ជំពូកទី៩
លោកយេស៊ូធំឡើងនៅក្រុងណាសារ៉ែត
-
យ៉ូសែបនិងម៉ារៀមានកូនថែមទៀត
-
លោកយេស៊ូរៀនជំនាញមួយ
លោកយេស៊ូធំឡើងនៅក្រុងណាសារ៉ែតជាក្រុងតូចមួយដែលមិនសូវល្បី។ ក្រុងនេះនៅតំបន់ភ្នំនៃស្រុកកាលីឡេ ខាងលិចបឹងធំមួយដែលហៅថាសមុទ្រកាលីឡេ។
លោកយេស៊ូប្រហែលជាមានអាយុពីរឆ្នាំ ពេលយ៉ូសែបនិងម៉ារៀនាំលោកចេញពីស្រុកអេស៊ីបមក។ តាមមើលទៅ ពួកគាត់មានកូនតែមួយប៉ុណ្ណោះនៅពេលនោះ។ ប៉ុន្តែ ក្រោយមក លោកយេស៊ូមានប្អូនប្រុសឈ្មោះយ៉ាកុប យ៉ូសែប ស៊ីម៉ូន និងយូដាស។ យ៉ូសែបនិងម៉ារៀក៏មានកូនស្រីៗដែរ។ ដូច្នេះ លោកយេស៊ូមានប្អូនប្រុសស្រីយ៉ាងហោចណាស់៦នាក់។
លោកយេស៊ូក៏មានសាច់ញាតិឯទៀតដែរ។ យើងបានដឹងអំពីអេលីសាបិត និងកូនប្រុសរបស់គាត់ឈ្មោះយ៉ូហាន។ យ៉ូហានរស់នៅក្នុងតំបន់យូឌាដែលមានចម្ងាយច្រើនគីឡូម៉ែត្រពីក្រុងណាសារ៉ែត។ បន្ថែមទៅទៀត ម៉ារៀមានបងប្អូនស្រីបង្កើតម្នាក់ឈ្មោះសាឡូមេដែលរស់នៅជិតស្រុកកាលីឡេ។ សាឡូមេទំនងជាម្ដាយមីងឬអ៊ំស្រីរបស់លោកយេស៊ូ។ ប្ដីរបស់សាឡូមេឈ្មោះសេបេដេ។ កូនប្រុសពីរនាក់របស់ពួកគាត់ឈ្មោះយ៉ាកុបនិងយ៉ូហាន ទំនងជាបងប្អូនជីដូនមួយរបស់លោកយេស៊ូ។ កាលដែលលោកយេស៊ូនៅក្មេង យើងមិនដឹងថាលោកបានចំណាយពេលច្រើនយ៉ាងណាជាមួយនឹងក្មេងប្រុសទាំងពីរនាក់នោះឡើយ។ ប៉ុន្តែ ក្រោយមកពួកគាត់បានក្លាយទៅជាមិត្តដ៏ជិតស្និទ្ធនិងជាសាវ័ករបស់លោកយេស៊ូ។
យ៉ូសែបមានមុខរបរជាជាងឈើ ហើយគាត់ត្រូវធ្វើការយ៉ាងនឿយហត់ដើម្បីផ្គត់ផ្គង់ក្រុមគ្រួសារដ៏ធំរបស់គាត់។ យ៉ូសែបចិញ្ចឹមបីបាច់លោកយេស៊ូដូចកូនប្រុសរបស់ខ្លួន ដូច្នេះមនុស្សបានហៅលោកយេស៊ូថាជា«កូនរបស់ជាងឈើ»។ (ម៉ាថាយ ១៣:៥៥) យ៉ូសែបក៏បង្ហាត់បង្រៀនលោកយេស៊ូឲ្យក្លាយទៅជាជាងឈើ ដែរ ហើយលោកបានរៀនចេះស្ទាត់។ តាមពិត ក្រោយមកបណ្ដាជនហៅលោកយេស៊ូថា៖ «ជាងឈើ»។—ម៉ាកុស ៦:៣
ក្រុមគ្រួសាររបស់យ៉ូសែបចាត់ទុកការគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាអ្វីដ៏សំខាន់បំផុត។ ដោយធ្វើតាមច្បាប់របស់ព្រះ យ៉ូសែបនិងម៉ារៀបានបង្ហាត់បង្រៀនកូនៗរបស់ពួកគាត់អំពីការណែនាំពីព្រះ«ក្នុងកាលដែលអង្គុយនៅក្នុងផ្ទះហើយដើរតាមផ្លូវ ក្នុងកាលដែលដេក ហើយក្រោកឡើងផង»។ (ចោទិយកថា ៦:៦-៩) នៅក្នុងក្រុងណាសារ៉ែតមានសាលាប្រជុំមួយ។ យើងអាចដឹងច្បាស់ថាយ៉ូសែបនាំក្រុមគ្រួសាររបស់គាត់ទៅគោរពប្រណិប័តន៍ព្រះយ៉ាងទៀងទាត់នៅទីនោះ ពីព្រោះក្រោយមក គម្ពីរចែងថាលោកយេស៊ូ«បានចូលទៅក្នុងសាលាប្រជុំនៅថ្ងៃឈប់សម្រាក តាមទម្លាប់របស់លោក»។ (លូកា ៤:១៦) ក្រុមគ្រួសារនោះក៏មានអំណរដែរក្នុងការធ្វើដំណើរជាទៀងទាត់ទៅវិហារនៅក្រុងយេរូសាឡិម។