លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១៣

ចូរ​ឲ្យ​តម្លៃ​ជីវិត​ដែល​ជា​អំណោយ​ពី​ព្រះ

ចូរ​ឲ្យ​តម្លៃ​ជីវិត​ដែល​ជា​អំណោយ​ពី​ព្រះ

១​. តើ​អ្នក​ណា​ផ្ដល់​ជីវិត​ឲ្យ​យើង?

ព្រះ​យេហូវ៉ា​គឺ​ជា​«​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​នៅ​»។ (​យេរេមា ១០:១០​) លោក​គឺ​ជា​អ្នក​បង្កើត​មនុស្សជាតិ ដូច្នេះ​លោក​បាន​ផ្ដល់​ជីវិត​ឲ្យ​យើង។ គម្ពីរ​ចែង​ថា​៖ ​«​លោក​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់ ហើយ​អ្វី​ៗ​ទាំង​អស់​នោះ​បាន​កើត​មក ក៏​មាន​នៅ​ផង ដោយ​សារ​បំណង​ប្រាថ្នា​របស់​លោក​»។ (​ការ​បើក​បង្ហាញ ៤:១១​) ពិត​ណាស់ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​មាន​ជីវិត។ ជីវិត​គឺ​ជា​អំណោយ​ដ៏​មាន​តម្លៃ​ពី​ព្រះ ពី​ព្រោះ​លោក​«​ជា​ប្រភព​នៃ​ជីវិត​»។ទំនុក​តម្កើង ៣៦:១០, ខ.ស.

២​. តើ​យើង​អាច​ជោគ​ជ័យ​ក្នុង​ជីវិត​យ៉ាង​ដូច​ម្ដេច?

ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង​នូវ​អ្វី​ៗ​ដែល​យើង​ត្រូវ​ការ​ដើម្បី​មាន​ជីវិត ដូច​ជា​អាហារ​និង​ទឹក​ជា​ដើម។ (​សកម្មភាព ១៧:២៨​) ប៉ុន្ដែ​លើស​ជាង​នោះ​ទៅ​ទៀត លោក​ចង់​ឲ្យ​យើង​មាន​អំណរ​ក្នុង​ជីវិត។ (​សកម្មភាព ១៤:១៥​-​១៧​) ដើម្បី​ជោគ​ជ័យ​ក្នុង​ជីវិត យើង​ត្រូវ​ធ្វើ​តាម​បញ្ញត្ដិ​របស់​ព្រះ។—អេសាយ ៤៨:១៧, ១៨

ទស្សនៈ​របស់​ព្រះ​ចំពោះ​ជីវិត

៣​. តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ក្រោយ​ពី​កាអ៊ីន​បាន​សម្លាប់​អេបិល?

គម្ពីរ​បង្រៀន​ថា​ជីវិត​យើង​និង​ជីវិត​របស់​មនុស្ស​ឯ​ទៀត​គឺ​មាន​តម្លៃ​ណាស់​ចំពោះ​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ ពេល​កាអ៊ីន​ដែល​ជា​កូន​ប្រុស​របស់​អាដាម​និង​អេវ៉ា បាន​ខឹង​យ៉ាង​ខ្លាំង​ចំពោះ​អេបិល​ដែល​ជា​ប្អូន ព្រះ​យេហូវ៉ា​បាន​ព្រមាន​កាអ៊ីន​ថា​គាត់​ត្រូវ​តែ​ទប់​កំហឹង។ ប៉ុន្ដែ កាអ៊ីន​មិន​បាន​ស្តាប់​ព្រះ​ទេ ហើយ​គាត់​ខឹង​យ៉ាង​ខ្លាំង​រហូត​ដល់​«​សំឡាប់​អេបិល​ជា​ប្អូន​ទៅ​»។ (​លោកុប្បត្ដិ ៤:៣​-​៨​) ព្រះ​យេហូវ៉ា​បាន​ដាក់​ទោស​កាអ៊ីន​ដោយ​សារ​គាត់​បាន​សម្លាប់​អេបិល។ (​លោកុប្បត្ដិ ៤:៩​-​១១​) ហេតុ​នេះ កំហឹង​និង​ការ​ស្អប់​គឺ​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់ ពី​ព្រោះ​វា​អាច​ធ្វើ​ឲ្យ​យើង​ទៅ​ជា​មនុស្ស​សាហាវ​ឃោរ​ឃៅ។ មនុស្ស​ដូច​នោះ​នឹង​មិន​អាច​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ឡើយ។ (​សូម​អាន យ៉ូហាន​ទី១ ៣:១៥) ដើម្បី​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ដ យើង​ត្រូវ​តែ​រៀន​ឲ្យ​ចេះ​ស្រឡាញ់​មនុស្ស​ទាំង​អស់។—យ៉ូហាន​ទី១ ៣:១១, ១២

