ជំពូកទី៤
ព្រះយេហូវ៉ាលើកតម្កើងនាមរបស់លោក
១, ២. តើសេចក្ដីបកប្រែពិភពលោកថ្មីលើកតម្កើងនាមរបស់ព្រះយ៉ាងដូចម្ដេច?
ពន្លឺថ្ងៃបានភ្លឺត្រចះ ហើយមានអាកាសធាតុត្រជាក់បង្គួរនៅព្រឹកថ្ងៃអង្គារ ទី២ ខែធ្នូ ឆ្នាំ១៩៤៧ ពេលបុរសមួយក្រុមតូចដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ ហើយជាអ្នកបម្រើនៅបេតអែលនាក្រុងប៊្រុគ្លីន រដ្ឋញូវយ៉ក បានចាប់ផ្ដើមកិច្ចការដ៏ធំមួយ។ កិច្ចការនោះគឺពិបាកមែន ប៉ុន្តែពួកគេបានតស៊ូព្យាយាមអស់១២ឆ្នាំ។ នៅទីបំផុត នាថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ១៩៦០ ពួកគេបានបញ្ចប់សេចក្ដីបកប្រែគម្ពីរថ្មីមួយ។ បីខែក្រោយមក នៅមហាសន្និបាតនាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៦០ នាក្រុងម៉ានឆេស្ទើ ប្រទេសអង់គ្លេស បងប្រុសណេថិន ន័រ បានប្រកាសអំពីការចេញភាគចុងក្រោយនៃសេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរបរិសុទ្ធ(New World Translation of the Holy Scriptures)។ អ្នកចូលរួមមហាសន្និបាតនោះ មានចិត្តរំភើបខ្លាំងណាស់! ពួកគេគ្រប់រូបមានអារម្មណ៍ដូចបងន័រដែលបានឧទានថា៖ «នេះជាថ្ងៃរីករាយក្រៃលែងសម្រាប់សាក្សីព្រះយេហូវ៉ាទូទាំងផែនដី!»។ សេចក្ដីបកប្រែថ្មីនៃគម្ពីរនោះមានលក្ខណៈពិសេសមួយដែលជាហេតុឲ្យអរសប្បាយមែន ពោលគឺ គម្ពីរនោះមាននាមរបស់ព្រះច្រើនដង។
២ សេចក្ដីបកប្រែនៃគម្ពីរជាច្រើន មិនដាក់បញ្ចូលនាមរបស់ព្រះឡើយ។ ប៉ុន្តែអ្នកបម្រើរបស់ព្រះដែលលោកបានរើសតាំងនោះ បានកាន់ជំហរមាំមួន ប្រឆាំងគម្រោងការណ៍របស់សាថានដែលចង់ធ្វើឲ្យមនុស្សជាតិបំភ្លេចនាមរបស់ព្រះចោល។ បុព្វកថាក្នុងសេចក្ដីបកប្រែពិភពលោកថ្មីដែលបានចេញនៅមហាសន្និបាតនោះចែងថា៖ «លក្ខណៈសំខាន់បំផុតនៃសេចក្ដីបកប្រែនេះ គឺការដាក់បញ្ចូលនាមរបស់ព្រះឡើងវិញនៅកន្លែងត្រឹមត្រូវ»។ សេចក្ដីបកប្រែពិភពលោកថ្មី ដាក់បញ្ចូលនាម«យេហូវ៉ា»ដែលជានាមរបស់ព្រះផ្ទាល់ ជាង៧.០០០ដង។ សេចក្ដីបកប្រែនេះពិតជាបានលើកតម្កើងយ៉ាងអស្ចារ្យនូវនាមរបស់ព្រះដែលជាបិតារបស់យើងនៅស្ថានសួគ៌ ពោលគឺយេហូវ៉ា!
៣. (ក) ស្តីអំពីអត្ថន័យនៃនាមព្រះ តើបងប្អូនរបស់យើងបានយល់អ្វី? (ខ) តើនិក្ខមនំ ៣:១៣, ១៤ មានន័យដូចម្ដេច? (សូមមើលប្រអប់ចំណងជើងថា« អត្ថន័យនៃនាមរបស់ព្រះ»)
៣ ក្នុងអំឡុងប៉ុន្មានឆ្នាំមុនគម្ពីរថ្មីនោះបានចេញ និស្សិតគម្ពីរធ្លាប់យល់ថា នាមរបស់ព្រះមានន័យថា«អញជាព្រះដ៏ជាព្រះ»។ (និក្ខ. ៣:១៤) ដូច្នេះ ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមករា ឆ្នាំ១៩២៦ បានសរសេរថា៖ «នាមយេហូវ៉ាបញ្ជាក់អំពី . . . ព្រះដែលមានជីវិតរស់នៅតាំងពីរៀងរហូតមក និងដែលរស់ជារៀងរហូត»។ ក៏ប៉ុន្តែ មុនពេលដែលរាស្ត្ររបស់ព្រះយេហូវ៉ាចាប់ផ្ដើមបកប្រែគម្ពីរសេចក្ដីបកប្រែពិភពលោកថ្មី នោះ លោកបានជួយពួកគេឲ្យយល់ថា នាមរបស់លោកមិនត្រឹមតែបញ្ជាក់ថា មានលោកតាំងពីរៀងរហូតមក និងថាលោករស់ជារៀងរហូតប៉ុណ្ណោះទេ តែសំខាន់បំផុត នាមរបស់លោកបញ្ជាក់ថា លោកជាព្រះដែលមានគោលបំណងនិងដែលចាត់វិធានការផ្សេងៗ។ ពួកគេបានរៀនថានាមយេហូវ៉ាមានន័យត្រង់ថា«លោកធ្វើឲ្យកើតមក»ឬ«លោកធ្វើឲ្យក្លាយជា»។ លោកបានធ្វើឲ្យសកលលោក បុគ្គលវិញ្ញាណ និងមនុស្សកើតមក ហើយលោកបន្តធ្វើឲ្យអ្វីៗកើតឡើងសមស្របតាមគោលបំណងរបស់លោក។ ក៏ប៉ុន្តែ ហេតុអ្វីការលើកតម្កើងនាមរបស់ព្រះគឺសំខាន់ម្ល៉េះ ហើយតើយើងអាចរួមចំណែកជួយលើកតម្កើងនាមរបស់លោកយ៉ាងដូចម្ដេច?
