លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី១

តើ​ព្រះ​ពិត​ជា​អ្នក​ណា?

តើ​ព្រះ​ពិត​ជា​អ្នក​ណា?

១, ២​. ជា​ញឹក​ញយ តើ​មនុស្ស​សួរ​សំណួរ​អ្វី​ខ្លះ?

កូន​ក្មេង​ពូកែ​សួរ​សំណួរ​ណាស់ មែន​ទេ? អ្នក​ប្រហែល​ជា​ពន្យល់​រឿង​ខ្លះ​ដល់​ពួក​គេ ប៉ុន្ដែ​ពួក​គេ​ច្រើន​តែ​សួរ​ថា ‹ហេតុ​អ្វី?›។ ពេល​ដែល​អ្នក​ព្យាយាម​ប្រាប់​ចម្លើយ ពួក​គេ​ប្រហែល​ជា​សួរ​សំណួរ​ថែម​ទៀត​ថា ‹ប៉ុន្ដែ​ហេតុ​អ្វី?›។

ទោះ​ជា​យើង​ចាស់​ឬ​ក្មេង​ក៏​ដោយ យើង​ទាំង​អស់​គ្នា​ចេះ​សួរ​សំណួរ។ រាល់​ថ្ងៃ យើង​ប្រហែល​ជា​ចង់​ដឹង​ថា​យើង​នឹង​បរិភោគ​អ្វី ឬ​ស្លៀក​ពាក់​អ្វី ឬ​ក៏​ត្រូវ​ទិញ​អ្វី​ខ្លះ​ជា​ដើម។ ម្យ៉ាង​ទៀត យើង​ក៏​ប្រហែល​ជា​ចង់​ដឹង​ចម្លើយ​ចំពោះ​សំណួរ​សំខាន់​ៗ​អំពី​ជីវិត​និង​អនាគត​ដែរ។ ប៉ុន្ដែ ពេល​យើង​មិន​អាច​រក​ឃើញ​ចម្លើយ​ដែល​ធ្វើ​ឲ្យ​យើង​អស់​ចិត្ដ នោះ​យើង​ប្រហែល​ជា​ឈប់​ស្វែង​រក​ចម្លើយ​ទៀត។

៣​. ហេតុ​អ្វី​មនុស្ស​ជា​ច្រើន​មិន​អាច​រក​ឃើញ​ចម្លើយ​ចំពោះ​សំណួរ​សំខាន់​ៗ​ដែល​ពួក​គេ​ឆ្ងល់?

តើ​គម្ពីរ​មាន​ចម្លើយ​ចំពោះ​សំណួរ​សំខាន់​ៗ​ដែល​យើង​សួរ​ឬ​ទេ? មនុស្ស​ខ្លះ​ប្រហែល​ជា​គិត​ថា​មាន។ យ៉ាង​ណា​ក្ដី ពួក​គេ​មាន​អារម្មណ៍​ថា​ចម្លើយ​ក្នុង​គម្ពីរ​គឺ​ពិបាក​យល់​ពេក។ ពួក​គេ​ទំនង​ជា​គិត​ថា​មាន​តែ​អ្នក​បង្ហាត់​បង្រៀន​សាសនា​ប៉ុណ្ណោះ​ដែល​អាច​យល់​បាន។ ចំណែក​ឯ​អ្នក​ខ្លះ​ទៀត​ខ្មាស​មិន​ហ៊ាន​ប្រាប់​ត្រង់​ថា​ពួក​គេ​មិន​ដឹង​ចម្លើយ​នោះ​ទេ។ ចុះ​អ្នក​វិញ​គិត​យ៉ាង​ណា​ដែរ?

៤, ៥​. តើ​អ្នក​មាន​សំណួរ​ដ៏​សំខាន់​អ្វី​ខ្លះ? ហេតុ​អ្វី​អ្នក​គួរ​ស្វែង​រក​ឥត​ឈប់​នូវ​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នោះ?

អ្នក​ប្រហែល​ជា​ចង់​ដឹង​ចម្លើយ​ចំពោះ​សំណួរ​ដូច​ជា: តើ​អ្វី​ជា​គោល​បំណង​នៃ​ជីវិត? តើ​នឹង​មាន​អ្វី​កើត​ឡើង​ពេល​ដែល​ខ្ញុំ​ស្លាប់? តើ​ព្រះ​ជា​បុគ្គល​បែប​ណា? លោក​យេស៊ូ​ដែល​ជា​គ្រូ​ដ៏​ល្បី​ល្បាញ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​សុំ​ឥត​ឈប់ នោះ​អ្នក​នឹង​ទទួល ចូរ​រក​ឥត​ឈប់ នោះ​អ្នក​នឹង​រក​ឃើញ ចូរ​គោះ​ទ្វារ​ឥត​ឈប់ នោះ​ទ្វារ​នឹង​ត្រូវ​បើក​ឲ្យ​»។ (​ម៉ាថាយ ៧:៧​) សូម​បន្ដ​ស្វែង​រក​រហូត​ដល់​អ្នក​រក​ឃើញ​ចម្លើយ​ដែល​អ្នក​អាច​ទុក​ចិត្ដ​បាន។

