លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត

ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត

លោក​អ្នក​ទំនង​ជា​រីក​រាយ​ដោយ​សារបាន​ទទួល​ដំណឹង​ល្អ ហើយ​នេះ​ពិត​ជា​ដំណឹង​ល្អ​មែន​សម្រាប់​លោក​អ្នក​និង​មនុស្ស​ដែល​លោក​អ្នក​ស្រឡាញ់។

ដំណឹង​ល្អ​នេះ​មាន​នៅ​ក្នុង​គម្ពីរ។ គម្ពីរ​គឺ​ជា​សៀវភៅ​ដែល​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​បង្កើត​សកល​លោក​បាន​ដឹក​នាំ​មនុស្ស​ឲ្យ​សរសេរ​ជា​យូរ​មក​ហើយ។ ក្នុង​សៀវភៅ​នេះ យើង​នឹង​ផ្ដោត​អារម្មណ៍​ទៅ​លើ​សៀវភៅ​បួន​ក្បាល​ក្នុង​គម្ពីរ​ដែល​មាន​ដំណឹង​ដ៏​ល្អ​សម្រាប់​យើង​ទាំង​អស់​គ្នា។ សៀវភៅ​ទាំង​បួន​នោះ​បាន​ត្រូវ​ហៅ​តាម​ឈ្មោះ​របស់​ពួក​បុរស​ដែល​ព្រះ​បាន​ដឹក​នាំ​ឲ្យ​សរសេរ​គម្ពីរ។ ឈ្មោះ​របស់​ពួក​គាត់​គឺ ម៉ាថាយ ម៉ាកុស លូកា និង​យ៉ូហាន។

មនុស្ស​ជា​ច្រើន​ស្គាល់​សៀវភៅ​ទាំង​បួន​នេះ​ថា​ជា​សៀវភៅ​ដំណឹង​ល្អ​ទាំង​បួន។ សៀវភៅ​ទាំង​បួន​នេះ​រៀប​រាប់​ដំណឹង​ល្អ​អំពី​លោក​យេស៊ូ​ថា លោក​ជា​ខ្សែ​រយៈ​ដែល​ព្រះ​ប្រើ​ដើម្បី​ផ្ដល់​ការ​សង្គ្រោះ។ ម្យ៉ាង​ទៀត ក្នុង​នាម​ជា​ស្តេច​នៃ​រាជាណាចក្រ​របស់​ព្រះ​នៅ​ស្ថាន​សួគ៌ លោក​យេស៊ូ​នឹង​នាំ​ឲ្យ​មាន​ពរ​ជា​រៀង​រហូត​ដល់​អស់​អ្នក​ដែល​បង្ហាញ​ជំនឿ​លើ​លោក។—ម៉ាកុស ១០:១៧, ៣០; ១៣:១៣

ហេតុ​អ្វី​មាន​សៀវភៅ​ដំណឹង​ល្អ​ទាំង​បួន?

លោក​អ្នក​ប្រហែល​ជា​ឆ្ងល់​ថា ហេតុ​អ្វី​ព្រះ​ដឹក​នាំ​មនុស្ស​ឲ្យ​កត់​ទុក​កំណត់​ហេតុ​ទាំង​បួន​អំពី​ជីវិត​និង​ការ​បង្រៀន​របស់​លោក​យេស៊ូ?