ការធ្វើឲ្យនាមរបស់ព្រះបានបរិសុទ្ធ
៤, ៥. (ក) ពេលដែលយើងអធិដ្ឋានថា«សូមឲ្យនាមរបស់លោកបានបរិសុទ្ធ» តើយើងកំពុងសុំអ្វី? (ខ) តើព្រះនឹងធ្វើឲ្យនាមរបស់លោកបានបរិសុទ្ធនៅពេលណានិងតាមរបៀបណា?
៤ ព្រះយេហូវ៉ាចង់ឲ្យនាមរបស់លោកទទួលការលើកតម្កើង។ តាមពិត គោលបំណងសំខាន់ទី១របស់លោក គឺលោកនឹងធ្វើឲ្យនាមរបស់លោកបានបរិសុទ្ធ។ យើងអាចដឹងដោយពិចារណាអំពីអ្វីដែលលោកយេស៊ូមានប្រសាសន៍ក្នុងសេចក្ដីអធិដ្ឋានគំរូ ពេលលោកពោលថា៖ «សូមឲ្យនាមរបស់លោកបានបរិសុទ្ធ»។ (ម៉ាថ. ៦:៩) ពេលដែលយើងអធិដ្ឋានដូច្នេះ តើយើងកំពុងអធិដ្ឋានសុំអ្វី?
៥ ដូចយើងបានរៀននៅជំពូកទី១ក្នុងសៀវភៅនេះ ពាក្យថា«សូមឲ្យនាមរបស់លោកបានបរិសុទ្ធ» គឺជាសំណូមពរមួយក្នុងចំណោមសំណូមពរបីក្នុងសេចក្ដីអធិដ្ឋានគំរូ ដែលជាសំណូមពរទាក់ទងនឹងគោលបំណងរបស់ព្រះយេហូវ៉ា។ សំណូមពរពីរទៀត គឺ«សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់។ សូមឲ្យបំណងប្រាថ្នារបស់លោកបានសម្រេចនៅផែនដី»។ (ម៉ាថ. ៦:១០) ដូច្នេះ យើងអធិដ្ឋានសុំព្រះយេហូវ៉ាចាត់វិធានការដើម្បីធ្វើឲ្យនាមរបស់លោកបានបរិសុទ្ធ ដូចយើងអធិដ្ឋានសុំព្រះយេហូវ៉ាចាត់វិធានការដើម្បីឲ្យរាជាណាចក្ររបស់លោកមកដល់ និងដើម្បីសម្រេចបំណងប្រាថ្នារបស់លោកនៅផែនដី។ បើនិយាយឲ្យស្រួលយល់ យើងអធិដ្ឋានសុំព្រះយេហូវ៉ាចាត់វិធានការ ដើម្បីធ្វើឲ្យនាមរបស់លោកជ្រះស្អាតពីការបង្កាច់បង្ខូចនិងការដៀលត្មះទាំងអស់ ដែលលោកបានទទួលរងតាំងពីមានការបះបោរប្រឆាំងនៅសួនអេដែនមកម្ល៉េះ។ តើព្រះយេហូវ៉ានឹងធ្វើតាមសំណូមពរនោះយ៉ាងដូចម្ដេច? លោកមានប្រសាសន៍ថា៖ «អញក៏នឹងញែកឈ្មោះដ៏ជាធំរបស់អញ ដែលត្រូវបង្អាប់នៅកណ្ដាលអស់ទាំងសាសន៍ . . . ចេញជាបរិសុទ្ធ»។ (អេស. ៣៦:២៣; ៣៨:២៣) នៅសង្គ្រាមហាម៉ាគេដូន ពេលដែលព្រះយេហូវ៉ាបំបាត់ចោលអំពើទុច្ចរិតទាំងអស់ នោះលោកនឹងធ្វើឲ្យនាមរបស់លោកបានបរិសុទ្ធឲ្យបុគ្គលគ្រប់រូបឃើញ។
៦. តើយើងអាចចូលរួមធ្វើឲ្យនាមរបស់ព្រះបានបរិសុទ្ធយ៉ាងដូចម្ដេច?