ពិត​មែន បើ​អ្នក​«​រក​ឥត​ឈប់​»​ អ្នក​នឹង​រក​ចម្លើយ​ឃើញ។ ចម្លើយ​នោះ​គឺ​មាន​នៅ​ក្នុង​គម្ពីរ​បរិសុទ្ធ។ (​សុភាសិត ២:១​-​៥​) ចម្លើយ​ទាំង​នេះ​មិន​ពិបាក​យល់​ទេ។ អ្វី​ដែល​អ្នក​រៀន​នឹង​ផ្ដល់​ឲ្យ​អ្នក​មាន​សុភមង្គល​ច្រើន​ជាង​នៅ​ឥឡូវ​នេះ និង​មាន​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​សម្រាប់​អនាគត​ផង​ដែរ។ សូម​យើង​ពិចារណា​អំពី​សំណួរ​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​យល់​ខុស។

តើ​ព្រះ​យក​ចិត្ដ​ទុក​ដាក់​នឹង​យើង​ឬ​ទេ?

៦​. ហេតុ​អ្វី​មនុស្ស​ខ្លះ​គិត​ថា​ព្រះ​មិន​អើពើ​នឹង​ទុក្ខ​វេទនា​របស់​ពួក​គេ?

មនុស្ស​ជា​ច្រើន​គិត​ថា​ព្រះ​មិន​យក​ចិត្ដ​ទុក​ដាក់​នឹង​យើង​ទេ។ ពួក​គេ​មាន​អារម្មណ៍​ថា​បើ​ព្រះ​ពិត​ជា​ខ្វល់​ខ្វាយ​អំពី​យើង​មែន ពិភព​លោក​នឹង​មាន​ស្ថានភាព​ខុស​ពី​នេះ​ឆ្ងាយ​ណាស់ ពី​ព្រោះ​យើង​ទាំង​អស់​គ្នា​ឃើញ​មាន​សង្គ្រាម ការ​ស្អប់​គ្នា និង​ទុក្ខ​វេទនា​នៅ​គ្រប់​ទី​កន្លែង។ បន្ថែម​ទៅ​ទៀត មនុស្ស​ធ្លាក់​ខ្លួន​ឈឺ រង​ទុក្ខ​វេទនា ហើយ​ស្លាប់។ អ្នក​ខ្លះ​ឆ្ងល់​ថា ‹បើ​ព្រះ​យក​ចិត្ដ​ទុក​ដាក់​នឹង​យើង​មែន ហេតុ​អ្វី​លោក​មិន​បញ្ឈប់​ទុក្ខ​វេទនា​ទាំង​អស់​នេះ?›។

៧​. (​ក​) តើ​ពួក​អ្នក​ដឹក​នាំ​សាសនា​បង្រៀន​មនុស្ស​យ៉ាង​ដូច​ម្ដេច​ថា​ព្រះ​គឺ​គ្មាន​មេត្ដា? (​ខ​) ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​ព្រះ​មិន​មែន​ជា​ដើម​ហេតុ​នៃ​រឿង​អាក្រក់​ដែល​បាន​កើត​ឡើង?

ជួន​កាល ពួក​អ្នក​ដឹក​នាំ​សាសនា​ធ្វើ​ឲ្យ​មនុស្ស​ជឿ​ថា​ព្រះ​គឺ​គ្មាន​មេត្ដា។ ពេល​ដែល​មាន​រឿង​អាក្រក់​ណា​មួយ​កើត​ឡើង ពួក​គេ​និយាយ​ថា​នេះ​ជា​បំណង​ប្រាថ្នា​របស់​ព្រះ ហើយ​ថែម​ទាំង​ប្រាប់​ទៀត​ថា​ព្រះ​ចង់​ឲ្យ​មាន​រឿង​អាក្រក់​នេះ​កើត​ឡើង។ ពេល​ពួក​គេ​និយាយ​ដូច្នេះ ពួក​គេ​ពិត​ជា​កំពុង​ទម្លាក់​កំហុស​ទៅ​លើ​ព្រះ។ ប៉ុន្ដែ គម្ពីរ​បង្រៀន​ថា​ព្រះ​មិន​មែន​ជា​ដើម​ហេតុ​នៃ​រឿង​អាក្រក់​ឡើយ។ សៀវភៅ​យ៉ាកុប ១:១៣ ប្រាប់​យើង​ថា​ព្រះ​មិន​ដែល​ល្បង​ល​អ្នក​ណា​ដោយ​សេចក្ដី​អាក្រក់​ទេ។ បទ​គម្ពីរ​នោះ​ចែង​ថា​៖ ​«​ពេល​ដែល​ជួប​ទុក្ខ​លំបាក កុំ​ឲ្យ​អ្នក​ណា​និយាយ​ថា​៖ ‹ព្រះ​កំពុង​ល្បង​ល​ខ្ញុំ›។ ព្រោះ​គ្មាន​អ្នក​ណា​អាច​ល្បង​ល​ព្រះ​ដោយ​សេចក្ដី​អាក្រក់​ឡើយ ហើយ​ព្រះ​ក៏​មិន​ល្បង​ល​អ្នក​ណា​ដោយ​សេចក្ដី​អាក្រក់​ដែរ​»។ នេះ​មាន​ន័យ​ថា ទោះ​ជា​ព្រះ​មិន​ទាន់​បញ្ឈប់​រឿង​អាក្រក់​ផ្សេង​ៗ​ក្ដី តែ​លោក​មិន​ដែល​ធ្វើ​ឲ្យ​រឿង​ទាំង​នោះ​កើត​ឡើង​ឡើយ។ (​សូម​អាន យ៉ូប ៣៤:១០​-​១២) សូម​ពិចារណា​ឧទាហរណ៍​មួយ។

