ជំពូកទី១៨
វិធីដែលយើងទទួលថវិកាសម្រាប់សកម្មភាពរាជាណាចក្រ
១, ២. (ក) ពេលគ្រូគង្វាលសួរបងរ៉ាសិលអំពីរបៀបដែលនិស្សិតគម្ពីរទទួលថវិកាសម្រាប់សកម្មភាពផ្សេងៗរបស់ពួកគេ តើបងរ៉ាសិលឆ្លើយដូចម្ដេច? (ខ) តើយើងនឹងរៀនអ្វីក្នុងជំពូកនេះ?
នៅថ្ងៃមួយ គ្រូគង្វាលម្នាក់នៃនិកាយគ្រិស្តសាសនាមួយ បានមករកបងឆាល រ៉ាសិល ហើយសួរអំពីរបៀបដែលនិស្សិតគម្ពីរទទួលថវិកាសម្រាប់សកម្មភាពផ្សេងៗរបស់ពួកគេ។
បងរ៉ាសិលពន្យល់ថា៖ «យើងមិនដែលរៃអង្គាសលុយទេ»។
គ្រូគង្វាលនោះសួរទៀតថា៖ «ចុះតើអស់លោកទទួលលុយមកពីណា?»។
បងរ៉ាសិលឆ្លើយថា៖ «ខ្ញុំអាចប្រាប់ចំៗហើយស្រួលយល់ តែលោកប្រហែលជាពិបាកជឿខ្ញុំ»។ បងរ៉ាសិលពន្យល់ថា៖ «ពេលដែលមនុស្សចាប់ផ្ដើមមកកិច្ចប្រជុំរបស់យើង យើងមិនហុចកញ្ច្រែងមួយឲ្យពួកគេដាក់លុយទេ។ ប៉ុន្តែពួកគេឃើញថាយើងមានចំណាយផ្សេងៗ។ ដូច្នេះ ពួកគេសួរខ្លួនឯងថា‹អ្នកទាំងនេះត្រូវចេញលុយដើម្បីប្រើសាលនេះ . . . អីចឹងតើតាមរបៀបណាខ្ញុំអាចជួយចេញបន្ដិចបន្តួចបាន?›»។
គ្រូគង្វាលមើលមុខបងរ៉ាសិលដោយមិនជឿ។
បងរ៉ាសិលនិយាយបន្តថា៖ «ខ្ញុំកំពុងប្រាប់ការពិត។ មនុស្សទាំងនោះពិតជាសួរខ្ញុំថា‹តើតាមរបៀបណាខ្ញុំអាចជួយចេញបន្ដិចបន្តួចបាន?›។ ពេលដែលអ្នកណាម្នាក់ទទួលពរ ហើយមានលទ្ធភាពជួយជាលុយកាក់បាន ទោះជាតិចឬច្រើនក្ដី គាត់ចង់ប្រើលុយរបស់គាត់ដើម្បីជាប្រយោជន៍ដល់លោកម្ចាស់។ បើគាត់គ្មានលទ្ធភាពទេ តើយើងចាំបាច់បង្ខំគាត់ធ្វើអ្វី?»។ a
២ បងរ៉ាសិលបានប្រាប់«ការពិត»មែន។ តាំងពីយូរយារមកហើយ រាស្ត្ររបស់ព្រះធ្លាប់ធ្វើវិភាគទានស្ម័គ្រចិត្តដើម្បីគាំទ្រការគោរពប្រណិប័តន៍ពិត។ ក្នុងជំពូកនេះ យើងនឹងពិចារណាអំពីគំរូខ្លះក្នុងបទគម្ពីរព្រមទាំងគំរូខ្លះនៅសម័យយើងដែរ។ កាលដែលយើងពិចារណាអំពីវិធីដែលយើងទទួលថវិកាសម្រាប់សកម្មភាពរាជាណាចក្រ នៅសព្វថ្ងៃនេះ យើងគួរសួរខ្លួនយើងថា‹តើតាមរបៀបណាខ្ញុំអាចបង្ហាញថាខ្ញុំគាំទ្ររាជាណាចក្ររបស់ព្រះ?›។
‹ត្រូវឲ្យអស់អ្នកណាដែលថ្វាយស្ម័គ្រពីចិត្ត យកដង្វាយមក›
៣, ៤. (ក) តើព្រះយេហូវ៉ាមានទំនុកចិត្តយ៉ាងណាទៅលើអ្នកគោរពប្រណិប័តន៍លោក? (ខ) តើតាមរបៀបណាជនជាតិអ៊ីស្រាអែលបានបង្ហាញថាពួកគេគាំទ្រការដំឡើងត្រសាលជំនុំ?