៦ តាំងពីសម័យបុរាណមក ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យអ្នកបម្រើលោកចូលរួមធ្វើឲ្យនាមរបស់លោកបានបរិសុទ្ធ។ នេះមិនមានន័យថាយើងអាចធ្វើឲ្យនាមរបស់ព្រះបានបរិសុទ្ធជាងមុនទេ។ នាមរបស់លោកគឺបរិសុទ្ធឬពិសិដ្ឋបំផុតរួចហើយ។ បើដូច្នេះ តើយើងអាចធ្វើឲ្យនាមរបស់លោកបានបរិសុទ្ធយ៉ាងដូចម្ដេច? អេសាយប្រាប់ថា៖ «ត្រូវឲ្យរាប់ព្រះ យេហូវ៉ានៃពួកពលបរិវារទុកជាបរិសុទ្ធ»។ ម្យ៉ាងទៀត ព្រះយេហូវ៉ាបានមានប្រសាសន៍អំពីរាស្ត្ររបស់លោកថា៖ «គេនឹងរាប់ឈ្មោះអញជាបរិសុទ្ធ . . . ព្រមទាំងកោតខ្លាចដល់ព្រះនៃសាសន៍អ៊ីស្រាអែល»។ (អេ. ៨:១៣; ២៩:២៣) ដូច្នេះ យើងធ្វើឲ្យនាមរបស់ព្រះបានបរិសុទ្ធ ដោយចាត់ទុកនាមនោះថា ខ្ពង់ខ្ពស់ជាងនាមឯទៀតទាំងអស់ និងដោយជួយអ្នកឯទៀតឲ្យចាត់ទុកនាមនោះថាបរិសុទ្ធដែរ។ ជាពិសេស យើងបង្ហាញថាយើងគោរពនាមរបស់ព្រះ ពេលយើងទទួលស្គាល់ព្រះយេហូវ៉ាជាអ្នកគ្រប់គ្រងរបស់យើង ហើយស្ដាប់បង្គាប់លោកដោយស្មោះអស់ពីចិត្ត។—សុភ. ៣:១; បប. ៤:១១
ព្រះជួយរាស្ត្ររបស់លោកឲ្យត្រៀមខ្លួនលើកតម្កើង និងធ្វើជាតំណាងនាមរបស់លោក
៧, ៨. (ក) ហេតុអ្វីមួយរយៈពេលបានកន្លងទៅទើបរាស្ត្ររបស់ព្រះអាចធ្វើជាតំណាងនាមរបស់លោក? (ខ) ឥឡូវតើយើងនឹងពិចារណាអំពីអ្វី?
៧ រវាងឆ្នាំ១៨៧០និងឆ្នាំ១៨៧៩ អ្នកបម្រើរបស់ព្រះនៅសម័យយើងនេះ បានចាប់ផ្ដើមប្រើនាមរបស់លោកក្នុងសៀវភៅរបស់ពួកគេ។ ជាឧទាហរណ៍ មាននាមយេហូវ៉ាក្នុងទស្សនាវដ្ដីប៉មយាម ខែសីហា ឆ្នាំ១៨៧៩ និងក្នុងសៀវភៅចម្រៀងមួយដែលបោះពុម្ពនៅឆ្នាំដដែលនោះ (Songs of the Bride)។ ទោះជាយ៉ាងនោះក៏ដោយ តាមមើលទៅ ព្រះយេហូវ៉ាបានជួយរាស្ត្ររបស់លោកឲ្យបំពេញតម្រូវការរបស់លោកជាមុនសិន ទើបឲ្យពួកគេមានឯកសិទ្ធិខ្ពង់ខ្ពស់ដោយធ្វើជាតំណាងនាមដ៏ពិសិដ្ឋរបស់លោក។ តើព្រះយេហូវ៉ាបានជួយនិស្សិតគម្ពីរសម័យមុនយ៉ាងដូចម្ដេច ដើម្បីត្រៀមខ្លួនធ្វើជាតំណាងនាមរបស់លោក?
៨ នៅជិតទីបញ្ចប់នៃសតវត្សរ៍ទី១៩ និងនៅដើមសតវត្សរ៍ទី២០ ព្រះយេហូវ៉ាបានជួយរាស្ត្ររបស់លោកឲ្យយល់ច្បាស់ជាងអំពីសេចក្ដីពិតសំខាន់ៗដែលទាក់ទងនឹងនាមរបស់លោក។ សូមពិចារណាសេចក្ដីពិតបីដូចតទៅនេះ។
៩, ១០. (ក) ហេតុអ្វីបានជាទស្សនាវដ្ដីប៉មយាមមុនៗបានផ្ដោតទៅលើលោកយេស៊ូ? (ខ) តាំងពីឆ្នាំ១៩១៩ តើមានការផ្លាស់ប្ដូរអ្វី ហើយតើមានលទ្ធផលយ៉ាងណា? (សូមមើលប្រអប់ចំណងជើងថា« តើទស្សនាវដ្ដីប៉មយាមបានលើកតម្កើងនាមរបស់ព្រះយ៉ាងដូចម្ដេច?»)
