លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពួកវិញ្ញាណមិនដែលបានរស់និងស្លាប់នៅលើផែនដីទេ

ពួកវិញ្ញាណមិនដែលបានរស់និងស្លាប់នៅលើផែនដីទេ

គឺ​មាន​វិញ្ញាណ​មែន! ក្នុង​វិស័យ​វិញ្ញាណ​ដ៏​មើល​មិន​ឃើញ នោះ​មាន​វិញ្ញាណ​ល្អ​និង​អាក្រក់​ជា​ច្រើន។ តើ​ពួកគេ​ជា​អ្នក​ដែល​បាន​រស់​និង​ស្លាប់​នៅ​លើ​ផែនដី​ឬ?

គឺ​មិន​មែន​ទេ។ ពេល​មនុស្ស​ស្លាប់​ទៅ គាត់​នឹង​មិន​រស់​នៅ​តទៅ​ទៀត​ក្នុង​ពិភព​វិញ្ញាណ ដូច​មនុស្ស​ជា​ច្រើន​គិត​ស្មាន​នោះ​ទេ។ តើ​យើង​ដឹង​អំពី​រឿង​នេះ​ដោយ​យ៉ាង​ណា? ពីព្រោះ​ព្រះ​គម្ពីរ​បាន​ចែង​ប្រាប់​យើង​មក។ ព្រះ​គម្ពីរ​ជា​សៀវភៅ​នៃ​សេចក្ដី​ពិត​ដែល​មក​ពី​ព្រះ​ពិត​តែ​១​អង្គ ដែល​មាន​ព្រះ​នាម​យេហូវ៉ា។ ព្រះ​យេហូវ៉ា​បាន​បង្កើត​មនុស្ស​លោក​មក ទ្រង់​ជ្រាប​យ៉ាង​ច្បាស់​ថា​គេ​នឹង​ទៅ​ជា​អ្វី ពេល​ដែល​គេ​ស្លាប់​ទៅ។—ទំនុកដំកើង ៨៣:១៨; ធីម៉ូថេ​ទី​២ ៣:១៦

អ័ដាម​បាន​កើត​មក​ពី​ធូលីដី ក៏​បាន​ត្រឡប់​ទៅ​ជា​ធូលីដី​វិញ

ព្រះ​គម្ពីរ​សម្ដែង​ថា «ព្រះ​ទ្រង់​យក​ធូលីដី​មក​សូន​ធ្វើ​ជា​មនុស្ស»ទី១ គឺ​អ័ដាម។ (លោកុប្បត្តិ ២:៧) ព្រះ​ដាក់​គាត់​ក្នុង​សួន​មនោរម​ជា​សួនច្បារ​អេដែន។ បើ​អ័ដាម​បាន​គោរព​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា នោះ​គាត់​នឹង​មិន​បាន​ស្លាប់​ទេ គាត់​នឹង​ត្រូវ​រស់​នៅ​លើ​ផែនដី​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។ ប៉ុន្តែ​កាល​អ័ដាម​បាន​ប្រព្រឹត្ត​បទល្មើស​នឹង​ក្រិត្យ​វិន័យ​របស់​ព្រះ​ដោយ​ចេតនា​នោះ ព្រះ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖ «ឯង[នឹង]ត្រឡប់​ទៅ​ជា​ដី​វិញ ពីព្រោះ​អញ​បាន​យក​ឯង​ពី​ដី​មក។ ដ្បិត​ឯង​ជា​ធូលីដី ក៏​ត្រូវ​ត្រឡប់​ទៅ​ជា​ធូលីដី​វិញ»។—លោកុប្បត្តិ ៣:១៩

តើ​នេះ​មាន​ន័យ​យ៉ាង​ដូច​ម្ដេច? អញ្ចឹង តើ​អ័ដាម​នៅ​ឯណា​មុន​ពេល​ដែល​ព្រះ​បាន​បង្កើត​គាត់​ពី​ធូលីដី​មក? គាត់​គឺ​ឥត​មាន​ទេ។ គាត់​មិន​មែន​ជា​បុគ្គល​វិញ្ញាណ​នៅ​ស្ថានសួគ៌​ដែល​មិន​ទាន់​កើត​នោះ​ទេ។ គាត់​ក៏​គ្មាន​វិជ្ជមាន​សោះ​ឡើយ។ ដូច្នេះ ពេល​ព្រះ​យេហូវ៉ា​មាន​បន្ទូល​ថា អ័ដាម​នឹង «ត្រឡប់​ទៅ​ជា​ដី​វិញ» នោះ​ទ្រង់​សម្ដែង​ថា​អ័ដាម​នឹង​ត្រូវ​ស្លាប់។ គាត់​មិន​បាន​ឆ្លង​ចូល​ទៅ​ក្នុង​វិស័យ​វិញ្ញាណ​ទេ។ នៅ​ពេល​ស្លាប់​ទៅ ម្ដង​ទៀត​អ័ដាម​ក៏​ក្លាយ​ទៅ​ជា​គ្មាន​ជីវិត គ្មាន​វិជ្ជមាន​ទៀត។ សេចក្ដី​ស្លាប់​គឺ​ជា​ការ​គ្មាន​ជីវិត។

ចុះ​យ៉ាង​ណា​ទៅ​ចំពោះ​អ្នក​ឯ​ទៀត​ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ? តើ​គេ​គ្មាន​វិជ្ជមាន​ទៀត​ដែរ​ឬ​ទេ? ព្រះ​គម្ពីរ​ឆ្លើយ​ថា៖