៨, ៩​. ហេតុ​អ្វី​គឺ​អយុត្ដិធម៌​បើ​ទម្លាក់​កំហុស​ទៅ​លើ​ព្រះ​ចំពោះ​បញ្ហា​របស់​យើង? សូម​លើក​ឧទាហរណ៍​មួយ។

ជា​ឧទាហរណ៍ បុរស​វ័យ​ក្មេង​ម្នាក់​រស់​នៅ​ផ្ទះ​ជា​មួយ​នឹង​ឪ​ពុក​ម្ដាយ​គាត់។ ឪ​ពុក​ស្រឡាញ់​គាត់​ខ្លាំង​ណាស់ ហើយ​បាន​បង្រៀន​គាត់​អំពី​របៀប​ធ្វើ​ការ​សម្រេច​ចិត្ដ​ត្រឹម​ត្រូវ។ ក្រោយ​មក កូន​នោះ​បែរ​ជា​រឹង​រូស​លែង​ចង់​ស្តាប់​បង្គាប់​ឪ​ពុក​ទៀត រួច​ក៏​ចាក​ចេញ​ពី​ផ្ទះ។ កូន​នោះ​បាន​ប្រព្រឹត្ដ​អំពើ​អាក្រក់​ជា​ច្រើន ហើយ​ក៏​ជួប​ទុក្ខ​លំបាក។ តើ​អ្នក​នឹង​ទម្លាក់​កំហុស​ទៅ​លើ​ឪ​ពុក​ចំពោះ​ទុក្ខ​លំបាក​ដែល​បាន​កើត​ឡើង​ចំពោះ​កូន ដោយ​សារ​តែ​ឪ​ពុក​មិន​ព្រម​ឃាត់​កូន​កុំ​ឲ្យ​ចាក​ចេញ​ពី​ផ្ទះ​ឬ? មិន​មែន​ដូច្នោះ​ទេ! (​លូកា ១៥:១១​-​១៣​) ដូច​ឪ​ពុក​នោះ​ដែរ ព្រះ​មិន​ឃាត់​មនុស្ស​ពេល​ដែល​ពួក​គេ​សម្រេច​ចិត្ដ​ប្រឆាំង​លោក ហើយ​ធ្វើ​អំពើ​អាក្រក់​នោះ​ឡើយ។ ដូច្នេះ ពេល​មាន​រឿង​អាក្រក់​ណា​មួយ​កើត​ឡើង យើង​គួរ​ចាំ​ថា​ព្រះ​មិន​មែន​ជា​ដើម​ហេតុ​ទេ។ គឺ​អយុត្ដិធម៌​ណាស់ បើ​ទម្លាក់​កំហុស​ទៅ​លើ​ព្រះ!

មាន​មូលហេតុ​ត្រឹម​ត្រូវ​ដែល​ព្រះ​មិន​ទាន់​បញ្ឈប់​រឿង​អាក្រក់​ផ្សេង​ៗ។ ក្នុងជំពូក​ទី​១១នៃ​សៀវភៅ​នេះ អ្នក​នឹង​រៀន​ថែម​ទៀត​អំពី​អ្វី​ដែល​គម្ពីរ​ចែង​អំពី​រឿង​នេះ។ ក៏​ប៉ុន្ដែ អ្នក​អាច​ប្រាកដ​ថា​ព្រះ​ស្រឡាញ់​យើង ហើយ​ថា​លោក​មិន​មែន​ជា​ដើម​ហេតុ​នៃ​បញ្ហា​របស់​យើង​ទេ។ តាម​ពិត គឺ​មាន​តែ​លោក​ប៉ុណ្ណោះ​ដែល​អាច​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​បាន។—អេសាយ ៣៣:២

១០​. ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​ព្រះ​នឹង​បំបាត់​ចោល​ផល​វិបាក​ទាំង​អស់​ដែល​ផ្ដើម​មក​ពី​ការ​ប្រព្រឹត្ដ​អាក្រក់​របស់​មនុស្ស?