៤​. ស្ដី​អំពី​ជីវិត​ដែល​ជា​អំណោយ​ពី​ព្រះ តើ​ច្បាប់​មួយ​ដែល​ព្រះ​បាន​ឲ្យ​ទៅ​ជន​ជាតិ​អ៊ីស្រាអែល​បង្រៀន​យើង​អំពី​អ្វី?

រាប់​ពាន់​ឆ្នាំ​ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ថា​ជីវិត​នៅ​តែ​មាន​តម្លៃ​ចំពោះ​លោក កាល​ដែល​លោក​ឲ្យ​បញ្ញត្ដិ​១០​ប្រការ​ទៅ​ម៉ូសេ។ បញ្ញត្ដិ​មួយ​ចែង​ថា​៖ ​«​កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យ​សោះ​»។ (​ចោទិយកថា ៥:១៧​) បើ​បុគ្គល​ម្នាក់​សម្លាប់​អ្នក​ណា​ម្នាក់​ដោយ​ចេតនា នោះ​គាត់​នឹង​ត្រូវ​គេ​ប្រហារ​ជីវិត។

៥​. តើ​ព្រះ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ការ​ពន្លូត​កូន?

តើ​ព្រះ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ការ​ពន្លូត​កូន? សូម្បី​តែ​ជីវិត​របស់​កូន​ដែល​មិន​ទាន់​កើត​ក៏​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា​ដែរ។ ក្នុង​ច្បាប់​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ទៅ​ជន​ជាតិ​អ៊ីស្រាអែល លោក​បាន​ប្រាប់​ថា​បើ​អ្នក​ណា​ម្នាក់​ធ្វើ​ឲ្យ​ស្ដ្រី​មាន​ផ្ទៃ​ពោះ​រង​របួស ហើយ​រលូត​កូន​នាង អ្នក​នោះ​នឹង​ត្រូវ​គេ​ប្រហារ​ជីវិត។ (​សូម​អាន និក្ខមនំ ២១:២២, ២៣; ទំនុក​តម្កើង ១២៧:៣​) នេះ​បង្រៀន​យើង​ថា​ការ​ពន្លូត​កូន​គឺ​ខុស (​សូម​មើលលេខ​២៨​ក្នុង​កំណត់​នៅ​ចុង​សៀវភៅ​)។

៦, ៧​. តើ​តាម​របៀប​ណា​យើង​បង្ហាញ​ព្រះ​យេហូវ៉ា​ថា​យើង​ឲ្យ​តម្លៃ​ជីវិត?

តើ​តាម​របៀប​ណា​យើង​អាច​បង្ហាញ​ព្រះ​យេហូវ៉ា​ថា​យើង​ឲ្យ​តម្លៃ​ជីវិត​យើង​និង​ជីវិត​អ្នក​ឯ​ទៀត? គឺ​ដោយ​មិន​ធ្វើ​អ្វី​មួយ​ដែល​អាច​នាំ​ឲ្យ​យើង​និង​អ្នក​ដទៃ​មាន​គ្រោះ​ថ្នាក់។ ដូច្នេះ យើង​នឹង​មិន​ប្រើ​គ្រឿង​ញៀន ជក់​បារី ឬ​ទំពា​ស្លា​ម្លូ​ទេ ពី​ព្រោះ​វា​ធ្វើ​ឲ្យ​យើង​ខូច​សុខភាព ថែម​ទាំង​អាច​ធ្វើ​ឲ្យ​យើង​ស្លាប់​ទៀត​ផង។

