សូមបំរើព្រះយេហូវ៉ា កុំបំរើសាតាំង
យើងទាំងអស់គ្នាមានការជ្រើសរើស។ យើងត្រូវបំរើព្រះយេហូវ៉ា ឬក៏បំរើសាតាំងនិងពួកព្រាយបិសាចរបស់វា។ យើងមិនអាចបំរើទាំងពីរខាងបានទេ។ ជាផ្លូវគតិបណ្ឌិតហើយ ដែលយើងបំរើព្រះយេហូវ៉ា!
ព្រះយេហូវ៉ាទ្រង់ល្អ
ដូចយើងបានឃើញហើយ ពួកព្រាយបិសាចចូលចិត្តធ្វើឲ្យមនុស្សឈឺចាប់ ហើយបំភាន់គេផង។ ព្រះយេហូវ៉ាមិនមែនដូច្នោះទេ។ ទ្រង់ស្រឡាញ់មនុស្សលោក ដូចឪពុកស្រឡាញ់កូនដែរ។ ទ្រង់ជាអ្នកប្រទាន «គ្រប់ទាំងរបស់ដ៏ល្អ . . . នឹងអស់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍»។ (យ៉ាកុប ១:១៧) ទ្រង់មិនរារាំងរបស់ល្អណាពីមនុស្សលោកទេ ទោះបីជាទ្រង់ត្រូវបូជារបស់មានតម្លៃយ៉ាងខ្ពស់បំផុតក៏ដោយ។—អេភេសូរ ២:៤-៧
សូមគិតមើលអំពីការដែលព្រះយេស៊ូវ ជាព្រះរាជបុត្រនៃព្រះ បានប្រព្រឹត្តនៅលើផែនដី។ ទ្រង់បានធ្វើមនុស្សគឲ្យនិយាយឡើងបាន មនុស្សខ្វាក់ឲ្យភ្លឺ។ ទ្រង់បានប្រោសមនុស្សឃ្លង់និងខ្វិនឲ្យជាឡើងវិញ។ ទ្រង់បានបណ្ដេញពួកព្រាយបិសាចចេញពីមនុស្ស ហើយព្យាបាលជម្ងឺគ្រប់យ៉ាង។ ដោយឥទ្ធិឫទ្ធិរបស់ព្រះ ព្រះយេស៊ូវថែមទាំងបានប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញផង។—ម៉ាថាយ ៩:៣២-៣៥; ម៉ាថាយ ១៥:៣០, ៣១; លូកា ៧:១១-១៥
ព្រះទ្រង់ឥតមានបន្ទូលប្រាប់ពាក្យកុហកដើម្បីនាំឲ្យយើងវង្វេងឡើយ តែទ្រង់មានបន្ទូលប្រាប់តែសេចក្ដីពិតវិញ។ ទ្រង់មិនដែលបំភាន់អ្នកណាមួយទាល់តែសោះ។—ជនគណនា ២៣:១៩
ចៀសវាងពីការប្រព្រឹត្តដ៏ស្មោកគ្រោក
ដូចជារុយត្រូវជាប់សំណាញ់ពីងពាងនោះ មនុស្សជាច្រើនលាននាក់ត្រូវជាប់ក្នុងជំនឿឆ្វេងនិងពាក្យកុហកអញ្ចឹងដែរ។ គេភ័យខ្លាចនឹងមនុស្សស្លាប់។ គេខ្លាចព្រាយបិសាច។ គេព្រួយខ្លាចត្រូវបណ្ដាសា ប្រផ្នូល វត្ថុស័ក្ដិសិទ្ធិ និងសរណវត្ថុ។ គេត្រូវជាប់ក្នុងជំនឿនិងប្រពៃណី ដែលសំអាងលើពាក្យកុហកនៃអារក្សសាតាំង។ អ្នកបំរើព្រះឥតជាប់ក្នុងការទាំងនេះទេ។
