លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៦

បុត្រដែលព្រះបានសន្យា

បុត្រដែលព្រះបានសន្យា

លូកា ២:២១​-​៣៩

  • ទារក​យេស៊ូ​បាន​ត្រូវ​កាត់​ចុង​ស្បែក ហើយ​ក្រោយ​មក​នាំ​ទៅ​វិហារ

យ៉ូសែប​និង​ម៉ារៀ​មិន​ទាន់​ត្រឡប់​ទៅ​ក្រុង​ណាសារ៉ែត​វិញ​ទេ តែ​ពួក​គាត់​បន្ត​ស្នាក់​នៅ​ក្រុង​បេថ្លេហិម។ ពួក​គាត់​បាន​យក​ទារក​យេស៊ូ​ទៅ​កាត់​ចុង​ស្បែក ពេល​ទារក​មាន​អាយុ​៨​ថ្ងៃ។ នេះ​ស្រប​តាម​ច្បាប់​របស់​ព្រះ​សម្រាប់​ជន​ជាតិ​អ៊ីស្រាអែល។ (​លេវីវិន័យ ១២:២, ៣​) ម្យ៉ាង​ទៀត​តាម​ទម្លាប់ ឪ​ពុក​ម្ដាយ​ត្រូវ​ដាក់​ឈ្មោះ​កូន​ប្រុស​នៅ​ពេល​នោះ​ដែរ។ យ៉ូសែប​និង​ម៉ារៀ​បាន​ដាក់​ឈ្មោះ​កូន​របស់​ពួក​គាត់​ថា​យេស៊ូ ដូច​ទេវតា​បាន​ប្រាប់។

ជាង​មួយ​ខែ​ក្រោយ​មក ទារក​យេស៊ូ​មាន​អាយុ​៤០​ថ្ងៃ។ ឥឡូវ តើ​ឪ​ពុក​ម្ដាយ​នឹង​នាំ​ទារក​នោះ​ទៅ​កន្លែង​ណា? គឺ​ទៅ​វិហារ​នៅ​ក្រុង​យេរូសាឡិម ដែល​មិន​សូវ​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​ដែល​ពួក​គាត់​កំពុង​ស្នាក់​នៅ។ ច្បាប់​ម៉ូសេ​បាន​ចែង​ថា ៤០​ថ្ងៃ​ក្រោយ​ពី​ស្ត្រី​ម្នាក់​បាន​សម្រាល​កូន​ប្រុស នាង​ត្រូវ​ជូន​គ្រឿង​បូជា​នៅ​វិហារ​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ស្អាត​បរិសុទ្ធ។—លេវីវិន័យ ១២:៤​-​៨

តាម​ច្បាប់​ម៉ូសេ គ្រឿង​បូជា​នោះ​គួរ​ជា​ចៀម​ឈ្មោល​មួយ​និង​ព្រាប​ជំទើរ​មួយ។ ប៉ុន្តែ បើ​ម្ដាយ​មិន​អាច​ជូន​ចៀម​ឈ្មោល​បាន​ទេ នាង​គួរ​ជូន​សត្វ​លលក​មួយ​គូ ឬ​សត្វ​ព្រាប​ស្ទាវ​ពីរ​ក្បាល​វិញ។ ម៉ារៀ​បាន​ធ្វើ​តាម​ច្បាប់​នោះ។ នាង​យក​សត្វ​លលក​មួយ​គូ​សម្រាប់​ធ្វើ​ជា​គ្រឿង​បូជា។ នេះ​បង្ហាញ​ថា​ម៉ារៀ​មាន​ជីវភាព​ខ្វះ​ខាត។

នៅ​វិហារ បុរស​វ័យ​ចាស់​ម្នាក់​ឈ្មោះ​ស៊ីម្មាន​បាន​មក​ជួប​យ៉ូសែប​និង​ម៉ារៀ។ ព្រះ​យេហូវ៉ា​បាន​បើក​បង្ហាញ​ឲ្យ​គាត់​ឃើញ​ថា មុន​គាត់​ស្លាប់ គាត់​នឹង​ឃើញ​គ្រិស្ត​ឬ​មេស្ស៊ី​ដែល​ព្រះ​បាន​សន្យា។ នៅ​ថ្ងៃ​នោះ សកម្មពល​បរិសុទ្ធ​បាន​នាំ​ស៊ីម្មាន​ទៅ​វិហារ ហើយ​គាត់​បាន​ឃើញ​យ៉ូសែប​និង​ម៉ារៀ​ព្រម​ទាំង​បុត្រ​តូច​របស់​ពួក​គាត់។ បន្ទាប់​មក ស៊ីម្មាន​លើក​បី​បុត្រ​តូច​នោះ។