១០ ព្រះ​គឺ​បរិសុទ្ធ។ (​អេសាយ ៦:៣​) អ្វី​ទាំង​អស់​ដែល​លោក​ធ្វើ​គឺ​បរិសុទ្ធ ឥត​មន្ទិល ហើយ​ល្អ​ប្រពៃ។ ដូច្នេះ យើង​អាច​ទុក​ចិត្ដ​លោក​បាន តែ​យើង​មិន​អាច​ទុក​ចិត្ដ​មនុស្ស​បាន​ទេ ពី​ព្រោះ​ជួន​កាល​ពួក​គេ​អាច​ក្លាយ​ទៅ​ជា​អាក្រក់​វិញ​ក៏​មាន។ សូម្បី​តែ​អ្នក​គ្រប់​គ្រង​ដែល​ទៀង​ត្រង់​បំផុត ក៏​គ្មាន​សមត្ថភាព​បំបាត់​ចោល​ផល​វិបាក​ទាំង​អស់​ដែល​ផ្ដើម​មក​ពី​ការ​ប្រព្រឹត្ដ​អាក្រក់​របស់​មនុស្ស​ដែរ។ ម្យ៉ាង​ទៀត ពួក​គេ​គ្មាន​សមត្ថភាព​ឬ​អំណាច​ដូច​ព្រះ​ទេ។ ប៉ុន្ដែ ព្រះ​អាច​បំបាត់​ចោល​នូវ​ផល​វិបាក​ទាំង​អស់​ដែល​បណ្ដាល​មក​ពី​មនុស្ស​អាក្រក់។ លោក​នឹង​បំបាត់​ចោល​អំពើ​អាក្រក់​ទាំង​អស់​ឲ្យ​សាប​សូន្យ​ទៅ។—សូម​អាន ទំនុក​តម្កើង ៣៧:៩​-​១១

តើ​ព្រះ​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​មនុស្ស​រង​ទុក្ខ​វេទនា?

១១​. តើ​ព្រះ​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​ទុក្ខ​វេទនា​របស់​អ្នក?

១១ តើ​ព្រះ​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ឃើញ​អ្វី​ដែល​កំពុង​កើត​ឡើង​ក្នុង​ពិភព​លោក​នេះ និង​ក្នុង​ជីវិត​របស់​អ្នក​ផ្ទាល់? គម្ពីរ​បង្រៀន​ថា​ព្រះ‹ស្រឡាញ់​យុត្ដិធម៌›។ (​ទំនុក​តម្កើង ៣៧:២៨​) ដូច្នេះ ចំពោះ​លោក​ការ​ប្រព្រឹត្ដ​ដោយ​យុត្ដិធម៌​ជា​ការ​សំខាន់​ណាស់។ លោក​មិន​ពេញ​ចិត្ដ​សោះ​ឡើយ​ពេល​ឃើញ​មនុស្ស​រង​ទុក្ខ។ គម្ពីរ​ចែង​ថា​៖ ​«​ទ្រង់​មាន​ព្រះ​ហឫទ័យ​ព្រួយ​»​ ពេល​ឃើញ​ពិភព​លោក​ពោរ​ពេញ​ទៅ​ដោយ​អំពើ​អាក្រក់​នៅ​សម័យ​បុរាណ។ (​លោកុប្បត្ដិ ៦:៥, ៦​) មក​ដល់​សព្វ​ថ្ងៃ​នេះ ព្រះ​មិន​បាន​ប្រែ​ប្រួល​ទេ។ (​ម៉ាឡាគី ៣:៦​) គម្ពីរ​ប្រាប់​ថា​ព្រះ​រមែង​គិត​អំពី​អ្នក។—សូម​អាន ពេត្រុស​ទី១ ៥:៧

គម្ពីរ​បង្រៀន​ថា ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត​សកល​លោក​ទាំង​មូល ហើយ​លោក​មាន​សេចក្ដី​ស្រឡាញ់

១២, ១៣​. (​ក​) ហេតុ​អ្វី​យើង​ស្រឡាញ់​ហើយ​យក​ចិត្ដ​ទុក​ដាក់​នឹង​អ្នក​ឯ​ទៀត ហើយ​តើ​យើង​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ទុក្ខ​វេទនា​ក្នុង​ពិភព​លោក​នេះ? (​ខ​) ហេតុ​អ្វី​យើង​អាច​ទុក​ចិត្ដ​ថា​ព្រះ​នឹង​បំបាត់​ចោល​ការ​ឈឺ​ចាប់​ទាំង​អស់​និង​អំពើ​អយុត្ដិធម៌?

១២ គម្ពីរ​ក៏​ចែង​ដែរ​ថា​ព្រះ​បាន​បង្កើត​យើង​ឲ្យ​មាន​ភាព​ដូច​លោក។ (​លោកុប្បត្ដិ ១:២៦​) នេះ​មាន​ន័យ​ថា​ព្រះ​បង្កើត​យើង​ឲ្យ​មាន​គុណ​សម្បត្ដិ​ដូច​លោក។ ដូច្នេះ បើ​អ្នក​ចេះ​ទើស​ចិត្ដ​ពេល​អ្នក​ឃើញ​ជន​ស្លូត​ត្រង់​រង​ការ​ឈឺ​ចាប់ នោះ​អ្នក​អាច​ប្រាកដ​ថា ព្រះ​ទើស​ចិត្ដ​ខ្លាំង​ជាង​អ្នក​ទៅ​ទៀត! តើ​មាន​មូលហេតុ​អ្វី​ទៀត​ដែល​យើង​ដឹង​ដូច្នេះ?

