ជំពូកទី៥
ស្តេចដែលព្រះតែងតាំងបំភ្លឺអំពីរាជាណាចក្រ
១, ២. ហេតុអ្វីលោកយេស៊ូជាមគ្គុទ្ទេសក៍ដែលឈ្លាសវៃបំផុត?
សូមស្រមៃគិតថា មគ្គុទ្ទេសក៍ទេសចរកំពុងនាំអ្នកនិងភ្ញៀវទេសចរឯទៀតដើរមើលក្រុងដ៏ស្អាតមួយ។ ដោយសារអ្នកមិនធ្លាប់ទៅក្រុងនោះពីមុន នោះអ្នកខំស្ដាប់គ្រប់ពាក្យដែលអ្នកនាំផ្លូវនោះប្រាប់។ ជួនកាល អ្នកឆ្ងល់អំពីកន្លែងផ្សេងៗនៅក្រុងនោះដែលអ្នកមិនទាន់ឃើញនៅឡើយ។ ប៉ុន្តែពេលដែលអ្នកសួរមគ្គុទ្ទេសក៍អំពីកន្លែងនោះ គាត់មិនប្រាប់ភ្លាមៗទេ តែគាត់ចាំរហូតដល់ពេលល្អបំផុតទើបឆ្លើយ។ ច្រើនដង គាត់ចាំរហូតដល់អ្នកអាចមើលឃើញកន្លែងនោះសិន ទើបគាត់ប្រាប់ព័ត៌មានដែលអ្នកចង់ដឹង។ យូរៗទៅ អ្នកចាប់ផ្ដើមស្ងើចសរសើរចំណេះរបស់គាត់ ដោយសារគាត់ប្រាប់អ្នកនូវអ្វីដែលអ្នកត្រូវដឹង នៅចំពេលដែលអ្នកត្រូវដឹង។
២ គ្រិស្តសាសនិកពិតនៅក្នុងស្ថានភាពស្រដៀងគ្នានឹងភ្ញៀវទេសចរទាំងនោះ។ យើងរំភើបចិត្តរៀនអំពីក្រុងដ៏អស្ចារ្យបំផុត គឺ«ក្រុងដែលមានគ្រឹះដ៏ពិត ជាក្រុងដែលមានព្រះជាអ្នកសង់និងជាអ្នកបង្កើត» ពោលគឺ រាជាណាចក្ររបស់ព្រះ។ (ហេ. ១១:១០) ពេលដែលលោកយេស៊ូនៅផែនដី លោកបានដឹកនាំអ្នកកាន់តាមលោកដោយផ្ទាល់ឲ្យមានចំណេះកាន់តែច្រើនអំពីរាជាណាចក្រនោះ។ តើលោកបានឆ្លើយសំណួរទាំងអស់របស់អ្នកកាន់តាមលោក ហើយប្រាប់ព័ត៌មានទាំងអស់អំពីរាជាណាចក្ររបស់ព្រះនៅពេលតែមួយឬ? មិនមែនទេ។ លោកមានប្រសាសន៍ថា៖ «ខ្ញុំនៅមានរឿងជាច្រើនដែលចង់ប្រាប់អ្នករាល់គ្នា តែឥឡូវនេះអ្នករាល់គ្នាមិនអាចយល់បានឡើយ»។ (យ៉ូន. ១៦:១២) ដោយធ្វើដូច្នេះ លោកយេស៊ូបង្ហាញថា លោកជាមគ្គុទ្ទេសក៍ដែលឈ្លាសវៃបំផុត ពីព្រោះលោកមិនដែលប្រាប់អ្នកកាន់តាមលោកនូវព័ត៌មានដែលពួកគេមិនអាចយល់បានទេ។
៣, ៤. (ក) តើលោកយេស៊ូបន្តបង្រៀនមនុស្សស្មោះត្រង់អំពីរាជាណាចក្ររបស់ព្រះយ៉ាងដូចម្ដេច? (ខ) តើយើងនឹងរៀនអ្វីក្នុងជំពូកនេះ?
៣ ពាក្យនៅយ៉ូហាន ១៦:១២ ជាអ្វីដែលលោកយេស៊ូបានមានប្រសាសន៍នៅរាត្រីចុងក្រោយដែលលោកនៅផែនដី។ ក្រោយពីលោកទទួលមរណភាព តើលោកអាចបន្តបង្រៀនមនុស្សស្មោះត្រង់អំពីរាជាណាចក្ររបស់ព្រះយ៉ាងដូចម្ដេច? លោក បានសន្យានឹងសាវ័ករបស់លោកថា៖ «សកម្មពលរបស់ព្រះ ដែលសម្ដែងពីសេចក្ដីពិត . . . នឹងដឹកនាំអ្នករាល់គ្នា ដោយជួយឲ្យយល់សេចក្ដីពិតយ៉ាងពេញលេញ»។ a (យ៉ូន. ១៦:១៣) យើងអាចប្រដូចសកម្មពលបរិសុទ្ធទៅនឹងមគ្គុទ្ទេសក៍ទេសចរដ៏អត់ធ្មត់ម្នាក់។ លោកយេស៊ូប្រើសកម្មពលបរិសុទ្ធ ដើម្បីបង្រៀនអ្នកកាន់តាមលោកនូវអ្វីដែលពួកគេត្រូវដឹងអំពីរាជាណាចក្ររបស់ព្រះ នៅចំពេលដែលពួកគេត្រូវដឹងព័ត៌មាននោះ។
៤ ឥឡូវសូមពិចារណារបៀបដែលសកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ា បានដឹកនាំគ្រិស្តសាសនិកដែលមានចិត្តស្មោះ ឲ្យបានចំណេះច្រើនថែមទៀតអំពីរាជាណាចក្ររបស់ព្រះ។ មុនបង្អស់ យើងនឹងពិចារណាអំពីរបៀបដែលយើងបានរកឃើញចម្លើយចំពោះសំណួរថា‹តើរាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងនៅពេលណា?›។ បន្ទាប់មក យើងនឹងពិចារណាចម្លើយចំពោះសំណួរថា‹តើអ្នកណាជាអ្នកគ្រប់គ្រង ហើយអ្នកណាជារាស្ត្រនៃរាជាណាចក្ររបស់ព្រះ ហើយតើពួកគេមានសេចក្ដីសង្ឃឹមអ្វី?›។ ក្រោយបង្អស់ យើងនឹងពិនិត្យមើលរបៀបដែលអ្នកកាន់តាមគ្រិស្តបានចាប់ផ្ដើមយល់ច្បាស់ជាងអំពីអត្ថន័យនៃភក្ដីភាពចំពោះរាជាណាចក្ររបស់ព្រះ។
ការយល់ដឹងអំពីឆ្នាំដ៏សំខាន់
៥, ៦. (ក) ស្តីអំពីពេលរាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងនិងអំពីគ្រាច្រូតកាត់ តើនិស្សិតគម្ពីរធ្លាប់យល់ច្រឡំយ៉ាងដូចម្ដេច? (ខ) តើការយល់ច្រឡំបែបនេះជាហេតុធ្វើឲ្យយើងសង្ស័យថាលោកយេស៊ូមិនដឹកនាំអ្នកកាន់តាមលោកឬ? ហេតុអ្វី?