ព្រះ​បាន​ផ្ដល់​ជីវិត​និង​រូប​កាយ​ឲ្យ​យើង ដូច្នេះ​យើង​គួរ​ប្រើ​ជីវិត​និង​រូប​កាយ​យើង​ឲ្យ​ស្រប​តាម​គោល​បំណង​របស់​លោក។ យើង​ត្រូវ​ថែ​រក្សា​រូប​កាយ​យើង បើ​មិន​ដូច្នោះ​ទេ ព្រះ​នឹង​ចាត់​ទុក​យើង​ថា​មិន​ស្អាត​បរិសុទ្ធ។ (​រ៉ូម ៦:១៩; ១២:១; កូរិនថូស​ទី២ ៧:១​) យើង​មិន​អាច​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​អ្នក​ដែល​ផ្ដល់​ជីវិត​ឲ្យ​យើង​បាន​ឡើយ បើ​យើង​មិន​ឲ្យ​តម្លៃ​ជីវិត​យើង។ ទោះ​បី​ជា​ការ​កែ​ប្រែ​ទម្លាប់​អាក្រក់​ប្រហែល​ជា​ពិបាក​ក៏​ដោយ តែ​ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង បើ​យើងបង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ជីវិត ហើយ​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​កែ​ប្រែ​ទម្លាប់​ទាំង​នោះ។

៨​. តើ​យើង​នឹង​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ឲ្យ​ប្រាកដ​ថា​យើង​មិន​បណ្ដាល​ឲ្យ​ខ្លួន​ឬ​អ្នក​ឯ​ទៀត​មាន​គ្រោះ​ថ្នាក់?

យើង​បាន​រៀន​ហើយ​ថា​ជីវិត​គឺ​ជា​អំណោយ​ដ៏​មាន​តម្លៃ​ពី​ព្រះ។ ព្រះ​យេហូវ៉ា​មាន​ទំនុក​ចិត្ដ​ថា​យើង​នឹង​ព្យាយាម​អស់​ពី​សមត្ថភាព​មិន​ធ្វើ​អ្វី​ណា​មួយ​ដែល​បណ្ដាល​ឲ្យ​យើង ឬ​អ្នក​ឯ​ទៀត​មាន​គ្រោះ​ថ្នាក់​ទេ។ យើង​ធ្វើ​ដូច្នេះ​ក្នុង​របៀប​ដែល​យើង​បើក​បរ​ឡាន ម៉ូតូ ឬ​យាន​យន្ដ​ផ្សេង​ទៀត។ យើង​ក៏​មិន​លេង​កីឡា​ឃោរ​ឃៅ​ឬ​កីឡា​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដែរ។ (​ទំនុក​តម្កើង ១១:៥​) ម្យ៉ាង​ទៀត យើង​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​ផ្ទះ​របស់​យើង​ទៅ​ជា​កន្លែង​ដែល​មាន​សុវត្ថិភាព។ ព្រះ​យេហូវ៉ា​បាន​បង្គាប់​ជន​ជាតិ​អ៊ីស្រាអែល​ថា​៖ ​«​កាល​ណា​សង់​ផ្ទះ​ថ្មី នោះ​ត្រូវ​ឲ្យ​ធ្វើ​បង្កាន់​ដៃ​លើ​ដំបូល ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ណា​ធ្លាក់​ពី​លើ​នោះ​ទៅ​ក្រោម​នឹង​នាំ​ឲ្យ​មាន​ទោស​ចំពោះ​ឈាម​គេ​លើ​ផ្ទះ​ឯង​ឡើយ​»។—ចោទិយកថា ២២:៨

៩​. តើ​យើង​គួរ​ប្រព្រឹត្ដ​យ៉ាង​ណា​ទៅ​លើ​សត្វ?

