លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​២

លោកយេស៊ូបានទទួលកិត្ដិយសមុនលោកកើតមក

លោកយេស៊ូបានទទួលកិត្ដិយសមុនលោកកើតមក

លូកា ១:៣៤​-​៥៦

  • ម៉ារៀ​ទៅ​លេង​អេលីសាបិត​ដែល​ជា​ញាតិ​សន្ដាន​របស់​នាង

ក្រោយ​ពី​ទេវតា​កាព្រីយ៉ែល​បាន​ប្រាប់​ម៉ារៀ​ថា នាង​នឹង​មាន​កូន​ម្នាក់​ដែល​នាង​ត្រូវ​ឲ្យ​នាម​ថា​យេស៊ូ ហើយ​កូន​នោះ​នឹង​គ្រប់​គ្រង​ជា​ស្តេច​ជា​រៀង​រហូត នោះ​ម៉ារៀ​សួរ​ថា​៖ ​«​តើ​ការ​នេះ​អាច​កើត​ឡើង​យ៉ាង​ដូច​ម្ដេច? ព្រោះ​ខ្ញុំ​មិន​បាន​រួម​រស់​ជា​មួយ​នឹង​បុរស​ណា​ឡើយ​»។—លូកា ១:៣៤

កាព្រីយ៉ែល​ឆ្លើយ​តប​ថា​៖ ​«​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​នឹង​សណ្ឋិត​លើ​នាង ហើយ​ឫទ្ធានុភាព​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​នឹង​គ្រប​បាំង​នាង។ ហេតុ​នេះ​ហើយ កូន​ដែល​នឹង​កើត​មក​នោះ នឹង​ត្រូវ​ហៅ​ថា​ជា​បរិសុទ្ធ និង​ជា​បុត្រ​របស់​ព្រះ​»។—លូកា ១:៣៥

កាព្រីយ៉ែល​ទំនង​ជា​ចង់​ជួយ​ម៉ារៀ​ឲ្យ​ជឿ ដូច្នេះ​គាត់​និយាយ​បន្ថែម​ថា​៖ ​«​មើល! ក្នុង​កាល​មាន​វ័យ​ចាស់ អេលីសាបិត ជា​ញាតិ​សន្ដាន ដែល​គេ​ហៅ​ថា​ស្រី​អារ មាន​ផ្ទៃ​ពោះ​ប្រាំ​មួយ​ខែ​ហើយ។ កូន​ដែល​នៅ​ក្នុង​ផ្ទៃ​ជា​កូន​ប្រុស​មួយ​ដែរ ព្រោះ​គ្មាន​ប្រសាសន៍​ណា​របស់​ព្រះ ដែល​លោក​ពុំ​អាច​សម្រេច​បាន​ឡើយ​»។—លូកា ១:៣៦, ៣៧

យើង​ដឹង​ថា​ម៉ារៀ​ជឿ​អ្វី​ដែល​កាព្រីយ៉ែល​បាន​និយាយ ពេល​យើង​ឮ​ការ​តប​ឆ្លើយ​របស់​នាង​ថា​៖ ​«​មើល! ខ្ញុំ​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ​យេហូវ៉ា! សូម​ឲ្យ​ការ​នេះ​កើត​ឡើង​ដល់​ខ្ញុំ តាម​សេចក្ដី​ប្រកាស​របស់​អ្នក​ចុះ​»។—លូកា ១:៣៨

ពេល​កាព្រីយ៉ែល​ចេញ​ទៅ ម៉ារៀ​រៀប​ចំ​ទៅ​លេង​អេលីសាបិត​និង​ប្ដី​របស់​គាត់​ឈ្មោះ​សាការី។ ពួក​គាត់​រស់​នៅ​តំបន់​ជួរ​ភ្នំ​យូឌា​ជិត​ក្រុង​យេរូសាឡិម។ ដើម្បី​ទៅ​កន្លែង​ដែល​ពួក​គាត់​រស់​នៅ ម៉ារៀ​ធ្វើ​ដំណើរ​អស់​បី​ឬ​បួន​ថ្ងៃ​ពី​ផ្ទះ​របស់​នាង​នៅ​ភូមិ​ណាសារ៉ែត។

នៅ​ទី​បំផុត ម៉ារៀ​បាន​ទៅ​ដល់​ផ្ទះ​របស់​សាការី។ ពេល​នាង​ចូល​ក្នុង​ផ្ទះ នាង​ជម្រាប​សួរ​អេលីសាបិត​ដែល​ជា​ញាតិ​សន្ដាន​របស់​នាង។ រំពេច​នោះ អេលីសាបិត​បាន​ពេញ​ដោយ​សកម្មពល​បរិសុទ្ធ ហើយ​និយាយ​ទៅ​ម៉ារៀ​ថា​៖ ​«​ក្នុង​ចំណោម​ស្រី​ទាំង​ឡាយ នាង​មាន​ពរ​ហើយ! ឯ​កូន​ដែល​នាង​នឹង​បង្កើត​ក៏​មាន​ពរ​ដែរ! ហេតុ​ដូច​ម្ដេច​បាន​ជា​ម្ដាយ​របស់​ម្ចាស់​ខ្ញុំ​បាន​ផ្ដល់​កិត្ដិយស​ឲ្យ​ខ្ញុំ ដោយ​មក​ជួប​ខ្ញុំ​ដូច្នេះ? ព្រោះ​មើល! ពេល​ដែល​ខ្ញុំ​ឮ​នាង​ជម្រាប​សួរ នោះ​កូន​នៅ​ក្នុង​ផ្ទៃ​ខ្ញុំ​បាន​កញ្ជ្រោល​ឡើង​ដោយ​ត្រេក​អរ​ក្រៃ​លែង​»។—លូកា ១:៤២​-​៤៤