៩ ទី១ អ្នកបម្រើព្រះយេហូវ៉ាចាប់ផ្ដើមយល់ត្រឹមត្រូវអំពីសារៈសំខាន់នៃនាមរបស់ព្រះ។ និស្សិតគម្ពីរស្មោះត្រង់នៅសម័យមុន ធ្លាប់ចាត់ទុកសេចក្ដីបង្រៀនអំពីថ្លៃលោះថា ជាសេចក្ដីបង្រៀនសំខាន់បំផុតក្នុងគម្ពីរ។ ហេតុនេះ ទស្សនាវដ្ដីប៉មយាមធ្លាប់ផ្ដោតទៅលើលោកយេស៊ូច្រើនជាង។ ជាឧទាហរណ៍ ក្នុងឆ្នាំដំបូងដែលទស្សនាវដ្ដីប៉មយាមបានត្រូវបោះពុម្ព ទស្សនាវដ្ដីនោះបានប្រើនាមលោកយេស៊ូច្រើនជាងនាមព្រះយេហូវ៉ា១០ដង។ ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៧៦ បានបញ្ជាក់អំពីនិស្សិតគម្ពីរថា នៅដើមដំបូងពួកគេបាន«ឲ្យសារៈសំខាន់ច្រើនហួសហេតុពេក»ដល់លោកយេស៊ូ។ ក៏ប៉ុន្តែ ក្រោយមក ព្រះយេហូវ៉ាបានជួយពួកគេឲ្យយល់ឃើញនូវសារៈសំខាន់ដែលគម្ពីរផ្ដល់ឲ្យនាមរបស់ព្រះ។ តើនោះបានមានឥទ្ធិពលយ៉ាងណាទៅលើនិស្សិតគម្ពីរ? ទស្សនាវដ្ដីប៉មយាមដដែលនោះបញ្ជាក់ថា ជាពិសេសចាប់ពីឆ្នាំ១៩១៩មកម្ល៉េះ និស្សិតគម្ពីរ«ចាប់ផ្ដើមឲ្យកិត្ដិយសច្រើនជាងចំពោះបិតានៅស្ថានសួគ៌របស់មេស្ស៊ី គឺព្រះយេហូវ៉ា»។ តាមពិត ក្នុងអំឡុង១០ឆ្នាំបន្ទាប់ពីឆ្នាំ១៩១៩ ទស្សនាវដ្ដីប៉មយាមបានប្រើនាមរបស់ព្រះជាង៦.៥០០ដង!
១០ ដោយលើកបញ្ជាក់នាមព្រះយេហូវ៉ាយ៉ាងត្រឹមត្រូវ នោះបងប្អូនរបស់យើងបង្ហាញថា ពួកគេស្រឡាញ់នាមរបស់ព្រះ។ ដូចម៉ូសេនៅសម័យបុរាណ ពួកគេបានតាំងចិត្ត«ប្រកាសប្រាប់ពីព្រះនាមព្រះយេហូវ៉ា»។ (ចោ. ៣២:៣; ទំនុក. ៣៤:៣) ជាលទ្ធផល ព្រះយេហូវ៉ាកត់សម្គាល់សេចក្ដីស្រឡាញ់ដែលពួកគេមានចំពោះនាមរបស់លោក ហើយលោកបានពេញចិត្តនឹងពួកគេ ដូចលោកបានសន្យាក្នុងបទគម្ពីរ។—ទំនុក. ១១៩:១៣២; ហេ. ៦:១០
១១, ១២. (ក) បន្ទាប់ពីឆ្នាំ១៩១៩ តើសៀវភៅរបស់យើងបានផ្លាស់ប្ដូរយ៉ាងដូចម្ដេច? (ខ) តើព្រះយេហូវ៉ាបានទាញអារម្មណ៍របស់អ្នកបម្រើលោកទៅលើអ្វី ហើយហេតុអ្វី?
១១ ទី២ គ្រិស្តសាសនិកពិតចាប់ផ្ដើមមានទស្សនៈត្រឹមត្រូវអំពីកិច្ចការដែលព្រះផ្ដល់ឲ្យ។ មិនយូរក្រោយពីឆ្នាំ១៩១៩ បងប្អូនដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌និងដែលជាអ្នកនាំមុខក្នុងអង្គការរបស់ព្រះ បានត្រូវជំរុញដោយសកម្មពលរបស់ព្រះយេហូវ៉ាឲ្យពិនិត្យឡើងវិញនូវទំនាយក្នុងសៀវភៅអេសាយ។ ក្រោយពីនោះ ព័ត៌មានក្នុងសៀវភៅរបស់យើងបានចាប់ផ្ដើមផ្ដោតទៅលើចំណុចផ្សេងវិញ។ ហេតុអ្វីការកែប្រែនេះជា‹អាហារតាមត្រូវពេល›?—ម៉ាថ. ២៤:៤៥
១២ មុនឆ្នាំ១៩១៩ ទស្សនាវដ្ដីប៉មយាមមិនធ្លាប់ពន្យល់យ៉ាងស៊ីជម្រៅអំពីពាក្យរបស់អេសាយដែលថា៖ «ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ឯងរាល់គ្នាជា[សាក្សី]របស់អញ ហើយជាអ្នកបំរើដែលអញបានរើសតាំង»។ (សូមអាន អេសាយ ៤៣:១០-១២) ប៉ុន្តែមិនយូរក្រោយពីឆ្នាំ១៩១៩ សៀវភៅរបស់យើងចាប់ផ្ដើមផ្ដោតទៅលើបទគម្ពីរនោះ ដោយលើកទឹកចិត្តគ្រិស្តសាសនិកទាំងអស់ដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ ឲ្យចូលរួមក្នុងកិច្ចការដែលព្រះយេហូវ៉ាបានកំណត់ឲ្យពួកគេ ពោលគឺការធ្វើជាសាក្សីបញ្ជាក់អំពីលោក។ តាមពិត ត្រឹមតែពីឆ្នាំ១៩២៥ដល់ឆ្នាំ១៩៣១ប៉ុណ្ណោះ អេសាយជំពូកទី៤៣ បានត្រូវលើកបញ្ជាក់ក្នុងទស្សនាវដ្ដីប៉មយាមចំនួន៥៧លេខ ហើយលេខនីមួយៗបានពន្យល់ថាពាក្យរបស់អេសាយទាក់ទងនឹងគ្រិស្តសាសនិកពិត។ យើងអាចឃើញច្បាស់ថា ក្នុងអំឡុងឆ្នាំទាំងនោះ ព្រះយេហូវ៉ាកំពុងទាញអារម្មណ៍អ្នកបម្រើរបស់លោកទៅលើកិច្ចការដែលពួកគេត្រូវធ្វើ។ ហេតុអ្វី? គឺដើម្បី«ល្បងមើលអ្នកទាំងនោះឲ្យដឹងថាសមនឹងទទួលឯកសិទ្ធិ»ឬមិនសម។ (១ធី. ៣:១០) ប៉ុន្តែ មុនពួកគេអាចធ្វើជាតំណាងនាមរបស់ព្រះយ៉ាងត្រឹមត្រូវ នោះនិស្សិតគម្ពីរត្រូវបង្ហាញដោយការប្រព្រឹត្តរបស់ពួកគេថា ពួកគេពិតជាសាក្សីរបស់លោក។—លូក. ២៤:៤៧, ៤៨
១៣. តើតាមរបៀបណាគម្ពីរបញ្ជាក់អំពីរឿងសំខាន់បំផុត?