ការ​មាន​កំណត់​ហេតុ​ផ្សេង​ៗ​អំពី​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​លោក​យេស៊ូ​គឺ​ពិត​ជា​មាន​ប្រយោជន៍​ច្រើន​ណាស់។ ជា​ឧទាហរណ៍ សូម​ស្រមៃ​គិត​ថា​បុរស​បួន​នាក់​កំពុង​ឈរ​ក្បែរ​លោក​គ្រូ​ដ៏​ល្បី​ល្បាញ​ម្នាក់។ បុរស​ដែល​ឈរ​នៅ​ខាង​មុខ​លោក​គ្រូ​នេះ​គឺ​ជា​អ្នក​យក​ពន្ធ។ បុរស​ម្នាក់​ទៀត​ដែល​ឈរ​នៅ​ខាង​ស្ដាំ​លោក​គឺ​ជា​គ្រូ​ពេទ្យ។ ចំណែក​ឯ​បុរស​ដែល​កំពុង​ស្ដាប់​នៅ​ខាង​ឆ្វេង​លោក​គឺ​ជា​អ្នក​នេសាទ​និង​ជា​មិត្ត​ភក្ដិ​ដ៏​ជិត​ស្និទ្ធ​របស់​លោក ហើយ​បុរស​ទី​៤​ដែល​នៅ​ខាង​ក្រោយ​លោក គឺ​ជា​អ្នក​ស្ដាប់​ដែល​ក្មេង​ជាង​បុរស​បី​នាក់​ទៀត។ ពួក​គាត់​ទាំង​បួន​នាក់​គឺ​ជា​បុរស​ស្មោះ​ត្រង់ ហើយ​ម្នាក់​ៗ​មាន​ចំណាប់​អារម្មណ៍​ខុស​ៗ​គ្នា។ ហេតុ​នេះ ប្រសិន​បើ​ពួក​គាត់​ម្នាក់​ៗ​សរសេរ​កំណត់​ហេតុ​អំពី​ពាក្យ​សម្ដី​និង​សកម្មភាព​របស់​លោក​គ្រូ​នេះ នោះ​កំណត់​ហេតុ​ទាំង​បួន​ទំនង​ជា​រៀប​រាប់​ព័ត៌មាន​ល្អិត​ល្អន់ ឬ​ព្រឹត្ដិការណ៍​ផ្សេង​ៗ​គ្នា។ សូម​ចាំ​ថា​អ្នក​សរសេរ​ម្នាក់​ៗ​មាន​គោល​បំណង​ផ្សេង​ៗ​គ្នា ហើយ​ពួក​គាត់​ក៏​បាន​លើក​ឡើង​រឿង​ខុស​ៗ​គ្នា​ដែរ ដូច្នេះ​កាល​ដែល​យើង​ពិចារណា​កំណត់​ហេតុ​ទាំង​បួន​នេះ យើង​អាច​យល់​យ៉ាង​ច្បាស់​នូវ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​លោក​គ្រូ​នោះ​បាន។ នេះ​បញ្ជាក់​ថា​យើង​អាច​ទទួល​ប្រយោជន៍​ពី​ការ​មាន​កំណត់​ហេតុ​បួន​ផ្សេង​គ្នា​អំពី​ជីវិត​របស់​គ្រូ​ដ៏​ល្អ​ប្រសើរ ពោល​គឺ​លោក​យេស៊ូ។

