លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១

ដំណឹងពីរមកពីព្រះ

ដំណឹងពីរមកពីព្រះ

លូកា ១:៥​-​៣៣

  • ទេវតា​ឈ្មោះ​កាព្រីយ៉ែល​ប្រកាស​ប្រាប់​អំពី​កំណើត​របស់​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក

  • កាព្រីយ៉ែល​ប្រាប់​ម៉ារៀ​អំពី​កំណើត​របស់​លោក​យេស៊ូ

បិតា​ដែល​នៅ​ស្ថាន​សួគ៌​ណែនាំ​យើង​តាម​រយៈ​គម្ពីរ។ ដូច្នេះ យើង​អាច​ចាត់​ទុក​គម្ពីរ​បរិសុទ្ធ​ទាំង​មូល ជា​ដំណឹង​មក​ពី​ព្រះ។ ប៉ុន្តែ សូម​គិត​អំពី​ដំណឹង​ដ៏​ពិសេស​ពីរ​ដែល​បាន​ត្រូវ​នាំ​មក​ជាង​២.០០០​ឆ្នាំ​មុន ដោយ​ទេវតា​ម្នាក់​ឈ្មោះ​កាព្រីយ៉ែល​ជា​អ្នក​ដែល​«​ឈរ​នៅ​មុខ​ព្រះ​»។ (​លូកា ១:១៩​) តើ​កាព្រីយ៉ែល​បាន​នាំ​ដំណឹង​ដ៏​សំខាន់​នោះ​ដល់​អ្នក​ណា​ខ្លះ?

ប្រហែល​ជា​នៅ​ឆ្នាំ​៣ មុន​គ.ស. ទេវតា​កាព្រីយ៉ែល​បាន​នាំ​ដំណឹង​ដំបូង​ទៅ​ប្រាប់​សង្ឃ​ម្នាក់​របស់​ព្រះ​យេហូវ៉ា​ឈ្មោះ​សាការី ដែល​រស់​នៅ​ជួរ​ភ្នំ​ស្រុក​យូឌា មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុង​យេរូសាឡិម។ សាការី​និង​ប្រពន្ធ​គាត់​ឈ្មោះ​អេលីសាបិត​មាន​វ័យ​ចាស់ ហើយ​ពួក​គាត់​គ្មាន​កូន​ទេ។ សាការី​បម្រើ​ជា​សង្ឃ​ក្នុង​វិហារ​របស់​ព្រះ​នៅ​ក្រុង​យេរូសាឡិម។ កាល​ដែល​សាការី​កំពុង​បម្រើ​នៅ​វិហារ កាព្រីយ៉ែល​ក៏​បាន​លេច​មក​ឲ្យ​គាត់​ឃើញ​នៅ​ជិត​ទី​បូជា​គ្រឿង​ក្រអូប។

ហេតុ​ការណ៍​នោះ​បាន​ធ្វើ​ឲ្យ​សាការី​ភ័យ​ខ្លាច​មែន។ ប៉ុន្តែ ទេវតា​នោះ​បាន​ធ្វើ​ឲ្យ​សាការី​មាន​អារម្មណ៍​ស្រួល​ឡើង​វិញ ដោយ​និយាយ​ថា​៖ ​«​សាការី កុំ​ខ្លាច​ឡើយ ព្រោះ​ព្រះ​បាន​ឮ​ការ​អង្វរ​សុំ​របស់​អ្នក ហើយ​ប្រពន្ធ​របស់​អ្នក​នឹង​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​អ្នក។ អ្នក​ត្រូវ​ហៅ​ឈ្មោះ​របស់​កូន​នោះ​ថា យ៉ូហាន​»។ កាព្រីយ៉ែល​និយាយ​បន្ថែម​ថា យ៉ូហាន​«​នឹង​ទៅ​ជា​បុរស​ដ៏​ឧត្តម​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​»​ហើយ​នឹង​«​រៀប​ចំ​មនុស្ស​មួយ​ពួក​ជា​ស្រេច ទុក​សម្រាប់​ព្រះ​យេហូវ៉ា​»។—លូកា ១:១៣​-​១៧