៥ ដូចដែលយើងបានរៀននៅជំពូកទី២ និស្សិតគម្ពីរបានបញ្ជាក់អស់រាប់សិបឆ្នាំថា ឆ្នាំ១៩១៤ត្រូវជាឆ្នាំដ៏សំខាន់ក្នុងទំនាយគម្ពីរ។ ក៏ប៉ុន្តែនៅពេលនោះ ពួកគេធ្លាប់ជឿថាវត្តមានរបស់គ្រិស្តបានចាប់ផ្ដើមនៅឆ្នាំ១៨៧៤ ហើយលោកបានចាប់ផ្ដើមគ្រប់គ្រងនៅស្ថានសួគ៌នាឆ្នាំ១៨៧៨។ ម្យ៉ាងទៀត ពួកគេបានជឿថា ទាល់តែដល់ខែតុលា ឆ្នាំ១៩១៤ ទើបរាជាណាចក្រមានអំណាចគ្រប់គ្រងពេញលេញ។ ពួកគេក៏បានជឿដែរថា រដូវច្រូតកាត់បានចាប់ផ្ដើមនៅឆ្នាំ១៨៧៤ ហើយបានបន្តរហូតដល់ឆ្នាំ១៩១៤។ ម្យ៉ាងវិញទៀត ពួកគេធ្លាប់ជឿថា នៅទីបញ្ចប់នៃរដូវច្រូតកាត់នោះ គ្រិស្តសាសនិកដែលបានត្រូវរើសតាំងនឹងត្រូវប្រមូលយកទៅស្ថានសួគ៌ទាំងអស់គ្នា។ តើការយល់ច្រឡំបែបនេះជាហេតុឲ្យសង្ស័យថាលោកយេស៊ូមិនដឹកនាំអ្នកស្មោះត្រង់ទាំងនេះដោយសកម្មពលបរិសុទ្ធឬ?
៦ មិនមែនទេ! សូមគិតម្ដងទៀតអំពីឧទាហរណ៍នៅវគ្គដំបូងនៃជំពូកនេះ។ ពេលពួកទេសចរសួរសំណួរផ្សេងៗដោយក្ដីចង់ដឹងយ៉ាងខ្លាំង ហើយជួនកាលស្មានខុសអំពីរឿងផ្សេងៗ តើនោះមានន័យថាមគ្គុទ្ទេសក៍គឺមិនគួរឲ្យទុកចិត្តឬ? មិនមែនទេ! ស្រដៀងគ្នាដែរ ជួនកាលរាស្ត្ររបស់ព្រះខំស្វែងយល់ចំណុចល្អិតល្អន់អំពីគោលបំណង របស់ព្រះយេហូវ៉ា មុនពេលកំណត់ដែលសកម្មពលបរិសុទ្ធដឹកនាំពួកគេឲ្យយល់សេចក្ដីពិតទាំងនោះ។ ទោះជាយ៉ាងនោះក្ដី យើងនៅតែអាចឃើញច្បាស់ថាលោកយេស៊ូកំពុងដឹកនាំពួកគេ។ ដូច្នេះ អ្នកស្មោះត្រង់សុខចិត្តទទួលការកែតម្រូវ ហើយកែប្រែគំនិតដោយចិត្តរាបទាប។—យ៉ា. ៤:៦
៧. តើរាស្ត្ររបស់ព្រះបានទទួលចំណេះកាន់តែច្រើនអំពីអ្វី?