១៣ គម្ពីរ​បង្រៀន​យើង​ថា​៖ ​«​ព្រះ​គឺ​ជា​សេចក្ដី​ស្រឡាញ់​»។ (​យ៉ូហាន​ទី១ ៤:៨​) សេចក្ដី​ស្រឡាញ់​ជំរុញ​ព្រះ​ឲ្យ​ធ្វើ​អ្វី​ៗ​ទាំង​អស់។ ហេតុ​នេះ យើង​មាន​សេចក្ដី​ស្រឡាញ់​ដោយ​សារ​ព្រះ​ជា​សេចក្ដី​ស្រឡាញ់។ សូម​គិត​អំពី​រឿង​នេះ បើ​អ្នក​មាន​អំណាច តើ​អ្នក​នឹង​បំបាត់​ចោល​ការ​ឈឺ​ចាប់​ទាំង​អស់ ព្រម​ទាំង​អំពើ​អយុត្ដិធម៌​ក្នុង​ពិភព​លោក​នេះ​ឬ​ទេ? អ្នក​ប្រាកដ​ជា​នឹង​ធ្វើ​ដូច្នេះ ដោយ​សារ​អ្នក​ស្រឡាញ់​មនុស្ស​ឯ​ទៀត។ ចុះ​ព្រះ​វិញ? លោក​មាន​ឫទ្ធានុភាព ហើយ​ដោយ​សារ​លោក​ស្រឡាញ់​យើង នោះ​លោក​នឹង​បំបាត់​ចោល​ការ​ឈឺ​ចាប់​ទាំង​អស់ ព្រម​ទាំង​អំពើ​អយុត្ដិធម៌​ផង។ អ្នក​អាច​ជឿ​ជាក់​ថា​សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន​ដែល​បាន​រៀប​រាប់​នៅ​សេចក្ដី​ផ្ដើម​ក្នុង​សៀវភៅ​នេះ​នឹង​ក្លាយ​ទៅ​ជា​ការ​ពិត​មែន! ប៉ុន្ដែ ដើម្បី​មាន​ជំនឿ​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ អ្នក​ត្រូវ​ដឹង​ថែម​ទៀត​អំពី​លោក។

ព្រះ​ចង់​ឲ្យ​អ្នក​ស្គាល់​លោក

បើ​អ្នក​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​ស្គាល់​អ្នក អ្នក​ប្រាប់​គាត់​ឈ្មោះ​របស់​អ្នក មែន​ទេ? ព្រះ​ប្រាប់​យើង​ឲ្យ​ស្គាល់​នាម​របស់​លោក​តាម​រយៈ​គម្ពីរ

១៤​. តើ​ព្រះ​មាន​នាម​អ្វី ហើយ​ហេតុ​អ្វី​យើង​ដឹង​ថា​យើង​គួរ​ប្រើ​នាម​លោក?

១៤ បើ​អ្នក​ចង់​ធ្វើ​ជា​មិត្ដ​សម្លាញ់​របស់​អ្នក​ណា​ម្នាក់ តើ​មុន​ដំបូង​អ្នក​នឹង​ប្រាប់​អ្វី? អ្នក​នឹង​ប្រាប់​ឈ្មោះ​របស់​អ្នក មែន​ទេ? តើ​ព្រះ​មាន​នាម​ទេ? សាសនា​ជា​ច្រើន​ឆ្លើយ​ថា នាម​របស់​លោក​គឺ​«​ព្រះ​»​ ឬ​«​ព្រះ​ជា​ម្ចាស់​»។ ប៉ុន្ដែ​នេះ​មិន​មែន​ជា​នាម​របស់​លោក​ទេ គ្រាន់​តែ​ជា​ឋានៈ​ប៉ុណ្ណោះ ដូច​ជា​«​ស្ដេច​»​ ឬ​«​នាយក​រដ្ឋ​មន្ដ្រី​»​ជា​ដើម។ ព្រះ​ប្រាប់​យើង​ថា នាម​របស់​លោក​គឺ​យេហូវ៉ា។ ទំនុក​តម្កើង ៨៣:១៨ ចែង​ថា​៖ ​«​ដើម្បី​ឲ្យ​គេ​បាន​ដឹង​ថា គឺ​ទ្រង់​តែ​១​អង្គ ព្រះ​នាម​ជា​យេហូវ៉ា ដែល​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត​លើ​ផែន​ដី​ទាំង​មូល​»។ អ្នក​សរសេរ​គម្ពីរ​កត់​ទុក​នាម​របស់​ព្រះ​រាប់​ពាន់​ដង​ក្នុង​គម្ពីរ។ ដូច្នេះ ព្រះ​យេហូវ៉ា​ច្បាស់​ជា​ចង់​ឲ្យ​អ្នក​ស្គាល់​នាម​របស់​លោក ហើយ​ប្រើ​នាម​នោះ។ លោក​ប្រាប់​អ្នក​អំពី​នាម​របស់​លោក ដើម្បី​អ្នក​អាច​ធ្វើ​ជា​មិត្ដ​សម្លាញ់​របស់​លោក។

១៥​. តើ​នាម​យេហូវ៉ា​មាន​អត្ថន័យ​អ្វី?