១៣ ទី៣ រាស្ត្ររបស់ព្រះយេហូវ៉ាចាប់ផ្ដើមយល់សារៈសំខាន់នៃការធ្វើឲ្យនាមរបស់ព្រះបានបរិសុទ្ធ។ ក្រោយពីឆ្នាំ១៩២០ ពួកគេបានយល់ថា ការធ្វើឲ្យនាមរបស់ព្រះបានបរិសុទ្ធជារឿងសំខាន់បំផុត។ តើបណ្ដាំរបស់ព្រះបានបញ្ជាក់សេចក្ដីពិតដ៏សំខាន់នោះយ៉ាងដូចម្ដេច? សូមពិចារណាឧទាហរណ៍ពីរ។ តើអ្វីជាមូលហេតុសំខាន់បំផុតដែលព្រះបានសង្គ្រោះជនជាតិអ៊ីស្រាអែលពីស្រុកអេស៊ីប? ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ ‹ដើម្បីឲ្យគេបានប្រកាសប្រាប់ពីឈ្មោះអញទូទៅគ្រប់លើផែនដី›។ (និក្ខ. ៩:១៦) ម្យ៉ាងទៀត ហេតុអ្វីព្រះយេហូវ៉ា បានបង្ហាញសេចក្ដីមេត្ដាករុណាចំពោះជនជាតិអ៊ីស្រាអែលពេលដែលពួកគេបះបោរប្រឆាំងលោក? ព្រះយេហូវ៉ាមានប្រសាសន៍ម្ដងទៀតថា៖ «អញបានប្រព្រឹត្ត ដោយយល់ដល់ឈ្មោះអញ ដើម្បីមិនឲ្យត្រូវទាបថោក នៅចំពោះភ្នែកនៃសាសន៍ដទៃ»។ (អេស. ២០:៨-១០) តើនិស្សិតគម្ពីរបានរៀនអ្វីពីកំណត់ហេតុនេះនិងកំណត់ហេតុផ្សេងទៀត?
១៤. (ក) ជិតឆ្នាំ១៩៣០ តើរាស្ត្ររបស់ព្រះបានយល់អ្វី? (ខ) ដោយសារនិស្សិតគម្ពីរមានការយល់ដឹងច្បាស់ជាង តើនេះមានឥទ្ធិពលយ៉ាងណាទៅលើកិច្ចផ្សព្វផ្សាយ? (សូមមើលប្រអប់ចំណងជើងថា« មូលហេតុសំខាន់ដែលជំរុញចិត្តយើងឲ្យផ្សព្វផ្សាយ»)
១៤ ជិតឆ្នាំ១៩៣០ រាស្ត្ររបស់ព្រះចាប់ផ្ដើមយល់សារៈសំខាន់នៃអ្វីដែលអេសាយបានប្រកាសប្រហែលជា២.៧០០ឆ្នាំមុន។ អេសាយបាននិយាយអំពីព្រះយេហូវ៉ាថា៖ «យ៉ាងនោះដែលទ្រង់បាននាំរាស្ត្រទ្រង់ ដើម្បីនឹងធ្វើឲ្យព្រះនាមទ្រង់បានរុងរឿងឧត្តម»។ (អេ. ៦៣:១៤) និស្សិតគម្ពីរបានយល់ថា រឿងសំខាន់បំផុតមិនមែនជាការសង្គ្រោះមនុស្សទេ តែគឺជាការធ្វើឲ្យនាមរបស់ព្រះបានបរិសុទ្ធ។ (អេ. ៣៧:២០; អេស. ៣៨:២៣) នៅឆ្នាំ១៩២៩ សៀវភៅចំណងជើងថាទំនាយ(Prophecy) បានសង្ខេបសេចក្ដីពិតនោះដោយចែងថា៖ «ការធ្វើឲ្យនាមរបស់ព្រះយេហូវ៉ាបានបរិសុទ្ធជារឿងសំខាន់បំផុតដែលបុគ្គលទាំងអស់ក្នុងសកលលោកត្រូវទទួលស្គាល់»។ ពេលដែលការយល់ដឹងរបស់អ្នកបម្រើព្រះបានត្រូវកែតម្រូវដូច្នេះ នោះបានជំរុញចិត្តពួកគេថែមទៀតឲ្យធ្វើជាសាក្សីបញ្ជាក់អំពីព្រះយេហូវ៉ានិងធ្វើឲ្យនាមរបស់លោកបានជ្រះស្អាតពីការបង្កាច់បង្ខូច។
១៥. (ក) មកដល់ឆ្នាំ១៩៣០ តើបងប្អូនរបស់យើងមានទស្សនៈនិងការយល់ដឹងអំពីអ្វី? (ខ) តើពេលកំណត់បានមកដល់សម្រាប់អ្វី?
