពេល​ដែល​រក​ឃើញ​គជ់​ខ្យង​មួយ​ដែល​មាន​តម្លៃ​ខ្ពស់ គាត់​ក៏​ចេញ​ទៅ​លក់​អ្វី​ៗ​ទាំង​អស់​ដែល​គាត់​មាន​ភ្លាម ហើយ​ទិញ​គជ់​ខ្យង​នោះ​»។—ម៉ាថាយ ១៣:៤៥, ៤៦

ក្នុង​ឧទាហរណ៍​ទាំង​ពីរ​នោះ លោក​យេស៊ូ​លើក​បញ្ជាក់​អំពី​អ្នក​ដែល​ស្ម័គ្រ​ចិត្ត​លះ​បង់​អ្វី​ៗ​ទាំង​អស់​ដើម្បី​ទទួល​របស់​ដែល​ពិត​ជា​មាន​តម្លៃ។ អ្នក​ធ្វើ​ដំណើរ​ជួញ​ដូរ​បាន​លក់​«​អ្វី​ៗ​ទាំង​អស់​ដែល​គាត់​មាន​»​ភ្លាម ដើម្បី​ទិញ​គជ់​ខ្យង​មួយ​ដែល​មាន​តម្លៃ​ខ្ពស់។ អ្នក​កាន់​តាម​លោក​យេស៊ូ​អាច​យល់​ឧទាហរណ៍​នោះ​បាន ដោយ​សារ​ពួក​គាត់​ស្គាល់​ថា​គជ់​ខ្យង​ជា​របស់​ដែល​មាន​តម្លៃ។ ស្តី​អំពី​បុរស​ម្នាក់​ទៀត ក្រោយ​ពី​គាត់​រក​ឃើញ​កំណប់​ទ្រព្យ​ក្នុង​វាល​ហើយ គាត់​ក៏​«​លក់​អ្វី​ៗ​»​ដែល​គាត់​មាន​ដើម្បី​ទិញ​វាល​នោះ។ ឧទាហរណ៍​ទាំង​ពីរ​នេះ បញ្ជាក់​អំពី​របស់​មួយ​ដែល​មាន​តម្លៃ ជា​អ្វី​ដែល​គួរ​ឲ្យ​ចង់​បាន ដោយ​ចាត់​ទុក​ជា​របស់​ថ្លៃ​វិសេស។ ដូច្នេះ ឧទាហរណ៍​ទាំង​នេះ​បញ្ជាក់​ថា​អ្នក​ដែល​ចង់​បំពេញ​ការ​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ ក៏​ត្រូវ​ធ្វើ​ការ​លះ​បង់​ដែរ។ (​ម៉ាថាយ ៥:៣​) អ្នក​ខ្លះ​ដែល​កំពុង​ស្ដាប់​ឧទាហរណ៍​របស់​លោក​យេស៊ូ បាន​បង្ហាញ​រួច​ហើយ​ថា ពួក​គេ​បាន​ស្ម័គ្រ​ចិត្ត​លះ​បង់​យ៉ាង​ច្រើន​ដើម្បី​បំពេញ​ការ​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ និង​ដើម្បី​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​ពិត​របស់​លោក​យេស៊ូ។—ម៉ាថាយ ៤:១៩, ២០; ១៩:២៧

ឧទាហរណ៍​ចុង​ក្រោយ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​រាជាណាចក្រ​ស្ថាន​សួគ៌​គឺ​ដូច​ជា​អួន​ដែល​ត្រូវ​ទម្លាក់​ទៅ​ក្នុង​សមុទ្រ ហើយ​ជាប់​បាន​ត្រី​គ្រប់​យ៉ាង។ (​ម៉ាថាយ ១៣:៤៧​) ពេល​អ្នក​នេសាទ​ញែក​ត្រី​ផ្សេង​ៗ នោះ​គាត់​ដាក់​ត្រី​ល្អ​ក្នុង​ផើង ប៉ុន្តែ​ត្រី​ដែល​មិន​អាច​បរិភោគ​បាន គាត់​បោះ​ចោល​វិញ។ លោក​យេស៊ូ​ប្រាប់​ថា នេះ​ក៏​នឹង​កើត​ឡើង​ដូច​គ្នា​នៅ​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក ពោល​គឺ​បណ្ដា​ទេវតា​នឹង​ញែក​មនុស្ស​ទុច្ចរិត​ចេញ​ពី​មនុស្ស​សុចរិត។

លោក​យេស៊ូ​ផ្ទាល់​កំពុង​នេសាទ​ក្នុង​ន័យ​ធៀប ពេល​ដែល​លោក​បាន​អញ្ជើញ​ពួក​អ្នក​កាន់​តាម​ដំបូង​របស់​លោក​ឲ្យ​ក្លាយ​ទៅ​ជា​«​អ្នក​នេសាទ​មនុស្ស​វិញ​»។ (​ម៉ាកុស ១:១៧​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ លោក​មាន​ប្រសាសន៍​ថា​ឧទាហរណ៍​របស់​លោក​អំពី​អួន​គឺ​សំដៅ​ទៅ​លើ​អនាគត ពោល​គឺ​«​នៅ​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​»។ (​ម៉ាថាយ ១៣:៤៩​) ដូច្នេះ ពួក​សាវ័ក​និង​ពួក​អ្នក​កាន់​តាម​ដែល​កំពុង​ស្ដាប់​លោក អាច​យល់​ថា​នឹង​មាន​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​កើត​ឡើង​នៅ​ថ្ងៃ​ខាង​មុខ។

អ្នក​ដែល​បាន​ឮ​ឧទាហរណ៍​របស់​លោក​យេស៊ូ ពេល​លោក​ថ្លែង​នៅ​លើ​ទូក អាច​ទទួល​ការ​ពន្យល់​ថែម​ទៀត។ ហេតុ​អ្វី? ពី​ព្រោះ​លោក​យេស៊ូ​ស្ម័គ្រ​ចិត្ត‹ពន្យល់​អ្នក​កាន់​តាម​លោក​នូវ​អ្វី​ៗ​ទាំង​អស់​ដោយ​ឡែក​ពី​គេ›។ (​ម៉ាកុស ៤:៣៤​) លោក​គឺ​«​ដូច​ជា​បុរស​ម្នាក់​ជា​ម្ចាស់​ផ្ទះ ដែល​បញ្ចេញ​របស់​ទាំង​ថ្មី​ទាំង​ចាស់​ពី​ឃ្លាំង​ទ្រព្យ​របស់​ខ្លួន​»។ (​ម៉ាថាយ ១៣:៥២​) លោក​យេស៊ូ​លើក​ឧទាហរណ៍​ទាំង​នេះ មិន​មែន​ដើម្បី​បង្ហាញ​ថា​លោក​ពូកែ​បង្រៀន​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​ធ្វើ​ដូច្នេះ ព្រោះ​លោក​ចង់​ប្រាប់​សេចក្ដី​ពិត​ដែល​ប្រៀប​ដូច​ជា​កំណប់​ទ្រព្យ​ដល់​ពួក​អ្នក​កាន់​តាម​លោក។ លោក​ពិត​ជា​«​គ្រូ​បង្រៀន​»​ដែល​ប្រៀប​ផ្ទឹម​ពុំ​បាន​ឡើយ។