៣ ព្រះយេហូវ៉ាទុកចិត្តអ្នកគោរពប្រណិប័តន៍ពិតរបស់លោក។ លោកជ្រាបថា ពួកគេនឹងសប្បាយចិត្តបង្ហាញភក្ដីភាពដោយធ្វើវិភាគទាន បើលោកបើកឱកាសឲ្យពួកគេធ្វើដូច្នោះ។ សូមពិចារណាគំរូពីរ នៅអ៊ីស្រាអែលសម័យបុរាណ។
៤ ក្រោយពីព្រះយេហូវ៉ាបាននាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប នោះលោកបានបង្គាប់ពួកគេឲ្យដំឡើងត្រសាលមួយសម្រាប់ការគោរពប្រណិប័តន៍។ ត្រសាលនិងសម្ភារក្នុងត្រសាលនោះតម្រូវឲ្យប្រើធនធានច្រើនណាស់។ ព្រះយេហូវ៉ាណែនាំម៉ូសេឲ្យបើកឱកាសឲ្យបណ្ដាជនអ៊ីស្រាអែលគាំទ្រគម្រោងនោះ។ លោកមានប្រសាសន៍ថា៖ «ត្រូវឲ្យអស់អ្នកណាដែលថ្វាយស្ម័គ្រពីចិត្ត យកដង្វាយនេះមកថ្វាយដល់ព្រះយេហូវ៉ាចុះ»។ (និក្ខ. ៣៥:៥) តើបណ្ដាជននឹងធ្វើយ៉ាងណា ពេលមានឱកាសជួយដោយស្ម័គ្រចិត្តនោះ? ពីព្រោះមិនយូរមុនគ្រានោះ បណ្ដាជនអ៊ីស្រាអែលត្រូវជនជាតិអេស៊ីបប្រើជាខ្ញុំបម្រើឲ្យធ្វើការដែល«សុទ្ធតែជាការយ៉ាងតឹងរ៉ឹងទាំងអស់»។ (និក្ខ. ១:១៤) ទោះជាយ៉ាងនោះក៏ដោយ ពួកគេបានគាំទ្រដោយគ្មានល័ក្ខខ័ណ្ឌ គឺបានសុខចិត្តឲ្យមាស ប្រាក់ និងទ្រព្យថ្លៃៗឯទៀត ដែលទ្រព្យភាគច្រើននោះពួកគេទំនងជាបានយកពីជនជាតិអេស៊ីបដែលធ្លាប់ជាម្ចាស់របស់ពួកគេ។ (និក្ខ. ១២:៣៥, ៣៦) បណ្ដាជនអ៊ីស្រាអែលបានឲ្យលើសពីសេចក្ដីត្រូវការ រហូតដល់ម៉ូសេត្រូវ«បញ្ឈប់ពួកជនមិនឲ្យយកមកទៀត»។—និក្ខ. ៣៦:៤-៧
៥. តើជនជាតិអ៊ីស្រាអែលបានធ្វើយ៉ាងណាពេលដាវីឌបើកឱកាសឲ្យពួកគេធ្វើវិភាគទានសម្រាប់ការសាងសង់វិហារ?