ស្តី​អំពី​ឧទាហរណ៍​ខាង​លើ បុរស​ដែល​ជា​អ្នក​យក​ពន្ធ​ចង់​ទាក់​ទាញ​ចិត្ត​អ្នក​អាន​ដែល​ជា​ជន​ជាតិ​យូដា ដូច្នេះ​គាត់​បាន​សរសេរ​អំពី​ការ​បង្រៀន​និងព្រឹត្ដិការណ៍​ផ្សេង​ៗ​តាម​របៀប​ដែល​ពួក​គេ​អាច​យល់​បាន។ បុរស​ដែល​ជា​គ្រូ​ពេទ្យ​លើក​ឡើង​អំពី​ការ​ធ្វើ​ឲ្យ​អ្នក​ឈឺ​និង​អ្នក​ពិការ​ជា​សះ​ស្បើយ ហេតុ​នេះ​គាត់​មិន​បាន​បញ្ចូល​រឿង​មួយ​ចំនួន​ដែល​បុរស​ជា​អ្នក​យក​ពន្ធ​បាន​រៀប​រាប់​រួច​ហើយ​នោះ​ទេ។ ម្យ៉ាង​ទៀត គាត់​រៀប​រាប់​រឿង​ទាំង​នោះ​តាម​លំដាប់​ខុស​គ្នា​ពី​អ្នក​យក​ពន្ធ។ ចំណែក​ឯ​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ​របស់​លោក​គ្រូ​នេះ បាន​រៀប​រាប់​អំពី​អារម្មណ៍​និង​គុណ​សម្បត្ដិ​របស់​លោក​វិញ។ កំណត់​ហេតុ​ដែល​បុរស​ក្មេង​ជាង​គេ​បាន​សរសេរ​គឺ​ខ្លី​ជាង​កំណត់​ហេតុ​បី​ទៀត។ យ៉ាង​ណា​ក្ដី កំណត់​ហេតុ​ដែល​ពួក​គាត់​ម្នាក់​ៗ​បាន​សរសេរ គឺ​ត្រឹម​ត្រូវ។ នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា​ការ​មាន​កំណត់​ហេតុ​ទាំង​បួន​អំពី​ជីវិត​របស់​លោក​យេស៊ូ ជួយ​យើង​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​សកម្មភាព ការ​បង្រៀន និង​បុគ្គលិក​លក្ខណៈ​របស់​លោក។

មនុស្ស​ប្រហែល​ជា​និយាយ​អំពី‹សៀវភៅ​ដំណឹង​ល្អ​របស់​ម៉ាថាយ› ឬ‹សៀវភៅ​ដំណឹង​ល្អ​របស់​យ៉ូហាន›។ នេះ​មិន​មែន​ខុស​ទេ ដោយ​សារ​សៀវភៅ​នីមួយ​ៗ​មាន​«​ដំណឹង​ល្អ​អំពី​លោក​យេស៊ូ​គ្រិស្ត​»។ (​ម៉ាកុស ១:១​) ប៉ុន្តែ បើ​និយាយ​ឲ្យ​ចំ​ទៅ សៀវភៅ​ដំណឹង​ល្អ​ទាំង​បួន​នេះ​មាន​គោល​រឿង​តែ​មួយ​ទេ​គឺ​អំពី​លោក​យេស៊ូ។

មនុស្ស​ជា​ច្រើន​ដែល​សិក្សា​បណ្ដាំ​របស់​ព្រះ​បាន​ប្រៀប​ធៀប​ព្រឹត្ដិការណ៍​និង​ព័ត៌មាន​ដែល​មាន​ក្នុង​សៀវភៅ​ម៉ាថាយ ម៉ាកុស លូកា និង​យ៉ូហាន។ ពួក​គេ​ឃើញ​ថា​ព្រឹត្ដិការណ៍​និង​ព័ត៌មាន​ទាំង​នោះ​ស្រប​គ្នា​មែន។ ជា​ឧទាហរណ៍ ប្រហែល​ជា​នៅ​ឆ្នាំ​១៧០ គ.ស. អ្នក​និពន្ធ​ជន​ជាតិ​ស៊ីរី​ម្នាក់​ឈ្មោះ​តេសិន បាន​ព្យាយាម​ធ្វើ​បែប​នេះ។ បន្ទាប់​មក គាត់​ទទួល​ស្គាល់​ថា​សៀវភៅ​ទាំង​បួន​នេះ​គឺ​ត្រឹម​ត្រូវ ហើយ​បាន​ត្រូវ​ដឹក​នាំ​ឲ្យ​សរសេរ​ដោយ​ព្រះ​ពិត​មែន។ ដូច្នេះ​គាត់​បាន​ចង​ក្រង​ជា​សៀវភៅ​មួយ (​Diatessaron​) ដែល​រៀប​រាប់​អំពី​ភាព​ស្រប​គ្នា​នៃ​កំណត់​ហេតុ​ក្នុង​សៀវភៅ​ដំណឹង​ល្អ​ទាំង​បួន​ស្តី​អំពី​ជីវិត​និង​កិច្ច​បម្រើ​របស់​លោក​យេស៊ូ។