១៥ នាម​យេហូវ៉ា​មាន​អត្ថន័យ​ជ្រាល​ជ្រៅ។ នាម​របស់​ព្រះ​មាន​ន័យ​ថា​លោក​អាច​សម្រេច​សេចក្ដី​សន្យា​និង​គោល​បំណង​ទាំង​អស់​របស់​លោក។ គ្មាន​អ្វី​ណា​មួយ​អាច​រា​រាំង​លោក​បាន​ឡើយ។ នាម​យេហូវ៉ា​គឺ​សម្រាប់​តែ​លោក​ប៉ុណ្ណោះ។ *

១៦, ១៧​. តើ​ឋានៈ​របស់​ព្រះ​មាន​អត្ថន័យ​អ្វី (​ក​) ​«​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​»​? (​ខ​) ​«​ស្ដេច​ដែល​រស់​ជា​រៀង​រហូត​»​? (​គ​) ​«​អ្នក​បង្កើត​»​?

១៦ ដូច​យើង​បាន​អាន​រួច​ហើយ​នៅ​ទំនុក​តម្កើង ៨៣:១៨ ដែល​ចែង​អំពី​ព្រះ​យេហូវ៉ា​ថា​៖ ​«​គឺ​ទ្រង់​តែ​១​អង្គ . . . ដែល​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត​»។ ម្យ៉ាង​ទៀត ការ​បើក​បង្ហាញ ១៥:៣ ចែង​ថា​៖ ​«​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​អើយ អ្វី​ៗ​ដែល​លោក​បាន​ធ្វើ​គឺ​អស្ចារ្យ ហើយ​ប្រសើរ​ក្រៃ​លែង។ ស្ដេច​ដែល​រស់​ជា​រៀង​រហូត​អើយ ផ្លូវ​របស់​លោក​គឺ​សុចរិត​និង​គួរ​ឲ្យ​ទុក​ចិត្ដ​»។ ដូច្នេះ ពាក្យ​«​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​»​ជា​ឋានៈ​មួយ​របស់​ព្រះ។ តើ​នេះ​មាន​ន័យ​អ្វី? នេះ​មានន័យ​ថា​ព្រះ​យេហូវ៉ា​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​ក្នុង​សកល​លោក​ដែល​គ្មាន​អ្នក​ណា​អាច​ប្រៀប​ផ្ទឹម​បាន។ បន្ថែម​ទៀត ឋានៈ​ជា​«​ស្ដេច​ដែល​រស់​ជា​រៀង​រហូត​»​ មាន​ន័យ​ថា​ព្រះ​យេហូវ៉ា​តែង​តែ​មាន​ជីវិត​ជា​និច្ច។ ទំនុក​តម្កើង ៩០:២ ពន្យល់​ថា​ព្រះ​គ្មាន​ទី​ចាប់​ផ្ដើម ហើយ​ក៏​គ្មាន​ទី​បញ្ចប់​ដែរ។ នេះ​ពិត​ជា​គួរ​ឲ្យ​អស្ចារ្យ​ណាស់!

១៧ ម្យ៉ាង​ទៀត មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​ជា​អ្នក​បង្កើត។ ការ​បើក​បង្ហាញ ៤:១១ ចែង​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង​អើយ លោក​សម​នឹង​ទទួល​សេចក្ដី​សរសើរ​ដោយ​សារ​សិរី​រុង​រឿង កិត្ដិយស និង​ឫទ្ធានុភាព ពី​ព្រោះ​លោក​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់ ហើយ​អ្វី​ៗ​ទាំង​អស់​នោះ​បាន​កើត​មក ក៏​មាន​នៅ​ផង ដោយ​សារ​បំណង​ប្រាថ្នា​របស់​លោក​»។ ពិត​មែន តាំង​ពី​បុគ្គល​វិញ្ញាណ​នៅ​ស្ថាន​សួគ៌​ដែល​យើង​មើល​ពុំ​ឃើញ រហូត​ដល់​ផ្កាយ​ដែល​មាន​ពាស​ពេញ​ផ្ទៃ​មេឃ ព្រម​ទាំង​អ្វី​ដែល​មាន​នៅ​ផែន​ដី​ដូច​ជា​ផ្លែ​ឈើ ហើយ​ត្រី​ដែល​ហែល​ក្នុង​ទន្លេ​និង​សមុទ្រ​ផង ទាំង​អស់​នេះ​មាន​គឺ​ដោយ​សារ​ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត!

តើ​អ្នក​អាច​ធ្វើ​ជា​សម្លាញ់​របស់​ព្រះ​យេហូវ៉ា​បាន​ទេ?

១៨​. ហេតុ​អ្វី​មនុស្ស​ខ្លះ​គិត​ថា​ពួក​គេ​មិន​អាច​ធ្វើ​ជា​សម្លាញ់​របស់​ព្រះ​បាន? តើ​គម្ពីរ​បង្រៀន​យ៉ាង​ណា​អំពី​រឿង​នេះ?

