លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​០៣

តើអ្នកអាចទុកចិត្តគម្ពីរឬទេ?

តើអ្នកអាចទុកចិត្តគម្ពីរឬទេ?

គម្ពីរ​មាន​សេចក្ដី​សន្យា​និង​មាន​យោបល់​ល្អ​ជា​ច្រើន។ អ្នក​ទំនង​ជា​ចង់​ដឹង​អំពី​អ្វី​ដែល​គម្ពីរ​បង្រៀន តែ​អ្នក​ក៏​ប្រហែល​ជា​មិន​ហ៊ាន​ជឿ​ភ្លាម​ៗ​ដែរ។ តើ​អ្នក​គួរ​ទុក​ចិត្ត​សេចក្ដី​សន្យា​និង​យោបល់​ដែល​មក​ពី​គម្ពីរ​ជា​សៀវភៅ​បុរាណ​ទេ? តើ​អ្នក​ពិត​ជា​អាច​ជឿ​អ្វី​ដែល​គម្ពីរ​ចែង​អំពី​ការ​មាន​ជីវិត​សប្បាយ​រីករាយ​នៅ​ឥឡូវ​នេះ​និង​នៅ​អនាគត​ឬ​ទេ? មនុស្ស​រាប់​លាន​នាក់​ជឿ​អ្វី​ដែល​គម្ពីរ​ចែង។ សូម​ពិចារណា​មើល​មូលហេតុ​ដោយ​ខ្លួន​អ្នក​ផ្ទាល់។

១. តើ​គម្ពីរ​ជា​សៀវភៅ​ដែល​រៀប​រាប់​អំពី​រឿង​ពិត​ឬ​រឿង​ប្រឌិត?

ក្នុង​គម្ពីរ​មាន​«​ពាក្យ​ពិត​យ៉ាង​ត្រឹម​ត្រូវ​»។ (​អ្នក​ទូន្មាន ១២:១០​) គម្ពីរ​រៀប​រាប់​អំពី​ព្រឹត្តិការណ៍​ពិត​និង​មនុស្ស​ពិត។ (​សូម​អាន លូកា ១:៣; ៣:​១, ២​) អ្នក​ប្រវត្តិ​វិទ្យា​និង​អ្នក​បុរាណ​វត្ថុ​វិទ្យា​ជា​ច្រើន​នាក់​បាន​បញ្ជាក់​ថា​អ្វី​ដែល​គម្ពីរ​បាន​រៀប​រាប់​អំពី​ពេល​វេលា មនុស្ស ទី​កន្លែង និង​ព្រឹត្តិការណ៍ គឺ​សុទ្ធ​តែ​ជា​ព័ត៌មាន​ត្រឹម​ត្រូវ។

២. ហេតុ​អ្វី​យើង​អាច​និយាយ​ថា​គម្ពីរ​មិន​ដែល​ហួស​សម័យ?

ជា​ច្រើន​ដង គម្ពីរ​ប្រាប់​ទុក​ជា​មុន​អំពី​អ្វី​ដែល​មនុស្ស​មិន​ទាន់​ដឹង​និង​មិន​ទាន់​ស្គាល់។ ជា​ឧទាហរណ៍ ស្ដី​អំពី​វិទ្យា​សាស្ត្រ ពេល​ដែល​គម្ពីរ​បាន​កត់​ទុក​អំពី​រឿង​ទាំង​នោះ មនុស្ស​នៅ​សម័យ​នោះ​មិន​ជឿ​ទេ។ ក៏​ប៉ុន្តែ អ្នក​វិទ្យា​សាស្ត្រ​នៅ​សម័យ​នេះ​បញ្ជាក់​ថា​អ្វី​ដែល​គម្ពីរ​ប្រាប់​គឺ​ត្រឹម​ត្រូវ។ គម្ពីរ​«​រមែង​ទុក​ចិត្ត​បាន​នៅ​ពេល​ឥឡូវ​និង​ជា​រៀង​រហូត​»។​—ចម្រៀង​សរសើរ​ព្រះ ១១១:៨

៣. ហេតុ​អ្វី​យើង​អាច​ទុក​ចិត្ត​អ្វី​ដែល​គម្ពីរ​ប្រាប់​អំពី​អនាគត?

