លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ដើម្បីយកតម្រាប់លោកយេស៊ូ សូម . . .

ដើម្បីយកតម្រាប់លោកយេស៊ូ សូម . . .

មាន​ចិត្ត​អាណិត​មេត្ដា

ក្នុង​នាម​ជា​បុរស​ល្អ​ឥត​ខ្ចោះ លោក​យេស៊ូ​មិន​មាន​ការ​ព្រួយ​បារម្ភ​និង​ការ​ខ្វល់​ខ្វាយ​ច្រើន​ដូច​មនុស្ស​ទេ។ យ៉ាង​ណា​ក្ដី លោក​យេស៊ូ​នៅ​តែ​យល់​អារម្មណ៍​របស់​មនុស្ស។ លោក​សុខ​ចិត្ត​ធ្វើ​អ្វី​ៗ​លើស​ពី​តម្រូវ​ការ។ ពិត​ណាស់ ចិត្ត​អាណិត​មេត្ដា​ជំរុញ​លោក​ឲ្យ​ជួយ​អ្នក​ឯ​ទៀត។ សូម​ពិចារណា​គំរូ​របស់​លោក​ក្នុង​ជំពូក​ទី​៣២, ៣៧, ៥៧, ៩៩

ស្រួល​ទាក់​ទង

មនុស្ស​គ្រប់​វ័យ​ទាំង​ចាស់​ទាំង​ក្មេង​មាន​អារម្មណ៍​ថា ពួក​គេ​អាច​ប្រស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​លោក​យេស៊ូ ពី​ព្រោះ​លោក​មិន​បាន​ធ្វើ​ឲ្យ​ពួក​គេ​គិត​ថា​លោក​រវល់​ពេក ឬ​ថា​ខ្លួន​លោក​ជា​មនុស្ស​សំខាន់​នោះ​ឡើយ។ បណ្ដា​ជន​ដឹង​ថា​លោក​យេស៊ូ​ចាប់​អារម្មណ៍​នឹង​ពួក​គេ​ម្នាក់​ៗ ដូច្នេះ​ពួក​គេ​មាន​អារម្មណ៍​ស្រួល​ពេល​នៅ​ជិត​លោក។ ដើម្បី​ដឹង​អំពី​គុណ​សម្បត្ដិ​នេះ សូម​អាន​ជំពូក​ទី​២៥, ២៧, ៩៥

អធិដ្ឋាន​ជា​និច្ច

លោក​យេស៊ូ​អធិដ្ឋាន​ទៅ​បិតា​ដោយ​អស់​ពី​ចិត្ត​យ៉ាង​ទៀង​ទាត់ នៅ​ពេល​ដែល​លោក​នៅ​ម្នាក់​ឯង ហើយ​នៅ​ពេល​ដែល​លោក​នៅ​ជា​មួយ​នឹង​អ្នក​គោរព​ប្រណិប័តន៍​ពិត​របស់​ព្រះ។ លោក​អធិដ្ឋាន​ក្នុង​ស្ថានភាព​ជា​ច្រើន មិន​គ្រាន់​តែ​មុន​ពេល​ពិសា​អាហារ​ប៉ុណ្ណោះ​ទេ។ លោក​អធិដ្ឋាន​ដើម្បី​អរគុណ​បិតា​លោក សរសើរ​តម្កើង​លោក និង​ស្វែង​រក​ការ​ណែនាំ​មុន​ធ្វើ​ការ​សម្រេច​ចិត្ត​សំខាន់​ផ្សេង​ៗ។ សូម​ពិចារណា​អំពី​គំរូ​របស់​លោក​យេស៊ូ​ក្នុង​ជំពូក​ទី​២៤, ៣៤, ៩១, ១២២, ១២៣

គិត​ពី​ប្រយោជន៍​អ្នក​ឯ​ទៀត

នៅ​ពេល​ខ្លះ ទោះ​ជា​លោក​យេស៊ូ​ត្រូវ​ការ​ការ​សម្រាក​និង​ការ​លម្ហែ​កាយ​ក៏​ដោយ លោក​នៅ​តែ​គិត​អំពី​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ឯ​ទៀត​ជា​មុន។ លោក​មិន​មាន​ចិត្ត​គំនិត​គិត​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ជា​មុន​នោះ​ឡើយ។ ម្ដង​នេះ​ទៀត លោក​ទុក​គំរូ​មួយ​ដែល​យើង​អាច​ធ្វើ​តាម​យ៉ាង​ដិត​ដល់។ សូម​រៀន​អំពី​របៀប​ដែល​គំរូ​នេះ​បាន​ត្រូវ​បង្ហាញ​ក្នុង​ជំពូក​ទី​១៩, ៤១, ៥២