ព្រះយេហូវ៉ាមានព្រះចេស្ដាយ៉ាងធំសម្បើមជាងអារក្សសាតាំងទៅទៀត។ បើលោកអ្នកបំរើព្រះយេហូវ៉ា នោះទ្រង់នឹងរក្សាការពារលោកអ្នកពីពួកព្រាយបិសាច។ (យ៉ាកុប ៤:៧) អំពើមន្តអាគមរបស់គេនឹងមិនមានអានុភាពលើលោកអ្នកឡើយ។ ជាឧទាហរណ៍ នៅប្រទេសណៃជីរីយ៉ា គ្រូអាបធ្មប់ដ៏ពូកែ៣នាក់ដាក់អំពើដើម្បីសម្លាប់ស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់ ដែលមិនព្រមចេញពីភូមិ។ កាលដែលអំពើនេះឥតបានសម្រេចនោះ គ្រូអាបធ្មប់ម្នាក់ក៏ភ័យខ្លាច ហើយទៅអង្វរស្មរបន្ទាល់នោះឲ្យអាណិតមេត្ដា។
បើព្រាយបិសាចរំខានអ្នក លោកអ្នកអាចហៅព្រះនាមនៃព្រះយេហូវ៉ា នោះទ្រង់នឹងការពារលោកអ្នក។ (សុភាសិត ១៨:១០) ប៉ុន្តែដើម្បីឲ្យព្រះការពារលោកអ្នក នោះលោកអ្នកត្រូវតែបែរចេញឲ្យផុត ពីរបស់ទាំងប៉ុន្មានដែលទាក់ទងនឹងអសុរនិយមនិងការថ្វាយបង្គំព្រាយបិសាច។ អ្នកធ្វើសក្ការៈដល់ព្រះនៅក្រុងអេភេសូរកាលបុរាណបានធ្វើដូច្នោះ។ ពួកគេប្រមូលអស់ទាំងសៀវភៅមន្តអាគមរបស់គេ យកមកដុតចោល។ (កិច្ចការ ១៩:១៩, ២០) អ្នកបំរើព្រះសព្វថ្ងៃនេះក៏ត្រូវធ្វើដូច្នោះដែរ។ សូមបោះបង់ចោលវត្ថុស័ក្ដិសិទ្ធិ ខ្សែអំបោះ «ការពារខ្លួន» សរណវត្ថុ សៀវភៅមន្តអាគមនិងអស់ទាំងរបស់ដែលទាក់ទងនឹងការប្រព្រឹត្តអសុរនិយមចុះ។
អនុវត្តតាមសក្ការៈដ៏ពិត
បើលោកអ្នកចង់ឲ្យព្រះសព្វព្រះហឫទ័យនោះ ការបោះបង់ការធ្វើសក្ការៈមិនពិតចោលហើយឈប់ធ្វើអំពើអាក្រក់ គឺមិនគ្រប់គ្រាន់ទេ។ លោកអ្នកត្រូវតែអនុវត្តតាមសក្ការៈបរិសុទ្ធដែរ។ ព្រះគម្ពីរបង្ហាញនូវការតម្រូវទាំងនេះ៖
រួបរួមនឹងស្មរបន្ទាល់ព្រះយេហូវ៉ា
សាតាំងនិងពួកព្រាយបិសាចមានមនុស្សជាច្រើននៅលើផែនដីដែលបង្រៀនហើយប្រព្រឹត្តអំពើខុស។ ចំណែកឯព្រះយេហូវ៉ា នោះទ្រង់ក៏មានរាស្ត្រដែរ។ ពួកគេជាស្មរបន្ទាល់ព្រះយេហូវ៉ា។ (អេសាយ ៤៣:១០) នៅជុំវិញផែនដីទាំងមូលនេះ មានស្មរបន្ទាល់ជាង៦លាននាក់។ ពួកគេខិតខំធ្វើអំពើល្អ ហើយបង្រៀនមនុស្សអំពីសេចក្ដីពិត។ នៅប្រទេសភាគច្រើន លោកអ្នកអាចជួបគេនៅសាលព្រះរាជាណាចក្រ ដែលគេនឹងទទួលស្វាគមន៍លោកអ្នកយ៉ាងរាក់ទាក់។
កិច្ចការរបស់គេគឺដើម្បីនឹងជួយមនុស្សឯទៀតឲ្យបំរើព្រះ។ គេនឹងសិក្សាព្រះគម្ពីរជាមួយអ្នក នៅផ្ទះរបស់លោកអ្នក ដើម្បីជួយអ្នកឲ្យដឹងរបៀបធ្វើសក្ការៈដល់ព្រះយេហូវ៉ាឲ្យបានត្រឹមត្រូវ។ លោកអ្នកមិនចាំបាច់បង់ថ្លៃឈ្នួលអ្វីឡើយ។ ពួកស្មរបន្ទាល់សប្បាយចិត្តនឹងបង្រៀនសេចក្ដីពិត ដោយហេតុតែគេស្រឡាញ់មនុស្សនិងព្រះយេហូវ៉ាផង។