សូម្បី​តែ​របៀប​ដែល​យើង​ប្រព្រឹត្ដ​ទៅ​លើ​សត្វ​ក៏​សំខាន់​ចំពោះ​ព្រះ​យេហូវ៉ា​ដែរ។ ព្រះ​អនុញ្ញាត​ឲ្យ​យើង​សម្លាប់​សត្វ​សម្រាប់​ធ្វើ​ជា​អាហារ​និង​សម្លៀក​បំពាក់ ឬ​ដើម្បី​ការពារ​ខ្លួន​ពី​គ្រោះ​ថ្នាក់។ (​លោកុប្បត្ដិ ៣:២១; ៩:៣; និក្ខមនំ ២១:២៨​) ប៉ុន្ដែ ការ​ប្រព្រឹត្ដ​ឃោរ​ឃៅ​ឬ​ឥត​មេត្ដា​ទៅ​លើ​សត្វ ឬ​ក៏​សម្លាប់​សត្វ​ជា​ការ​កម្សាន្ដ​គឺ​ជា​ការ​ខុស។—សុភាសិត ១២:១០

ចូរ​គោរព​ភាព​ពិសិដ្ឋ​នៃ​ជីវិត

១០​. តើ​តាម​របៀប​ណា​យើង​ដឹង​ថា​ឈាម​តំណាង​ជីវិត?

១០ ឈាម​គឺ​ពិសិដ្ឋ​ចំពោះ​ព្រះ​យេហូវ៉ា ពី​ព្រោះ​ឈាម​តំណាង​ជីវិត។ ក្រោយ​ពី​កាអ៊ីន​បាន​សម្លាប់​អេបិល ព្រះ​យេហូវ៉ា​ប្រាប់​កាអ៊ីន​ថា​៖ ​«​សូរ​សំរែក​នៃ​ឈាម​របស់​ប្អូន​ឯង​ពី​ដី​ឡើង​ទៅ​ដល់​អញ​»។ (​លោកុប្បត្ដិ ៤:១០​) ឈាម​របស់​អេបិល​តំណាង​ជីវិត​របស់​គាត់ ដូច្នេះ​ព្រះ​យេហូវ៉ា​បាន​ដាក់​ទោស​កាអ៊ីន​ដោយ​សារ​គាត់​បាន​សម្លាប់​អេបិល។ ក្រោយ​ពី​ទឹក​ជំនន់​នៅ​សម័យ​ណូអេ ព្រះ​យេហូវ៉ា​បាន​បញ្ជាក់​ម្ដង​ទៀត​ថា​ឈាម​គឺ​តំណាង​ជីវិត។ ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​ណូអេ​និង​ក្រុម​គ្រួសារ​របស់​គាត់បរិភោគ​សាច់​សត្វ។ លោក​បាន​ប្រាប់​ថា​៖ ​«​បណ្ដា​សត្វ​ទាំង​ប៉ុន្មាន​ដែល​កំរើក​ហើយ​នៅ​រស់ នោះ​នឹង​បាន​ជា​អាហារ​ដល់​ឯង ដូច​ជា​តិណជាតិ​ទាំង​អស់​ដែល​អញ​បាន​ឲ្យ​ដល់​ឯង​នោះ​ដែរ​»។ ប៉ុន្ដែ ព្រះ​យេហូវ៉ា​បាន​ហាម​ពួក​គេ​មិន​ឲ្យ​បរិភោគ​អ្វី​មួយ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​តែ​សាច់​ណា​ដែល​នៅ​មាន​ជីវិត គឺ​ជា​ឈាម នោះ​កុំ​ឲ្យ​បរិភោគ​ឡើយ​»។—លោកុប្បត្ដិ ១:២៩; ៩:៣, ៤

១១​. តើ​ព្រះ​បាន​ឲ្យ​បញ្ញត្ដិ​អ្វី​ទៅ​ប្រជា​ជាតិ​អ៊ីស្រាអែល​ស្ដី​អំពី​ឈាម?