ចេះ​អភ័យ​ទោស

លោក​យេស៊ូ​មិន​គ្រាន់​តែ​បង្រៀន​អំពី​ការ​អភ័យ​ទោស​ប៉ុណ្ណោះ​ទេ តែ​លោក​បង្ហាញ​ការ​អភ័យ​ទោស​នៅ​ពេល​ដែល​លោក​ប្រព្រឹត្ត​ទៅ​លើ​អ្នក​កាន់​តាម​លោក​និង​អ្នក​ឯ​ទៀត។ សូម​រំពឹង​គិត​អំពី​គំរូ​របស់​លោក​ក្នុង​ជំពូក​ទី​២៦, ៤០, ៦៤, ៨៥, ១៣១

មាន​ចិត្ត​ខ្នះ​ខ្នែង

ទំនាយ​ក្នុង​គម្ពីរ​ចែង​ថា​សត្រូវ​របស់​លោក​យេស៊ូ​នឹង​សម្លាប់​លោក ហើយ​ជន​ជាតិ​យូដា​ភាគ​ច្រើន​នឹង​បដិសេធ​មិន​ទទួល​ស្គាល់​លោក​យេស៊ូ​ជា​មេស្ស៊ី​ទេ។ ហេតុ​នេះ លោក​យេស៊ូ​មិន​ចាំ​បាច់​ព្យាយាម​ជួយ​ជន​ជាតិ​នោះ​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ លោក​បាន​ខ្នះ​ខ្នែង​ជួយ​ពួក​គេ​ឲ្យ​គោរព​ប្រណិប័តន៍​តាម​របៀប​ត្រឹម​ត្រូវ។ លោក​ទុក​គំរូ​ក្នុង​ការ​មាន​ចិត្ត​ខ្នះ​ខ្នែង​សម្រាប់​អ្នក​កាន់​តាម​ទាំង​អស់​ដែល​ជួប​ប្រទះ​ការ​មិន​អើពើ ឬ​ថែម​ទាំង​ជួប​ការ​ប្រឆាំង​បៀត​បៀន​ទៀត​ផង។ សូម​អាន​ជំពូក​ទី​១៦, ៧២, ១០៣

មាន​ចិត្ត​រាប​ទាប

លោក​យេស៊ូ​ប្រសើរ​ជាង​មនុស្ស​ដែល​មាន​ភាព​មិន​ល្អ​ឥត​ខ្ចោះ​ឆ្ងាយ​ណាស់។ ជា​ឧទាហរណ៍ លោក​មាន​ចំណេះ​និង​ប្រាជ្ញា​ច្រើន​ជាង​ពួក​គេ។ ម្យ៉ាង​ទៀត ដោយ​សារ​លោក​មាន​ភាព​ល្អ​ឥត​ខ្ចោះ លោក​ប្រាកដ​ជា​មាន​រាង​កាយ​មាំ​មួន​និង​សតិបញ្ញា​ប្រសើរ​ជាង​មនុស្ស​ដែល​នៅ​ជុំ​វិញ​លោក។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​បម្រើ​អ្នក​ឯ​ទៀត​ដោយ​ចិត្ត​រាប​ទាប។ អ្នក​នឹង​ឃើញ​មេ​រៀន​អំពី​រឿង​នេះ​ក្នុង​ជំពូក​ទី​១០, ៦២, ៦៦, ៩៤, ១១៦

ចេះ​អត់​ធ្មត់

លោក​យេស៊ូ​តែង​តែ​បង្ហាញ​ចិត្ត​អត់​ធ្មត់​ចំពោះ​ពួក​សាវ័ក​របស់​លោក​និង​អ្នក​ឯ​ទៀត នៅ​ពេល​ដែល​ពួក​គេ​មិន​បាន​យក​តម្រាប់​គំរូ​របស់​លោក ឬ​ក៏​ធ្វើ​តាម​អ្វី​ដែល​លោក​បាន​មាន​ប្រសាសន៍។ ដោយ​ចិត្ត​អត់​ធ្មត់ លោក​ប្រាប់​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​មេ​រៀន​ដែល​ពួក​គេ​ត្រូវ​ដឹង ដើម្បី​ពួក​គេ​អាច​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​ថែម​ទៀត។ សូម​ពិចារណា​គំរូ​អំពី​ចិត្ត​អត់​ធ្មត់​របស់​លោក​យេស៊ូ​ក្នុង​ជំពូក​ទី​៧៤, ៩៨, ១១៨, ១៣៥