ចំពោះ​សាការី រឿង​នោះ​ហាក់​ដូច​ជា​មិន​គួរ​ឲ្យ​ជឿ​សោះ។ ហេតុ​អ្វី? ពី​ព្រោះ​គាត់​និង​អេលីសាបិត​មាន​វ័យ​ចាស់​ហើយ។ ដូច្នេះ ដោយ​សារ​គាត់​មិន​បាន​ជឿ កាព្រីយ៉ែល​ប្រាប់​គាត់​ថា​៖ ​«​អ្នក​នឹង​និយាយ​មិន​រួច ក៏​នឹង​ស្ងៀម​រហូត​ដល់​ការ​ទាំង​នេះ​កើត​ឡើង ដោយ​សារ​អ្នក​មិន​បាន​ជឿ​ពាក្យ​របស់​ខ្ញុំ​»។—លូកា ១:២០

ដំណាល​គ្នា​នោះ មនុស្ស​ដែល​នៅ​ខាង​ក្រៅ​វិហារ​កំពុង​ឆ្ងល់​ថា ហេតុ​អ្វី​សាការី​នៅ​ក្នុង​វិហារ​យូរ​ម្ល៉េះ? នៅ​ទី​បំផុត គាត់​ក៏​ចេញ​មក តែ​គាត់​មិន​អាច​និយាយ​បាន​ទេ។ សាការី​គ្រាន់​តែ​អាច​ធ្វើ​កាយ​វិការ​ប៉ុណ្ណោះ។ នេះ​បង្ហាញ​ថា គាត់​ពិត​ជា​បាន​ឃើញ​អ្វី​ដ៏​អស្ចារ្យ ពេល​គាត់​នៅ​ក្នុង​វិហារ។

ក្រោយ​ពី​សាការី​បាន​បញ្ចប់​កិច្ច​ការ​របស់​គាត់​នៅ​ឯ​វិហារ គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក អេលីសាបិត​ក៏​មាន​ផ្ទៃ​ពោះ! មុន​សម្រាល​កូន គាត់​នៅ​ក្នុង​ផ្ទះ​អស់​រយៈ​ពេល​ប្រាំ​ខែ ដោយ​មិន​ជួប​មនុស្ស​ឯ​ទៀត​ទេ។

បន្ទាប់​មក កាព្រីយ៉ែល​បាន​លេច​មក​ផ្ដល់​ដំណឹង​ទី២។ តើ​គាត់​ប្រាប់​ដំណឹង​នោះ​ដល់​អ្នក​ណា? គឺ​ដល់​ស្ត្រី​ក្រមុំ​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​ម៉ារៀ ដែល​រស់​នៅ​ក្នុង​ក្រុង​ណាសារ៉ែត​ខាង​ជើង​ក្រុង​យេរូសាឡិម តំបន់​កាលីឡេ។ តើ​ទេវតា​នោះ​ប្រាប់​អ្វី​ដល់​នាង? គាត់​ប្រាប់​ថា​៖ ​«​ព្រះ​ពេញ​ចិត្ត​នឹង​នាង។ មើល! នាង​នឹង​មាន​ផ្ទៃ​ពោះ ក៏​នឹង​បង្កើត​បុត្រ​មួយ ហើយ​នាង​ត្រូវ​ឲ្យ​នាម​បុត្រ​នោះ​ថា យេស៊ូ។ បុត្រ​នោះ​នឹង​ធំ​ឧត្តម ក៏​នឹង​ត្រូវ​ហៅ​ថា​បុត្រ​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត . . . លោក​ក៏​នឹង​គ្រប់​គ្រង​ជា​ស្តេច​លើ​ពូជ​ពង្ស​យ៉ាកុប​ជា​រៀង​រហូត ហើយ​រាជាណាចក្រ​របស់​លោក​នឹង​មិន​សាប​សូន្យ​ឡើយ​»។—លូកា ១:៣០​-​៣៣

កាព្រីយ៉ែល​ច្បាស់​ជា​ចាត់​ទុក​ការ​នាំ​ដំណឹង​ទាំង​ពីរ​នោះ​ជា​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​មែន! ពេល​យើង​អាន​ថែម​ទៀត​អំពី​យ៉ូហាន​និង​លោក​យេស៊ូ យើង​នឹង​ដឹង​ច្បាស់​អំពី​មូលហេតុ​ដែល​ដំណឹង​ពីរ​មក​ពី​ព្រះ​នោះ​គឺ​សំខាន់​ណាស់។