១១ ប្រហែល​ជា​៨០០​ឆ្នាំ​ក្រោយ​ពី​ព្រះ​យេហូវ៉ា​បាន​ហាម​ណូអេ​មិន​ឲ្យ​បរិភោគ​ឈាម លោក​បាន​បង្គាប់​រាស្ដ្រ​របស់​លោក​ម្ដង​ទៀត​ថា​៖ ​«​ឯ​អ្នក​ណា​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រាអែល ឬ​ក្នុង​ពួក​អ្នក​ប្រទេស​ក្រៅ​នៅ​ជា​មួយ ដែល​ដេញ​ចាប់​បាន​សត្វ​ជើង​៤ ឬ​សត្វ​ស្លាប ដែល​បរិភោគ​បាន ត្រូវ​ឲ្យ​អ្នក​នោះ​សំរក់​ឈាម​ចោល​ចេញ រួច​យក​ដី​គ្រប​វិញ​»។ បន្ទាប់​មក លោក​មាន​ប្រសាសន៍​ថា​៖ ​«​ឯង​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​ឈាម​»​ឡើយ។ (​លេវីវិន័យ ១៧:១៣, ១៤​) ព្រះ​យេហូវ៉ា​នៅ​តែ​ចង់​ឲ្យ​រាស្ដ្រ​របស់​លោក​ចាត់​ទុក​ថា​ឈាម​គឺ​ពិសិដ្ឋ។ ពួក​គេ​អាច​បរិភោគ​សាច់​បាន តែ​មិន​អាច​បរិភោគ​ឈាម​ទេ។ ពេល​ពួក​គេ​សម្លាប់​សត្វ​ដើម្បី​បរិភោគ ពួក​គេ​ត្រូវ​សម្រក់​ឈាម​សត្វ​នោះ​ទៅ​ដី។

១២​. តើ​គ្រិស្ដ​សាសនិក​ពិត​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ឈាម?

១២ ប៉ុន្មាន​ឆ្នាំ​ក្រោយ​ពី​លោក​យេស៊ូ​បាន​ស្លាប់ ពួក​សាវ័ក​និង​បុរស​ចាស់​ទុំ​នៃ​ក្រុម​ជំនុំ​គ្រិស្ដ​សាសនិក​បាន​ជួប​គ្នា​ក្នុង​ក្រុង​យេរូសាឡិម ដើម្បី​សម្រេច​ថា​តើ​ផ្នែក​ណា​មួយ​នៃ​ច្បាប់​ម៉ូសេ​ដែល​ព្រះ​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល នៅ​តែ​ទាក់​ទង​នឹង​គ្រិស្ដ​សាសនិក។ (​សូម​អាន សកម្មភាព ១៥:២៨, ២៩; ២១:២៥​) ព្រះ​យេហូវ៉ា​បាន​ជួយ​ពួក​គេ​ឲ្យ​យល់​ថា​ឈាម​នៅ​តែ​មាន​តម្លៃ​ចំពោះ​លោក ហើយ​ថា​ពួក​គេ​ត្រូវ​តែ​ចាត់​ទុក​ឈាម​ជា​អ្វី​ដែល​ពិសិដ្ឋ។ ពួក​គ្រិស្ដ​សាសនិក​នៅ​សតវត្សរ៍​ទី១​មិន​អាច​បរិភោគ​ឬ​ផឹក​ឈាម​ទេ ហើយ​ក៏​មិន​អាច​បរិភោគ​សាច់​ដែល​គេ​មិន​បាន​សម្រក់​ឈាម​តាម​វិធី​ត្រឹម​ត្រូវ​ដែរ។ បើ​ពួក​គេ​បរិភោគ​ឈាម នោះ​គឺ​អាក្រក់​ដូច​ជា​ការ​គោរព​បូជា​រូប​ព្រះ​ឬ​ការ​ប្រព្រឹត្ដ​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ដែរ។ ចាប់​តាំង​ពី​ពេល​នោះ​មក គ្រិស្ដ​សាសនិក​ពិត​បាន​បដិសេធ​បរិភោគ​ឬ​ក៏​ផឹក​ឈាម។ ចុះ​យ៉ាង​ណា​វិញ​សព្វ​ថ្ងៃ​នេះ? ព្រះ​យេហូវ៉ា​នៅ​តែ​ចង់​ឲ្យ​យើង​ចាត់​ទុក​ថា​ឈាម​គឺ​ពិសិដ្ឋ។

១៣​. ហេតុ​អ្វី​គ្រិស្ដ​សាសនិក​ពិត​មិន​ព្រម​ទទួល​ការ​ចាក់​បញ្ចូល​ឈាម?