គម្ពីរ​មាន​ទំនាយ a​ដែល​ប្រាប់​ទុក​ជា​មុន​«​អំពី​អ្វី​ដែល​មិន​ទាន់​មក​ដល់​»។ (​អេសាយ ៤៦:១០​) គម្ពីរ​បាន​ប្រកាស​ទុក​ជា​មុន​យ៉ាង​ត្រឹម​ត្រូវ​អំពី​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​ជា​ច្រើន យូរ​មុន​ព្រឹត្តិការណ៍​ទាំង​នោះ​កើត​ឡើង។ គម្ពីរ​ក៏​បាន​រៀប​រាប់​យ៉ាង​ល្អិត​ល្អន់​អំពី​ស្ថានភាព​ផ្សេង​ៗ​ក្នុង​ពិភព​លោក​នៅ​សព្វ​ថ្ងៃ​ដែរ។ ក្នុង​មេ​រៀន​នេះ យើង​នឹង​ពិចារណា​អំពី​ទំនាយ​ខ្លះ​ក្នុង​គម្ពីរ។ អ្វី​ៗ​ដែល​កើត​ឡើង​គឺ​ដូច​អ្វី​ដែល​គម្ពីរ​បាន​ទាយ​ទុក​មែន!

បង្កើន​ចំណេះ

សូម​មើល​ចំណុច​ដែល​វិទ្យា​សាស្ត្រ​សម័យ​នេះ​និង​គម្ពីរ​មាន​ភាព​ស្រប​គ្នា ហើយ​សូម​ពិចារណា​អំពី​ទំនាយ​មួយ​ចំនួន​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​គម្ពីរ។

៤. ចំណុច​ដែល​វិទ្យា​សាស្ត្រ​និង​គម្ពីរ​ស្រប​គ្នា

នៅ​សម័យ​បុរាណ មនុស្ស​ស្ទើរ​តែ​ទាំង​អស់​ជឿ​ថា​មាន​អ្វី​មួយ​ទ្រ​ផែនដី។ លេង​វីដេអូ

សូម​កត់​សម្គាល់​អ្វី​ដែល​បាន​កត់​ទុក​ក្នុង​សៀវភៅ​យ៉ូប​ប្រហែល​៣.៥០០​ឆ្នាំ​មុន។ សូម​អាន យ៉ូប ២៦:៧ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • គម្ពីរ​រៀប​រាប់​ថា​ផែនដី​បាន​ត្រូវ​ដាក់​ក្នុង​លម្ហ​ដោយ​«​មិន​ភ្ជាប់​នឹង​អ្វី​ឡើយ​»។ បើ​គិត​ពី​អ្វី​ដែល​មនុស្ស​ជឿ​នៅ​សម័យ​នោះ ហេតុ​អ្វី​នេះ​គឺ​អស្ចារ្យ?

ប្រហែល​ជា​២០០​ឆ្នាំ​មុន ទើប​មនុស្ស​យល់​ច្បាស់​អំពី​វដ្ដ​ទឹក។ ប៉ុន្តែ សូម​កត់​សម្គាល់​អ្វី​ដែល​គម្ពីរ​ប្រាប់​ប្រហែល​៣.៥០០​ឆ្នាំ​មុន។ សូម​អាន យ៉ូប ៣៦:២៧, ២៨ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • ហេតុ​អ្វី​ការ​រៀប​រាប់​ដ៏​ស្រួល​យល់​ក្នុង​គម្ពីរ​អំពី​វដ្ដ​ទឹក​ធ្វើ​ឲ្យ​អ្នក​កោត​ស្ងើច?