៧ ក្នុងប៉ុន្មានឆ្នាំបន្ទាប់ពីឆ្នាំ១៩១៩ រាស្ត្ររបស់ព្រះបានទទួលពរ ពោលគឺចំណេះកាន់តែច្រើនឡើងៗ។ (សូមអាន ទំនុកតម្កើង ៩៧:១១) នៅឆ្នាំ១៩២៥ ទស្សនាវដ្ដីប៉មយាមមានអត្ថបទសំខាន់មួយដែលមានចំណងជើងថា«កំណើតនៃប្រជាជាតិ»។ អត្ថបទនោះបញ្ជាក់ភ័ស្តុតាងច្បាស់លាស់ពីបទគម្ពីរ ដែលបង្ហាញថារាជាណាចក្ររបស់មេស្ស៊ីបានចាប់ផ្ដើមគ្រប់គ្រងនៅឆ្នាំ១៩១៤។ នេះគឺស្របតាមទំនាយនៅការបើកបង្ហាញជំពូកទី១២ ដែលរៀបរាប់អំពីស្ត្រីនៅស្ថានសួគ៌ដែលបានសម្រាលកូន។ b ម្យ៉ាងទៀត អត្ថបទនោះរៀបរាប់ថា ការបៀតបៀននិងទុក្ខលំបាកឯទៀតដែលរាស្ត្ររបស់ព្រះយេហូវ៉ាបានទទួលរងក្នុងអំឡុងសង្គ្រាមលោកលើកទី១ ជាសញ្ញាសម្គាល់ច្បាស់លាស់ដែលបញ្ជាក់ថា សាថានបានត្រូវទម្លាក់ចេញពីស្ថានសួគ៌មកផែនដីដោយ«មានកំហឹងយ៉ាងខ្លាំង ដោយដឹងថាវាមានពេលតែបន្ដិចបន្តួច»។—បប. ១២:១២
៨, ៩. (ក) តើសារៈសំខាន់នៃរាជាណាចក្ររបស់ព្រះបានត្រូវបញ្ជាក់យ៉ាងដូចម្ដេច? (ខ) តើយើងនឹងរកចម្លើយចំពោះសំណួរអ្វីខ្លះ?
៨ តើរាជាណាចក្ររបស់ព្រះគឺសំខាន់យ៉ាងណា? នៅឆ្នាំ១៩២៨ ទស្សនាវដ្ដីប៉មយាមចាប់ផ្ដើមបញ្ជាក់ថា រាជាណាចក្ររបស់ព្រះគឺសំខាន់ជាងការសង្គ្រោះមនុស្សម្នាក់ៗដោយផ្អែកលើថ្លៃលោះ។ ហេតុអ្វី? គឺដោយសារព្រះយេហូវ៉ានឹងធ្វើឲ្យនាមរបស់លោកបានបរិសុទ្ធ បង្ហាញថាលោកមានសិទ្ធិត្រឹមត្រូវដើម្បីគ្រប់គ្រង ហើយសម្រេចគោលបំណងទាំងឡាយរបស់លោកចំពោះមនុស្សជាតិតាមរយៈរាជាណាចក្រក្រោមការគ្រប់គ្រងរបស់មេស្ស៊ី។
៩ តើអ្នកណានឹងគ្រប់គ្រងជាមួយនឹងគ្រិស្តក្នុងរាជាណាចក្រនោះ? នៅផែនដី តើអ្នកណាជារាស្ត្រនៃរាជាណាចក្រនោះ? ហើយតើអ្នកកាន់តាមគ្រិស្តគួរផ្ចង់អារម្មណ៍ទៅលើកិច្ចការអ្វី?
ការផ្ដោតអារម្មណ៍ទៅលើការប្រមូលគ្រិស្តសាសនិកដែលនឹងឡើងទៅស្ថានសួគ៌
១០. តាំងពីយូរយារមកហើយ តើរាស្ត្ររបស់ព្រះបានយល់យ៉ាងណាអំពី១៤៤.០០០នាក់?
១០ រាប់សិបឆ្នាំមុនឆ្នាំ១៩១៤ គ្រិស្តសាសនិកពិតបានយល់ថា ១៤៤.០០០នាក់ដែលជាអ្នកកាន់តាមគ្រិស្តយ៉ាងស្មោះត្រង់ នឹងគ្រប់គ្រងជាមួយនឹងលោកនៅស្ថានសួគ៌។ c និស្សិតគម្ពីរបានយល់ថាចំនួន១៤៤.០០០នាក់នេះគឺជាន័យត្រង់ ហើយថាការជ្រើសរើសអ្នកទាំងនោះបានចាប់ផ្ដើមតាំងពីសតវត្សរ៍ទី១ គ.ស.។
១១. ស្តីអំពីកិច្ចការដែលអនាគតកូនក្រមុំរបស់គ្រិស្តត្រូវធ្វើ កាលពួកគេរស់នៅផែនដីនៅឡើយ តើពួកគេចាប់ផ្ដើមយល់យ៉ាងណា?
១១ ប៉ុន្តែ កាលដែលពួកអ្នកដែលមានសេចក្ដីសង្ឃឹមធ្វើជាកូនក្រមុំរបស់គ្រិស្តបានរស់នៅផែនដីនៅឡើយ តើកិច្ចការអ្វីបានត្រូវកំណត់ឲ្យពួកគេធ្វើ? ពួកគេបានឃើញថា លោកយេស៊ូបានមានប្រសាសន៍ម្ដងហើយម្ដងទៀតអំពីកិច្ចផ្សព្វផ្សាយ ហើយបានបញ្ជាក់ថានោះទាក់ទងនឹងគ្រាប្រមូលផលដំណាំឬគ្រាច្រូតកាត់។ (ម៉ាថ. ៩:៣៧; យ៉ូន. ៤:៣៥) ដូចដែលយើងបានរៀននៅជំពូកទី២ បងប្អូនធ្លាប់ជឿអស់មួយរយៈពេលថា គ្រាច្រូតកាត់នឹងមានរយៈពេល៤០ឆ្នាំ ហើយនៅពេលគ្រានោះចប់ គ្រិស្តសាសនិកដែលបានត្រូវរើសតាំងនឹងត្រូវយកទៅស្ថានសួគ៌ទាំងអស់គ្នា។ ក៏ប៉ុន្តែ ដោយសារកិច្ចផ្សព្វផ្សាយនៅបន្តក្រោយពី៤០ឆ្នាំនោះចប់ហើយ នោះបងប្អូនត្រូវការនូវការបំភ្លឺថែមទៀត។ ឥឡូវយើងដឹងថា តាមពិតគ្រាច្រូតកាត់បានចាប់ផ្ដើមនៅឆ្នាំ១៩១៤។ នោះជាគ្រាដែលត្រូវញែកស្រូវសាលីចេញពីស្រងែ គឺញែកគ្រិស្តសាសនិកស្មោះត្រង់ដែលនឹងឡើងទៅស្ថានសួគ៌ ចេញពីគ្រិស្តសាសនិកក្លែងក្លាយ។ ពេលសម្រាប់ផ្ចង់អារម្មណ៍ទៅលើការប្រមូលគ្រិស្តសាសនិកដើម្បីបង្គ្រប់ចំនួនអ្នកដែលនឹងឡើងទៅស្ថានសួគ៌បានមកដល់ហើយ!