៥ ប្រហែលជា៤៧៥ឆ្នាំក្រោយមក ដាវីឌបានយកទ្រព្យ«របស់ផងខ្លួន»ធ្វើវិភាគទាន ដើម្បីជួយឧបត្ថម្ភការសាងសង់វិហាររបស់ព្រះ ដែលជាមជ្ឈមណ្ឌលអចិន្ត្រៃយ៍ដំបូងបង្អស់នៅផែនដីសម្រាប់ការគោរពប្រណិប័តន៍ពិត។ រួចមក ដាវីឌបើកឱកាសឲ្យជនជាតិអ៊ីស្រាអែលឯទៀតធ្វើវិភាគទាន ដោយសួរថា៖ «តើមានអ្នកណាចូលចិត្ត ចង់ថ្វាយដល់ព្រះយេហូវ៉ាដែរឬទេ?»។ ជាលទ្ធផល បណ្ដាជនបាន«ថ្វាយស្ម័គ្រពីចិត្តដល់ព្រះយេហូវ៉ា ដោយចិត្តស្មោះ»។ (១រប. ២៩:៣-៩) ដាវីឌបានទទួលស្គាល់ថា វិភាគទានទាំងនោះមិនបានមកពីពួកគាត់ទេ អាស្រ័យហេតុនេះគាត់អធិដ្ឋានទៅព្រះយេហូវ៉ាថា៖ «គ្រប់របស់ទាំងអស់មកពីទ្រង់ យើងខ្ញុំរាល់គ្នាបានយកតែពីព្រះហស្តទ្រង់ ថ្វាយដល់ទ្រង់វិញ»។—១រប. ២៩:១៤
៦. ហេតុអ្វីយើងត្រូវការលុយដើម្បីបំពេញកិច្ចការរាជាណាចក្រនៅសព្វថ្ងៃនេះ ហើយតើនេះធ្វើឲ្យមានសំណួរអ្វីខ្លះ?
៦ ដាវីឌនិងម៉ូសេមិនចាំបាច់បង្ខំរាស្ត្ររបស់ព្រះឲ្យធ្វើវិភាគទាននោះទេ។ ផ្ទុយទៅវិញ បណ្ដាជនបានឲ្យដោយស្ម័គ្រពីចិត្ត។ ចុះយ៉ាងណាវិញនៅសព្វថ្ងៃនេះ? យើងដឹងច្បាស់ថាសកម្មភាពផ្សេងៗរបស់រាជាណាចក្រព្រះតម្រូវឲ្យចាយលុយ។ យើងត្រូវការធនធានច្រើនដើម្បីបោះពុម្ពផ្សាយនិងចែកចាយគម្ពីរ សៀវភៅផ្សេងៗអំពីគម្ពីរ ដើម្បីសង់និងថែទាំកន្លែងប្រជុំនិងការិយាល័យសាខា ថែមទាំងផ្ដល់ជំនួយជាបន្ទាន់ដល់បងប្អូនរួមជំនឿពេលមានមហន្តរាយ។ ដូច្នេះ នេះធ្វើឲ្យមានសំណួរសំខាន់ៗដូចជា តើធនធានដែលយើងត្រូវការនោះមកពីណា? តើចាំបាច់មានអ្នកណាបង្ខំពួកអ្នកកាន់តាមស្តេចឲ្យធ្វើវិភាគទានឬទេ?
«យើងនឹងមិនអង្វរសុំមនុស្សឲ្យជួយឧបត្ថម្ភយើងឡើយ»
៧, ៨. ហេតុអ្វីរាស្ត្ររបស់ព្រះមិនអង្វរសុំប្រាក់ឧបត្ថម្ភពីអ្នកឯទៀត?
៧ បងរ៉ាសិលនិងអ្នករួមការងារជាមួយនឹងគាត់ មិនព្រមធ្វើតាមវិហារនានារបស់ពិភពគ្រិស្តសាសនា ដែលបង្កើតគម្រោងផ្សេងៗដើម្បីបានប្រាក់ចំណូលសម្រាប់ឧបត្ថម្ភសកម្មភាពរបស់ពួកគេទេ។ ក្នុងទស្សនាវដ្ដីប៉មយាម លេខទី២ ក្នុងអត្ថបទដែលមានចំណងជើងថា«តើអ្នកចង់បាន‹ទស្សនាវដ្ដីប៉មយាម›ឬទេ?»។ បងរ៉ាសិលបានប្រាប់ថា៖ «យើងជឿថាព្រះយេហូវ៉ាជាអ្នកឧបត្ថម្ភនិងគាំទ្រទស្សនាវដ្ដីប៉មយាម ហើយដរាបណាលោកធ្វើដូច្នេះ ដរាបនោះយើងនឹងមិនអង្វរសុំមនុស្សឲ្យជួយឧបត្ថម្ភយើងទេ។ ព្រះមានប្រសាសន៍ថា៖ ‹អស់ទាំងប្រាក់ជារបស់ផងអញ ហើយមាសទាំងប៉ុន្មានក៏ជារបស់អញដែរ›។ ដូច្នេះ ពេលលោកឈប់ផ្ដល់ថវិកាដែលយើងត្រូវការ នោះយើងនឹងយល់ថាយើងក៏ត្រូវឈប់បោះពុម្ពទស្សនាវដ្ដីនេះដែរ»។ (ហាក. ២:៧-៩) ជាង១៣០ឆ្នាំក្រោយពីនោះ ទស្សនាវដ្ដីប៉មយាម និងអង្គការដែលបោះពុម្ពទស្សនាវដ្ដីនោះ នៅតែមានសកម្មភាពយ៉ាងពេញទំហឹង!