១៣ តើ​នេះ​មាន​ន័យ​ថា​គ្រិស្ដ​សាសនិក​ពិត​គួរ​តែ​បដិសេធ​ការ​ចាក់​បញ្ចូល​ឈាម​ដែរ​ឬ? ពិត​មែន​ហើយ។ ព្រះ​យេហូវ៉ា​បាន​ហាម​យើង​មិន​ឲ្យ​បរិភោគ​ឬ​ផឹក​ឈាម។ ជា​ឧទាហរណ៍ បើ​គ្រូ​ពេទ្យ​ប្រាប់​ថា អ្នក​ត្រូវ​ជៀស​វាង​ការ​ពិសា​ស្រា តើ​នេះ​មាន​ន័យ​ថា​អ្នក​អាច​ចាក់​បញ្ចូល​ស្រា​តាម​សរសៃ​ឈាម​ឬ? ប្រាកដ​ជា​មិន​មាន​ន័យ​ដូច្នេះ​ទេ! ស្រដៀង​គ្នា​ដែរ ច្បាប់​ដែល​ថា​មិន​ត្រូវ​បរិភោគ​ឬ​ផឹក​ឈាម​មាន​ន័យ​ថា យើង​នឹង​មិន​ទទួល​ការ​ចាក់​បញ្ចូល​ឈាម​ឡើយ (​សូម​មើលលេខ​២៩​ក្នុង​កំណត់​នៅ​ចុង​សៀវភៅ​)។

១៤, ១៥​. តើ​គ្រិស្ដ​សាសនិក​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ជីវិត? តើ​ពួក​គេ​នឹង​ឈប់​ស្តាប់​បង្គាប់​ព្រះ​ដោយ​គ្រាន់​តែ​ចង់​ពន្យារ​ជីវិត​របស់​ពួក​គេ​ប៉ុណ្ណោះ​ឬ? សូម​ពន្យល់។

១៤ ចុះ​បើ​គ្រូ​ពេទ្យ​ប្រាប់​ថា​យើង​នឹង​ស្លាប់ បើ​យើង​មិន​ព្រម​ទទួល​ការ​ចាក់​បញ្ចូល​ឈាម? បុគ្គល​ម្នាក់​ៗ​ត្រូវ​សម្រេច​ចិត្ដ​ដោយ​ខ្លួន​ឯង​ថា តើ​គាត់​នឹង​ធ្វើ​តាម​ច្បាប់​ព្រះ​ស្ដី​អំពី​ឈាម​ឬ​ទេ? គ្រិស្ដ​សាសនិក​ពិត​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​ចំពោះ​ជីវិត​ដែល​ជា​អំណោយ​ពី​ព្រះ ហើយ​យើង​នឹង​ស្វែង​រក​វិធី​ព្យាបាល​ផ្សេង​ទៀត​ដើម្បី​បន្ដ​រស់​នៅ តែ​យើង​នឹង​មិន​ព្រម​ទទួល​ការ​ចាក់​បញ្ចូល​ឈាម​ឡើយ។

