លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៤

ម៉ារៀមានផ្ទៃពោះមុនរៀបការ

ម៉ារៀមានផ្ទៃពោះមុនរៀបការ

ម៉ាថាយ ១:១៨​-​២៥ លូកា ១:៥៦

  • យ៉ូសែប​ដឹង​ថា​ម៉ារៀ​មាន​ផ្ទៃ​ពោះ

  • ម៉ារៀ​ទៅ​ជា​ប្រពន្ធ​របស់​យ៉ូសែប

ម៉ារៀ​ពពោះ​អស់​រយៈ​ពេល​បួន​ខែ​ហើយ។ អ្នក​ច្បាស់​ជា​ចាំ​ថា ពេល​ម៉ារៀ​ចាប់​ផ្ដើម​មាន​ផ្ទៃ​ពោះ នាង​បាន​ចំណាយ​ពេល​ជា​មួយ​នឹង​អេលីសាបិត​ដែល​ជា​ញាតិ​សន្ដាន​របស់​នាង​នៅ​ឯ​តំបន់​ជួរ​ភ្នំ​យូឌា​ខាង​ត្បូង​ក្រុង​យេរូសាឡិម។ ប៉ុន្តែ ឥឡូវ​ម៉ារៀ​បាន​មក​ផ្ទះ​នាង​នៅ​ភូមិ​ណាសារ៉ែត​វិញ។ បន្ដិច​ទៀត មនុស្ស​នៅ​ទី​នេះ​នឹង​ដឹង​ថា​នាង​មាន​ផ្ទៃ​ពោះ។ ស្ថានភាព​នោះ​ច្បាស់​ជា​ធ្វើ​ឲ្យ​នាង​ពិបាក​ចិត្ត​ខ្លាំង​ណាស់!

អ្វី​ដែល​ធ្វើ​ឲ្យ​ស្ថានភាព​នោះ​កាន់​តែ​ពិបាក​ថែម​ទៀត គឺ​ម៉ារៀ​បាន​ភ្ជាប់​ពាក្យ​ជា​មួយ​នឹង​ជាង​ឈើ​ម្នាក់​ឈ្មោះ​យ៉ូសែប។ ម្យ៉ាង​ទៀត នាង​ក៏​ដឹង​ដែរ​ថា​តាម​ច្បាប់​របស់​ព្រះ​ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល បើ​ស្ត្រី​ម្នាក់​ដែល​បាន​ភ្ជាប់​ពាក្យ​រួច​ហើយ តែ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ជា​មួយ​នឹង​បុរស​ផ្សេង​ទៀត ស្ត្រី​នោះ​នឹង​ត្រូវ​គេ​ចោល​ថ្ម​សម្លាប់។ (​ចោទិយកថា ២២:២៣, ២៤​) ទោះ​បី​ជា​ម៉ារៀ​មិន​បាន​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ក៏​ដោយ នាង​ប្រហែល​ជា​ឆ្ងល់​ថា តើ​តាម​របៀប​ណា​នាង​អាច​ពន្យល់​យ៉ូសែប​ថា​នាង​មាន​ផ្ទៃ​ពោះ ហើយ​តើ​យ៉ូសែប​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា?

ម៉ារៀ​បាន​ចំណាយ​ពេល​ជា​មួយ​នឹង​អេលីសាបិត​អស់​រយៈ​ពេល​បី​ខែ ដូច្នេះ​យើង​អាច​ប្រាកដ​ថា យ៉ូសែប​ពិត​ជា​ចង់​ជួប​ម៉ារៀ​ខ្លាំង​ណាស់។ ពេល​ពួក​គេ​ជួប​គ្នា ម៉ារៀ​ទំនង​ជា​ប្រាប់​យ៉ូសែប​អំពី​ស្ថានភាព​របស់​នាង ហើយ​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ពន្យល់​គាត់​ថា​នាង​មាន​ផ្ទៃ​ពោះ​តាម​រយៈ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ។ ប៉ុន្តែ យ៉ូសែប​ពិបាក​យល់ ហើយ​ជឿ​រឿង​នោះ​ណាស់។