១២, ១៣. តើអ្វីដែលលោកយេស៊ូបានបញ្ជាក់ក្នុងឧទាហរណ៍របស់លោកស្តីអំពីកូនក្រមុំ១០នាក់ និងអំពីថាលិនបានកើតឡើងយ៉ាងដូចម្ដេចសព្វថ្ងៃនេះ?
១២ ចាប់ពីឆ្នាំ១៩១៩ គ្រិស្តបន្តដឹកនាំខ្ញុំបម្រើស្មោះត្រង់ដែលចេះពិចារណា ឲ្យសង្កត់ធ្ងន់លើកិច្ចការផ្សព្វផ្សាយ។ លោកបានប្រគល់កិច្ចការផ្សព្វផ្សាយដល់អ្នកកាន់តាមលោកនៅសតវត្សរ៍ទី១។ (ម៉ាថ. ២៨:១៩, ២០) ដើម្បីឲ្យអ្នកកាន់តាមលោកដែលនឹងឡើងទៅស្ថានសួគ៌ផ្សព្វផ្សាយសព្វគ្រប់ នោះលោកបានបញ្ជាក់គុណសម្បត្ដិដែលពួកគេត្រូវមាន។ តើលោកបានបញ្ជាក់គុណសម្បត្ដិទាំងនោះយ៉ាងដូចម្ដេច? លោកបានរៀបរាប់ឧទាហរណ៍អំពីស្ត្រីក្រមុំ១០នាក់។ ក្នុងឧទាហរណ៍នោះ លោកយេស៊ូបានបញ្ជាក់ថា អ្នកដែលនឹងឡើងទៅស្ថានសួគ៌ត្រូវចាំយាមជានិច្ច បើពួកគេចង់សម្រេចគោលដៅរបស់ពួកគេ ពោលគឺចូលរួមក្នុងពិធីមង្គលការនៅស្ថានសួគ៌ ពេលគ្រិស្តនឹងជួបជុំជាមួយនឹង«កូនក្រមុំ»របស់លោក គឺ១៤៤.០០០នាក់។ (បប. ២១:២) រួចមក ក្នុងឧទាហរណ៍អំពីថាលិន លោកយេស៊ូបានបង្រៀនថា អ្នកបម្រើរបស់លោកដែលនឹងឡើងទៅស្ថានសួគ៌ត្រូវខ្នះខ្នែងបំពេញកិច្ចផ្សព្វផ្សាយដែលលោកបានប្រគល់ឲ្យពួកគេ។—ម៉ាថ. ២៥:១-៣០
១៣ ក្នុងអំឡុង១០០ឆ្នាំកន្លងទៅហើយនេះ គ្រិស្តសាសនិកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌បានចាំយាមនិងខំខ្នះខ្នែង។ ពួកគាត់ប្រាកដជានឹងទទួលពរដោយសារបានចាំយាមជានិច្ច! ក៏ប៉ុន្តែ តើកិច្ចការច្រូតកាត់គឺត្រឹមតែជាការប្រមូលមនុស្សដើម្បីបង្គ្រប់ចំនួន១៤៤.០០០នាក់ដែលនឹងគ្រប់គ្រងជាមួយនឹងគ្រិស្តប៉ុណ្ណោះឬ?
រាជាណាចក្ររបស់ព្រះប្រមូលរាស្ត្រនៅផែនដី!
១៤, ១៥. តើសៀវភៅការបញ្ចប់សេចក្ដីអាថ៌កំបាំងបានរៀបរាប់អំពីមនុស្សបួនក្រុមអ្វី?
