លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពួកព្រាយបិសាចអះអាងមិនពិតថាមនុស្សស្លាប់នៅរស់ទៀត

ពួកព្រាយបិសាចអះអាងមិនពិតថាមនុស្សស្លាប់នៅរស់ទៀត

ព្រះ​គម្ពីរ​ចែង​ប្រាប់​ថា អារក្ស​សាតាំង «បាន​នាំ​លោកីយ​ទាំងមូល​ឲ្យ​វង្វេង»។ (វិវរណៈ ១២:៩) សាតាំង​និង​ពួក​ព្រាយ​បិសាច​របស់​វា​មិន​ចង់​ឲ្យ​យើង​ជឿ​បន្ទូល​របស់​ព្រះ​ជា​ព្រះ​គម្ពីរ​ទេ។ ពួក​វា​ខំ​ធ្វើ​ឲ្យ​មនុស្ស​ជឿ​ថា អ្នក​ដែល​ស្លាប់​គឺ​នៅ​រស់ នៅ​កន្លែង​មួយ​ក្នុង​វិស័យ​វិញ្ញាណ។ សូម​ឲ្យ​យើង​មើល​នូវ​របៀប​ដែល​ពួក​វា​ធ្វើ​កិច្ចការ​នេះ។

សាសនា​មិន​ពិត

មនុស្ស សត្វ ត្រី និង​សត្វ​ស្លាប—ទាំងអស់​គឺ​ជា​ព្រលឹង

សាសនា​ជា​ច្រើន​បង្រៀន​ថា មនុស្ស​និមួយៗ​មាន​ព្រលឹង​ដែល​រស់​នៅ​តទៅ​ទៀត​ក្នុង​វិស័យ​វិញ្ញាណ ក្រោយ​ពេល​រូបកាយ​ស្លាប់​ទៅ។ គេ​និយាយ​ថា រូបកាយ​ស្លាប់ ប៉ុន្តែ​ព្រលឹង​មិន​ស្លាប់​ទេ។ ម្យ៉ាង​ទៀត គេ​បញ្ជាក់​ថា​ព្រលឹង​មិន​អាច​ស្លាប់ ថា​ព្រលឹង​គឺ​ជា​អមតៈ។

ប៉ុន្តែ បន្ទូល​របស់​ព្រះ​មិន​បាន​បង្រៀន​ដូច្នោះ​ទេ។ ព្រះ​គម្ពីរ​បង្ហាញ​ថា ព្រលឹង​គឺ​ជា​មនុស្ស មិន​មែន​ជា​អ្វី​មួយ​នៅ​ក្នុង​រូប​មនុស្ស​នោះ​ទេ។ ជា​ឧទាហរណ៍ ព្រះ​គម្ពីរ​រៀប​រាប់​ការ​បង្កើត​អ័ដាម​ថា៖ «ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​យក​ធូលីដី​មក​សូន​ធ្វើ​ជា​មនុស្ស ទ្រង់​ផ្លុំ​ខ្យល់​ដង្ហើម​ជីវិត​បញ្ចូល​ទៅ​ក្នុង​រន្ធច្រមុះ នោះ​ក៏​ត្រឡប់​ជា​មាន​ព្រលឹង​រស់​ឡើង»(លោកុប្បត្តិ ២:៧) ដូច្នេះ អ័ដាម​មិន​បាន​ទទួល​ព្រលឹង​មួយ​ទេ គាត់​គឺ​ជា​ព្រលឹង​នោះ​ឯង។

សត្វ​ក៏​ត្រូវ​ហៅ​ជា​ព្រលឹង​ដែរ។—លោកុប្បត្តិ ១:២០, ២១, ២៤, ៣០ពថ

ព្រោះ​ពាក្យ «ព្រលឹង»ក្នុង​ព្រះ​គម្ពីរ​មាន​ន័យ​ជា​មនុស្ស​ផ្ទាល់ នោះ​យើង​មិន​គួរ​ត្រូវ​ឆ្ងល់​ឡើយ ដោយ​រៀន​ដឹង​ថា​ព្រលឹង​អាច​ស្លាប់​ហើយ​ក៏​ពិត​ជា​ត្រូវ​ស្លាប់​ផង។ បទ​គម្ពីរ​ចែង​ថា៖

