សំបុត្រពីគណៈអភិបាល
ជូនចំពោះបងប្អូនជាអ្នកផ្សាយអំពីរាជាណាចក្ររបស់ព្រះ:
សូមស្រមៃគិតថានៅព្រឹកថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ១៩១៤ អ្នកជាសមាជិកម្នាក់ក្នុងក្រុមគ្រួសារបេតអែលនៅក្រុងប៊្រុគ្លីន។ មុនស្រស់ស្រូបអាហារពេលព្រឹក អ្នកកំពុងអង្គុយនៅតុត្រង់កន្លែងដែលអ្នកអង្គុយជាធម្មតា ដោយកំពុងរង់ចាំការមកដល់របស់បងឆាល ថេស រ៉ាសិល។ ស្រាប់តែទ្វារចូលបន្ទប់បានត្រូវបើកឡើង ហើយបងរ៉ាសិលចូលមក។ គាត់ឈប់មួយភ្លែតតាមទម្លាប់របស់គាត់ ហើយញញឹមដោយនិយាយថា៖ «អរុណសួស្តីបងប្អូនទាំងអស់គ្នា»។ លុះនិយាយចប់ហើយ គាត់មិនទៅអង្គុយភ្លាមនៅក្បាលតុដូចធម្មតាទេ តែគាត់បានទះដៃ រួចប្រកាសដំណឹងដ៏គួរឲ្យរំភើបចិត្តថា៖ «គ្រាគ្រប់គ្រងរបស់ពួកស្តេចនៃប្រជាជាតិនានាបានចប់ហើយ!»។ ឮដូច្នេះ អ្នករំភើបចិត្តខ្លាំងណាស់ ពីព្រោះអ្នកបានទន្ទឹងរង់ចាំគ្រានោះជាយូរមកហើយ តាំងពីអ្នកបានទទួលការជ្រមុជទឹកមកម្ល៉េះ! អ្នកទះដៃយ៉ាងយូរជាមួយនឹងបងប្អូនក្រុមគ្រួសារបេតអែលដើម្បីអបអរចំពោះដំណឹងដ៏គួរឲ្យរំភើបចិត្តនេះ។
ជិត១០០ឆ្នាំកន្លងទៅហើយ តាំងពីពេលដែលបងរ៉ាសិលបានធ្វើសេចក្ដីប្រកាសដ៏គួរឲ្យរំភើបចិត្តនេះ។ តើរាជាណាចក្ររបស់ព្រះបានសម្រេចអ្វីខ្លះតាំងពីពេលនោះមក? បានសម្រេចកិច្ចការជា
ច្រើនណាស់! តាមរយៈការរៀបចំរបស់រាជាណាចក្រនេះ បន្ដិចម្ដងៗព្រះយេហូវ៉ាបានសម្រិតសម្រាំងនិងបង្ហាត់បង្រៀនរាស្ត្ររបស់លោក តាំងពីពួកគេមានគ្នាតែប៉ុន្មានពាន់នាក់នៅឆ្នាំ១៩១៤ រហូតដល់ពួកគេមានគ្នាជិត៨លាននាក់នៅសព្វថ្ងៃនេះ។ តើអ្នកបានទទួលប្រយោជន៍ពីការបង្ហាត់បង្រៀននេះយ៉ាងដូចម្ដេច?សព្វថ្ងៃនេះ យើងច្រើនតែឮបងប្អូនរបស់យើងនិយាយថា៖ «រទេះរបស់ព្រះយេហូវ៉ានៅស្ថានសួគ៌កំពុងធ្វើដំណើរទៅមុខ!»។ នេះគឺជាការពិតមែន។ ក៏ប៉ុន្តែ តាមការពិត តាំងពីឆ្នាំ១៩១៤ រទេះរបស់ព្រះយេហូវ៉ាដែលជាតំណាងផ្នែកនៅស្ថានសួគ៌នៃអង្គការរបស់លោក បានធ្វើដំណើរទៅមុខលឿនណាស់។ អ្នកនឹងយល់ដូច្នេះបើអ្នកអានសៀវភៅនេះដោយយកចិត្តទុកដាក់។ ដោយមានបំណងផ្សព្វផ្សាយដំណឹងល្អនៅទូទាំងពិភពលោក អ្នកផ្សាយដំណឹងអំពីរាជាណាចក្របានប្រើវិធីថ្មីៗជាច្រើន រួមមានការផ្សព្វផ្សាយតាមសារព័ត៌មាន ការហែក្បួន ការបញ្ចាំងរូបភាព កាតផ្សព្វផ្សាយ ថាសសំឡេង វិទ្យុ និងតាមប្រព័ន្ធអ៊ីនធឺណិតទៀតផង។
ដោយសារព្រះយេហូវ៉ាឲ្យពរមកលើកិច្ចការរបស់យើង នោះនៅសព្វថ្ងៃនេះយើងអាចបោះពុម្ពផ្សាយសៀវភៅស្អាតៗដែលមានមូលដ្ឋានពីគម្ពីរច្រើនជាង៧០០ភាសា ហើយអាចចែកជូនមនុស្សទាំងអស់ដោយឥតគិតថ្លៃ។ នៅប្រទេសជឿនលឿននិងនៅប្រទេសដែលខ្វះធនធាន អ្នកបម្រើស្ម័គ្រចិត្តដែលលះបង់ប្រយោជន៍ខ្លួនបានជួយសង់សាលប្រជុំ សាលសន្និបាត និងអគារសម្រាប់ការិយាល័យសាខា។ ម្យ៉ាងទៀត ពេលមានគ្រោះមហន្តរាយ បងប្អូនជាទីស្រឡាញ់របស់យើងប្រញាប់ទៅជួយនៅតំបន់ដែលរងគ្រោះ ហើយដោយធ្វើដូច្នេះពួកគាត់បង្ហាញថា ពួកគាត់ពិតជាបាន«កើតមកសំរាប់គ្រាលំបាក»មែន។—សុភ. ១៧:១៧
ជួនកាល មេដឹកនាំសាសនា និងអ្នកប្រឆាំង«បង្កើតការប្រទូសរ៉ាយ ដោយអាងមាត្រាច្បាប់»។ ប៉ុន្តែម្ដងហើយម្ដងទៀត ពេលយើងឃើញថា ការខំព្យាយាមរបស់ពួកគេបែរជា«ជួយធ្វើឲ្យដំណឹងល្អជឿនទៅមុខវិញ» នេះពិតជាពង្រឹងជំនឿរបស់យើងខ្លាំងណាស់។—ទំនុក. ៩៤:២០; ភី. ១:១២
យើងចាត់ទុកថាការរួមការងារជាមួយនឹងបងប្អូនជាទីស្រឡាញ់ដែលជា«ខ្ញុំបម្រើឯទៀត» ជាកិត្ដិយសខ្ពង់ខ្ពស់សម្រាប់យើងខ្ញុំ។ យើងសូមជម្រាបបងប្អូនថា យើងស្រឡាញ់បងប្អូនខ្លាំងណាស់។ យើងអធិដ្ឋានដោយសង្ឃឹមថា ព័ត៌មានក្នុងសៀវភៅនេះនឹងជួយបងប្អូនឲ្យចាត់ទុកកេរដំណែលដែលបងប្អូនបានទទួលពីព្រះថាមានតម្លៃខ្ពស់បំផុត។—ម៉ាថ. ២៤:៤៥
ដោយសេចក្ដីស្រឡាញ់
បងប្អូនរបស់អ្នក
Governing Body of Jehovah’s Witnesses
(គណៈអភិបាលនៃសាក្សីព្រះយេហូវ៉ា)