១៤ តាំងពីយូរយារមកហើយ មនុស្សស្មោះត្រង់ចង់ដឹងយ៉ាងខ្លាំងថា«មនុស្សមួយក្រុមធំ»ដែលបានត្រូវរៀបរាប់នៅការបើកបង្ហាញ ៧:៩-១៤ ជានរណា។ ដូច្នេះ មុនគ្រិស្តបានបើកបង្ហាញឲ្យយល់ថាក្រុមដ៏ធំនេះជាអ្នកណានោះ អ្វីជាច្រើនដែលបានត្រូវសរសេរអំពីក្រុមធំនោះ គឺខុសគ្នាឆ្ងាយពីសេចក្ដីពិតដ៏ច្បាស់ស្រួលយល់ដែលយើងដឹងនិងស្រឡាញ់សព្វថ្ងៃនេះ។
១៥ នៅឆ្នាំ១៩១៧ សៀវភៅចំណងជើងថាការបញ្ចប់សេចក្ដីអាថ៌កំបាំង (The Finished Mystery) បានចែងថា៖ «មានក្រុមពីរដែលនឹងត្រូវសង្គ្រោះ ហើយយកឡើងទៅស្ថានសួគ៌។ មានក្រុមពីរទៀតដែលនឹងត្រូវសង្គ្រោះ ហើយរស់នៅផែនដី»។ តើអ្នកណានៅក្នុងក្រុមទាំងបួននេះ? ក្រុមទី១ មាន១៤៤.០០០នាក់ដែលនឹងគ្រប់គ្រងជាមួយនឹងគ្រិស្ត។ ក្រុមទី២ គឺជាមនុស្សមួយក្រុមធំ។ នៅសម័យនោះ ពួកគេបានយល់ថាមនុស្សមួយក្រុមធំជាសមាជិកនិកាយផ្សេងៗនៃពិភពគ្រិស្តសាសនា។ សមាជិកទាំងនោះមានជំនឿខ្លះ តែជំនឿរបស់ពួកគេគឺមិនរឹងមាំល្មមនឹងធ្វើឲ្យពួកគេរក្សាភក្ដីភាពចំពោះព្រះជានិច្ចទេ។ ដូច្នេះ ពួកគេនឹងឡើងទៅស្ថានសួគ៌តែនឹងមានឋានៈទាបជាង។ ចំណែកអ្នកដែលនឹងរស់នៅផែនដីវិញ បងប្អូនធ្លាប់ជឿថាក្រុមទី៣ គឺ«មនុស្សពីសម័យបុរាណដែលសមទទួលសេចក្ដីសង្គ្រោះ» ពោលគឺអ្នកស្មោះត្រង់ដូចអាប្រាហាំ ម៉ូសេនិងអ្នកឯទៀត ហើយអ្នកទាំងនេះនឹងគ្រប់គ្រងលើក្រុមទី៤ គឺមនុស្សជាតិទាំងឡាយ។
១៦. នៅឆ្នាំ១៩២៣និងឆ្នាំ១៩៣២ តើមានការបំភ្លឺអំពីអ្វី?
១៦ តើតាមរបៀបណាសកម្មពលបរិសុទ្ធបានដឹកនាំអ្នកកាន់តាមគ្រិស្តឲ្យមានការយល់ដឹងដែលយើងស្រឡាញ់សព្វថ្ងៃនេះ? នោះបានកើតឡើងបន្ដិចម្ដងៗ តាមរយៈការបំភ្លឺ។ សូម្បីតែនៅឆ្នាំ១៩២៣ក៏ដោយ ទស្សនាវដ្ដីប៉មយាមបានបញ្ជាក់អំពីមនុស្សមួយក្រុមដែលគ្មានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ ហើយថាពួកគេនឹងរស់នៅ ផែនដីក្រោមការគ្រប់គ្រងរបស់គ្រិស្ត។ នៅឆ្នាំ១៩៣២ ទស្សនាវដ្ដីប៉មយាមពន្យល់ថាក្នុងសង្គ្រាមប្រឆាំងនឹងការគោរពប្រណិប័តន៍មិនពិត យ៉ូណាដាបបានគាំទ្រយេហ៊ូវ ជាស្តេចដែលព្រះបានតែងតាំង។ (២ព. ១០:១៥-១៧) អត្ថបទនោះបានបញ្ជាក់ថា មានមនុស្សមួយក្រុមនៅសម័យនេះ ដែលប្រៀបដូចជាយ៉ូណាដាប ហើយបានរៀបរាប់ថាព្រះយេហូវ៉ានឹងការពារក្រុមនេះ«ឲ្យរួចជីវិតនៅហាម៉ាគេដូន»ដើម្បីឲ្យពួកគេរស់នៅផែនដី។
១៧. (ក) នៅឆ្នាំ១៩៣៥ តើមានការបំភ្លឺអំពីអ្វី? (ខ) ពេលគ្រិស្តសាសនិកស្មោះត្រង់មានការយល់ដឹងថ្មីអំពីមនុស្សមួយក្រុមធំ តើការយល់ដឹងនោះមានឥទ្ធិពលយ៉ាងណាទៅលើពួកគេ? (សូមមើលប្រអប់ដែលមានចំណងជើងថា« បងប្អូនជាច្រើនមានអារម្មណ៍ធូរស្រាល»)
១៧ នៅឆ្នាំ១៩៣៥ មានពន្លឺភ្លឺយ៉ាងត្រចះ។ នៅមហាសន្និបាតនាក្រុងវ៉ាស៊ីនតោនឌីស៊ី មានការបញ្ជាក់ថាមនុស្សមួយក្រុមធំនឹងរស់នៅផែនដី ហើយគឺដូចគ្នានឹងក្រុមដែលលោកយេស៊ូបានរៀបរាប់ក្នុងឧទាហរណ៍អំពីសត្វចៀមនិងសត្វពពែ។ (ម៉ាថ. ២៥:៣៣-៤០) មនុស្សមួយក្រុមធំនេះនៅក្នុងចំណោម«ចៀមឯទៀត»ដែលលោកយេស៊ូមានប្រសាសន៍ថា៖ «ខ្ញុំត្រូវនាំចៀមទាំងនោះមកដែរ»។ (យ៉ូន. ១០:១៦) ពេលដែលបងចូសេហ្វ រ៉ូធើហ្វឺត ដែលជាអ្នកថ្លែងបាននិយាយថា៖ «សូមបងប្អូនទាំងអស់ដែលមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅផែនដីក្រោកឈរឡើង» នោះជាងពាក់កណ្ដាលចំនួនអ្នកចូលរួមបានក្រោកឈរឡើងតែម្ដង! ក្រោយមក បងរ៉ូធើហ្វឺតឧទានថា៖ «មើលហ្ន៎! មនុស្សមួយក្រុមធំ!»។ បងប្អូនជាច្រើនបានរំជួលចិត្តដោយសារឥឡូវអាចយល់ពីសេចក្ដីសង្ឃឹមរបស់ខ្លួនចំពោះអនាគត។
១៨. តើអ្នកកាន់តាមគ្រិស្តបានផ្ចង់អារម្មណ៍ទៅលើកិច្ចបម្រើផ្សាយយ៉ាងដូចម្ដេច ហើយតើមានលទ្ធផលយ៉ាងណា?