៨ រាស្ត្ររបស់ព្រះយេហូវ៉ាមិនអង្វរសុំអ្នកណាជួយផ្ដល់ថវិកាឡើយ។ ពួកគេក៏មិនហុចកញ្ច្រែងសម្រាប់ដាក់លុយ ឬផ្ញើសំបុត្រទៅមជ្ឈដ្ឋានផ្សេងៗដើម្បីសុំការ ឧបត្ថម្ភដែរ។ ពួកគេមិនលក់ដូរ រៀបចំល្បែងឡូតូឬលក់សន្លឹកឆ្នោតទេ។ ពួកគេនៅមានគំនិតដូចអ្វីដែលបានត្រូវបញ្ជាក់ក្នុងទស្សនាវដ្ដីប៉មយាម តាំងពីយូរហើយថា៖ «យើងមិនដែលគិតថាជាការសមរម្យដែលយើងខំបានថវិកាតាមរបៀបធម្មតា[របស់វិហារឯទៀត] . . . យើងយល់ថាប្រាក់ដែលមកពីការអង្វរសុំដោយអាងនាមរបស់លោកម្ចាស់ គឺគួរឲ្យខ្ពើមណាស់ចំពោះលោក ហើយលោកពុំអាចទទួលយកបានឡើយ។ លោកក៏មិនឲ្យពរអ្នកដែលឲ្យលុយនោះឬឲ្យពរទៅលើកិច្ចការដែលពួកគេខំធ្វើដែរ»។ b
«ចូរអ្នករាល់គ្នាម្នាក់ៗធ្វើតាមការសម្រេចចិត្តរបស់ខ្លួនចុះ»
៩, ១០. តើអ្វីជាមូលហេតុមួយដែលយើងធ្វើវិភាគទានស្ម័គ្រចិត្ត?
៩ ក្នុងនាមជារាស្ត្រនៃរាជាណាចក្ររបស់ព្រះនៅសព្វថ្ងៃនេះ មិនចាំបាច់មានអ្នកណាបង្ខំយើងឲ្យធ្វើវិភាគទានទេ។ ផ្ទុយទៅវិញ យើងសប្បាយចិត្តប្រើលុយនិងធនធានរបស់យើងដើម្បីគាំទ្រសកម្មភាពនានារបស់រាជាណាចក្រ។ ហេតុអ្វីយើងស្ម័គ្រចិត្តឲ្យ? សូមពិចារណាមូលហេតុបីយ៉ាង។
១០ ទី១ យើងធ្វើវិភាគទានស្ម័គ្រចិត្ត ដោយសារយើងស្រឡាញ់ព្រះយេហូវ៉ានិងចង់«ធ្វើអ្វីៗដែលលោកពេញចិត្ត»។ (១យ៉ូន. ៣:២២) ព្រះយេហូវ៉ាពិតជាពេញចិត្តនឹងអ្នកគោរពប្រណិប័តន៍របស់លោកដែលឲ្យដោយស្ម័គ្រពីចិត្ត។ សូមពិចារណាពាក្យរបស់សាវ័កប៉ូលស្តីអំពីការឲ្យក្នុងនាមជាគ្រិស្តសាសនិកពិត។ (សូមអាន កូរិនថូសទី២ ៩:៧) គ្រិស្តសាសនិកពិត មិនមែនឲ្យដោយទើសទាល់ឬដោយមានការបង្ខិតបង្ខំនោះទេ។ ផ្ទុយទៅវិញ ពួកគេឲ្យពីព្រោះពួកគេបាន«សម្រេចចិត្ត»ធ្វើដូច្នោះ c គឺថាពួកគេឲ្យក្រោយពីបានពិចារណាអំពីសេចក្ដីត្រូវការនិងរបៀបដែលពួកគេអាចជួយបាន។ អ្នកដែលឲ្យដោយមានចិត្តគំនិតដូច្នេះ ពិតជាមានតម្លៃចំពោះព្រះយេហូវ៉ា ពីព្រោះ«ព្រះស្រឡាញ់អ្នកដែលឲ្យដោយចិត្តសប្បាយ»។ សេចក្ដីបកប្រែមួយទៀតបកប្រែថា៖ «ព្រះស្រឡាញ់អ្នកដែលស្រឡាញ់ការឲ្យ»។
១១. តើអ្វីជំរុញចិត្តយើងឲ្យជូនព្រះយេហូវ៉ានូវអំណោយដ៏ល្អបំផុត?