ពេល​ស៊ីម្មាន​កំពុង​បី​ទារក​យេស៊ូ គាត់​អរគុណ​ព្រះ​ដោយ​និយាយ​ថា​៖ ​«​ម្ចាស់​ដ៏​ឧត្តម​បំផុត ឥឡូវ​លោក​កំពុង​ដោះ​លែង​ខ្ញុំ​បម្រើ​របស់​លោក ឲ្យ​ទៅ​ដោយ​មាន​សេចក្ដី​សុខ​សាន្ត សម​ស្រប​តាម​ប្រសាសន៍​របស់​លោក ពី​ព្រោះ​ភ្នែក​ខ្ញុំ​បាន​ឃើញ​របៀប​ដែល​លោក​នឹង​ផ្ដល់​សេចក្ដី​សង្គ្រោះ ហើយ​លោក​បាន​តាំង​ឲ្យ​ប្រជា​ជាតិ​ទាំង​អស់​ឃើញ អ្នក​នោះ​គឺ​ជា​ពន្លឺ​ដែល​នឹង​យក​ស្បៃ​ងងឹត​ពី​ប្រជា​ជាតិ​ទាំង​ឡាយ​ចេញ ក៏​ជា​សិរី​រុង​រឿង​របស់​អ៊ីស្រាអែល ជា​រាស្ត្រ​របស់​លោក​»។—លូកា ២:២៩​-​៣២

ពេល​យ៉ូសែប​និង​ម៉ារៀ​ឮ​ពាក្យ​ទាំង​នោះ ពួក​គាត់​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង។ ស៊ីម្មាន​ជូន​ពរ​ពួក​គាត់ ហើយ​ប្រាប់​ម៉ារៀ​ថា​កូន​ប្រុស​នាង​«​នឹង​ទៅ​ជា​ហេតុ​ឲ្យ​មនុស្ស​ជា​ច្រើន​នៅ​អ៊ីស្រាអែល​ដួល ក៏​នឹង​ទៅ​ជា​ហេតុ​ឲ្យ​មនុស្ស​ជា​ច្រើន​ក្រោក​ឡើង​វិញ​»​ ហើយ​ការ​ឈឺ​ចាប់​ដែល​ប្រៀប​ដូច​ជា​ដាវ​មុត នឹង​ចាក់​ទម្លុះ​ចិត្ត​របស់​នាង។—លូកា ២:៣៤

នៅ​ថ្ងៃ​នោះ​មាន​បុគ្គល​ម្នាក់​ទៀត​ដែល​បាន​មក​ជួប​យ៉ូសែប​និង​ម៉ារៀ។ បុគ្គល​នោះ​គឺ​ស្ត្រី​អាយុ​៨៤​ឆ្នាំ ឈ្មោះ​អាណា​ដែល​ជា​អ្នក​ប្រកាស​ទំនាយ។ អាណា​មិន​ដែល​ខាន​ទៅ​វិហារ​ឡើយ។ នៅ​ទី​នោះ​នាង​បាន​ជួប​យ៉ូសែប ម៉ារៀ​និង​ទារក​យេស៊ូ ហើយ​អាណា​ចាប់​ផ្ដើម​អរគុណ​ព្រះ ថែម​ទាំង​និយាយ​អំពី​ទារក​យេស៊ូ​ទៅ​អស់​អ្នក​ដែល​ព្រម​ស្ដាប់។

យ៉ូសែប​និង​ម៉ារៀ​ច្បាស់​ជា​មាន​អំណរ​ខ្លាំង​ណាស់ ដោយ​សារ​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​ក្នុង​វិហារ! នេះ​ធ្វើ​ឲ្យ​ពួក​គាត់​ដឹង​យ៉ាង​ច្បាស់​ថា កូន​របស់​ពួក​គាត់​គឺ​ជា​អ្នក​ដែល​ព្រះ​បាន​សន្យា។