សៀវភៅ​លោក​យេស៊ូ ជា​ផ្លូវ ជា​សេចក្ដី​ពិត ជា​ជីវិត ក៏​បង្ហាញ​អំពី​ភាព​ស្រប​គ្នា​នៃ​កំណត់​ហេតុ​ទាំង​នេះ​ដែរ។ ប៉ុន្តែ សៀវភៅ​នេះ​គឺ​ត្រឹម​ត្រូវ​ជាង​និង​មាន​ព័ត៌មាន​ពេញ​លេញ​ជាង ដោយ​សារ​ឥឡូវ​នេះ​យើង​មាន​ការ​យល់​ដឹង​កាន់​តែ​ច្បាស់​អំពី​ការ​សម្រេច​នៃ​ទំនាយ​ជា​ច្រើន​របស់​លោក​យេស៊ូ និង​ឧទាហរណ៍​ផ្សេង​ៗ​ដែល​លោក​បាន​លើក​ឡើង។ ហេតុ​នេះ យើង​កាន់​តែ​យល់​ច្បាស់​អំពី​អ្វី​ដែល​លោក​មាន​ប្រសាសន៍​និង​អំពី​អ្វី​ដែល​លោក​បាន​ធ្វើ ព្រម​ទាំង​យល់​កាន់​តែ​ច្បាស់​អំពី​លំដាប់​នៃ​ព្រឹត្ដិការណ៍​ផ្សេង​ៗ​ដែល​បាន​កើត​ឡើង។ បន្ថែម​ទៅ​ទៀត ការ​ស្រាវ​ជ្រាវ​ផ្នែក​បុរាណវត្ថុ​វិទ្យា​ជួយ​បំភ្លឺ​ថែម​ទៀត​អំពី​ព័ត៌មាន​ល្អិត​ល្អន់​ក្នុង​កំណត់​ហេតុ​ទាំង​នោះ​ដែល​អ្នក​សរសេរ​បាន​រៀប​រាប់។ ប៉ុន្តែ គ្មាន​អ្នក​ណា​ម្នាក់​អាច​អះអាង​ថា​ខ្លួន​អាច​រៀប​រាប់​យ៉ាង​ត្រឹម​ត្រូវ​អំពី​លំដាប់​នៃ​ព្រឹត្ដិការណ៍​នីមួយ​ៗ​បាន​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សៀវភៅ​លោក​យេស៊ូ ជា​ផ្លូវ ជា​សេចក្ដី​ពិត ជា​ជីវិត រៀប​រាប់​អំពី​ព្រឹត្ដិការណ៍​ផ្សេង​ៗ​តាម​លំដាប់​លំដោយ​និង​សម​ហេតុ​សម​ផល។

ជា​ផ្លូវ ជា​សេចក្ដី​ពិត ជា​ជីវិត

កាល​ដែល​លោក​អ្នក​រីក​រាយ​អាន​សៀវភៅ​នេះ សូម​ព្យាយាម​គិត​អំពី​ដំណឹង​សំខាន់​សម្រាប់​លោក​អ្នក​និង​មនុស្ស​ដែល​លោក​អ្នក​ស្រឡាញ់។ លោក​អ្នក​ប្រហែល​ជា​ធ្លាប់​ឮ​ថា​លោក​យេស៊ូ​គ្រិស្ត​ផ្ទាល់​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ថូម៉ាស់​ដែល​ជា​សាវ័ក​ម្នាក់​ថា​៖ ​«​ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដី​ពិត និង​ជា​ជីវិត។ គ្មាន​អ្នក​ណា​អាច​មក​ឯ​បិតា​នៅ​ស្ថាន​សួគ៌​បាន​ឡើយ លើក​លែង​តែ​អ្នក​នោះ​មក​តាម​ខ្ញុំ​»។—យ៉ូហាន ១៤:៦