១៥ យើង​ខំ​ព្យាយាម​រក្សា​ឲ្យ​មាន​សុខភាព​ល្អ ប៉ុន្ដែ​ដោយ​សារ​ឈាម​តំណាង​ជីវិត​និង​មាន​តម្លៃ​ណាស់​ចំពោះ​ព្រះ នោះ​យើង​នឹង​មិន​ទទួល​ការ​ចាក់​បញ្ចូល​ឈាម​ទេ។ បន្ថែម​ទៅ​ទៀត ការ​ស្តាប់​បង្គាប់​ព្រះ​គឺ​សំខាន់​ជាង​ការ​ខំ​ព្យាយាម​ពន្យារ​ជីវិត​របស់​យើង​ដោយ​មិន​ស្តាប់​បង្គាប់​លោក។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ណា​ដែល​ចង់​រក្សា​ជីវិត​ខ្លួន អ្នក​នោះ​នឹង​បាត់​បង់​ជីវិត។ តែ​អ្នក​ណា​ដែល​បាត់​បង់​ជីវិត​ព្រោះ​តែ​ខ្ញុំ អ្នក​នោះ​នឹង​បាន​ជីវិត​វិញ​»។ (​ម៉ាថាយ ១៦:២៥​) យើង​ចង់​ស្តាប់​បង្គាប់​ព្រះ​យេហូវ៉ា​ពី​ព្រោះ​យើង​ស្រឡាញ់​លោក។ ព្រះ​ជ្រាប​ច្បាស់​អំពី​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​យើង។ ដូច្នេះ យើង​ចង់​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ដែរ​ដោយ​ចាត់​ទុក​ថា​ជីវិត​ជា​អ្វី​ដែល​មាន​តម្លៃ​និង​ពិសិដ្ឋ។—ហេប្រឺ ១១:៦

១៦​. ហេតុ​អ្វី​អ្នក​បម្រើ​ព្រះ​ស្តាប់​បង្គាប់​លោក?

១៦ អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​ព្រះ​តាំង​ចិត្ដ​ធ្វើ​តាម​ច្បាប់​របស់​លោក​ស្ដី​អំពី​ឈាម។ ពួក​គេ​នឹង​មិន​បរិភោគ​ឬ​ផឹក​ឈាម​ទេ ហើយ​ក៏​មិន​ព្រម​ទទួល​ការ​ចាក់​បញ្ចូល​ឈាម​ក្នុង​ការ​ព្យាបាល​ដែរ។ * យ៉ាង​ណា​ក្ដី ពួក​គេ​នឹង​ព្រម​ទទួល​ការ​ព្យាបាល​ផ្សេង​ទៀត​ដើម្បី​សង្គ្រោះ​ជីវិត។ ពួក​គេ​ជឿ​ជាក់​ថា​ព្រះ​ដែល​ជា​អ្នក​បង្កើត​ជីវិត​និង​ឈាម​ជ្រាប​អំពី​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​ពួក​គេ។ តើ​អ្នក​ជឿ​ដូច្នេះ​ដែរ​ឬ​ទេ?

វិធី​តែ​មួយ​គត់​ដែល ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​ប្រើ​ឈាម

១៧​. នៅ​អ៊ីស្រាអែល​សម័យ​បុរាណ តើ​អ្វី​ជា​វិធី​តែ​មួយ​គត់​ដែល​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​ប្រើ​ឈាម?

១៧ ក្នុង​ច្បាប់​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ម៉ូសេ លោក​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ថា​៖ ​«​ជីវិត​នៃ​រូប​សាច់ នោះ​នៅ​ក្នុង​ឈាម ហើយ​អញ​បាន​ឲ្យ​ឈាម​ដល់​ឯង​រាល់​គ្នា សំ​រាប់​នឹង​ថ្វាយ​នៅ​លើ​អាស​នា ដើម្បី​ឲ្យ​បាន​ធួន​នឹង​ជីវិត​ឯង[​ឬ​សុំ​ការ​អភ័យ​ទោស​]។ ដ្បិត​គឺ​ជា​ឈាម​នោះ​ឯង​ដែល​ធួន​នឹង​ព្រលឹង​បាន​»។ (​លេវីវិន័យ ១៧:១១​) ពេល​ពួក​អ៊ីស្រាអែល​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង ពួក​គេ​អាច​សុំ​ការ​អភ័យ​ទោស​ពី​ព្រះ​យេហូវ៉ា​ដោយ​ជូន​សត្វ​ជា​គ្រឿង​បូជា ហើយ​សុំ​សង្ឃ​សម្រក់​ឈាម​សត្វ​នោះ​នៅ​លើ​ទី​បូជា​ក្នុង​វិហារ។ នេះ​គឺ​ជា​វិធី​តែ​មួយ​គត់​ដែល​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ប្រើ​ឈាម។

១៨​. តាម​រយៈ​គ្រឿង​បូជា​របស់​លោក​យេស៊ូ តើ​យើង​មាន​ឱកាស​ទទួល​អ្វី?

