លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សេចក្ដីផ្ដើម

សេចក្ដីផ្ដើម

មនុស្ស​ម្នាក់​ឈ្មោះ​ដៅដា​ដែល​មក​ពី​ប្រទេស​សៀអេរ៉ា-លេយ៉ូន និយាយ​ថា⁠៖ «ខ្ញុំ​បាន​រស់​នៅ​តាំង​ពី​ក្មេង​ក្នុង​ភូមិ​តូច​១​នៅ​ខេត្ត​ខាង​ជើង។ នៅ​គ្រា​មួយ​ពេល​ដែល​ខ្ញុំ​ជា​កុមារ គ្រួសារ​ខ្ញុំ​និង​គ្រួសារ​ដទៃ​ទៀត​មាន​ការ​ចំទាស់​គ្នា​អំពី​ដី។ គ្រួសារ​ទាំង​ពីរ​ទាមទារ​ដណ្ដើម​យក​ដី​ពី​កន្លែង​តែមួយ។ ដើម្បី​នឹង​ដោះ​ស្រាយ​រឿង​នេះ គ្រូ​ធ្មប់​ម្នាក់​ក៏​បាន​អញ្ជើញ​មក។ គាត់​ក៏​ឲ្យ​កញ្ចក់​១​ទៅ​បុរស​ម្នាក់ ហើយ​យក​ក្រណាត់​សម​ក​គ្រប​លើ​បុរស​នោះ។ មិន​យូរ​ប៉ុន្មាន បុរស​នៅ​ក្រោម​ក្រណាត់​នោះ​ក៏​ចាប់​ផ្ដើម​ញ័រ​ទទ្រើត​ទាំង​បែកញើស​ផង។ កាល​ដែល​គាត់​សំឡឹង​មើល​ក្នុង​កញ្ចក់ គាត់​ក៏​ស្រែក​ថា⁠៖ ‹ខ្ញុំ​ឃើញ​មនុស្ស​ចាស់​ម្នាក់​កំពុង​សំដៅ​មក​ជិត! គាត់​ស្លៀក​សម្លៀក​បំពាក់​ពណ៌ស។ គាត់​មាន​មាឌ​ខ្ពស់​ហើយ​ចាស់​ជរា ទាំង​មាន​សក់​ស្កូវ​ផង ហើយ​គាត់​ដើរ​រាង​កោង​ខ្នង​បន្ដិច›។

«គាត់​កំពុង​រៀប​រាប់​អំពី​ជីតា! រួច​មក​គាត់​ក៏​ទៅ​ជា​រំជួល​ចិត្ត​យ៉ាង​ខ្លាំង ហើយ​ស្រែក​ថា⁠៖ ‹បើ​អ្នក​មិន​ជឿ​ពាក្យ​ខ្ញុំ​និយាយ​ទេ ចូរ​មក​មើល​ខ្លួន​ឯង​ចុះ›! ប្រាកដ​ហើយ ពួក​យើង​គ្មាន​អ្នក​ណា​មួយ​ហ៊ាន​នឹង​មើល​ទេ! គ្រូ​ធ្មប់​ក៏​ធ្វើ​ឲ្យ​គាត់​ស្ងប់ ដោយ​ប្រោះ​លើ​គាត់​ទឹក​មន្តអាគម​ដែល​ជា​ទឹក​លាយ​ស្លឹក​ឈើ ក្នុង​ឃ្លោក​ដែល​គាត់​កាន់។

«និយាយ​ប្រាប់​តាម​រយៈ​បុរស​កាន់​កញ្ចក់​នោះ ‹ជីតា› ពោល​ថា ដី​គឺ​របស់​គ្រួសារ​យើង។ គាត់​ប្រាប់​ជីដូន​ខ្ញុំ​ថា​ឲ្យ​ភ្ជួររាស់​ដី​នោះ​ទៅ កុំ​ឲ្យ​ព្រួយ​បារម្ភ​ឡើយ។ គ្រួសារ​ដទៃ​ក៏​បាន​សុខ​ចិត្ត​ទទួល​នឹង​សេចក្ដី​វិនិច្ឆ័យ​នោះ​ទៅ។ រឿង​នេះ​ក៏​ដោះ​ស្រាយ​បាន​ជា​ស្រេច»។

ការ​ពិសោធ​ដូច​នេះ​គឺ​ជា​ការ​ធម្មតា​ទេ​នៅ​ប្រទេស​អាហ្វ្រិក​ខាង​លិច។ ដូច​តំបន់​ឯ​ទៀត​ក្នុង​ពិភពលោក នៅ​ទីនេះ​មនុស្ស​ជា​ច្រើន​លាន​នាក់​ដែល​រាប់​ពុំ​អស់​ជឿ​ថា​មនុស្ស​ស្លាប់​មាន​ជីវិត​រស់​នៅ​តទៅ​ទៀត​ក្នុង​ពិភព​វិញ្ញាណ ដែល​ពួក​នោះ​អាច​សង្កេត​ការណ៍ ហើយ​មាន​អានុភាព​លើ​ជីវិត​មនុស្ស​នៅ​លើ​ផែនដី​បាន។ តើ​ជំនឿ​នេះ​ពិត​ឬ​ទេ? តើ​មនុស្ស​ស្លាប់​គឺ​ពិត​ជា​រស់​នៅ​ឬ​ទេ? បើ​មិន​រស់​នៅ​ទេ​នោះ តើ​អ្នក​ណា​ជា​អ្នក​អះអាង​ថា​ជា​វិញ្ញាណ​នៃ​មនុស្ស​ស្លាប់? ការ​ដឹង​នូវ​ចម្លើយ​ត្រឹម​ត្រូវ​ចំពោះ​សំនួរ​ទាំង​នេះ​គឺ​សំខាន់​ជា​ជីវិត​សម្ពន្ធ។ ជីវិត​ឬ​ក៏​សេចក្ដី​ស្លាប់​ស្រេច​ទៅ​លើ​រឿង​នេះ។