១១ ទី២ យើងធ្វើវិភាគទាន ដោយសារយើងដឹងគុណព្រះយេហូវ៉ាដែលបានឲ្យពរជាច្រើនដល់យើង។ សូមពិចារណាអំពីគោលការណ៍មួយក្នុងច្បាប់ម៉ូសេ។ គោលការណ៍នេះជួយយើងឲ្យពិចារណាអំពីចិត្តគំនិតរបស់យើង។ (សូមអាន ចោទិយកថា ) រៀងរាល់ឆ្នាំ ពេលដែលបុរសជនជាតិអ៊ីស្រាអែលចូលរួមបុណ្យទាំងបីដែលព្រះបានកំណត់ឲ្យ នោះពួកគេម្នាក់ៗត្រូវធ្វើអំណោយ«តាមព្រះពរដែលព្រះយេហូវ៉ា»បានផ្ដល់ឲ្យគាត់។ ដូច្នេះ មុនចូលរួមបុណ្យណាមួយ បុរសម្នាក់ៗត្រូវគិតអំពីពរទាំងប៉ុន្មានដែលគាត់បានទទួល ហើយពិចារណាអំពីចិត្តរបស់ខ្លួន រួចសម្រេចចិត្តអំពីអំណោយល្អបំផុតដែលគាត់អាចយកទៅបាន។ ស្រដៀងគ្នាដែរ ពេលយើងពិចារណាអំពីពរជាច្រើនដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យយើង នោះជំរុញចិត្តយើងឲ្យជូនលោកនូវអំណោយដ៏ល្អបំផុត។ អំណោយដែលយើងឲ្យដោយស្មោះអស់ពីចិត្ត ដែលរួមបញ្ចូលវិភាគទានជាទ្រព្យធនរបស់យើង ឆ្លុះបញ្ចាំងអំពីចិត្តកតញ្ញូរបស់យើងចំពោះព្រះយេហូវ៉ា ដែលបានឲ្យពរដ៏សន្ធឹកដល់យើង។— ១៦:១៦, ១៧២កូ. ៨:១២-១៥
១២, ១៣. ហេតុអ្វីការធ្វើវិភាគទានស្ម័គ្រចិត្តបង្ហាញថាយើងស្រឡាញ់ស្តេចរបស់យើង ហើយតើយើងម្នាក់ៗត្រូវឲ្យប៉ុន្មាន?