  • «ឯ​ព្រលឹង​ណា​ដែល​ធ្វើ​បាប—គឺ​ព្រលឹង​នោះ​ឯង​នឹង​ត្រូវ​ស្លាប់​វិញ»។—អេសេគាល ១៨:៤

  • «រួច​គាត់[សាំសុន]ថា សូម​ឲ្យ​ខ្ញុំ[ព្រលឹង​ខ្ញុំ«ពថ»]ស្លាប់​ជា​មួយ​នឹង​ពួក​ភីលីស្ទីន​ចុះ»។—ពួក​ចៅហ្វាយ ១៦:៣០

  • «នៅ​ថ្ងៃ​ឈប់​សំរាក តើ​បើក​ឲ្យ​ធ្វើ​ការ​ល្អ ឬ​ឲ្យ​ធ្វើ​ការ​អាក្រក់ ឲ្យ​សង្គ្រោះ​ជីវិត[ព្រលឹង​មួយ«ពថ»] ឬ​ឲ្យ​សំឡាប់​បង់»?ម៉ាកុស ៣:៤

ព្រះ​គម្ពីរ​បង្ហាញ​ថា​ព្រលឹង​មិន​មែន​អមតៈ​ទេ

បទ​គម្ពីរ​ឯ​ទៀត​បង្ហាញ​ថា ព្រលឹង​អាច​ត្រូវ​វិនាស (លោកុប្បត្តិ ១៧:១៤ពថ) ត្រូវ​សម្លាប់​ដោយ​ដាវ (យ៉ូស្វេ ១០:៣៧ពថ) ស្លាប់​ដោយ​ច្របាច់ក (យ៉ូប ៧:១៥ពថ) ហើយ​បាន​លង់​ទឹក​ស្លាប់ (យ៉ូណាស ២:៥ពថ) ដូច្នេះ ព្រលឹង​អាច​ស្លាប់​បាន។

បើ​លោក​អ្នក​អាន​ព្រះ​គម្ពីរ​ទាំងមូល លោក​អ្នក​នឹង​មិន​ដែល​ឃើញ​ប្រយោគ «ព្រលឹង​អមតៈ» នោះ​ឡើយ។ ព្រលឹង​មនុស្ស​មិន​មែន​ជា​វិញ្ញាណ​ទេ។ ការ​បង្រៀន​អំពី​ព្រលឹង​អមតៈ មិន​មែន​ជា​ការ​បង្រៀន​នៃ​ព្រះ​គម្ពីរ​ឡើយ។ តែ​នេះ​ជា​ការ​បង្រៀន​នៃ​សាតាំង​និង​ពួក​ព្រាយ​បិសាច​របស់​វា​ទៅ​វិញ។ ព្រះ​យេហូវ៉ា​ស្អប់​អស់​ទាំង​ពាក្យ​កុហក​ខាង​សាសនា។—សុភាសិត ៦:១៦​-​១៩; ធីម៉ូថេទី១ ៤:១, ២

គ្រូខាប

តាម​ពិត​ពួក​ព្រាយ​បិសាច​ក្លែង​ខ្លួន​ធ្វើ​ជា​វិញ្ញាណ​នៃ​មនុស្ស​ស្លាប់

វិធី​មួយ​ទៀត​ដែល​សាតាំង​បំភាន់​មនុស្ស គឺ​តាម​រយៈ​គ្រូខាប។ គ្រូខាប​គឺ​ជា​អ្នក​ដែល​អាច​ទទួល​សារ​ផ្ទាល់​ពី​ពិភព​វិញ្ញាណ។ មនុស្ស​ជា​ច្រើន​ព្រម​ទាំង​គ្រូខាប​ផង ជឿ​ថា​សារ​ទាំង​នេះ​គឺ​មក​ពី​វិញ្ញាណ​របស់​មនុស្ស​ស្លាប់។ ប៉ុន្តែ​ដូច​យើង​បាន​ឃើញ​ហើយ​ពី​ព្រះ​គម្ពីរ ការ​នេះ​មិន​អាច​កើត​ឡើង​ទេ។—សាស្ដា ៩:៥, ៦, ១០