១៨ តាំងពីពេលនោះមក គ្រិស្តបានដឹកនាំរាស្ត្ររបស់លោកឲ្យផ្ចង់អារម្មណ៍ទៅលើការប្រមូលអ្នកដែលអាចធ្វើជាសមាជិកមនុស្សមួយក្រុមធំ ដែលនឹងរួចជីវិតនៅគ្រាទុក្ខវេទនាជាខ្លាំងដោយសុវត្ថិភាព។ នៅដើមដំបូង អ្នកដែលបានត្រូវប្រមូលនោះមិនសូវមានច្រើនទេ។ មានពេលមួយបងរ៉ូធើហ្វឺត បាននិយាយថា៖ «តាមមើលទៅ ‹មនុស្សមួយក្រុមធំ›នោះមិនសូវធំប៉ុន្មានទេ»។ ប៉ុន្តែឥឡូវនេះយើងឃើញថាព្រះយេហូវ៉ាបានឲ្យពរយ៉ាងបរិបូរទៅលើកិច្ចការប្រមូលនេះ! ក្រោមការដឹកនាំរបស់គ្រិស្តនិងសកម្មពលបរិសុទ្ធ ទាំងគ្រិស្តសាសនិកដែលនឹងឡើងទៅស្ថានសួគ៌និងបងប្អូនរួមជំនឿរបស់ពួកគេពី«ចៀមឯទៀត» បានទៅជា«ហ្វូងតែមួយ» ហើយបម្រើក្រោមការដឹកនាំរបស់«គង្វាលតែម្នាក់» ដូចលោកយេស៊ូបានមានប្រសាសន៍ទុកជាមុននោះ។
១៩. តើយើងអាចជួយមនុស្សមួយក្រុមធំឲ្យមានគ្នាកាន់តែច្រើនយ៉ាងដូចម្ដេច?
១៩ មនុស្សស្មោះត្រង់ភាគច្រើននឹងរស់ជារៀងរហូតក្នុងសួនឧទ្យាននៅផែនដី ក្រោមការគ្រប់គ្រងរបស់គ្រិស្ត និង១៤៤.០០០នាក់ដែលគ្រប់គ្រងជាមួយនឹងលោក។ ពេលដែលយើងពិចារណាអំពីរបៀបដែលគ្រិស្តបានដឹកនាំរាស្ត្ររបស់ព្រះឲ្យមានសេចក្ដីសង្ឃឹមដ៏ច្បាស់ និងដែលមានមូលដ្ឋានលើគម្ពីរ យើងពិតជារីករាយណាស់ មែន ទេ? ម្យ៉ាងទៀត យើងមានឯកសិទ្ធិខ្ពង់ខ្ពស់ណាស់ គឺយើងអាចផ្សព្វផ្សាយប្រាប់អ្នកឯទៀតអំពីសេចក្ដីសង្ឃឹមនោះ! សូមឲ្យយើងទាំងអស់គ្នាចូលរួមអស់ពីសមត្ថភាព ដើម្បីជួយមនុស្សមួយក្រុមធំឲ្យមានគ្នាកាន់តែច្រើនឡើងៗ ហើយសរសើរនាមរបស់ព្រះយេហូវ៉ាកាន់តែខ្លាំងឡើង!—សូមអាន លូកា ១០:២
តើយើងត្រូវធ្វើដូចម្ដេច ទើបចាត់ទុកថា មានភក្ដីភាពចំពោះរាជាណាចក្ររបស់ព្រះ?
២០. តើអង្គការរបស់សាថានមានផ្នែកអ្វីខ្លះ ហើយតើនេះទាក់ទងនឹងភក្ដីភាពរបស់គ្រិស្តសាសនិកយ៉ាងដូចម្ដេច?
២០ កាលដែលរាស្ត្ររបស់ព្រះបន្តរៀនអំពីរាជាណាចក្ររបស់លោក ពួកគេក៏ត្រូវយល់យ៉ាងពេញលេញអំពីអត្ថន័យនៃភក្ដីភាពចំពោះរដ្ឋាភិបាលស្ថានសួគ៌នោះដែរ។ ស្តីអំពីរឿងនេះ ទស្សនាវដ្ដីប៉មយាម ឆ្នាំ១៩២២ បានលើកបញ្ជាក់ថា មានអង្គការពីរកំពុងធ្វើសកម្មភាព គឺអង្គការរបស់ព្រះយេហូវ៉ា និងអង្គការរបស់សាថាន។ អង្គការរបស់សាថានមានបីផ្នែក គឺប្រព័ន្ធពាណិជ្ជកម្ម សាសនា និងនយោបាយ។ អ្នកដែលមានភក្ដីភាពចំពោះរាជាណាចក្ររបស់ព្រះក្រោមការគ្រប់គ្រងរបស់គ្រិស្ត មិនត្រូវមានទំនាក់ទំនងដោយមិនសមរម្យជាមួយនឹងផ្នែកណាមួយនៃអង្គការរបស់សាថានទេ។ (២កូ. ៦:១៧) បើនិយាយឲ្យប្រាកដ តើភក្ដីភាពចំពោះរាជាណាចក្ររបស់ព្រះមានន័យដូចម្ដេច?