បន្ទាប់​មក ម៉ារៀ​ឆ្លើយ​តប​ដោយ​ចិត្ត​កតញ្ញូ​ថា​៖ ​«​ខ្ញុំ​លើក​តម្កើង​ព្រះ​យេហូវ៉ា ហើយ​ខ្ញុំ​ទប់​ចិត្ត​ពុំ​បាន​ឡើយ ព្រោះ​ខ្ញុំ​ត្រេក​អរ​ពន់​ពេក​នឹង​ព្រះ​ដែល​ជា​អ្នក​សង្គ្រោះ​ខ្ញុំ ពី​ព្រោះ​លោក​បាន​មើល​សភាព​ទន់​ទាប​នៃ​ខ្ញុំ​បម្រើ​របស់​លោក។ មើល! ចាប់​តាំង​ពី​ពេល​នេះ​ទៅ មនុស្ស​គ្រប់​ជំនាន់​នឹង​ពោល​ថា ខ្ញុំ​ជា​អ្នក​មាន​សុភមង្គល ពី​ព្រោះ​លោក​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បាន​ធ្វើ​កិច្ច​ការ​ដ៏​អស្ចារ្យ​ដើម្បី​ខ្ញុំ​»។ យើង​អាច​កត់​សម្គាល់​ថា ទោះ​ជា​ម៉ារៀ​បាន​ទទួល​ការ​សរសើរ​ក៏​ដោយ តែ​នាង​ឲ្យ​ការ​សរសើរ​នោះ​ទៅ​ព្រះ​ដោយ​និយាយ​ថា​៖ ​«​នាម​របស់​លោក​គឺ​បរិសុទ្ធ ហើយ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ លោក​ក៏​មាន​ចិត្ត​មេត្ដា​ករុណា​ដល់​អស់​អ្នក​ដែល​កោត​ខ្លាច​លោក​»។—លូកា ១:៤៦​-​៥០

ម៉ារៀ​បន្ត​សរសើរ​ព្រះ ដោយ​លើក​យក​ទំនាយ​ដែល​បាន​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ថា​៖ ​«​លោក​បាន​ធ្វើ​កិច្ច​ការ​យ៉ាង​ខ្លាំង​ពូកែ​ដោយ​ដៃ​របស់​លោក ក៏​បាន​កម្ចាត់​កម្ចាយ​អស់​អ្នក​ដែល​បង្ហាញ​ថា​ពួក​គេ​ជា​មនុស្ស​ក្រអឺត​ក្រទម​ដោយ​បំណង​ចិត្ត​របស់​ខ្លួន។ លោក​បាន​ទម្លាក់​មនុស្ស​មាន​អំណាច​ពី​បល្ល័ង្ក ហើយ​តម្កើង​មនុស្ស​ទន់​ទាប។ លោក​បាន​បំពេញ​ចិត្ត​អ្នក​ដែល​ស្រេក​ឃ្លាន ដោយ​របស់​ល្អ ឯ​អ្នក​ដែល​មាន​ស្តុកស្តម្ភ លោក​បាន​ឲ្យ​ចេញ​ទៅ​ដៃ​ទទេ។ លោក​បាន​ជួយ​អ៊ីស្រាអែល ជា​អ្នក​បម្រើ​របស់​លោក ដើម្បី​បង្ហាញ​ថា លោក​ចាំ​សេចក្ដី​សន្យា​របស់​លោក​ដែល​ថា លោក​នឹង​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ជា​រៀង​រហូត ដល់​អាប្រាហាំ​និង​ពូជ​របស់​គាត់ ដូច​លោក​បាន​មាន​ប្រសាសន៍​ទៅ​បណ្ដា​បុព្វ​បុរស​របស់​យើង​»។—លូកា ១:៥១​-​៥៥

ម៉ារៀ​ស្នាក់​នៅ​ជា​មួយ​នឹង​អេលីសាបិត​អស់​រយៈ​ពេល​ប្រហែល​ជា​បី​ខែ នាង​ទំនង​ជា​ជួយ​មើល​ថែ​អេលីសាបិត ជា​ពិសេស​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​ដែល​អេលីសាបិត​ពពោះ។ ស្ត្រី​ដ៏​ស្មោះ​ត្រង់​ទាំង​ពីរ​នាក់​នេះ​មាន​ផ្ទៃ​ពោះ​ដោយ​សារ​ជំនួយ​ពី​ព្រះ ហើយ​ពិត​ជា​ល្អ​មែន​ដែល​ពួក​គាត់​អាច​នៅ​ជា​មួយ​គ្នា​ក្នុង​គ្រា​នោះ!

ម្យ៉ាង​ទៀត សូម​កត់​សម្គាល់​អំពី​កិត្ដិយស​ដែល​លោក​យេស៊ូ​បាន​ទទួល សូម្បី​តែ​លោក​មិន​ទាន់​កើត​មក​ក្ដី។ កាល​ដែល​ម៉ារៀ​ចូល​ទៅ​ជួប​អេលីសាបិត នោះ​អេលីសាបិត​បាន​ហៅ​លោក​ថា​«​ម្ចាស់​ខ្ញុំ​»​ ហើយ​កូន​នៅ​ក្នុង​ផ្ទៃ​នាង​«​បាន​កញ្ជ្រោល​ឡើង​ដោយ​ត្រេក​អរ​ក្រៃ​លែង​»។ ផ្ទុយ​ទៅ​វិញ ក្រោយ​មក​យើង​នឹង​ឃើញ​ថា អ្នក​ឯ​ទៀត​មិន​បាន​ឲ្យ​កិត្ដិយស​ដល់​ម៉ារៀ​និង​កូន​ក្នុង​ផ្ទៃ​របស់​នាង​ទេ។