១២ ទី៣ ពេលយើងធ្វើវិភាគទាន យើងបង្ហាញថាយើងស្រឡាញ់លោកយេស៊ូគ្រិស្តដែលជាស្តេចរបស់យើង។ ហេតុអ្វី? សូមកត់សម្គាល់អ្វីដែលលោកយេស៊ូបានប្រាប់អ្នកកាន់តាមលោក នៅយប់ចុងក្រោយដែលលោករស់នៅផែនដី។ (សូមអាន យ៉ូហាន ១៤:២៣) លោកយេស៊ូមានប្រសាសន៍ថា៖ «ប្រសិនបើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងប្រព្រឹត្តតាមពាក្យរបស់ខ្ញុំ»។ «ពាក្យ»របស់លោកយេស៊ូ រួមបញ្ចូលសេចក្ដីបង្គាប់ឲ្យផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រទូទាំងផែនដី។ (ម៉ាថ. ២៤:១៤; ២៨:១៩, ២០) យើងប្រព្រឹត្តតាម«ពាក្យ»នោះ ដោយខំអស់ពីសមត្ថភាព គឺដោយប្រើកម្លាំងកាយ ពេលវេលា និងធនធាន ដើម្បីជួយសម្រេចកិច្ចការផ្សព្វផ្សាយអំពីរាជាណាចក្រ។ យ៉ាងនោះ យើងបង្ហាញថាយើងស្រឡាញ់ស្តេចដែលជាមេស្ស៊ី។
១៣ ក្នុងនាមជារាស្ត្រស្មោះត្រង់នៃរាជាណាចក្រព្រះ យើងពិតជាចង់ធ្វើវិភាគទានដើម្បីបង្ហាញថាយើងគាំទ្ររាជាណាចក្ររបស់លោក។ តើយើងម្នាក់ៗត្រូវឲ្យប៉ុន្មាន? យើងត្រូវសម្រេចចិត្តដោយខ្លួនឯង។ បងប្អូនម្នាក់ៗឲ្យតាមលទ្ធភាពរបស់ខ្លួន។ ក៏ប៉ុន្តែបងប្អូនជាច្រើនរបស់យើងមិនសូវមានធនធានទេ។ (ម៉ាថ. ១៩:២៣, ២៤; យ៉ា. ២:៥) ទោះជាយ៉ាងនោះក៏ដោយ បងប្អូនទាំងនោះមានហេតុសប្បាយចិត្ត ដោយដឹងថា ព្រះយេហូវ៉ានិងបុត្រលោកចាត់ទុកវិភាគទានទាំងអស់ថាមានតម្លៃ ទោះតិចឬច្រើនក្ដី ឲ្យតែធ្វើដោយស្ម័គ្រពីចិត្ត។—ម៉ាក. ១២:៤១-៤៤
តើលុយនោះត្រូវទទួលតាមរបៀបណា?
១៤. អស់ជាច្រើនឆ្នាំ ពេលសាក្សីព្រះយេហូវ៉ាជូនសៀវភៅ តើពួកគេធ្លាប់សុំអ្វីពីម្ចាស់ផ្ទះ?
១៤ អស់ជាច្រើនឆ្នាំ សាក្សីព្រះយេហូវ៉ាបានជូនសៀវភៅអំពីគម្ពីរ ដោយសុំម្ចាស់ផ្ទះដាក់វិភាគទានដើម្បីទទួលសៀវភៅនោះ។ តម្លៃនៃសៀវភៅនោះបានត្រូវកំណត់យ៉ាងទាបបំផុត ដើម្បីឲ្យអ្នកដែលមិនសូវមានលុយអាចទទួលបានដែរ។ បើម្ចាស់ផ្ទះពិតជាចាប់អារម្មណ៍ តែមិនមានលុយសម្រាប់សៀវភៅនោះ អ្នកផ្សាយអំពីរាជាណាចក្រសប្បាយចិត្តជូនសៀវភៅគាត់។ បំណងចិត្តរបស់អ្នកផ្សាយគឺចង់ជូនសៀវភៅដល់មនុស្សដែលមានចិត្តស្មោះ និងដែលអាចអាននិងទទួលប្រយោជន៍ពីសៀវភៅទាំងនោះ។
១៥, ១៦. (ក) នៅឆ្នាំ១៩៩០ តើតាមរបៀបណាគណៈអភិបាលបានកែប្រែរបៀបដែលយើងជូនសៀវភៅ? (ខ) តើយើងអាចធ្វើវិភាគទានស្ម័គ្រចិត្តយ៉ាងដូចម្ដេចខ្លះ? (សូមមើលដែរនូវប្រអប់ដែលមានចំណងជើងថា« តើវិភាគទានរបស់យើងទៅកន្លែងណា?»)
