ជំពូកទី១៥
លោកយេស៊ូធ្វើអព្ភូតហេតុទី១
-
ពិធីរៀបអាពាហ៍ពិពាហ៍នៅភូមិកាណា
-
លោកយេស៊ូធ្វើឲ្យទឹកក្លាយទៅជាស្រា
អស់បីថ្ងៃហើយដែលណាថាណែលបានក្លាយទៅជាអ្នកកាន់តាមដំបូងម្នាក់របស់លោកយេស៊ូ។ លោកយេស៊ូនិងអ្នកកាន់តាមដំបូងខ្លះធ្វើដំណើរឆ្ពោះទៅតំបន់របស់ពួកគាត់នៅខាងជើងស្រុកកាលីឡេ។ ពួកគាត់ទៅភូមិកាណាដែលជាស្រុកកំណើតរបស់ណាថាណែល។ ភូមិកាណាស្ថិតនៅលើភ្នំទិសខាងជើងក្រុងណាសារ៉ែត ជាកន្លែងដែលលោកយេស៊ូធំឡើង។ ពួកគាត់បានត្រូវអញ្ជើញទៅចូលរួមពិធីរៀបអាពាហ៍ពិពាហ៍មួយនៅភូមិកាណា។
ម៉ារៀដែលជាម្ដាយរបស់លោកយេស៊ូក៏ចូលរួមពិធីរៀបការនោះដែរ។ ដោយសារនាងជាញាតិមិត្តរបស់គ្រួសារកូនកំលោះនិងកូនក្រមុំ នោះនាងប្រហែលជាជួយមើលការខុសត្រូវក្នុងពិធីនោះ។ ដូច្នេះ នាងឆាប់ឃើញថាភ្ញៀវខ្វះស្រា រួចមកនាងប្រាប់លោកយេស៊ូថា៖ «ពួកគេអស់ស្រាហើយ»។—យ៉ូហាន ២:៣
បើនិយាយឲ្យចំទៅ ម៉ារៀកំពុងសុំលោកយេស៊ូឲ្យធ្វើអ្វីមួយដើម្បីដោះស្រាយបញ្ហាខ្វះស្រា។ លោកយេស៊ូតបឆ្លើយទៅម្ដាយដោយសុភាពថា៖ «ស្ត្រីអើយ តើរឿងនោះទាក់ទងអ្វីនឹងខ្ញុំ?»។ (យ៉ូហាន ២:៤) ក្នុងនាមជាស្តេចដែលបានត្រូវរើសតាំង លោកយេស៊ូទទួលការណែនាំពីបិតារបស់លោកដែលនៅស្ថានសួគ៌ មិនមែនពីមិត្តភក្ដិឬសមាជិកក្រុមគ្រួសារនោះទេ។ ម៉ារៀបង្ហាញប្រាជ្ញាដោយទុកឲ្យកូនរបស់នាងដោះស្រាយបញ្ហានោះ នាងក៏ប្រាប់ពួកអ្នកដែលកំពុងបម្រើថា៖ «អ្វីដែលលោកប្រាប់ឲ្យធ្វើ ចូរធ្វើទៅចុះ»។—យ៉ូហាន ២:៥
នៅកន្លែងរៀបអាពាហ៍ពិពាហ៍មានពាងទឹកចំនួន៦ ហើយពាងនីមួយៗមានចំណុះជាង៤០លីត្រ។ លោកយេស៊ូប្រាប់ពួកអ្នកដែលកំពុងបម្រើថា៖ «ចូរចាក់ទឹកឲ្យពេញពាងទាំងនេះ»។ រួចពួកគេក៏បានធ្វើតាមលោក។ បន្ទាប់មក លោកយេស៊ូមានប្រសាសន៍ថា៖ «ឥឡូវ ចូរដងខ្លះយកទៅឲ្យអ្នកចាត់ចែងពិធី»។—យ៉ូហាន ២:៧, ៨
អ្នកចាត់ចែងពិធីកោតស្ងើចនឹងគុណភាពស្រា តែគាត់មិនបានដឹងថាស្រានោះបានធ្វើឡើងដោយការអស្ចារ្យឡើយ។ រួចគាត់ហៅកូនកំលោះមកប្រាប់ថា៖ «បុរសឯទៀតទាំងអស់តែងជូនស្រាដែលមានគុណភាពល្អមុន រួចពេលដែលភ្ញៀវស្រវឹងហើយ ទើបយកស្រាដែលមានគុណភាពអន់មកជូនវិញ។ អ្នកបានទុកស្រាល្អរហូតដល់ឥឡូវនេះទើបជូនភ្ញៀវ»។—យ៉ូហាន ២:១០
នេះជាអព្ភូតហេតុទី១ដែលលោកយេស៊ូបានធ្វើ។ កាលដែលអ្នកកាន់តាមដំបូងឃើញអព្ភូតហេតុនេះ ពួកគេមានជំនឿកាន់តែរឹងមាំ។ ក្រោយមក លោកយេស៊ូ ម្ដាយនិងប្អូនៗរបស់លោកក៏ធ្វើដំណើរទៅក្រុងកាពើណិម ដែលស្ថិតនៅភាគខាងជើងឆៀងខាងលិចសមុទ្រកាលីឡេ។