២១. (ក) តើខ្ញុំបម្រើស្មោះត្រង់បានព្រមានរាស្ត្ររបស់ព្រះអំពីពាណិជ្ជកម្មយ៉ាងដូចម្ដេច? (ខ) នៅឆ្នាំ១៩៦៣ តើទស្សនាវដ្ដីប៉មយាមបានបើកបង្ហាញអ្វីអំពី«បាប៊ីឡូនដ៏ខ្លាំងក្លា»?
២១ ម្ដងហើយម្ដងទៀត សេចក្ដីបង្រៀនពីខ្ញុំបម្រើស្មោះត្រង់បានបកអាក្រាតនូវភាពពុករលួយ និងភាពខូចអាក្រក់របស់ពាណិជ្ជកម្ម ហើយបានព្រមានរាស្ត្ររបស់ព្រះកុំឲ្យចាញ់ឥទ្ធិពលនៃប្រព័ន្ធពាណិជ្ជកម្ម ដោយឈ្លក់វង្វេងនឹងទ្រព្យសម្បត្ដិ។ (ម៉ាថ. ៦:២៤) ដូចគ្នាដែរ សៀវភៅរបស់យើងក៏តែងតែបញ្ជាក់អំពីសាសនាដែលជាផ្នែកនៃអង្គការរបស់សាថានដែរ។ នៅឆ្នាំ១៩៦៣ ទស្សនាវដ្ដីប៉មយាមបានបង្ហាញច្បាស់ថា«បាប៊ីឡូនដ៏ខ្លាំងក្លា»មិនគ្រាន់តែជាតំណាងពិភពគ្រិស្តសាសនាប៉ុណ្ណោះទេ តែជាសាសនាមិនពិតទាំងអស់ទូទាំងពិភពលោក។ ដូច្នេះ ដូចយើងនឹងរៀនឲ្យបានស៊ីជម្រៅនៅជំពូកទី១០នៃសៀវភៅនេះ រាស្ត្ររបស់ព្រះនៅគ្រប់កន្លែងនិងគ្រប់វប្បធម៌បានត្រូវជួយឲ្យ«ចេញពីក្រុងនោះមក» ដោយជម្រះខ្លួនកុំឲ្យប្រឡូកប្រឡាក់នឹងសាសនាមិនពិតឲ្យសោះ។—បប. ១៨:២, ៤
២២. ក្នុងសង្គ្រាមលោកលើកទី១ តើរាស្ត្រជាច្រើនរបស់ព្រះបានយល់ថារ៉ូម ១៣:១ មានន័យដូចម្ដេច?
២២ ចុះយ៉ាងណាវិញនយោបាយដែលជាផ្នែកនៃអង្គការរបស់សាថាននោះ? តើគ្រិស្តសាសនិកពិតអាចចូលរួមក្នុងសង្គ្រាមនិងទំនាស់ផ្សេងៗរបស់ពិភពលោកនេះឬ? ក្នុងសង្គ្រាមលោកលើកទី១ និស្សិតគម្ពីរបានយល់ជាទូទៅថា អ្នកកាន់តាមគ្រិស្តមិនត្រូវរួមចំណែកក្នុងការសម្លាប់មនុស្សទេ។ (ម៉ាថ. ២៦:៥២) ក៏ប៉ុន្តែ សម្រាប់ និស្សិតគម្ពីរជាច្រើន ការដាស់តឿននៅរ៉ូម ១៣:១ដែលថា ត្រូវស្ដាប់បង្គាប់«ពួកអាជ្ញាធរ» មានន័យថាពួកគេត្រូវចូលធ្វើទាហាន ពាក់ឯកសណ្ឋានទាហាន និងត្រូវប្រដាប់អាវុធដែរ។ ប៉ុន្តែពេលដែលពួកគេបានទទួលបង្គាប់ឲ្យបាញ់សត្រូវ និស្សិតគម្ពីរបានបាញ់ឡើងលើវិញ។
២៣, ២៤. ក្នុងសង្គ្រាមលោកលើកទី២ តើយើងបានយល់ថារ៉ូម ១៣:១មានន័យដូចម្ដេច ហើយតើអ្នកកាន់តាមគ្រិស្តបានត្រូវដឹកនាំឲ្យយល់ត្រឹមត្រូវជាងយ៉ាងដូចម្ដេច?