១៨ ពេល​មនុស្ស​ខ្លះ​អាន​អំពី​គុណ​សម្បត្ដិ​ដែល​គួរ​ឲ្យ​កោត​ស្ងើច​របស់​ព្រះ​យេហូវ៉ា ពួក​គេ​បែរ​ជា​មាន​អារម្មណ៍​ភ័យ​ខ្លាច​ទៅ​វិញ។ ពួក​គេ​គិត​ថា ‹ព្រះ​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា ឋានៈ​ខ្ពង់​ខ្ពស់ ហើយ​នៅ​ឆ្ងាយ​ណាស់។ ហេតុ​នេះ តើ​ព្រះ​អាច​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ខ្ញុំ​ដូច​ម្ដេច​បាន?›។ ប៉ុន្ដែ តើ​ព្រះ​ចង់​ឲ្យ​យើង​គិត​ដូច្នេះ​ឬ? មិន​មែន​សោះ​ឡើយ។ ព្រះ​យេហូវ៉ា​ចង់​ចូល​មក​ជិត​យើង។ គម្ពីរ​ចែង​ថា​ព្រះ​«​មិន​នៅ​ឆ្ងាយ​ពី​យើង​ម្នាក់​ៗ​»​ទេ។ (​សកម្មភាព ១៧:២៧​) ព្រះ​ចង់​ឲ្យ​អ្នក​ចូល​ទៅ​ជិត​លោក ហើយ​លោក​សន្យា​ថា​៖ ​«​លោក​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ដែរ​»។—យ៉ាកុប ៤:៨

១៩​. (​ក​) តើ​អ្នក​អាច​ធ្វើ​ជា​សម្លាញ់​របស់​ព្រះ​បាន​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​គុណ​សម្បត្ដិ​ណា​ខ្លះ​របស់​ព្រះ​យេហូវ៉ា​ដែល​ទាក់​ទាញ​ចិត្ដ​អ្នក​ខ្លាំង​បំផុត?

១៩ តើ​អ្នក​អាច​ធ្វើ​ជា​សម្លាញ់​របស់​ព្រះ​បាន​យ៉ាង​ដូច​ម្ដេច? លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ដើម្បី​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ពួក​គាត់​ត្រូវ​ស្គាល់​លោក​ដែល​ជា​ព្រះ​ពិត​តែ​មួយ​ឲ្យ​បាន​ច្បាស់ ព្រម​ទាំង​យេស៊ូ​គ្រិស្ដ ដែល​លោក​បាន​ចាត់​ឲ្យ​មក​»។ (​យ៉ូហាន ១៧:៣​) ដូច្នេះ សូម​បន្ដ​រៀន​គម្ពីរ ហើយ​អ្នក​នឹង​ស្គាល់​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ។ ក្រោយ​មក អ្នក​អាច​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ ជា​ឧទាហរណ៍ យើង​បាន​រៀន​ហើយ​ថា​«​ព្រះ​គឺ​ជា​សេចក្ដី​ស្រឡាញ់​»។ (​យ៉ូហាន​ទី១ ៤:១៦​) ប៉ុន្ដែ លោក​នៅ​មាន​គុណ​សម្បត្ដិ​ដ៏​អស្ចារ្យ​ជា​ច្រើន​ទៀត។ គម្ពីរ​ប្រាប់​យើង​ថា​ព្រះ​យេហូវ៉ា​«​មាន​ព្រះ​ហឫទ័យ​មេត្ដា​ករុណា ហើយ​ទន់​សន្ដោស ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ទៀង​ត្រង់ ជា​បរិបូរ​»។ (​និក្ខមនំ ៣៤:៦​) ព្រះ​យេហូវ៉ា​«​ទ្រង់​ល្អ​ទ្រង់​បំរុង​តែ​នឹង​អត់​ទោស​»។ (​ទំនុក​តម្កើង ៨៦:៥​) លោក​មាន​ចិត្ដ​អត់​ធ្មត់ ហើយ​ស្មោះ​ត្រង់។ (​ពេត្រុស​ទី២ ៣:៩; ការ​បើក​បង្ហាញ ១៥:៤​) ពេល​ដែល​អ្នក​អាន​គម្ពីរ នោះ​អ្នក​នឹង​រៀន​ច្រើន​ថែម​ទៀត​អំពី​ព្រះ​និង​គុណ​សម្បត្ដិ​ដ៏​ថ្លៃ​ថ្លា​របស់​លោក។

២០, ២១​. តើ​អ្នក​អាច​ចូល​ទៅ​ជិត​ព្រះ​យ៉ាង​ដូច​ម្ដេច​បាន បើ​អ្នក​មិន​អាច​មើល​ឃើញ​ព្រះ​ផង?

២០ តើ​អ្នក​អាច​ចូល​ទៅ​ជិត​ព្រះ​យ៉ាង​ដូច​ម្ដេច​បាន បើ​អ្នក​មិន​អាច​មើល​ឃើញ​ព្រះផង? (​យ៉ូហាន ១:១៨; ៤:២៤; ធីម៉ូថេ​ទី១ ១:១៧​) ពេល​អ្នក​រៀន​អំពី​ព្រះ​យេហូវ៉ា​តាម​រយៈ​គម្ពីរ អ្នក​នឹង​ស្គាល់​ថា​លោក​ជា​បុគ្គល​ពិត ព្រម​ទាំង​ស្គាល់​បុគ្គលិក​លក្ខណៈ​របស់​លោក​ដែរ។ (​ទំនុក​តម្កើង ២៧:៤; រ៉ូម ១:២០​) កាល​ដែល​អ្នក​រៀន​កាន់​តែ​ច្រើន​អំពី​ព្រះ​យេហូវ៉ា នោះ​អ្នក​នឹង​ស្រឡាញ់​លោក​កាន់​តែ​ខ្លាំង ហើយ​អ្នក​នឹង​មាន​អារម្មណ៍​ថា​មាន​ចំណង​មិត្ដភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​លោក។