១៥ នៅឆ្នាំ១៩៩០ គណៈអភិបាលបានកែប្រែរបៀបដែលយើងជូនសៀវភៅ។ ចាប់តាំងពីឆ្នាំនោះនៅសហរដ្ឋអាម៉េរិក សៀវភៅទាំងអស់បានត្រូវជូន ដោយឲ្យ ម្ចាស់ផ្ទះសម្រេចចិត្តថាចង់ធ្វើវិភាគទានឬមិនចង់។ សំបុត្រជូនចំពោះក្រុមជំនុំទាំងឡាយនៅសហរដ្ឋអាម៉េរិកបានពន្យល់ថា៖ «ទស្សនាវដ្ដីនិងសៀវភៅនានានឹងត្រូវជូនអ្នកផ្សាយនិងសាធារណជនដែលចាប់អារម្មណ៍ ដោយមិនសុំឬបង្ហើបថាត្រូវធ្វើវិភាគទានថ្លៃប៉ុន្មានទើបអាចទទួលរបស់ទាំងនោះបានទេ។ . . . អ្នកណាដែលចង់ឲ្យលុយដើម្បីជួយគាំទ្រកិច្ចការអប់រំរបស់យើងអាចធ្វើដូច្នោះបាន ប៉ុន្តែពួកគេនៅតែអាចទទួលសៀវភៅ ទោះជាពួកគេឲ្យវិភាគទានឬមិនឲ្យក្ដី»។ របៀបរៀបចំនោះបញ្ជាក់ថាកិច្ចការរបស់យើងជាកិច្ចការស្ម័គ្រចិត្ត ហើយគឺជាកិច្ចការសាសនាសុទ្ធសាធ។ ម្យ៉ាងទៀត របៀបរៀបចំនោះបញ្ជាក់ច្បាស់ថា‹យើងមិនមែនជាអ្នកជួញដូរបណ្ដាំរបស់ព្រះឡើយ›។ (២កូ. ២:១៧) ក្រោយមក ការិយាល័យសាខានានាទូទាំងពិភពលោកក៏បានចាប់ផ្ដើមធ្វើតាមរបៀបរៀបចំនោះដែរ។
១៦ តើវិភាគស្ម័គ្រចិត្តត្រូវជូនតាមរបៀបណា? នៅកន្លែងដែលមិនសូវលេចធ្លោក្នុងសាលប្រជុំរបស់សាក្សីព្រះយេហូវ៉ា មានប្រអប់តូចៗសម្រាប់ដាក់វិភាគទាន។ មនុស្សអាចដាក់វិភាគទានក្នុងប្រអប់នោះឬផ្ញើទៅសាជីវកម្មស្របច្បាប់ណាមួយរបស់សាក្សីព្រះយេហូវ៉ា។ រៀងរាល់ឆ្នាំ ទស្សនាវដ្ដីប៉មយាមបញ្ជាក់អំពីរបៀបដែលមនុស្សអាចធ្វើវិភាគទានដោយស្ម័គ្រចិត្តបាន។
តើលុយនោះត្រូវប្រើតាមរបៀបណា?
១៧-១៩. សូមពន្យល់របៀបដែលវិភាគទានបានត្រូវប្រើសម្រាប់ (ក) កិច្ចការទូទាំងពិភពលោក (ខ) ការសាងសង់សាលប្រជុំទូទាំងពិភពលោក និង(គ) ចំណាយក្នុងក្រុមជំនុំ។
១៧ កិច្ចការទូទាំងពិភពលោក: អង្គការយើងប្រើថវិកាសម្រាប់ថ្លៃបំពេញកិច្ចផ្សព្វផ្សាយទូទាំងពិភពលោក។ នេះរួមបញ្ចូលថ្លៃបោះពុម្ពផ្សាយសៀវភៅផ្សេងៗសម្រាប់ចែកចាយទូទាំងពិភពលោក ថ្លៃសង់និងថែទាំការិយាល័យសាខានិងអគារបេតអែលនានា ថែមទាំងថ្លៃឧបត្ថម្ភសាលាផ្សេងៗរបស់អង្គការយើង។ ម្យ៉ាងទៀត អង្គការយើងប្រើថវិកានោះដើម្បីទំនុកបម្រុងសាសនទូត អ្នកធ្វើដំណើរត្រួតពិនិត្យ និងអ្នកត្រួសត្រាយពិសេស។ វិភាគទានដែលយើងទទួលក៏ត្រូវប្រើដើម្បីផ្ដល់ជំនួយជាបន្ទាន់ដល់បងប្អូនរបស់យើង ពេលដែលមានមហន្តរាយដែរ។ d
