អនាគតដ៏ល្អអស្ចារ្យ
សាតាំងនិងពួកព្រាយបិសាចរបស់វានឹងមិនបំភាន់មនុស្សយូរប៉ុន្មានទៀតឡើយ។ ព្រះយេហូវ៉ាបានបោះទម្លាក់ពួកវាចេញពីស្ថានសួគ៌រួចហើយ។ (វិវរណៈ ១២:៩) ក្នុងពេលអនាគតឆាប់ៗនេះ ព្រះនឹងសម្រេចការប្រឆាំងនឹងសាតាំងនឹងពួកព្រាយបិសាចរបស់វាម្ដងទៀត។ ក្នុងការសម្ដែងនិមិត្តមួយពីព្រះ សាវកយ៉ូហាននិយាយថា៖ «ខ្ញុំក៏ឃើញទេវតា១ ចុះពីស្ថានសួគ៌មក ទាំងកាន់កូនសោជង្ហុកធំ នឹងច្រវាក់១យ៉ាងធំនៅដៃ។ ទេវតានោះក៏ចាប់នាគចងវាទុក១ពាន់ឆ្នាំ គឺជាពស់ពីចាស់បុរាណ ដែលជាអារក្សឈ្មោះថា សាតាំង ក៏បោះវាចោលទៅក្នុងជង្ហុកធំ ទាំងខ្ទប់ ហើយបិទត្រាពីលើ ដើម្បីកុំឲ្យវានាំអស់ទាំងសាសន៍ ឲ្យវង្វេងទៀត ទាល់តែផុតពី១ពាន់ឆ្នាំនោះទៅ»។ (វិវរណៈ ២០:១-៣) ក្រោយមក អារក្សនិងពួកព្រាយបិសាចរបស់វានឹងត្រូវវិនាសទៅដ៏អស់កល្បជានិច្ច។—វិវរណៈ ២០:១០
មនុស្សអាក្រក់នៅលើផែនដីក៏នឹងត្រូវកាត់ចេញដែរ។—ទំនុកដំកើង ៣៧:៩, ១០; លូកា ១៣:៥
មនុស្សស្លាប់នឹងរស់ឡើងវិញ
ក្រោយពេលសាតាំងនិងពួកព្រាយបិសាចត្រូវកាត់ចេញអស់ទៅ ព្រះយេហូវ៉ានឹងប្រទានពរជាច្រើនដល់មនុស្សលោក។ លោកអ្នកនឹងចាំថា មនុស្សស្លាប់គឺគ្មានជីវិត គ្មានវិជ្ជមានទៀត។ ព្រះយេស៊ូវប្រៀបធៀបសេចក្ដីស្លាប់ជាមួយនឹងការដេកលក់—គឺការដេកលក់ស៊ប់ដោយឥតមានយល់សប្ដឡើយ។ (យ៉ូហាន ១១:១១-១៤) ទ្រង់បានធ្វើនេះដោយព្រោះទ្រង់ជ្រាបថានឹងមានគ្រាមកដល់ ដែលអ្នកដេកលក់ក្នុងសេចក្ដីស្លាប់ នឹងត្រូវដាស់ឲ្យក្រោកមានជីវិតឡើងវិញ។ ទ្រង់មានបន្ទូលថា៖ «មានពេលវេលាមក ដែលអស់ទាំងខ្មោចនៅក្នុងផ្នូរ . . . នឹងចេញមក»។—យ៉ូហាន ៥:២៨, ២៩; សូមប្រៀបធៀបនឹង កិច្ចការ ២៤:១៥
ពួកគេនឹងត្រូវប្រោសឲ្យមានជីវិតនៅលើផែនដីនេះវិញ។ សេចក្ដីរាយការណ៍នឹងមិនប្រកាសថាមនុស្សបានស្លាប់ទេ តែនឹងថ្លែងប្រាប់យ៉ាងរីករាយ អំពីអ្នកដែលបានប្រោសឲ្យមានជីវិតឡើងវិញ! ការអរសប្បាយម្ល៉េះហ្ន៎ ដោយនឹងស្វាគមន៍ពួកស្ងួនភ្ងាដែលចេញពីផ្នូរមកវិញ!