១៥ មកដល់ឆ្នាំ១៩៣០ បងប្អូនរបស់យើងបានមានទស្សនៈត្រឹមត្រូវអំពីសារៈសំខាន់នៃនាមរបស់ព្រះ ហើយបានយល់ដឹងច្បាស់ជាងអំពីកិច្ចការដែលព្រះបានកំណត់ឲ្យពួកគេធ្វើ ថែមទាំងបានយល់ស៊ីជម្រៅជាងអំពីរឿងសំខាន់បំផុត។ ឥឡូវ ពេលកំណត់របស់ព្រះយេហូវ៉ាបានមកដល់ សម្រាប់ផ្ដល់ឯកសិទ្ធិឲ្យអ្នកបម្រើរបស់លោកធ្វើជាតំណាងនាមរបស់លោកជាសាធារណៈ។ តើនោះបានកើតឡើងយ៉ាងដូចម្ដេច? សូមពិចារណាព្រឹត្ដិការណ៍ខ្លះដែលបានកើតឡើងនៅអតីតកាល។
ព្រះយេហូវ៉ាជ្រើសរើស«រាស្ត្រមួយជាតំណាងនាមរបស់លោក»
១៦. (ក) តើព្រះយេហូវ៉ាលើកតម្កើងនាមរបស់លោកតាមវិធីដ៏អស្ចារ្យអ្វី? (ខ) នៅដើមដំបូង តើអ្នកណាធ្លាប់ធ្វើជាតំណាងនាមរបស់ព្រះ?
១៦ វិធីដ៏អស្ចារ្យមួយដែលព្រះយេហូវ៉ាលើកតម្កើងនាមរបស់លោក គឺដោយឲ្យមនុស្សមួយក្រុមនៅផែនដីធ្វើជាតំណាងនាមរបស់លោក។ ចាប់តាំងពីឆ្នាំ១៥១៣ មុនគ.ស. ប្រជាជាតិអ៊ីស្រាអែលបានធ្វើជាតំណាងនាមព្រះយេហូវ៉ាដោយទៅជារាស្ត្ររបស់លោក។ (អេ. ៤៣:១២) ក៏ប៉ុន្តែពួកគេមិនបានធ្វើតាមកិច្ចព្រមព្រៀងដែលពួកគេបានធ្វើជាមួយនឹងព្រះឡើយ ហើយនៅឆ្នាំ៣៣ គ.ស. ពួកគេបានបាត់បង់ទំនាក់ទំនងពិសេសជាមួយនឹងលោក។ មិនយូរក្រោយពីនោះ ព្រះយេហូវ៉ាបាន«បង្ហាញចំណាប់អារម្មណ៍ . . . ទៅលើប្រជាជាតិនានា ដើម្បីរើសយករាស្ត្រមួយជាតំណាងនាមរបស់លោក»។ (សកម្ម. ១៥:១៤) រាស្ត្រថ្មីដែលព្រះទើបតែជ្រើសរើសនោះ បានត្រូវហៅថា«អ៊ីស្រាអែលនៃព្រះ» ដែលជាអ្នកកាន់តាមគ្រិស្តពីប្រទេសផ្សេងៗដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌។—កាឡ. ៦:១៦
១៧. តើសាថានបានជោគជ័យក្នុងរឿងអ្វី?
១៧ ប្រហែលជាឆ្នាំ៤៤ គ.ស. អ្នកកាន់តាមគ្រិស្ត«បានត្រូវហៅថា គ្រិស្តសាសនិក . . . តាមការណែនាំរបស់ព្រះ»។ (សកម្ម. ១១:២៦) នៅដើមដំបូងឈ្មោះនោះគឺពិសេស ហើយធ្វើឲ្យពួកគេខុសប្លែកពីអ្នកឯទៀត ដោយសារឈ្មោះនោះសំដៅលើគ្រិស្តសាសនិកពិតប៉ុណ្ណោះ។ (១ពេ. ៤:១៦) ក៏ប៉ុន្តែដូចឧទាហរណ៍របស់លោកយេស៊ូបានបញ្ជាក់ស្តីអំពីស្រូវសាលីនិងស្រងែ សាថានបានជោគជ័យក្នុងការយកឈ្មោះពិសេសនេះទៅប្រើចំពោះគ្រិស្តសាសនិកក្លែងក្លាយទាំងឡាយ។ ជាលទ្ធផល អស់រាប់រយឆ្នាំ គ្រិស្តសាសនិកពិតមិនបានលេចធ្លោជាងគ្រិស្តសាសនិកក្លែងក្លាយទេ។ ប៉ុន្តែស្ថានភាពនោះចាប់ផ្ដើមផ្លាស់ប្ដូរក្នុងអំឡុង«រដូវច្រូតកាត់» ដែលចាប់ផ្ដើមនៅឆ្នាំ១៩១៤។ ហេតុអ្វី? ពីព្រោះទេវតាចាប់ផ្ដើមញែកគ្រិស្តសាសនិកក្លែងក្លាយចេញពីគ្រិស្តសាសនិកពិត។—ម៉ាថ. ១៣:៣០, ៣៩-៤១
១៨. តើអ្វីបានជួយបងប្អូនយើងឲ្យយល់ថាត្រូវការឈ្មោះថ្មី?