២៣ កាលដែលសង្គ្រាមលោកលើកទី២កំពុងផ្ទុះឡើងនៅឆ្នាំ១៩៣៩ ទស្សនាវដ្ដីប៉មយាមបានពន្យល់យ៉ាងស៊ីជម្រៅអំពីអព្យាក្រឹតភាព។ អត្ថបទនោះបានបញ្ជាក់ច្បាស់ថា គ្រិស្តសាសនិកពិតមិនចូលរួមសោះក្នុងសង្គ្រាម ឬទំនាស់រវាងប្រជាជាតិនានាក្នុងពិភពលោកសាថាន។ ការណែនាំនោះគឺទាន់ពេលមែន! អ្នកកាន់តាមគ្រិស្តបានត្រូវការពារមិនឲ្យមានទោសឈាមយ៉ាងធ្ងន់ដែលប្រជាជាតិនានាមានក្នុងសង្គ្រាមនោះ។ ក៏ប៉ុន្តែ ចាប់តាំងពីឆ្នាំ១៩២៩ សៀវភៅផ្សេងៗរបស់យើងបានវែកញែកថា ពួកអាជ្ញាធរនៅរ៉ូម ១៣:១ មិនមែនជារដ្ឋាភិបាលមនុស្សទេ តែជាព្រះយេហូវ៉ានិងលោកយេស៊ូវិញ។ ដូច្នេះបងប្អូននៅតែត្រូវយល់ដឹងឲ្យបានត្រឹមត្រូវជាងអំពីរឿងនេះ។
២៤ នៅឆ្នាំ១៩៦២ សកម្មពលបរិសុទ្ធបានដឹកនាំអ្នកកាន់តាមគ្រិស្តឲ្យយល់ត្រឹមត្រូវជាង ពេលដែលអត្ថបទសំខាន់អំពីរ៉ូម ១៣:១-៧ បានត្រូវបោះពុម្ពក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែវិច្ឆិកា និងថ្ងៃទី១ ខែធ្នូ។ នៅពេលនោះ រាស្ត្ររបស់ព្រះអាចយល់គោលការណ៍ស្តីអំពីការចុះចូលដោយមានល័ក្ខខ័ណ្ឌ ដូចប្រសាសន៍ដ៏ ល្បីរបស់លោកយេស៊ូដែលថា៖ «អ្វីដែលជារបស់សេសារ ចូរសងសេសារវិញ តែអ្វីដែលជារបស់ព្រះ ចូរសងព្រះវិញ»។ (លូក. ២០:២៥) ឥឡូវនេះ គ្រិស្តសាសនិកពិតយល់ថា ពួកអាជ្ញាធរគឺជារដ្ឋាភិបាលរបស់ពិភពលោកនេះ ហើយគ្រិស្តសាសនិកត្រូវចុះចូលនឹងរដ្ឋាភិបាលទាំងនោះ។ ក៏ប៉ុន្តែការចុះចូលនោះមានកម្រិត។ ពេលដែលពួកអាជ្ញាធរសុំយើងឲ្យធ្វើអ្វីមួយដែលខុសពីបង្គាប់របស់ព្រះយេហូវ៉ា នោះយើងឆ្លើយដូចពួកសាវ័កនៅសម័យបុរាណថា៖ «យើងត្រូវស្ដាប់បង្គាប់ព្រះជាអ្នកគ្រប់គ្រង ជាជាងមនុស្ស»។ (សកម្ម. ៥:២៩) នៅជំពូកទី១៣និង១៤នៃសៀវភៅនេះ យើងនឹងរៀនថែមទៀតអំពីរបៀបដែលរាស្ត្ររបស់ព្រះបានអនុវត្តគោលការណ៍ស្តីអំពីអព្យាក្រឹតភាព។
២៥. ហេតុអ្វីអ្នកឲ្យតម្លៃការដឹកនាំពីសកម្មពលបរិសុទ្ធដែលជួយឲ្យយល់អំពីរាជាណាចក្ររបស់ព្រះ?
២៥ សូមគិតអំពីអ្វីៗដែលអ្នកកាន់តាមគ្រិស្តបានត្រូវបង្រៀនស្តីអំពីរាជាណាចក្រក្នុងអំឡុង១០០ឆ្នាំកន្លងទៅហើយនេះ។ យើងបានរៀនអំពីពេលរាជាណាចក្ររបស់ព្រះបានចាប់ផ្ដើមគ្រប់គ្រងនៅស្ថានសួគ៌ និងអំពីសារៈសំខាន់នៃរាជាណាចក្រនោះ។ យើងយល់ច្បាស់ថាមនុស្សស្មោះត្រង់មានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ ឬរស់នៅផែនដីជារៀងរហូត។ យើងក៏បានរៀនរបៀបបង្ហាញភក្ដីភាពចំពោះរាជាណាចក្រព្រះ កាលដែលយើងចុះចូលនឹងរដ្ឋាភិបាលរបស់ពិភពលោកនេះដោយមានល័ក្ខខ័ណ្ឌ។ សូមសួរខ្លួនអ្នកថា‹បើលោកយេស៊ូគ្រិស្តមិនបានដឹកនាំខ្ញុំបម្រើស្មោះត្រង់នៅផែនដីឲ្យយល់សេចក្ដីពិតនិងបង្រៀនសេចក្ដីពិតវិសេសៗទាំងនោះទេ តើខ្ញុំនឹងអាចយល់បានឬ?›។ ពិតជាពរដ៏វិសេសណាស់ដែលយើងមានគ្រិស្តនិងសកម្មពលបរិសុទ្ធដឹកនាំយើង!
a សៀវភៅស្រាវជ្រាវមួយបញ្ជាក់ថា ពាក្យភាសាក្រិចដែលបកប្រែថា«ដឹកនាំ»ក្នុងខនេះ មានន័យថា«បង្ហាញផ្លូវ»។
b មុនពេលនោះ បងប្អូនធ្លាប់គិតថានេះបញ្ជាក់អំពីសង្គ្រាមរវាងសាសនាកាតូលិកក្រុងរ៉ូមនិងសាសនាក្រៅពីគ្រិស្តសាសនានៅក្រុងរ៉ូម។
c នៅខែមិថុនា ឆ្នាំ១៨៨០ ទស្សនាវដ្ដីប៉មយាមបានចែងថា ១៤៤.០០០នាក់ជាជនជាតិយូដាដែលដូរសាសនាមកកាន់គ្រិស្តសាសនាមុនឆ្នាំ១៩១៤។ ក៏ប៉ុន្តែ ក្រោយមកនៅឆ្នាំ១៨៨០ដដែលនោះ មានការពន្យល់ថ្មីដែលស្រដៀងនឹងអ្វីដែលយើងជឿឥឡូវនេះ។