  • តើ​បទ​គម្ពីរ​ដែល​អ្នក​ទើប​នឹង​អាន​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​ទុក​ចិត្ត​គម្ពីរ​ឬ​ទេ?

៥. គម្ពីរ​ប្រាប់​ទុក​ជា​មុន​អំពី​ព្រឹត្តិការណ៍​សំខាន់​ៗ​

សូម​អាន អេសាយ ៤៤:២៧–៤៥:២ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​គម្ពីរ​ប្រាប់​យ៉ាង​ល្អិត​ល្អន់​អំពី​អ្វី​ខ្លះ តាំង​ពី​២០០​ឆ្នាំ​មុន​ក្រុង​បាប៊ីឡូន​ដួល​រលំ?

ប្រវត្តិ​សាស្ត្រ​បញ្ជាក់​ថា​ស៊ីរូស​ដែល​ជា​ស្ដេច​ស្រុក​ពើស៊ី​និង​កង​ទ័ព​របស់​គាត់ បាន​ដណ្ដើម​យក​ក្រុង​បាប៊ីឡូន​នៅ​ឆ្នាំ​៥៣៩ មុន​គ.ស.។ b ពួក​គេ​យក​បាន​ក្រុង​នោះ​ដោយ​ប្រើ​វិធី​បង្វែរ​ទឹក​ទន្លេ​ដែល​ការ​ពារ​ក្រុង​នោះ​ចេញ។ បន្ទាប់​មក ពួក​គេ​ចូល​ក្រុង​នោះ​តាម​ទ្វារ​ដែល​ចំហ​ចោល។ រួច​មក ពួក​គេ​បាន​ដណ្ដើម​យក​ក្រុង​នោះ​ដោយ​មិន​ចាំ​បាច់​ច្បាំង។ រហូត​ដល់​សព្វ​ថ្ងៃ​នេះ អស់​ជាង​២.៥០០​ឆ្នាំ​ហើយ ដែល​ក្រុង​បាប៊ីឡូន​នៅ​សល់​តែ​សំណង់​បាក់​បែក។ ឥឡូវ​សូម​ពិចារណា​អ្វី​ដែល​គម្ពីរ​បាន​ប្រាប់​ទុក​ជា​មុន។

សូម​អាន អេសាយ ១៣:១៩, ២០ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​អ្វី​ដែល​កើត​ឡើង​ចំពោះ​ក្រុង​បាប៊ីឡូន​បាន​ធ្វើ​ឲ្យ​ទំនាយ​នេះ​ក្លាយ​ជា​ការ​ពិត​យ៉ាង​ដូច​ម្ដេច?

ក្រុង​បាប៊ីឡូន​នៅ​សល់​តែ​សំណង់​បែក​បាក់​នៅ​ប្រទេស​អ៊ីរ៉ាក់​សព្វ​ថ្ងៃ​នេះ

៦. គម្ពីរ​ប្រាប់​ទុក​ជា​មុន​អំពី​អ្វី​ៗ​ដែល​យើង​ឃើញ​សព្វ​ថ្ងៃ​នេះ

គម្ពីរ​ហៅ​សម័យ​យើង​ថា​«​គ្រា​ចុង​ក្រោយ​បង្អស់​»។ (​ធីម៉ូថេ​ទី​២ ៣:១​) សូម​មើល​អ្វី​ដែល​គម្ពីរ​បាន​ប្រាប់​ទុក​ជា​មុន​អំពី​គ្រា​ចុង​ក្រោយ​បង្អស់​នេះ។

សូម​អាន ម៉ាថាយ ២៤:​៦, ៧ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​គម្ពីរ​បាន​រៀប​រាប់​សញ្ញា​សម្គាល់​អ្វី​ខ្លះ​ដែល​នឹង​កើត​ឡើង​នៅ​គ្រា​ចុង​ក្រោយ​បង្អស់?