១៨ ក្រោយពីខ្ញុំបម្រើស្មោះត្រង់បានត្រូវតែងតាំងនៅឆ្នាំ១៩១៩ ព្រះយេហូវ៉ាបានជួយរាស្ត្ររបស់លោកឲ្យយល់អំពីកិច្ចការដែលលោកបានកំណត់ឲ្យធ្វើ។ ពួកគេបានយល់យ៉ាងឆាប់រហ័សថា ការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយជាអ្វីដែលធ្វើឲ្យពួកគេខុសប្លែកពីគ្រិស្តសាសនិកក្លែងក្លាយ។ មិនយូរក្រោយពីពួកគេបានទទួលស្គាល់ចំណុចនេះ នោះពួកគេយល់ថាឈ្មោះ«និស្សិតគម្ពីរ»គឺមិនគ្រប់គ្រាន់ដើម្បីបង្ហាញថាពួកគេខុសគ្នាពីគ្រិស្តសាសនិកក្លែងក្លាយទេ។ គោលបំណងសំខាន់ក្នុងជីវិតរបស់ពួកគេគឺមិនមែនគ្រាន់តែសិក្សាគម្ពីរប៉ុណ្ណោះទេ ប៉ុន្តែគឺត្រូវធ្វើជាសាក្សីបញ្ជាក់អំពីព្រះ ហើយត្រូវគោរពនិងលើកតម្កើងនាមរបស់លោក។ ដូច្នេះ តើឈ្មោះអ្វីគឺសមនឹងកិច្ចការដែលពួកគេកំពុងធ្វើ? សំណួរនោះបានត្រូវឆ្លើយនៅឆ្នាំ១៩៣១។
១៩, ២០. (ក) នៅមហាសន្និបាតមួយនាឆ្នាំ១៩៣១ តើមានសេចក្ដីសម្រេចដ៏គួរឲ្យរំភើបចិត្តអ្វី? (ខ) តើបងប្អូនរបស់យើងមានប្រតិកម្មយ៉ាងណាពេលទទួលឈ្មោះថ្មី?
១៩ នៅខែកក្កដា ឆ្នាំ១៩៣១ និស្សិតគម្ពីរប្រហែលជា១៥.០០០នាក់បានទៅដល់ក្រុងកូឡាំបឺស រដ្ឋអូហៃយ៉ូ សហរដ្ឋអាម៉េរិក សម្រាប់មហាសន្និបាត។ ពេលបងប្អូនឃើញក្រដាសកម្មវិធីមហាសន្និបាត ពួកគេឆ្ងល់ដោយសារឃើញអក្សរអង់គ្លេសពីរតួនៅទំព័រទី១ គឺ«J»និង«W»។ ពួកគេឆ្ងល់ថា‹តើអក្សរនោះមានន័យដូចម្ដេច?›។ បងប្អូនខ្លះគិតថានោះជាអក្សរកាត់សម្រាប់ពាក្យភាសាអង់គ្លេស ដែលមានន័យថា‹មើលសិន›។ អ្នកឯទៀតស្មានថាអក្សរនោះមានន័យថា‹ចាំសិន›។ រួចមក នៅថ្ងៃអាទិត្យ ទី២៦ ខែកក្កដា បងប្រុសចូសេហ្វ រ៉ូធើហ្វឺត បានប្រកាសសេចក្ដីសម្រេចមួយដែលមានឥទ្ធិពលខ្លាំងណាស់ថា៖ «ចាប់ពីពេលនេះតទៅ យើងចង់ឲ្យមនុស្សស្គាល់យើងនិងហៅយើងតាមឈ្មោះសាក្សីព្រះយេហូវ៉ា»។ នៅពេលនោះ បងប្អូនទាំងអស់នៅទីនោះបានយល់អត្ថន័យអក្សរពីរតួនៅលើក្រដាសកម្មវិធី គឺជាអក្សរកាត់សម្រាប់ឈ្មោះសាក្សីព្រះយេហូវ៉ាជាភាសាអង់គ្លេស (Jehovah’s Witnesses) ជាឈ្មោះដែលមានមូលដ្ឋានលើបទគម្ពីរនៅអេសាយ ៤៣:១០។
២០ អ្នកចូលរួមបានតបដោយស្រែកហ៊ោយ៉ាងខ្លាំង ហើយទះដៃយ៉ាងយូរ។ តាមរយៈវិទ្យុ សំឡេងរំភើបចិត្តរបស់អ្នកចូលរួមមហាសន្និបាតបានត្រូវផ្សាយរហូតដល់ពាក់កណ្ដាលផែនដី! បងប្រុសអឺណឺស បាបឺនិងប្រពន្ធរបស់គាត់ឈ្មោះណាអូមីដែលរស់នៅប្រទេសអូស្ដ្រាលី បានរៀបរាប់ដោយនឹកឃើញថា៖ «ពេលដែលបងប្អូនចាប់ផ្ដើមទះដៃនៅសហរដ្ឋ នោះបងប្អូននៅក្រុងមែលប៊នបានស្ទុះឈរឡើង ហើយទះដៃយ៉ាងយូរ។ យើងចាំមិនភ្លេចថ្ងៃនោះទេ!»។ a
នាមរបស់ព្រះកំពុងទទួលការលើកតម្កើងទូទាំងពិភពលោក
២១. តើឈ្មោះថ្មីបានជំរុញចិត្តបងប្អូនឲ្យផ្សព្វផ្សាយយ៉ាងដូចម្ដេច?