១៨ ការសាងសង់សាលប្រជុំទូទាំងពិភពលោក: ថវិកាដែលអង្គការរបស់យើងទទួលក៏នឹងត្រូវប្រើដើម្បីជួយក្រុមជំនុំផ្សេងៗសង់ឬកែលម្អសាលប្រជុំរបស់ពួកគេដែរ។ កាលដែលអង្គការយើងទទួលវិភាគទានថែមទៀត នោះពួកគាត់អាចប្រើថវិកានោះដើម្បីជួយក្រុមជំនុំឯទៀត។ e
១៩ ចំណាយក្នុងក្រុមជំនុំ: ថវិកាត្រូវប្រើដើម្បីចេញចំណាយផ្សេងៗសម្រាប់សាលប្រជុំ។ អ្នកចាស់ទុំប្រហែលជាសម្រេចចិត្តថា លុយខ្លះពីថវិកានោះត្រូវផ្ញើទៅការិយាល័យសាខារបស់ប្រទេសនោះ ដើម្បីជួយឧបត្ថម្ភកិច្ចការទូទាំងពិភពលោក។ ក្នុងករណីបែបនោះ អ្នកចាស់ទុំត្រូវរៀបចំសេចក្ដីសម្រេចដើម្បីឲ្យក្រុមជំនុំយល់ព្រមឬបដិសេធ។ បើយល់ព្រម នោះក្រុមជំនុំអាចផ្ញើលុយនោះទៅការិយាល័យសាខាបាន។ រៀងរាល់ខែ បងប្រុសដែលមើលការខុសត្រូវគណនីក្រុមជំនុំ រៀបចំរបាយការណ៍គណនេយ្យមួយដែលត្រូវអានឲ្យក្រុមជំនុំស្ដាប់។
២០. តើអ្នកអាចធ្វើឲ្យព្រះយេហូវ៉ាទទួលកិត្ដិយសដោយ«ទ្រព្យសម្បត្ដិ»របស់អ្នកយ៉ាងដូចម្ដេច?
២០ ពេលដែលយើងពិចារណាអ្វីៗទាំងអស់ដែលទាក់ទងនឹងការបំពេញកិច្ចការផ្សព្វផ្សាយអំពីរាជាណាចក្រ និងការបង្រៀនមនុស្សឲ្យទៅជាអ្នកកាន់តាមលោកយេស៊ូ នោះយើងបានត្រូវជំរុញឲ្យ«ថ្វាយកិត្ដិនាមដល់ព្រះយេហូវ៉ា ដោយទ្រព្យសម្បត្ដិ»របស់យើង។ (សុភ. ៣:៩, ១០) ទ្រព្យសម្បត្ដិរបស់យើងរួមបញ្ចូលសមត្ថភាព ប្រាជ្ញា និងគុណសម្បត្ដិរបស់យើង។ យើងពិតជាចង់ប្រើអ្វីៗទាំងនេះឲ្យបានពេញលេញដើម្បីគាំទ្រកិច្ចការរាជាណាចក្រ។ ក៏ប៉ុន្តែ សូមចាំថា ទ្រព្យសម្បត្ដិរបស់យើងក៏រួមបញ្ចូលធនធានរបស់យើងដែរ។ សូមឲ្យយើងតាំងចិត្តឲ្យអ្វីដែលយើងអាចឲ្យបាន នៅពេលដែលយើងអាចឲ្យបាន។ វិភាគទានស្ម័គ្រចិត្តរបស់យើងធ្វើឲ្យព្រះយេហូវ៉ាទទួលកិត្ដិយស ហើយបង្ហាញថាយើងគាំទ្ររាជាណាចក្ររបស់មេស្ស៊ី។
a ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩១៥ ទំព័រ២១៨-២១៩។
b ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែសីហា ឆ្នាំ១៨៩៩ ទំព័រ២០១។
c បណ្ឌិតម្នាក់ប្រាប់ថាពាក្យភាសាក្រិចដែលបកប្រែថា«សម្រេចចិត្ត»«បញ្ជាក់អំពីការតាំងចិត្តទុកជាមុន»។ គាត់បញ្ជាក់បន្ថែមថា៖ «ពិតមែនតែការឲ្យ ភ្លាមៗធ្វើឲ្យយើងសប្បាយ ប៉ុន្តែយើងនៅតែត្រូវគិតទុកជាមុននិងមានគម្រោង»។—១កូ. ១៦:២
d សូមមើលជំពូកទី២០ ដើម្បីអានថែមទៀតអំពីកិច្ចការផ្ដល់ជំនួយ។
e សូមមើលជំពូកទី១៩ ដើម្បីមើលព័ត៌មានល្អិតល្អន់អំពីការសាងសង់សាលប្រជុំ។