១៨ ពេល​លោក​យេស៊ូ​មក​ផែន​ដី លោក​បាន​ជំនួស​ច្បាប់​សម្រាប់​ការ​ជូន​សត្វ​ជា​គ្រឿង​បូជា ដោយ​ប្រគល់​ជីវិត​ឬ​ឈាម​លោក​ដើម្បី​ឲ្យ​យើង​ទទួល​ការ​អភ័យ​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​យើង។ (​ម៉ាថាយ ២០:២៨; ហេប្រឺ ១០:១​) ជីវិត​លោក​យេស៊ូ​គឺ​មាន​តម្លៃ​ខ្លាំង​ណាស់ ពី​ព្រោះ​ក្រោយ​ពី​ព្រះ​យេហូវ៉ា​បាន​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌ ព្រះ​អាច​ផ្ដល់​ឱកាស​ឲ្យ​មនុស្ស​ទាំង​អស់​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។—យ៉ូហាន ៣:១៦; ហេប្រឺ ៩:១១, ១២; ពេត្រុស​ទី១ ១:១៨, ១៩

តើ​តាម​របៀប​ណា​អ្នក​អាច​បង្ហាញ​ថា​អ្នក​ឲ្យ​តម្លៃ​ជីវិត​និង​ឈាម?

១៩​. តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​«​គ្មាន​ទោស​ចំពោះ​ឈាម​របស់​មនុស្ស​ណា​ម្នាក់​»​?

១៩ យើង​ដឹង​គុណ​ព្រះ​យេហូវ៉ា​ចំពោះ​ជីវិត​ដែល​ជា​អំណោយ​ដ៏​អស្ចារ្យ! យើង​ចង់​ប្រាប់​មនុស្ស​ឯ​ទៀត​ថា​បើ​ពួក​គេ​មាន​ជំនឿ​លើ​លោក​យេស៊ូ នោះ​ពួក​គេ​អាច​រស់​ជា​រៀង​រហូត។ យើង​ស្រឡាញ់​មនុស្ស​ឯ​ទៀត ដូច្នេះ​យើង​នឹង​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​អាច​បង្រៀន​ពួក​គេ​អំពី​របៀប​ទទួល​ជីវិត​ដូច​នោះ។ (​អេសេគាល ៣:១៧​-​២១​) បន្ទាប់​មក ដូច​សាវ័ក​ប៉ូល​ដែរ យើង​នឹង​អាច​និយាយ​ថា​៖ ​«​ខ្ញុំ​គ្មាន​ទោស​ចំពោះ​ឈាម​របស់​មនុស្ស​ណា​ម្នាក់​ទេ ព្រោះ​ខ្ញុំ​មិន​បាន​ខាន​ប្រាប់​អ្នក​រាល់​គ្នា​នូវ​ឱវាទ​ណា​មួយ​របស់​ព្រះ​ឡើយ​»។ (​សកម្មភាព ២០:២៦, ២៧​) យើង​ពិត​ជា​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​ចំពោះ​ជីវិត​និង​ឈាម នៅ​ពេល​យើង​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ព្រះ​យេហូវ៉ា​និង​ទស្សនៈ​របស់​លោក​ចំពោះ​ជីវិត។

^ វគ្គ 16 ដើម្បី​ទទួល​ព័ត៌មាន​ថែម​ទៀត​ស្ដី​អំពី​ការ​ប្រើ​ឈាម សូម​មើល​សៀវភៅ​«​ចូរ​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់​»​ ទំព័រ​៨៧​-​៨៩ បោះ​ពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។