អញ្ចឹង សារ​ទាំង​នេះ​មក​ពី​អ្នក​ណា​ទៅ? គឺ​មក​ពី​ពួក​ព្រាយ​បិសាច​នោះ​ឯង! ពួក​ព្រាយ​បិសាច​អាច​ឃើញ​មនុស្ស​ពេល​គេ​រស់​នៅ ពួក​វា​ដឹង​របៀប​ដែល​គេ​និយាយ រូប​រៀង​គេ​យ៉ាង​ណា អ្វី​ដែល​គេ​ធ្វើ និង​អ្វី​ដែល​គេ​ដឹង​ស្គាល់​ផង។ ដូច្នេះ​ពួក​ព្រាយ​បិសាច​ស្រួល​នឹង​ធ្វើ​ត្រាប់តាម​មនុស្ស​ដែល​បាន​ស្លាប់។—សាំយូអែលទី១ ២៨:៣​-​១៩

រឿង​មិន​ពិត

វិធី​មួយ​ទៀត​ដែល​សាតាំង​លើក​ផ្សាយ​ពាក្យ​កុហក​អំពី​មនុស្ស​ស្លាប់ គឺ​តាម​រយៈ​រឿង​មិន​ពិត។ រឿង​បែប​នេះ​តែង​តែ​ធ្វើ​ឲ្យ​មនុស្ស​បែរ​ចេញ​ពី​សេចក្ដី​ពិត​នៃ​ព្រះ​គម្ពីរ។—ធីម៉ូថេ​ទី​២ ៤:៤

អ្នក​ខ្លះ​គិត​ស្មាន​ថា​គេ​បាន​ឃើញ​មនុស្ស​ដែល​បាន​ត្រឡប់​ពី​សេចក្ដី​ស្លាប់​វិញ

នៅ​ទ្វីប​អាហ្វ្រិក​មាន​ដំណើរ​រឿង​ជា​ច្រើន អំពី​មនុស្ស​ដែល​ឃើញ​ថា​រស់ ក្រោយ​ពេល​គេ​ស្លាប់​ហើយ។ ជា​ធម្មតា ការ​ឃើញ​បែប​នេះ​គឺ​នៅ​ឆ្ងាយ​ពី​កន្លែង​ដែល​មនុស្ស​នេះ​បាន​រស់​នៅ​មុន​ស្លាប់។ ប៉ុន្តែ​សូម​សួរ​ខ្លួន​ឯង​មើល៖ ‹តើ​សម​ហេតុ​សម​ផល​ទេ​ថា បើ​មនុស្ស​ម្នាក់​មាន​អំណាច​វិល​មក​ពី​សេចក្ដី​ស្លាប់ គេ​នឹង​ត្រឡប់​ទៅ​កន្លែង​១​ឆ្ងាយ​ពី​គ្រួសារ​និង​មិត្ត​របស់​គេ​ឬ›?

ម្យ៉ាង​វិញ​ទៀត តើ​មនុស្ស​ដែល​ឃើញ​នេះ ប្រហែល​ជា​គ្រាន់​តែ​មាន​រូប​ដូច​មនុស្ស​ដែល​បាន​ស្លាប់​ទេ​ឬ​អ្វី? ជា​ឧទាហរណ៍ អ្នក​បំរើ​គ្រីស្ទាន​២​នាក់ ដែល​កំពុង​ផ្សាយ​ប្រកាស​ក្នុង​ជនបទ ឃើញ​មនុស្ស​ចាស់​ម្នាក់​ដែល​ដើរ​តាម​គេ អស់​ប៉ុន្មាន​ម៉ោង​ហើយ។ ពេល​គេ​សួរ​គាត់ គេ​ក៏​ដឹង​មនុស្ស​ចាស់​នេះ​គិត​ថា​អ្នក​បំរើ​ម្នាក់​នោះ គឺ​ជា​ប្អូន​ប្រុស​របស់​គាត់ ដែល​បាន​ស្លាប់​ប៉ុន្មាន​ឆ្នាំ​មុន​នោះ។ ជា​ប្រាកដ គាត់​ខុស​ហើយ ប៉ុន្តែ​គាត់​មិន​ព្រម​ជឿ​ថា​គាត់​ខុស​សោះ។ សូម​នឹក​គិត​ដល់​រឿង​ដែល​មនុស្ស​ចាស់​នេះ​នឹង​ប្រាប់​មិត្ត​និង​អ្នក​ជិត​ខាង​របស់​គាត់!