ឪ​ពុក​ស្រឡាញ់​កូន តែ​បិតា​នៅ​ស្ថាន​សួគ៌​ស្រឡាញ់​យើង​ខ្លាំង​ជាង​នោះ​ទៅ​ទៀត

២១ បន្ដិច​ម្ដង​ៗ​អ្នក​នឹង​យល់​ដឹង​ថា ព្រះ​យេហូវ៉ា​ជា​បិតា​របស់​យើង។ (​ម៉ាថាយ ៦:៩​) លោក​ផ្ដល់​ជីវិត​ឲ្យ​យើង ហើយ​លោក​ថែម​ទាំង​ចង់​ឲ្យ​យើង​មាន​ជីវិត​ដ៏​ល្អ​បំផុត ដូច​ឪ​ពុក​ដែល​ស្រឡាញ់​កូន​ក៏​ចង់​ឲ្យ​កូន​មាន​ជីវិត​ដូច​នោះ​ដែរ។ (​ទំនុក​តម្កើង ៣៦:៩​) ពិត​មែន គម្ពីរ​បង្រៀន​ថា​អ្នក​អាច​ធ្វើ​ជា​សម្លាញ់​របស់​ព្រះ​យេហូវ៉ា​បាន។ (​យ៉ាកុប ២:២៣​) សូម​គិត​ទៅ​មើល! ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​បង្កើត​សកល​លោក ចង់​ឲ្យ​អ្នក​ធ្វើ​ជា​សម្លាញ់​របស់​លោក!

២២​. តើ​អ្នក​គួរ​ធ្វើ​អ្វី​បើ​អ្នក​ឯ​ទៀត​ចង់​ឲ្យ​អ្នក​ឈប់​រៀន​គម្ពីរ?

២២ មនុស្ស​ខ្លះ​ប្រហែល​ជា​ចង់​ឲ្យ​អ្នក​ឈប់​រៀន​គម្ពីរ។ ពួក​គេ​ប្រហែល​ជា​ខ្លាច​ថា​អ្នក​នឹង​ដូរ​សាសនា។ ប៉ុន្ដែ កុំ​ឲ្យ​អ្នក​ណា​ម្នាក់​មករា​រាំង​អ្នក​មិន​ឲ្យ​ធ្វើ​ជា​សម្លាញ់​របស់​ព្រះ​យេហូវ៉ា​ឡើយ។ លោក​គឺ​ជា​មិត្ដ​ដ៏​ល្អ​បំផុត​របស់​អ្នក។

២៣, ២៤​. (​ក​) ហេតុ​អ្វី​អ្នក​គួរ​បន្ដ​សួរ​សំណួរ? (​ខ​) តើ​យើង​នឹង​ពិចារណា​អំពី​អ្វី​នៅ​ជំពូក​បន្ទាប់?

២៣ កាល​ដែល​អ្នក​រៀន​គម្ពីរ នឹង​មាន​ចំណុច​ខ្លះ​ដែល​អ្នក​មិន​យល់។ ប៉ុន្ដែ កុំ​ឲ្យ​ការ​អៀន​ខ្មាស​ធ្វើ​ឲ្យ​អ្នក​ស្ទាក់​ស្ទើរ​មិន​ហ៊ាន​សួរ​ឡើយ។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​យើង​គួរ​មាន​ចិត្ដ​រាប​ទាប​ដូច​កូន​ក្មេង ដែល​តែង​តែ​សួរ​សំណួរ​ច្រើន។ (​ម៉ាថាយ ១៨:២​-​៤​) ព្រះ​ក៏​ចង់​ឲ្យ​អ្នក​រក​ឃើញ​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដែរ។ ដូច្នេះ សូម​សិក្សា​គម្ពីរ​ដោយ​យក​ចិត្ដ​ទុក​ដាក់ ដើម្បី​ប្រាកដ​ថា​អ្វី​ដែល​អ្នក​កំពុង​រៀន​គឺ​ជា​សេចក្ដី​ពិត។—សូម​អាន សកម្មភាព ១៧:១១

២៤ វិធី​ល្អ​បំផុត​ដែល​យើង​អាច​រៀន​អំពី​ព្រះ​យេហូវ៉ា គឺ​ដោយ​សិក្សា​គម្ពីរ។ នៅ​ជំពូក​បន្ទាប់ យើង​នឹង​ពិចារណា​មូលហេតុ​ដែល​គម្ពីរ​គឺ​ខុស​ប្លែក​ពី​សៀវភៅ​ឯ​ទៀត។

^ វគ្គ 15 បើ​គម្ពីរ​របស់​អ្នក​គ្មាន​នាម​យេហូវ៉ា​ទេ ឬ​បើ​អ្នក​ចង់​ដឹង​ព័ត៌មាន​ថែម​ទៀត​អំពី​អត្ថន័យ​និង​របៀប​អាន​នាម​របស់​ព្រះ សូម​មើលលេខ​១​ក្នុង​កំណត់​នៅ​ចុង​សៀវភៅ