  • «គ្រប់​ទាំងអស់[ទាំង​មនុស្ស​និង​សត្វ]ទៅ​ឯកន្លែង​តែ​១​ប៉ុណ្ណោះ។ ទាំងអស់​កើត​មក​ពី​ធូលីដី ហើយ​ត្រូវ​ត្រឡប់​ទៅ​ឯ​ធូលីដី​វិញ​ទៀត»។—សាស្ដា ៣:២០

  • «មនុស្ស​ស្លាប់​ឥត​ដឹង​អ្វី​ឡើយ»។—សាស្ដា ៩:៥

  • «ទោះ​ទាំង​សេចក្ដី​ស្រឡាញ់ សេចក្ដី​សំអប់ នឹង​សេចក្ដី​ឈ្នានីស​របស់​គេ ក៏​វិនាស​សូន្យ​បាត់​ជា​យូរ​មក​ហើយ»។—សាស្ដា ៩:៦

  • «នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់[ផ្នូរ] ជា​កន្លែង​ដែល​ឯង​ត្រូវ​នៅ នោះ​គ្មាន​ការ​ធ្វើ គ្មាន​ការ​គិតគូរ គ្មាន​ដំរិះ ឬ​ប្រាជ្ញា​ឡើយ»។—សាស្ដា ៩:១០

  • «គេ[មនុស្ស]ផុតដង្ហើម​ទៅ ហើយ​ត្រឡប់​ទៅ​ជា​ដី​វិញ នៅ​ថ្ងៃ​នោះ​ឯង អស់​ទាំង​គំនិត​របស់​គេ​ក៏​សូន្យ​បាត់​ទៅ»។ —ទំនុកដំកើង ១៤៦:៤

មាន​តែ​មនុស្ស​រស់​ទេ​ដែល​អាច​ធ្វើ​ការ​ទាំង​នេះ​បាន

តើ​បទ​គម្ពីរ​ទាំង​នេះ​ពិបាក​នឹង​ជឿ​សម្រាប់​លោក​អ្នក​ឬ? បើ​ដូច្នេះ សូម​គិត​អំពី​រឿង​នេះ​ចុះ៖ ក្នុង​គ្រួសារ​ជា​ច្រើន មនុស្ស​ប្រុស​រក​ប្រាក់​ចំណូល​មក​ចិញ្ចឹម​គ្រួសារ​របស់​គាត់។ បើ​កាលណា​បុរស​នោះ​ស្លាប់​ទៅ នោះ​គ្រួសារ​របស់​គាត់​រមែង​ត្រូវ​រង​ទុក្ខ​វេទនា។ ជួនកាល​សូម្បី​តែ​ប្រពន្ធ​កូន​របស់​គាត់​មិន​មាន​ប្រាក់​គ្រប់គ្រាន់​នឹង​ទិញ​ចំណី​អាហារ​ផង។ ប្រហែល​សត្រូវ​របស់​បុរស​នេះ​នឹង​ធ្វើ​ទុក្ខ​ដល់​ប្រពន្ធ​កូន​ទៀត។ ឥឡូវ​សូម​សួរ​ខ្លួន​អ្នក​មើល៖ ‹បើ​មនុស្ស​នេះ​នៅ​មាន​ជីវិត​ក្នុង​ពិភព​វិញ្ញាណ តើ​ហេតុ​អ្វី​ក៏​គាត់​មិន​ចិញ្ចឹម​គ្រួសារ​របស់​គាត់​តទៅ​ទៀត? តើ​ហេតុ​អ្វី​ក៏​គាត់​មិន​ការពារ​គ្រួសារ​របស់​គាត់​ពី​មនុស្ស​អាក្រក់​ទៅ›? គឺ​ពីព្រោះ​បទ​គម្ពីរ​បាន​សម្ដែង​យ៉ាង​ត្រឹម​ត្រូវ​មែន។ មនុស្ស​ប្រុស​នោះ​គឺ​គ្មាន​ជីវិត ហើយ​ក៏​គ្មាន​សមត្ថភាព​នឹង​ធ្វើ​អ្វី​ទាំងអស់​បាន​ឡើយ។—ទំនុកដំកើង ១១៥:១៧

មនុស្ស​ស្លាប់​មិន​អាច​ជួយ​អ្នក​ស្រេក​ឃ្លាន​ឬ​ក៏​ជួយ​ការពារ​អ្នក​ត្រូវ​រង​ទុក្ខ​បាន​ទេ

តើ​ការ​នេះ​មាន​ន័យ​ថា មនុស្ស​ស្លាប់​នឹង​មិន​ដែល​មាន​ជីវិត​ទៀត​ឬ? មិន​មែន​ដូច្នោះ​ទេ។ យើង​នឹង​ពិភាក្សា​អំពី​សេចក្ដី​រស់​ឡើង​វិញ​នៅ​ពេល​ក្រោយ​ក្នុង​សៀវភៅ​ស្តើង​នេះ។ ប៉ុន្តែ​នេះ​មាន​ន័យ​ថា មនុស្ស​ស្លាប់​មិន​ដឹង​ថា​អ្នក​ធ្វើ​អ្វី​ឡើយ។ ពួកគេ​មិន​អាច​ឃើញ​អ្នក ឮ​អ្នក ឬ​ក៏​និយាយ​នឹង​លោក​អ្នក​ទេ។ លោក​អ្នក​មិន​ចាំបាច់​ខ្លាច​ពួកគេ​ឡើយ។ ពួកគេ​មិន​អាច​ជួយ​អ្នក ហើយ​គេ​មិន​អាច​ធ្វើ​ទុក្ខ​ដល់​លោក​អ្នក​ដែរ។—សាស្ដា ៩:៤; អេសាយ ២៦:១៤