ចក្ខុ​និមិត្ត សុបិន និង​សំឡេង

ពួក​ព្រាយ​បិសាច​បំភាន់​មនុស្ស តាម​រយៈ​ការ​យល់សប្ដ ចក្ខុ​និមិត្ត និង​សំឡេង

លោក​អ្នក​ប្រាកដ​ជា​ដឹង​អំពី​រឿង​ចម្លែក ដែល​មនុស្ស​បាន​ឃើញ ឮ ឬ​យល់សប្ដ​ដល់​នោះ។ ការ​ពិសោធ​អធិធម្មជាតិ​បែប​នេះ តែង​តែ​ធ្វើ​ឲ្យ​មនុស្ស​ទាំង​នេះ​ខ្លាច​រន្ធត់។ នាង​ម៉ារេន ដែល​រស់​នៅ​ទ្វីប​អាហ្វ្រិក​ខាង​លិច ឮ​ជា​រឿយៗ​នូវ​សំឡេង​ជីដូន​របស់​នាង​ដែល​បាន​ស្លាប់​ទៅ ហៅ​នាង​នៅ​ពេល​យប់។ ដោយ​ភ័យ​ខ្លាំង​ពេក នាង​ក៏​ស្រែក ធ្វើ​ឲ្យ​គ្រួសារ​ទាំងមូល​ភ្ញាក់​ពី​ដេក។ ដល់​ទីបំផុត​នាង​ក៏​ទៅ​ជា​ឆ្កួត។

ប៉ុន្តែ​សូម​គិត​សិន៖ បើសិនជា​មនុស្ស​ស្លាប់​ពិត​ជា​រស់​នៅ តើ​សម​ហេតុ​សម​ផល​ទេ ដែល​គេ​នឹង​ធ្វើ​ឲ្យ​អ្នក​ស្ងួនភ្ងា​របស់​គេ​ខ្លាច​រន្ធត់​នោះ? មិន​សម​ហេតុ​សម​ផល​សោះ​ឡើយ! ប្រភព​នៃ​សារ​ដែល​ធ្វើ​ឲ្យ​រង​ទុក្ខ​បែប​នេះ​គឺ​ពួក​ព្រាយ​បិសាច​នោះ​ឯង។

ប៉ុន្តែ ចុះ​យ៉ាង​ណា​ទៅ​ចំពោះ​សារ​ដែល​ហាក់​ដូច​ជា​ជួយ ហើយ​សម្រាល​ទុក្ខ​នោះ? ជា​ឧទាហរណ៍ នាង​ក្បាសេ​ដែល​មក​ពី​ស្រុក​សៀអេរ៉ា-លេយ៉ូន បាន​ឈឺ។ នាង​យល់សប្ដ​ឃើញ​ឪពុក​នាង​ដែល​បាន​ស្លាប់​ហើយ។ គាត់​បង្គាប់​នាង​ឲ្យ​ទៅ​ឯ​ដើម​ឈើ​១ បេះ​ស្លឹក​យក​មក​លាយ​នឹង​ទឹក​ហើយ​ផឹក។ នាង​មិន​ត្រូវ​ប្រាប់​អ្នក​ណា​ឡើយ​មុន​នឹង​ធ្វើ​ដូច្នេះ។ នាង​បាន​ធ្វើ​តាម​បង្គាប់​នេះ​ហើយ​ក៏​បាន​ជា​ឡើង​វិញ។

ស្ត្រី​ម្នាក់​ទៀត​បាន​និយាយ​ថា ប្ដី​នាង​បាន​បង្ហាញ​ខ្លួន​នៅ​យប់​មួយ​ក្រោយ​ពេល​គាត់​បាន​ស្លាប់។ នាង​បាន​និយាយ​ថា គាត់​ស្អាត​បាត​ណាស់ ហើយ​ស្លៀក​ពាក់​យ៉ាង​ស្អាត​ល្អ​ផង។