យ៉ូសែប​ដឹង​ថា​ម៉ារៀ​គឺ​ជា​ស្ត្រី​ល្អ ហើយ​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ។ យ៉ូសែប​ស្រឡាញ់​នាង​យ៉ាង​ខ្លាំង។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ យ៉ូសែប​ទំនង​ជា​ជឿ​ថា​នាង​អាច​មាន​ផ្ទៃ​ពោះ​បាន លុះ​ត្រា​តែ​នាង​រួម​រស់​ជា​មួយ​នឹង​បុរស​ផ្សេង​ទៀត។ ប៉ុន្តែ យ៉ូសែប​មិន​ចង់​ឲ្យ​នាង​ត្រូវ​គេ​គប់​ដុំ​ថ្ម​សម្លាប់ ឬ​ក៏​ត្រូវ​បណ្ដា​ជន​ប្រមាថ​មើល​ងាយ​នាង​នោះ​ទេ។ ដូច្នេះ គាត់​សម្រេច​ចិត្ត​លែង​លះ​នាង​ដោយ​សម្ងាត់​វិញ។ នៅ​សម័យ​នោះ មនុស្ស​ចាត់​ទុក​អ្នក​ដែល​បាន​ភ្ជាប់​ពាក្យ​រួច​ហើយ​ថា​ជា​ប្ដី​ប្រពន្ធ ហើយ​ដើម្បី​ផ្ដាច់​ពាក្យ​វិញ ពួក​គេ​ត្រូវ​លែង​លះ​គ្នា។

ក្រោយ​មក ពេល​យ៉ូសែប​កំពុង​គិត​អំពី​រឿង​នេះ គាត់​បាន​សម្រាន្ត​លក់​ទៅ។ ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​លេច​មក​ឲ្យ​យ៉ូសែប​ឃើញ​ក្នុង​សុបិន ហើយ​និយាយ​ថា​៖ ​«​ចូរ​យក​ម៉ារៀ​ជា​ប្រពន្ធ​ទៅ​ផ្ទះ​របស់​អ្នក ហើយ​កុំ​ខ្លាច​ឡើយ ព្រោះ​នាង​មាន​ផ្ទៃ​ពោះ គឺ​ដោយ​សារ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ។ នាង​នឹង​សម្រាល​បាន​បុត្រ​មួយ ហើយ​អ្នក​ត្រូវ​ឲ្យ​នាម​បុត្រ​នោះ​ថា​យេស៊ូ ព្រោះ​លោក​នឹង​សង្គ្រោះ​មនុស្ស​ឲ្យ​រួច​ពី​ការ​ខុស​ឆ្គង​របស់​ពួក​គេ​»។—ម៉ាថាយ ១:២០, ២១

ពេល​យ៉ូសែប​ភ្ញាក់​ឡើង គាត់​ពិត​ជា​មាន​អំណរ​ណាស់ ពី​ព្រោះ​ឥឡូវ​គាត់​បាន​យល់​ច្បាស់​ជាង​អំពី​មូលហេតុ​ដែល​នាង​មាន​ផ្ទៃ​ពោះ។ គាត់​ធ្វើ​តាម​ការ​ណែនាំ​របស់​ទេវតា​នោះ​ដោយ​មិន​បង្អែ​បង្អង់។ គាត់​បាន​យក​ម៉ារៀ​ទៅ​ផ្ទះ​របស់​គាត់។ ដោយ​ធ្វើ​ដូច្នេះ យ៉ូសែប​បង្ហាញ​បណ្ដា​ជន​ថា​គាត់​និង​ម៉ារៀ​បាន​រៀប​ការ​ជា​ប្ដី​ប្រពន្ធ​ហើយ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ យ៉ូសែប​មិន​បាន​រួម​ដំណេក​ជា​មួយ​នឹង​ម៉ារៀ​ទេ កាល​ដែល​នាង​កំពុង​មាន​ផ្ទៃ​ពោះ។

ប៉ុន្មាន​ខែ​ក្រោយ​មក ពេល​ម៉ារៀ​ជិត​សម្រាល​កូន នាង​និង​យ៉ូសែប​ត្រូវ​ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​ណាសារ៉ែត។ ហេតុ​អ្វី​ពួក​គាត់​ត្រូវ​ធ្វើ​ដំណើរ​ក្នុង​ពេល​នេះ ហើយ​តើ​ពួក​គាត់​ទៅ​ទី​ណា?