សូម​អាន ធីម៉ូថេ​ទី​២ ៣:១​-​៥ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​គម្ពីរ​រៀប​រាប់​យ៉ាង​ណា​អំពី​ការ​ប្រព្រឹត្ត​របស់​មនុស្ស​នៅ​គ្រា​ចុង​ក្រោយ​បង្អស់?

  • តើ​ការ​ប្រព្រឹត្ត​ណា​ខ្លះ​ដែល​អ្នក​ច្រើន​តែ​សង្កេត​ឃើញ?

មនុស្ស​ខ្លះ​និយាយ​ថា​៖ ​«​គម្ពីរ​ជា​សៀវភៅ​រឿង​ព្រេង​និង​រឿង​ប្រឌិត​»។

  • តាម​គំនិត​របស់​អ្នក តើ​ភ័ស្តុតាង​អ្វី​ដែល​បញ្ជាក់​ច្បាស់​បំផុត​ថា​យើង​អាច​ទុក​ចិត្ត​គម្ពីរ​បាន?

សេចក្ដី​សង្ខេប

ប្រវត្តិ​សាស្ត្រ វិទ្យា​សាស្ត្រ និង​ទំនាយ​ក្នុង​គម្ពីរ បញ្ជាក់​ថា​អ្នក​អាច​ទុក​ចិត្ត​គម្ពីរ​បាន។

រៀន​សា​ឡើង​វិញ

  • តើ​គម្ពីរ​ជា​សៀវភៅ​រឿង​ពិត​ឬ​រឿង​ប្រឌិត?

  • តើ​មាន​ចំណុច​អ្វី​ខ្លះ​ដែល​គម្ពីរ​និង​វិទ្យា​សាស្ត្រ​ស្រប​គ្នា?

  • តើ​អ្នក​គិត​ថា​គម្ពីរ​ប្រាប់​ទុក​ជា​មុន​អំពី​អនាគត​ឬ​ទេ? តើ​អ្វី​នាំ​ឲ្យ​អ្នក​គិត​ដូច្នេះ?

គោល​ដៅ

ស្វែង​យល់​ថែម​ទៀត

តើ​មាន​ចំណុច​ដែល​គម្ពីរ​មិន​ត្រឹម​ត្រូវ​ខាង​វិទ្យា​សាស្ត្រ​ឬ​ទេ?

«​តើ​គម្ពីរ​ស្រប​គ្នា​នឹង​វិទ្យា​សាស្ត្រ​ឬ​ទេ?​»​ ​(​អត្ថបទ​ក្នុង​គេហទំព័រ​)

សូម​មើល​របៀប​ដែល​ទំនាយ​ក្នុង​គម្ពីរ​អំពី​ចក្រភព​ក្រិច​ក្លាយ​ជា​ការ​ពិត។

«​ទំនាយ​»​បាន​ពង្រឹង​ទំនុក​ចិត្ត (៥:២២)

សូម​ពិចារណា​របៀប​ដែល​ទំនាយ​បាន​ធ្វើ​ឲ្យ​បុរស​ម្នាក់​ផ្លាស់​ប្ដូរ​ទស្សនៈ​ចំពោះ​គម្ពីរ។

«​ខ្ញុំ​មិន​ជឿ​ថា​មាន​ព្រះ​ទេ​»​ ​(​ទស្សនាវដ្ដី​ប៉ម​យាម លេខ​៤ ឆ្នាំ​២០១៧​)

a ទំនាយ​សំដៅ​លើ​ព័ត៌មាន​ពី​ព្រះ ដែល​ប្រាប់​អំពី​អនាគត។

b មុន​គ.ស. មាន​ន័យ​ថា​«​មុន​គ្រិស្ត​សករាជ​»​ ហើយ​គ.ស. មាន​ន័យ​ថា​«​គ្រិស្ត​សករាជ​»។