សារ​និង​ចក្ខុ​និមិត្ត​បែប​នេះ​ហាក់​ដូច​ជា​ល្អ​ហើយ​មាន​ប្រយោជន៍។ តើ​ការ​នេះ​មក​ពី​ព្រះ​ឬ? មិន​មែន​ទេ។ ព្រះ​យេហូវ៉ា​ជា «ព្រះ​នៃ​សេចក្ដី​ពិត»។ (ទំនុកដំកើង ៣១:៥) ទ្រង់​នឹង​មិន​ដែល​បញ្ឆោត​ឬ​ក៏​បំភាន់​យើង​ឡើយ។ គឺ​ជា​ពួក​ព្រាយ​បិសាច​ទេ​ដែល​ធ្វើ​ដូច្នោះ។

ប៉ុន្តែ​មាន​ព្រាយ​បិសាច​ល្អ​ទេ? មិន​មាន​ទេ សូម្បី​ពួក​វា​ហាក់​ដូច​ជា​ជួយ ប៉ុន្តែ​ទាំងអស់​សុទ្ធតែ​អាក្រក់។ ពេល​អារក្ស​និយាយ​នឹង​នាង​អេវ៉ា វា​ហាក់​ដូច​ជា​រាក់ទាក់​ណាស់។ (លោកុប្បត្តិ ៣:១) ប៉ុន្តែ​តើ​អ្វី​កើត​ឡើង​ដល់​នាង ក្រោយ​ពេល​នាង​ស្ដាប់​ហើយ​ធ្វើ​តាម​វា​នោះ? នាង​ត្រូវ​បាន​ស្លាប់។

អារក្ស​សាតាំង​ប្រាប់​នាង​អេវ៉ា​ថា នាង​នឹង​មិន​ស្លាប់​ទេ។ នាង​អេវ៉ា​បាន​ជឿ​វា ប៉ុន្តែ​ដល់​ទីបំផុត​នាង​ត្រូវ​ស្លាប់។

លោក​អ្នក​ដឹង​ហើយ​ថា​មិន​មែន​ប្លែក​ពី​ធម្មតា​ទេ ដែល​មនុស្ស​អាក្រក់​ធ្វើ​ជា​រាក់ទាក់​ចំពោះ​អ្នក​ដែល​គេ​ចង់​បោក​បន្លំ។ សុភាសិត​អាហ្វ្រិក​ចែង​ថា៖ «ធ្មេញ​ស​តែ​ចិត្ត​ខ្មៅ»។ ហើយ​បន្ទូល​ព្រះ​ចែង​ប្រាប់​ថា៖ «អារក្ស​សាតាំង​ក៏​ក្លែង​ខ្លួន​ធ្វើ​ជា​ទេវតា​នៃ​ពន្លឺ»។—កូរិនថូសទី២ ១១:១៤

ព្រះ​លែង​ទាក់ទង​នឹង​មនុស្ស​នៅ​លើ​ផែនដី ដោយ​ប្រើ​សុបិន ការ​សម្ដែង​និមិត្ត ឬ​សំឡេង​ពី​ពិភព​វិញ្ញាណ​ទៀត​ហើយ។ ទ្រង់​ដឹក​នាំ​ហើយ​បង្គាប់​គេ​តាម​រយៈ​ព្រះ​គម្ពីរ ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស «មាន​គ្រប់​ទាំង​ចំណេះ សំរាប់​នឹង​ធ្វើ​ការ​ល្អ​គ្រប់​មុខ»។—ធីម៉ូថេ​ទី​២ ៣:១៧

ដូច្នេះ​ហើយ ពេល​ព្រះ​យេហូវ៉ា​ព្រមាន​យើង ឲ្យ​ប្រឆាំង​ការ​បញ្ឆោត​របស់​អារក្ស គឺ​ដោយ​ព្រោះ​ទ្រង់​ស្រឡាញ់​យើង។ ទ្រង់​ជ្រាប​ថា​ពួក​ព្រាយ​បិសាច​គឺ​ជា​សត្រូវ​ដ៏​គ្រោះថ្នាក់​ណាស់។