២១ ក្រោយពីអ្នកបម្រើរបស់ព្រះមានឈ្មោះសាក្សីព្រះយេហូវ៉ាដែលមានមូលដ្ឋានលើបទគម្ពីរ នោះបានពង្រឹងកម្លាំងចិត្តរបស់ពួកគេឲ្យចូលរួមក្នុងកិច្ចផ្សព្វផ្សាយ។ បងប្រុសអេឌវ៉ាដ ក្រែម និងប្រពន្ធរបស់គាត់ឈ្មោះចេស្ស៊ីដែលពួកគាត់ជាអ្នកត្រួសត្រាយនៅសហរដ្ឋអាម៉េរិក បានចូលរួមមហាសន្និបាតនៅឆ្នាំ១៩៣១នៅក្រុងកូឡាំបឺស។ ពួកគាត់និយាយ ថា៖ «ពេលយើងចេញពីផ្ទះដើម្បីចូលរួមមហាសន្និបាត យើងជានិស្សិតគម្ពីរ តែពេលយើងត្រឡប់មកវិញ យើងជាសាក្សីព្រះយេហូវ៉ា។ យើងសប្បាយចិត្តដែលមានឈ្មោះថ្មីដែលជួយយើងឲ្យលើកតម្កើងនាមនៃព្រះរបស់យើង»។ ក្រោយពីមហាសន្និបាត សាក្សីខ្លះបានប្រើវិធីថ្មីដើម្បីលើកតម្កើងនាមព្រះ។ ពួកគេណែនាំម្ចាស់ផ្ទះឲ្យស្គាល់ខ្លួនដោយជូនកាតមួយដែលមានពាក្យថា«សាក្សីព្រះយេហូវ៉ាម្នាក់ កំពុងផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ាដែលជាព្រះរបស់យើង»។ រាស្ត្ររបស់ព្រះពិតជាមានមោទនភាព ដោយសារអាចធ្វើជាតំណាងនាមព្រះយេហូវ៉ា ហើយពួកគេបានត្រៀមខ្លួនដើម្បីប្រកាសអំពីសារៈសំខាន់នៃនាមរបស់លោកនៅទីជិតឆ្ងាយ។—អេ. ១២:៤
«ពេលយើងចេញពីផ្ទះដើម្បីចូលរួមមហាសន្និបាត យើងជានិស្សិតគម្ពីរ តែពេលយើងត្រឡប់មកវិញ យើងជាសាក្សីព្រះយេហូវ៉ា»
២២. តើអ្វីបង្ហាញថារាស្ត្ររបស់ព្រះយេហូវ៉ាមានអត្តសញ្ញាណពិសេស?
២២ ច្រើនឆ្នាំបានកន្លងទៅហើយ តាំងពីព្រះយេហូវ៉ាបានដឹកនាំបងប្អូនរបស់យើងដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ឲ្យយកឈ្មោះពិសេសនោះ។ តាំងពីពេលនោះមក តើសាថានអាចបិទបាំងអត្តសញ្ញាណរបស់រាស្ត្រព្រះឬ? តើវាបានធ្វើឲ្យមនុស្សពិបាកសម្គាល់ថាយើងខុសគ្នាពីសាសនាឯទៀតឬ? មិនទាល់តែសោះ! ផ្ទុយទៅវិញ អត្តសញ្ញាណដ៏ច្បាស់របស់យើងជាសាក្សីរបស់ព្រះកំពុងលេចធ្លោជាងពេលមុនទៅទៀត។ (សូមអាន មីកា ៤:៥; ម៉ាឡាគី ៣:១៨) តាមពិត យើងជាប់ទាក់ទងនឹងនាមរបស់ព្រះខ្លាំងម្ល៉េះ រហូតដល់អ្នកណាដែលប្រើនាមរបស់ព្រះសព្វថ្ងៃនេះ ធ្វើឲ្យអ្នកឯទៀតគិតថាគាត់ជាសាក្សីព្រះយេហូវ៉ា។ សាសនាមិនពិតលែងធ្វើជាភ្នំធំៗបាំងជិតការគោរពប្រណិប័តន៍ពិតរបស់ព្រះយេហូវ៉ាហើយ! ឯការគោរពប្រណិប័តន៍ពិតវិញ នោះបាន«តាំងឡើងខ្ពស់លើសអស់ទាំងភ្នំធំៗ»។ (អេ. ២:២) សព្វថ្ងៃនេះ ការគោរពប្រណិប័តន៍ព្រះយេហូវ៉ានិងនាមដ៏ពិសិដ្ឋរបស់លោកពិតជាបានត្រូវតម្កើងឡើងយ៉ាងខ្ពស់។
២៣. យោងទៅតាមទំនុកតម្កើង ១២១:៥ តើសេចក្ដីពិតដ៏សំខាន់អ្វីអំពីព្រះយេហូវ៉ាដែលធ្វើឲ្យយើងមានកម្លាំងចិត្តខ្លាំងក្លា?
២៣ ដោយដឹងថាព្រះយេហូវ៉ានឹងការពារយើងពីការពាធារបស់សាថាននៅបច្ចុប្បន្ននិងនៅអនាគត នោះពិតជាពង្រឹងទំនុកចិត្តយើងខ្លាំងណាស់! (ទំនុក. ១២១:៥) យើងពិតជាមានហេតុត្រឹមត្រូវដើម្បីនិយាយដោយមានអារម្មណ៍ដូចអ្នកតែងទំនុកតម្កើងដែលថា៖ «មានពរហើយ នគរណាដែលយកព្រះយេហូវ៉ាទុកជាព្រះរបស់ខ្លួន គឺជាសាសន៍ដែលទ្រង់បានរើស ទុកជាមរដករបស់ទ្រង់»។—ទំនុក. ៣៣:១២
a សូមមើលជំពូកទី៧ ទំព័រ៨១-៨៤ ដើម្បីអានព័ត៌មានល្អិតល្អន់អំពីការផ្សព្វផ្សាយតាមវិទ្យុ។