សៀវភៅ​លោក​យេស៊ូ ជា​ផ្លូវ ជា​សេចក្ដី​ពិត ជា​ជីវិត នឹង​ជួយ​លោក​អ្នក​ឲ្យ​យល់​ថា​លោក​យេស៊ូ​គឺ​ពិត​«​ជា​ផ្លូវ​»​មែន។ មាន​តែ​តាម​រយៈ​លោក​យេស៊ូ​ប៉ុណ្ណោះ​ដែល​យើង​អាច​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​ដោយ​សេចក្ដី​អធិដ្ឋាន។ បន្ថែម​ទៅ​ទៀត លោក​យេស៊ូ​ជា​ផ្លូវ​ដែល​នាំ​យើង​ឲ្យ​ផ្សះ​ផ្សា​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ។ (​យ៉ូហាន ១៦:២៣; រ៉ូម ៥:៨​) ហេតុ​នេះ មាន​តែ​តាម​រយៈ​លោក​យេស៊ូ​ប៉ុណ្ណោះ​ដែល​យើង​អាច​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​បាន។

លោក​យេស៊ូ​គឺ​«​ជា​សេចក្ដី​ពិត​»។ របៀប​ដែល​លោក​មាន​ប្រសាសន៍​និង​របៀប​ដែល​លោក​រស់​នៅ​គឺ​ស្រប​តាម​សេចក្ដី​ពិត។ លោក​បាន​សម្រេច​ទំនាយ​ជា​ច្រើន ហេតុ​នេះ​ទំនាយ​ទាំង​នោះ​បាន​ទៅ​ជា​«​មែន តាម​រយៈ​លោក​»។ (​កូរិនថូស​ទី២ ១:២០; យ៉ូហាន ១:១៤​) ទំនាយ​ទាំង​នោះ​ជួយ​យើង​ឲ្យ​យល់​អំពី​តួនាទី​ដ៏​សំខាន់​របស់​លោក​ក្នុង​ការ​សម្រេច​គោល​បំណង​របស់​ព្រះ។—ការ​បើក​បង្ហាញ ១៩:១០

បន្ថែម​ទៀត លោក​យេស៊ូ​គ្រិស្ត​គឺ​«​ជា​ជីវិត​»។ លោក​បាន​ប្រគល់​ជីវិត​ល្អ​ឥត​ខ្ចោះ​និង​ឈាម​របស់​លោក​ជា​ថ្លៃ​លោះ ហេតុ​នេះ​លោក​ផ្ដល់​ឱកាស​ឲ្យ​យើង​អាច​ទទួល​បាន​«​ជីវិត​ដ៏​ពិត​ប្រាកដ​»​ ពោល​គឺ​«​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។ (​ធីម៉ូថេ​ទី១ ៦:១២, ១៩; អេភេសូរ ១:៧; យ៉ូហាន​ទី១ ១:៧​) លោក​ក៏​នឹង​ធ្វើ​«​ជា​ជីវិត​»​សម្រាប់​មនុស្ស​រាប់​លាន​នាក់​ដែល​បាន​ស្លាប់។ តើ​តាម​របៀប​ណា? គឺ​លោក​នឹង​ប្រោស​ពួក​គេ​ឲ្យ​រស់​ឡើង​វិញ​ដោយ​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​ក្នុង​សួន​ឧទ្យាន។—យ៉ូហាន ៥:២៨, ២៩

យើង​ទាំង​អស់​គ្នា​ត្រូវ​យល់​អំពី​តួនាទី​របស់​លោក​យេស៊ូ​ក្នុង​គោល​បំណង​របស់​ព្រះ។ សូម​ឲ្យ​លោក​អ្នក​រីក​រាយ​រៀន​ថែម​ទៀត​អំពី​លោក​យេស៊ូ​ដែល​«​ជា​ផ្លូវ ជា​សេចក្ដី​ពិត និង​ជា​ជីវិត​»។